​កោះកុងៈ ឆ្លើយតប​ទៅនឹង​ការ​​រិះគន់​ពី​អ្នក​ដែលមាន​និន្នាការ​ប្រឆាំង​ចំពោះ​រាជរដ្ឋាភិបាល ដែល​បានចេញ​អនុក្រឹត្យ​កំណត់​យក​ថ្ងៃទី​ ២៩ ខែធ្នូ ជា​ទិវា​សន្តិភាព​នៅ​កម្ពុជា និង​ជា​ថ្ងៃ​ឈប់សម្រាក​សម្រាប់​ជាតិ​ទាំងមូល លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានចេញ​មុខមក​បញ្ជា​ក់ថា ទិវា​សន្ដិ​​ភាព មិនមែន​របស់​ត្រកូល​ហ៊ុន​តែ​ម្នាក់​ទេ តែ​ជា​របស់​ប្រជា​ពល​រដ្ឋ​នៅ​ទូទាំងប្រទេស​ដែល​ស្រឡាញ់​សន្តិភាព​។​


​លោក ​ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​ស្ពាន​សម្តេច​តេ​ជោ​ហ៊ុន សែន​កោះ​យ៉​» និង​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង​ ១ ម៉ឺន​នាក់ នា​ស្រុក​មណ្ឌលសីមា ខេត្ត​កោះ​​កុង​នៅ​ថ្ងៃទី ​៨ មករា ឆ្នាំ ​២០២៤​។​

​លោក​បាន​ថ្លែងថា​៖ «​កាលពី​ថ្ងៃទី ​១ ​មករា រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ដោយ​កំណត់​យក​ថ្ងៃទី ​២៩ ធ្នូ ជា​ទិវា​សន្តិភាព​នៅ​កម្ពុជា និង​ជា​ថ្ងៃ​ឈប់សម្រាក​សម្រាប់​ជាតិ​យើងទាំងអស់គ្នា ...​មាន​អ្នកខ្លះ​ចេញមក​រិះគន់ថា ថ្ងៃ​ហ្នឹង​ដាក់​ថ្ងៃបុណ្យ​ជាតិ​ថ្ងៃ​ឈប់​​សម្រាក​គឺ​ដើម្បី​តែ​ត្រកូល​ហ៊ុន​។ ខ្ញុំ​សូម​ប្រាប់​!​ខ្ញុំ​អត់​បដិសេធ​ទេ តែ​ត្រកូល​ហ៊ុន​ក៏​ស្វាគមន៍​សន្តិ​ភាព​ដែរ អ៊ីចឹង​ទិវា​សិ​ន្តិ​ភាព​ហ្នឹង ជា​ទិវា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​ស្រឡាញ់​សន្តិភាព និង​ស្អប់​សង្គ្រាម​ក្នុងនោះ​មានត្រកូល​ហ៊ុន មួយ​ដែរ​»​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត បន្តថា​៖ «​តែ​មិនមែន​សម្រាប់​ផ្ដាច់​មុខ​ត្រកូល​ហ៊ុន​ទេ គឺ​សម្រាប់​ខ្មែរ​ទាំងអស់គ្នា​ដែល​ស្រឡាញ់​សន្តិ​​ភាព និង​បាន​ផល​ពី​សន្តិភាព គឺ​ប្រជាជន​យើង​ទូទាំងប្រទេស​។ អ៊ីចឹង​ទិវា​សន្តិភាព​ដើម្បី​កម្ពុជា នៅ​កម្ពុជា​នេះ​គឺជា​ផល​សម្រាប់​យើងទាំងអស់គ្នា​របស់​ប្រជា​ពល​រដ្ឋ​យើង សម្រាប់​បច្ចុប្បន្ន និង​ទៅ​អនាគត សម្រាប់​កូនចៅ​យើង​គ្រប់គ្នា​»​។  

​លោក​ក៏បាន​បញ្ជាក់ដែរថា ការឈប់​សម្រាក​នេះ​គឺជា​ការ​រំឭក និង​អបអរសាទរ​ទាំងអស់​គ្នា​ជា​ចាំបាច់ ហើយ​បើ​អ្នកណា​មិន​សប្បាយចិត្ត មិនបាច់​ឈប់​ទេ​។ បើតាម​លោកនាយក​រដ្ឋមន្ត្រី ទិវា​សន្តិភាព​គឺជា​ទិវា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ត្រូវតែ​ចងចាំ​ទាំងអស់គ្នា ហើយ​ការយក​ថ្ងៃទី​ ២៩ ខែធ្នូ ជា​ទិវា​សន្តិភាព​សម្រាប់​ការឈប់​សម្រាក ជាការ​​រំឭក​ដឹងគុណ និង​អបអរសាទរ​ផងដែរ​។​


​លើសពីនេះ​ប្រទេស​ ១ ត្រូវការ​ឯករាជ្យ​អធិបតេយ្យភាព ត្រូវការ​ការរស់រាន​មានជីវិត ដោយ​សិទ្ធិសេរីភាព ហើយ​ត្រូវការ​ការរស់នៅ​ដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជាដើម​។ ជាង​នេះ​កម្ពុជា​បានរស់នៅ​ក្នុង​អធិបតេយ្យ​ភាព និង​ឯករាជភាព ដោយមាន​ថ្ងៃ​ ៩ ​វិច្ឆិកា ឆ្នាំ​ ១៩៥៣ ជា​ថ្ងៃ​ដែល​កម្ពុជា ទទួលបាន​ឯករាជ្យ ដូច្នេះ​កូនចៅ​ជំនាន់​ក្រោយ ត្រូវ​នាំគ្នា​ចូលរួម​ថែរក្សា ឯករាជ្យ​ជាតិ កុំឱ្យ​បាត់បង់​។​

​លោក ស៊ឺន សម អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា បាន​ថ្លែងថា ការលើកឡើង​របស់លោក​ហ៊ុន ម៉ា​ណែ​ត គឺ​ពិតជា​ត្រឹមត្រូវ ហើយ​ក្នុងនាម​លោក​ជា​នាយករដ្ឋមន្ត្រី មាន​បុព្វសិទ្ធិ​ក្នុងការ​កំណត់​ថ្ងៃនេះ​។

លោក​ប្រាប់ថា​៖ «​មែនទែនទៅ​ទិវា​សន្តិភាព ដែលជា​ថ្ងៃ​ឈប់សម្រាក​នេះ  គឺជា​រឿង​សំខាន់​មួយ​ដើម្បី​ដាស់​​តឿន​ក្រើនរំឭក​ដល់​ពលរដ្ឋ​ទាំងអស់ ឱ្យ​យល់​ពី​តម្លៃ​សន្តិភាព របស់​ប្រទេស​ស្រប​ពេលដែល​ប្រទេស​ជាច្រើន នៅលើ​ពិភព​​លោក កំពុងមាន​វិបត្តិ​សង្គ្រាម​រហូត​ដូចជា​សង្គ្រាម​រុស្ស៊ី​ជាមួយ​អ៊ុយ​ក្រែ​ន ហើយនឹង​បញ្ហា​នៅក្នុង​ប្រទេស​ភូមា និង​បញ្ហា​អ៊ី​ស្រា​​អែល និង​ហា​ម៉ាស់ និង​ភាព​​តានតឹង​ផ្សេងៗ​ទៀត​»​។ 

​ជាមួយគ្នា​នោះដែរ​លោក​ ស៊ឺន សម ថ្លែងថា ទិវា​នេះ​ក៏​មិនបាន​បង្ខំ​ឱ្យ​ពលរដ្ឋ​ឈប់សម្រាក​ពី​ការងារ​នោះដែរ បើ​ពួកគេ​ទៅធ្វើ​ការងារ​ក៏​មិនជា​បញ្ហា​នោះទេ គ្រាន់តែ​រាជ​រដ្ឋា​ភិ​បាល​កំណត់​ថ្ងៃទី​​ ២៩ ខែធ្នូ​គឺជា​ថ្ងៃ​ទិវា​នៃ​សន្តិភាព​របស់​កម្ពុជា​។​

​សូមបញ្ជាក់ថា លោក​ ហ៊ុន ម៉ា​ណែ​ត កាលពី​នៅ​ថ្ងៃទី​ ១ ខែ​​មករា ឆ្នាំ ​២០២៤ បានចេញ​អនុ​ក្រឹត្យ​កំណត់​យក​ថ្ងៃទី​ ២៩ ខែធ្នូ ជា​រៀងរាល់ឆ្នាំ ជា «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា គឺ​ការស្រឡាញ់​សន្តិភាព និង​ការ​ស្អប់ខ្ពើម​សង្គ្រាម និង​ជាការ​រំឭក​ដល់​ការសម្រេចបាន​នូវ​ការបញ្ចប់​សង្គ្រាម​ទាំង​​ស្រុង និង​ការ​កសាងបាន​នូវ​សន្តិភាព និង​ឯកភាព​ជាតិ​ពេញ​លេញ នៅ​កម្ពុជា ដោយ​ន​យោ​បាយ​ឈ្នះ​ឈ្នះ កាលពី​ថ្ងៃទី​ ២៩ ខែធ្នូ ឆ្នាំ​ ១៩៩៨​។​

​មួយវិញទៀត ក៏​ជាការ​ដាស់​តឿន​ក្រើនរំឭក​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់ ទាំង​ក្នុងពេល​បច្ចុប្បន្ន ទាំង​ពេលអនាគត ឱ្យ​ចងចាំ​ជានិច្ច​អំពី​មហា​វិនាសកម្ម​របស់​ជាតិ និង​ទុក្ខលំបាក​យ៉ាង​វេទនា​របស់​ប្រជាជន​កម្ពុជា ព្រមទាំង​ផលវិបាក​នានា ដែល​បង្កឡើង​ដោយ​សង្គ្រាម និង​ការបែកបាក់​ជាតិ ព្រមទាំង​ជាការ​បំផុសស្មារតី​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់​ឱ្យ​ស្អប់ខ្ពើម​សង្គ្រាម​៕