ភ្នំពេញៈ​ នៅក្នុង​រយៈពេល​ពេញ ​​១​ ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ក្នុង​បរិមាណ ​១៧​ ពាន់​តោន គឺ​កើនឡើង​ប្រ​មាណ​ ៤៥៤​ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។ នេះ​បើតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ប្រធាន​សហគមន៍​កសិក​ម្ម​ផលិតផល​មៀន​ប៉ៃលិន​នៅ​ខេត្ត​ប៉ៃលិន លោក សួស ស៊ី​​យ៉ា​ត បាន​ប្រាប់​នៅ​ថ្ងៃទី ​៨ ខែមករា ឆ្នាំ ​២០២៤​ ថា ថ្វីដ្បិតតែ​ការនាំចេញ​មៀន​របស់​កម្ពុជា​មានកា​រ​កើនឡើង​ច្រើន​មែន តែបើ​ក្រឡេក​ទៅ​មើ​លពី​ទិន្ន​ផល​វិញ គឺ​មិនសូវ​បាន​ច្រើន​នោះទេ ដោយសារតែ​ធាតុ​អា​កាស​មិន​អំណោយផល​ដែល​កើត​អំពី​សន្សើម​ប្រៃ​ធ្វើឱ្យ​ផ្លែ​មៀន​អន់​គុណភាព គួបផ្សំ​នឹងខ្វះ​ខាត​ទឹក​នៅ​តំបន់​ដាំ​ដុះ​មៀន​មួយចំនួន​ផងដែរ​។​


​លោក​បាន​បញ្ជាក់ថា​៖ «​មិន​ទាំងអស់​ទេ មាន​តំបន់​ខ្លះ​ក៏​ដាំ​ដុះ​បានល្អ តំបន់​ខ្លះ​ក៏​ដាំ​ដុះ​មិន​បានល្អ​ដែរ ដោយ​បញ្ហា​ប្រភពទឹក​។ នៅពេលដែល​ផ្លែ​មានគុណ​ភាពមិន​សូវ​ល្អ តម្លៃ​បាន​ថោក​ទៅតាម​នោះ ព្រោះថា​ឈ្មួញកណ្តាល​នឹង​ទម្លាក់​តម្លៃ​ទៅតាម​រូបរាង​របស់​មៀន​ផង​ដែរ​។ ការខ្វះ​ទឹក និង​ការធ្លាក់​សន្សើម​ប្រៃ​ធ្វើឱ្យ​ផ្លែ​មៀន​រីក​​លូតលាស់​មិនបាន​ល្អ ឬ​ក្រិន​តែម្តង​»​។​

​បើតាម​លោក សួស ស៊ី​យ៉ា​ត តម្លៃ​ផ្លែ​មៀន​ប៉ៃលិន​មិន​ទៀង​ទាត់​ទេ ដោយសារ​អាស្រ័យទៅលើ​គុណភាព​មៀន និង​ពេលវេលា​ដែល​ប្រមូល​ផល​ដែរ ហើយ​បើទោះបី​ជាមាន​ទីផ្សារ​ចិន​ហើយក៏​ដោយ ក៏​ការដាំដុះ​មៀន​ប៉ៃលិន មិនសូវ​មានការ​ពង្រីក​ច្រើន​ដែរ​។​


​លោក ស៊ី​យ៉ា​ត បានបញ្ជាក់​បន្ថែមថា​៖ «​ចំពោះ​តម្លៃ បើតាម​កិច្ចសន្យា​របស់​ក្រុមហ៊ុន​ដែលមាន​រោងចក្រ​នៅ​ខេត្ត​ប៉ៃលិន​តែម្តង​គឺ​តម្លៃ​ដែល​កសិករ​ទទួលបាន​ទៅតាម​ខែ ដោយ​ពី​ខែសីហា​ដល់​ខែធ្នូ តម្លៃ​មៀន​បានត្រឹមតែ ៣ ៣០០​ រៀល ទៅ​ ៣ ៥០០​ រៀល​ប៉ុណ្ណោះ ក្នុង ១ គីឡូក្រាម​។​ប៉ុន្តែ​ចាប់ពី​ខែមករា ដល់​ខែមីនា បាន​តម្លៃ​ ៤ ០០០​ រៀល​ ក្នុង ​១ ​គីឡូក្រាម​។ ការ​​ឡើង​ចុះ​នៃ​តម្លៃ​មៀន​ទៅតាម​ខែ​នេះ វា​អាស្រ័យទៅលើ  ​គុណភាព​ផ្លែ​មៀន​»​។​

​បើតាម​ការ​ឱ្យដឹងពី​លោក ស៊ី​​យ៉ា​ត បច្ចុប្បន្ន​ខេត្ត​ប៉ៃលិន​មាន​ផ្ទៃដី​ដាំ​ដុះ​និង​ប្រមូល​ផល​មៀន​ប្រមាណ​ជិត ​៤ ០០០​ ហិកតា​។​ចំណែក​នៅ​ខេត្តបាត់ដំបង​វិញ​មាន​ផ្ទៃដី​ដាំ​ដុះ​មៀន​ប៉ៃលិន​ច្រើនជាង​ខេត្ត​ប៉ៃលិន ដោយមាន​ប្រមាណ​ជិត ៧ ០០០ ហិកតា ខណៈដែល​ផ្ទៃដី​ប្រមូល​មាន​ជាង ៥ ០០០​ ហិកតា​។​នេះ​បើតាម​ឱ្យដឹងពី​លោក ឈឹម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បាត់​ដំបង​។​

​លោក​ ឈឹម  ​វ​ជិ​រា បាន​ប្រាប់​បន្ថែមថា ការប្រមូល​ផល​មៀន​ប៉ៃលិន​គឺ​អាស្រ័យទៅលើ​ការ​បញ្ជា​របស់​អ្នក​ដាំ​ដុះ មានន័យថា ផ្លែឈើ​ប្រភេទ​នេះ មិនមាន​រដូវ​ប្រមូល​ផល​ច្បាស់​​លាស់​ដូច​ផ្លែឈើ​ដទៃទៀត​ទេ កសិករ​អាច​ប្រមូល​ផល​ទៅតាម​ការបញ្ជា​ដោយ​ប្រើប្រាស់​ថ្នាំ​កសិកម្ម ដែល​គេ​អាច​បញ្ជា​ឱ្យចេញ​ផ្លែ​ខែសីហា​ឬ​កញ្ញា​ក៏បាន​។​

​លោក​បាន​ទទួលស្គាល់ថា ៖«​បញ្ហា​អាកាសធាតុ ពិតជា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណាំ​មៀន​ប៉ៃលិន​នេះ​មិន​ខុសគ្នា​ពី​ខាង​បន្ទាយមានជ័យ និង​ប៉ៃលិន​នោះទេ​។ ក្នុង​ឆ្នាំ​ ២០២៣​ កន្លង​ទៅខាង​បាត់ដំបង​យើង​ប្រមូល​ផល​មៀន​ស្រស់​បាន​ប្រមាណ​ជាង​ ៤៣​ ពាន់​តោន លើ​ផ្ទៃដី​ប្រមូល​ប្រមាណ​ជាង ៤ ៦០០​ ហិកតា​។ យើង​មិនទាន់​អាច​វាយតម្លៃថា ឆ្នាំ​ ២០២៤​ នេះ ទិន្នផល​នឹង​បាន​កម្រិតណា​ទេ ដោយសារតែ​ភាពមិន​ទៀងទាត់​នៃ​អាកាសធាតុ​ដែល​ពិបាក​ឱ្យ​យើង​វាត​ម្លៃ​»​។​

​លោក សាយ ចំរើន តំណាង​ក្រុមហ៊ុន ឆាយ​ណា ជីន​វ័រ​យាន អ៊ី​ម​ផត អ៊ិច​ផត ដែលជា​ក្រុម​ហ៊ុន​ប្រមូល​ទិញ​មៀន​ប៉ៃលិន​ស្រស់​ពី​កសិករ​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន បានឱ្យដឹង​ដែរ​ថា ការនាំចេញ​មៀន​ប៉ៃលិន​ស្រស់​ទៅកាន់​ប្រទេស​ចិន គឺ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ដោយ​គិត​ចាប់តាំងពី​ខែកក្កដា​ឆ្នាំមុន​រហូតមកទល់​ពេលនេះ ដែល​ស្មើនឹង​ប្រមាណ​ជាង ១ ០០០​ ​តោន​។​

​ថ្វីដ្បិតតែ​ការនាំចេញ​បានធ្វើ​ឡើង​ដោយ​រលូន​ក៏ពិតមែន ប៉ុន្តែ​លោក ​សាយ ចំរើន ថា នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ ការ​​ប្រមូល​ទិញ​បាន​តិចជាង​មុន ដោយសារ​មៀន​ប៉ៃលិន​មិនសូវ​ល្អ ជាហេតុ​ធ្វើឱ្យ​ក្រុមហ៊ុន​ពិបាក​ក្នុង​ការប្រមូលទិញ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្រុម​ហ៊ុន​មិនបាន​កំណត់​ក្នុង​ការទិញ​ទេ អាស្រ័យ​លើ​កសិករ​ឬ​ម្ចាស់​ចម្ការ​យើង​គាត់​បាន​ទិន្ន​​ផល​ច្រើន​យើង​ប្រមូល​ទិញ​បាន​ច្រើន​ដែរ ប៉ុន្តែ​ទាល់តែ​គុណភាព​ល្អ​ដែរ​ទើប​យើង​អាច​ទិញ​បាន​»​។​

​បើតាម​ក្រសួងកសិកម្ម បច្ចុប្បន្ន​ការដាំ​មៀន​ប៉ៃលិន មាន​ផ្ទៃដី​ដាំ​ជាង​ ​១៣ ៦០៨​ ហិកតា​ នៅ​ទូទាំងប្រទេស ហើយ​ភាគ​​ច្រើន​ដាំ​នៅ​ខេត្តបាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ​។ ក្នុងនោះ​ផ្ទៃដី​ប្រមូល​ផល​មាន​ប្រមាណ​ ៨​ ពាន់​ហិកតា ដោយ​ក្នុង​ ១ ​ហិកតា ទទួលបាន​ផល​ចន្លោះ​ពី ​១៥​ ទៅ ២០ តោន​ក្នុង ១​ ឆ្នាំៗ​៕​