ភ្នំពេញ: ក្នុង​ព្រឹត្តិការណ៍​គួរឱ្យ​តក់ស្លុត​មួយ​នៅ​ថ្ងៃបុណ្យ​គ្រិស្ត​ស្មាស់​កន្លងទៅ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​បានកើត​ឡើង​នៅវេលា​ពាក់កណ្តាល​អ្រ​ធា​ត្រ​នៅលើ​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស ២​ ​នាក់ និង​ ១​ នាក់​រងរបួស​ធ្ងន់​។​


​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​រវាង​អ្នកជិះ​ម៉ូតូ​ម៉ាក NEX ពណ៌​ស ជិះ​គ្នា ៣​ នាក់ ប្តី​ប្រពន្ធ និង​កូន​អាយុ ២ ​ឆ្នាំ និង​អ្នកបើកបរ​រថយន្ត Hummer SUV​។ ជា​រឿង​គួរឱ្យ​សោកសង្រេង​រន្ធត់​តក់ស្លុត ពីព្រោះ​ស្ដ្រី​ជា​ម្ដាយ អាយុ​ ២០​ ឆ្នាំ រស់នៅ​ភូមិ​ដីឥដ្ឋ ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​កូនប្រុស​តូច​បាន​បាត់​បង់ជីវិត​ភ្លាមៗ​។

ចំណែក​ឪពុក​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​។ ដំណោះស្រាយ​មិនត្រូវ​បានធ្វើ​ឡើង​ភ្លាមៗ​ទេ ដោយសារតែ​ជនបង្ក​បាន​រត់គេចខ្លួន រហូតដល់​ថ្ងៃទី​ ២៩ ខែធ្នូ​ ទើប​អ្នកបើកបរ​រថយន្ដ Hummer បាន​ចូលរួម​សារភាព​នៅ​ប៉ុស្ដិ៍​​ប៉ូលិស​។​


​អ្នកស្រី ​វាស្នា ស្រីរ័ត្ន ជា​បងប្អូនជីដូន​​មួយ​ជាមួយ​ជនរងគ្រោះ​ជា​ប្រពន្ធ ដែល​ត្រូវបាន​រថយន្ដ Hammer បុក​ពីក្រោយ ឱ្យដឹងថា បុរស​ជា​ឪពុក​ត្រូវ​របួសធ្ងន់​តាំងពី​ថ្ងៃទី ​២៥ រហូតមកដល់​ពេលនេះ​ម៉ោង​នេះ​នៅ​មិនទាន់​ដឹងខ្លួន​នៅឡើយ​។​

​អ្នកស្រី​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​តែ​ជើង​គាត់​អាច​កម្រើក​បាន​តិចៗ​ហើយ​ចំពោះ​ម្ដាយ​ដែល​កូនស្រី​របស់គាត់​បាន​ស្លាប់ អារម្មណ៍​គាត់​លែង​ដូច​មុន ប្រែជា​បាក់​ទឹកចិត្ត​។ បើ​អ៊ំ​ខ្ញុំ​ដែល​កូនប្រុស​គាត់​នៅ​ពេទ្យ​នោះ​អារម្មណ៍​គាត់​ពេលខ្លះ​ភាំងៗ​ច្រើន​»​។​


​កាលពី​ថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំ​ ២០២៣ នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រថយន្ត Jeep Overland បើកបរ​ដោយ​កូនប្រុស​មេធាវី​ម្នាក់ បាន​បើក​បុក​អ្នក​ជិះ​ម៉ូតូ​ឈ្មោះ លី គឹមហុង មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច និង​ជា​អត្ត​ព​លិ​ក​ជម្រើសជាតិ​បណ្តាលឱ្យ​ស្លាប់​។ គ្រួសារ​ជនសង្ស័យ​បានផ្តល់​ប្រាក់​ចំនួន ​១ ០០០ ដុល្លារ ដើម្បី​ដោះស្រាយ​ករណីនេះ ក្រៅ​ប្រព័ន្ធតុលាការ តែ​គ្រួសារ​ជនរងគ្រោះ​បដិសេធ ដោយ​ស្វែងរក​យុត្តិធម៌​ជំនួស​វិញ​។

ជនសង្ស័យ​ឈ្មោះ ព្រហ្ម វិចិត្រ​សុស​ក្តា អាយុ ២៣ ​ឆ្នាំ បាន​ចូលខ្លួន​មក​បំភ្លឺ​នៅ​ថ្ងៃទី​ ២៧ ខែធ្នូ ឆ្នាំ​២០២៣ ចំពេល​មាន​សម្ពាធ​ពី​សំណាក់​សាធារណជន និង​ការអត្ថាធិប្បាយ​របស់​នា​យក​រដ្ឋមន្ត្រី​។ ជននេះ​ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត ហើយ​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ PJ ក្នុង​រាជធានី​ភ្នំពេញ​រង់ចាំ​ការកាត់ទោស​។​

​លោក ​គឹម បញ្ញា នាយក​អង្គ​ការមូល​​និ​ធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា (AIP)​ ឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​ឡើងជា​រៀងរាល់ថ្ងៃ ដែល​បង្កឱ្យមាន​របួស និង​ស្លាប់​នៅលើ​ដងផ្លូវ ដោយ​គ្រាន់តែ​រឿង​ខ្លះ​ទាក់ទាញ​ចំណាប់​​អារ​ម្មរណ៍​ពី​មហាជន ខណៈ​រឿង​ខ្លះទៀត​មិនសូវមាន​ការចាប់អារម្មណ៍​។

លោក បញ្ញា​ បាន​និយាយ​ចំពោះ​ការបញ្ចេញ​មតិយោបល់​ពី​សំណាក់​មហាជន​ថា​៖ «​ខ្ញុំ​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​ប្រជា​​ពលរដ្ឋ​បែបនេះ ហើយ​សូមឱ្យ​ការចូល​​រួម​ទាមទារ​រក​យុត្ដិធម៌​ដល់​ជនរងគ្រោះ​ពី​ករណី​ជាក់លាក់​ណាមួយ​ទៅជា​ការ​ចូលរួម​ផ្សព្វផ្សាយ និង​ជំរុញ​ការ​អនុវត្ដ​ច្បាប់​ប្រកបដោយ​តម្លាភាព ស្មើភាព​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​»​។​

​របាយការណ៍​របស់ UNDP ឆ្នាំ​ ២០១៩​ ស្តីពី​ «​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា (RTAs)» បង្ហាញ​ពី​ការ​ប៉ះ​ពាល់​ដល់​មនុស្ស និង​សេដ្ឋកិច្ច​កើតចេញពី​គ្រោះថ្នាក់​ចរាចរណ៍​។ ការរកឃើញ​សំខាន់ៗ​រួមមាន​ការស្លាប់​ជា​មធ្យម​លើសពី ៥​ នាក់​ក្នុង ១ ​ថ្ងៃ ដែលមាន​តម្លៃ ៤៦៦,៨ លាន​ដុល្លារ​ក្នុង​ ១​ ឆ្នាំ ឬ ១,៧ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​

​មូល​ហេតុដែល​បណ្ដាលឱ្យ​មាន​អ្នក​ស្លាប់​លើ​ដងផ្លូវ រួមមាន​ការប្រើប្រាស់​គ្រឿង​ស្រវឹង បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​ច្បាប់​ចរាចរណ៍ និង​ប្រើប្រាស់​ទូរស័ព្ទ​ពេល​បើកបរ​។ គ្រោះថ្នាក់​ច​រា​ចរណ៍​បាន​កើនឡើង​ខ្ពស់​អំឡុងពេល​ចុង​សប្តាហ៍ បង្កដោយ​យុវជន​ជាច្រើន​ដែល​មិន​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុវត្ថិ​ភាព​។ កត្តា​រួមផ្សំ ដូចជា ស្ថានភាព​ផ្លូវ និង​ការសង្គ្រោះ​ទាន់ពេល ក៏​ប៉ះពាល់​ដល់​អត្រា​មរណភាព​ផងដែរ​។ 

​យោងតាម​របាយការណ៍​ឱ្យដឹងថា​៖ «​អនុសា​សន៍​គោលនយោបាយ​បាន​ផ្តោតលើ​ការផ្លាស់ប្តូរ​អាកប្បកិរិយា ការអប់រំ​សុវត្ថិភាព​ចរាចរណ៍ និង​ការអនុវត្ត​ច្បាប់ ដើម្បី​កាត់បន្ថយ​អ្នកស្លាប់ និង​ការ​បាត់បង់​សេដ្ឋកិច្ច​»​។

ការជំរុញឱ្យ​ជន​សង្ស័យ​ចូលខ្លួន​សារភាព​នៅ​ប៉ុស្ដិ៍​ប៉ូលិស ប្រហែលជា​មិនកើត​ឡើង​ទេ បើ​គ្មាន​ការ​​ណែនាំ​ដ៏​រឹងមាំ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​។

បទបញ្ជា​របស់លោក​ ហ៊ុន ម៉ា​ណែ​ត ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជាបន្ទាន់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ដូចដែល​បានបញ្ជាក់​នៅក្នុង​សុន្ទរកថា របស់លោក​កាលពី​ថ្ងៃទី ២១ ខែធ្នូ​។ លោកនាយក​រដ្ឋមន្ដ្រី​បាន​លើកទឹកចិត្ត​មន្ដ្រី​អនុវត្ដ​ន៍​ច្បាប់​ឱ្យមាន​ការសម្រេចចិត្ត​ដោយ​មិន​រង់ចាំ​ការ​បញ្ជា​ពី​ថ្នាក់លើ និង​គាំទ្រ​ការប្រើប្រាស់​ខ្នោះ​នៅពេល​ចាំបាច់​។​

​រឹតបន្ដឹង​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​បន្ថែម​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍ លោក ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បានលើកឡើង​ពី​ក្ដីកង្វល់​ចំពោះ​សុវត្ថិភាព​លើ​ដង​​ផ្លូវ និង​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​

​ដោយ​ថ្លែង​រំឭក​សម្ដី​លោក ស ខេង អតីត​រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ លោក ស សុខា មិន​គាំទ្រ​ចំពោះ​អ្នកបើកបរ​បង្កឱ្យមាន​មនុស្ស​ស្លាប់ និង​ការចរចារ​ក្រៅផ្លូវការ​ដើម្បី​សម្របសម្រួល​គេច​ពី​សំណាញ់​ច្បាប់​ឡើយ​។

លោ​ក ស សុខា ​និយាយ​ដូច្នេះ នៅ​ទិវា​អន្តរជាតិ​រំឭក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ច​រា​ចរណ៍​ផ្លូវគោក​លើក​ទី​ ១៨ ដែល​បាន​រៀបចំឡើង​នៅ​ទីលាន​តេ​ជោ ស្ថិតនៅ​ក្នុងភូមិ​ ៤ សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​ ២០២៣​។ 

​លោក​បន្ដថា​៖ «​ជនបង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ តែងតែ​ព្យាយាម​បើក​រត់ លុះត្រាតែ​រថយន្ដ​របស់​ពួកគេ​ជាប់​ទៅមុខ​លែងរួច​។ ខ្ញុំ​ទទួលស្គាល់ថា ជនបង្ក​អាច​ជួប​បញ្ហា​សុវត្ថិភាព​ពេល​ពួកគេ​នៅ​រង់ចាំ​ការដោះស្រាយ​។ យ៉ាង​ណា​មិញ ខ្ញុំ​ណែនាំ​ឱ្យមាន​ការចាប់ផ្ដើម​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​»​។ 

​ក្នុងឱកាស​នោះ​លោក ស សុខា បាន​រិះគន់​មន្ដ្រី​ជា​ប្រធានការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដែល​គ្រោះថ្នាក់​ចរាច​រណ៍​បានកើត​ឡើងជា​ច្រើន​ម៉ោង តែ​បាន​ឆ្លើយ​ប្រាប់​លោក​ថា មិនមាន​គ្រោះថ្នាក់​ចរាចរណ៍​នោះ​កើតឡើង​ទៅវិញ​។

លោក​បញ្ជាក់ថា រយៈពេល​ ២ ​សប្ដាហ៍​ចុងក្រោយ​នេះ ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ៦៩​ នាក់ របួស ២៤៨​ នាក់​។​

​ទន្ទឹមនឹង​ការប្ដេជ្ញា​ចិ​ត្ដរបស់​រាជ​រដ្ឋា​​ភិ​បា​លអាណ​ត្ដិ​ទី៧ ដែល​ជំរុញ​ការ​​អនុវត្ដ​ច្បាប់​ម៉ឺងម៉ាត់ លោក បញ្ញា បាន​លើកឡើងថា ការចូលរួម​បញ្ចេញមតិយោបល់​របស់​ប្រជាពលរដ្ឋ នៅលើ​បណ្ដាញ​សង្គម​ជា​កត្ដា​សំខាន់​ក្នុងការ​ជំរុញឱ្យមាន​ការសម្រេច​ចិ​ត្ដ​ជា​វិជ្ជមាន​ថែមទៀត​ចំពោះ​ថ្នាក់ដឹកនាំ​។

លោក​លើក​ទឹក​ចិ​ត្ដ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដោយ​ការលើក​ជា​មតិយោបល់ និង​សំណូមពរ​ក្នុងការ​រឹតបន្ដឹង​ច្បាប់​ការ​​អនុវត្ដ​ច្បាប់​ចរាចរណ៍​បន្ថែមទៀត ដើម្បីឱ្យ​កម្ពុជា​មានការ​អនុវត្ត​ច្បាប់​មួយ​ដែល​ល្អប្រសើរ កាត់បន្ថយ​គ្រោះថ្នាក់​ចរាច​រណ៍​កាន់តែច្រើន​។​

​លោក បញ្ញា​ បញ្ជាក់ថា​៖ «​ការ​រឹតបន្ដឹង​ការ​អនុវត្ដ​ច្បាប់​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​នាពេល​បើកបរ​ជាក់ស្ដែង​នេះ ពីព្រោះ​ការអប់រំ ការ​ផ្សព្វ​ផ្សាយ ការបណ្ដុះបណ្ដាល ត្រូវការ​ពេល​វេលា​យូរ​ដែល​មិនអាច​ធ្វើ​ជាមួយ​មនុស្សពេញវ័យ កំពុងតែ​បើកបរ​នោះទេ​។ វា​គួរ​ត្រូវបានធ្វើ​ចំពោះ​សិស្សានុសិស្ស​ជា​ពិសេស​មនុស្ស​តាំងពី​កុមារភាព​មក​»​។​

​លោក​បញ្ញា​បាននិងកំពុង​តែ​តាមដាន​អំពី​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​នេះ​ដោយ​លោក​បានលើកឡើង​អំពី​ការ​កំណែ​ទម្រង់​ច្បាប់​ចរាចរណ៍​ប្រកបដោយ​វិ​ជ្ជ​មាន​តាំងពី​ឆ្នាំ​ ២០១៦ របស់​រដ្ឋាភិបាល​។​ 

​ស្ថានភាព​គ្រួសារ​ផ្លាស់ប្ដូរ​ទាំងស្រុង​ក្រោយ​ជួប​ឧ​ប្ប​ត្ដិ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​អ្នកស្រី ស្រីរ័ត្ន និយាយថា ចំពោះ​បន្ទុកគ្រួសារ​ជីវភាព​ជួប​ការលំបាក​ខ្លាំង ដោយសារ​អ្នក​ដែល​របួសធ្ងន់​ជា​កូន​បង មុខរបរ​គាត់​ជា​កម្មករ​ស៊ីន​ទ្រី​។

ស្ថិតក្នុង​ដំណាក់កាល​ចរចា​សំណង​ជាមួយ​ជន​បង្ក អ្នកស្រី​ថា​៖ «​សាច់ញាតិ​ត្រូវ​រ៉ាប់រង​ការចំណាយ​បន្ថែម​ពីលើ​ការប្រើប្រាស់​កាត ប​.​ស​.​ស ដែល​លើសពី​លទ្ធភាព​របស់​ពួកគេ​។ ភរិយា​ដែល​បាន​ស្លាប់​ជាមួយ​កូនតូច​នោះ​ជា​កម្មករ​រោងចក្រ​»​។​

​ការសិក្សា​ឆ្នាំ​ ២០១១ ដោយ Matthew Ericson នៅ​សាកលវិទ្យាល័យ Monash ដែលមាន​ចំណងជើង​ថា​«​តើ​ការរង​គ្រោះថ្នាក់​ចរាចរ​ណ៍​ផ្លូវគោក​ប៉ះពាល់​ដល់​សុខុមាលភាព​គ្រួសារ​ក្នុងប្រទេស​កម្ពុជា​ដោយ​ប្រើប្រាស់​គោល​ការណ៍​កំណត់​គោលដៅ​អភិវឌ្ឍន៍​សហ​ស្ស​វត្សរ៍​» ជា​ចម្បង បាន​រកឃើញថា មានការ​ខាតបង់​ប្រាក់​ចំណូល ២១ ភាគរយ នៅក្នុង​គ្រួសារ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ការរង​របួស​ចរាចរ​ណ៍​ផ្លូវ​គោក ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជន​ក្រីក្រ​បំផុត និង​អ្នករងរបួស​ធ្ងន់ធ្ងរ​។​

​ការសិក្សា​នេះ​បង្ហាញថា​៖ «​ការរក​​ឃើញ​ដ៏​សំខាន់​បានបង្ហាញ​ពី​អត្រា​បោះ​បង់​ការសិក្សា​ដែល​កើនឡើង គម្លាត​ប្រាក់ចំណូល​យេនឌ័រ​កាន់តែ​ធំ​ឡើង ដោយសារ​ការកើនឡើង​នៃ​តួនាទី​ថែទាំ​របស់​ស្ត្រី ការថយចុះ​នៃ​សុខភាព​កុមារ និង​មាតា និង​អត្រា​ជំងឺ​កើនឡើង​ក្រោយ​គ្រោះថ្នាក់​»​។​

​លោក គឹម បញ្ញា ឱ្យដឹងថា ឥរិយាបថ​របស់​អ្នកបើកបរ​ពិតជា​បាន​ចូលរួម​បង្ក​គ្រោះថ្នាក់​យ៉ាង​ធំធេង​ក្នុងចំណោម​បញ្ហា​បង្ក​ជាច្រើន​ទៀត​។ និន្នាការ​នេះ​បាន​កើតឡើង​ភាគច្រើន​ចំពោះ​អ្នក​ដំណើរ​នាពេល​យប់ ដែល​អាចមកពី​កត្ដា​ស្ងាត់​នៅលើ​ដងផ្លូវ ក៏ដូចជា​ពាក់​ព័ន្ធ​នឹង​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ផង ដែលនាំឱ្យ​ប្រើប្រាស់​ល្បឿន​ខ្ពស់​។​

​លោក​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​អ្នកបើកបរ​មិនអាច​យក​ឋានៈ​ក្នុងសង្គម​របស់ខ្លួន​មក​ធ្វើជា​មូលហេតុ​ក្នុងការ​គេចវេះ​ពី​ទោសទណ្ឌ ពេល​បង្ក​គ្រោះថ្នាក់​របួស និង​ស្លាប់​មនុស្ស​នៅលើ​ដងផ្លូវ​នោះទេ​»​។

ចំពោះ​បន្ទុកគ្រួសារ​ក្រោយពី​មាន​សមាជិក ជាពិសេស បុគ្គល​ជា​ចន្ទល់​គ្រួសារ​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍​បាត់បង់​សមត្ថភាព​ការងារ ឬ​ស្លាប់ លោក​បញ្ញា​និយាយថា លោក​ធ្លាប់មាន​ការសិក្សា​មួយ​កាលពី​ឆ្នាំ​ ២០០៨ បាន​បង្ហាញថា លទ្ធផល​ការសិក្សា​មួយ​ដែល​បាន​កើតឡើង​ក្នុងស្រុក​មុខកំពូល ខេត្ដ​កណ្ដាល រកឃើញថា បន្ទុក​លើ​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ពិតជា​ធ្ងន់ធ្ងរ​ណាស់​។​

​លោក​បន្ថែមថា​៖ «​បើសិនជា​ប៉ះពាល់​ទៅលើ​អ្នករក​ប្រាក់ចំណូល គ្រួសារ​នោះ​ប្រាកដជា​ធ្លាក់ខ្លួន​ទៅក្នុង​ភាពក្រីក្រ​តែម្ដង​។ កូន​ត្រូវ​បង្ខំ​ចិ​ត្ដ​ឈប់រៀន​ដើម្បី​ទៅរក​ការងារ​ធ្វើ ឬ​មើលថែ​ជនរងគ្រោះ​ដែល​ពិការ ហើយ​ផល​ប៉ះពាល់​នេះ បាន​ជះឥទ្ធិពល​ទៅលើ​សាច់ញាតិ​ដទៃ​ថែមទៀត​។​

​ការអង្កេត​លោក បញ្ញា ទទួលស្គាល់ថា មិនមាន​ការស្រាវជ្រាវ​ចំពោះ​គ្រោះថ្នាក់​ច​រា​​ចរណ៍​ប៉ុន្មាន​ករណី​ដែល​ជនបង្ក​បាន​រួច​ទោស ដោយ​មិន​ត្រូវបាន​ផ្ដន្ទាទោស​តាមច្បាប់​នោះទេ​។ ប៉ុន្ដែ​លោក​មើលឃើញថា ករណីខ្លះ​ជនបង្ក​ហេតុ​ឆ្លៀតឱកាស​រត់គេចខ្លួន​។ ក្រៅពី​ការ​រឹតបន្ដឹង​ពី​មន្ដ្រី​មាន​សមត្ថកិច្ច ស្ថាប័នឯកជន និង​គ្រឹះស្ថាន​អប់រំ​គួរតែមាន​ការចូលរួម​រឹតបន្ដឹង​ច្បាប់​ក្នុង​កម្រិត​ស្ថាប័ន និង​គ្រឹះ​ស្ថាន​របស់​ខ្លួនឯង តាមរយៈ​ការជំរុញ និង​បង្កើន​ការ​អនុវត្ដ​បទបញ្ជាផ្ទៃក្នុង និង​គោលនយោបាយ​ច្បាប់​ចរាចរណ៍​។​

​ដោយ​មើលឃើញ​ការ​អនុវត្ដ​ច្បាប់​នៅ​ខ្សោយ​ចំពោះ​សិស្សានុសិស្ស លោក បញ្ញា​និយាយថា​៖ «​យើង​អាច​ធ្វើបាន​តាមរយៈ​ការ​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​។ អត្រា​ពាក់មួក​នេះ​នៅ​ទាប​ចំពោះ​សិ​ស្សា​-​នុ​សិស្ស ដែល​ទាមទារ​ឱ្យមាន​ការ​រឹត​បន្ដឹង​»​។

ថ្វីដ្បិតតែ​ការទទួល​ទាន​គ្រឿង​ស្រវឹង​បើកបរ​នាពេល​យប់​មិនទាន់មាន​តួលេខ​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​ក៏ពិតមែន​ក៏​រាល់​គ្រោះថ្នាក់​តែងតែ​បង្កឱ្យមាន​មនុស្ស​ស្លាប់​។​

​លោ​ក ស សុខា និយាយថា ប្រជា​ពលរដ្ឋ​មាន​ប្រមាណ ១៦​ លាន​នាក់ តែ​ក្រុមហ៊ុនផលិតស្រាបៀរ​ក្នុងស្រុក​មាន​ចំនួន ៧ ដោយ​មិនទាន់​គិត​ផលិតផល​នាំចូល រួមទាំង​ក្រុមហ៊ុន ផលិតស្រាបៀរ​ឱ្យ​ម៉ាក​ដទៃ​។ ដូច្នេះ ការទទួល​ទាន​គ្រឿង​ស្រវឹង និង​បើក​បរមាន​ហានិភ័យ​ខ្ពស់​នៅ​កម្ពុជា​។​ លោក​អំពាវនាវ​ឱ្យ​យុវជន ជាពិសេស កងកម្លាំង ក្លាយជា​បុគ្គល​ឆ្នើម ជា​គំរូ​ដល់​មនុស្ស​ជំនាន់​ក្រោយ​។ ទទួលទាន​គ្រឿង​ស្រវឹង ត្រូវ​ចៀសវាង​ការបើកបរ​៕