ក្រចេះៈ​ លោក ​ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បានប្រកាស​សម្ពោធ​បុស្បុក​រូបសំណាក​ព្រះគ្រូ​ធម្មាចារ្យ​ គឹម ច្រែង និង​លោក​ ហ៊ុន សែន​ពី​កុមារភាព​ដែល​កសាងឡើង​ ដើម្បី​រំឭក​គុណ​ចំពោះ​ព្រះគ្រូ​ដែលជា​គ្រូបាធ្យាយ ទូន្មាន​ប្រៀប​ប្រដៅ ផ្គត់ផ្គង់​ការ​សិក្សា​លោក​ហ៊ុន សែន​ឱ្យមាន​ចំណេះដឹង ក្លាយខ្លួនជា​បញ្ញវន្ត និង​វីរជន​របស់​ជាតិ​។​


​ពិធី​សម្ពោធ​បុស្បុក​រូបសំណាក​នេះ ធ្វើឡើង នៅ​ថ្ងៃទី​ ​៨ ខែមករា ឆ្នាំ​ ២០២៤ នៅ​ស្ពាន​ពាម​ទេរ ស្ថិតនៅ​ភូមិ​តា​លុះ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

ក្នុង​អង្គពិធី​លោ ក​វ៉ា ថន ​អភិបាលខេត្ត​ក្រចេះ​ថ្លែងថា បុស្បុក​រូប​​សំណាក​ព្រះគ្រូ​ធម្មាចារ្យ​គឹម ច្រែង និង​លោក​ហ៊ុន សែន​ពី​កុមារភាព​នេះ​ធ្លាប់បាន​សាង​សង់​នៅ​ទីតាំង​ចាស់​ម្តង​យូរ​មកហើយ​។​


​ដោយសារ​សោភណភាព​រូបសំណាក​ចាស់​ទ្រុឌទ្រោម​ហើយ​ផ្នែក​ខាងក្រោម​នៃ​រូប​សំណាក​ជើង​ទម្រ​ត្រូវ​ទឹក​ហូរ​ច្រោះ​ផ្អៀង​មួយ​ចំហៀង និង​ដោយ​ក្តី​នឹករឭក លោក ​ហ៊ុន សែន ក៏​ណែនាំ​រដ្ឋបាល​ខេត្តក្រចេះ​សាងសង់​បុស្បុក​រូបសំណាក​នេះ​ឡើងវិញ​។

លោក វ៉ា​ថន​ បញ្ជាក់ថា​៖ «​សមិទ្ធផល​ថ្មី​នេះ​កំពុង​ទាក់​ទាញ​សាធារណជន និង​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ចូលទៅ​ទស្សនា ថត​​រូប​អនុស្សាវរីយ៍ និង​លើកកម្ពស់​សោភណភាព និង​មុខមាត់​ខេត្តក្រចេះ​មួយកម្រិត​ថែមទៀត​»​។​


​បុស្បុក​រូបសំណាក​ថ្មី​នេះ​សាងសង់ឡើង​ក្នុង​រចនាប័ទ្ម​សម័យ​ចតុមុខ កម្ពស់​ពី​ខឿន​ទី​១ ដល់​កំពូល​ឆត្ររួត​មាន​កម្ពស់ ២៤,៣ ​ម៉ែត្រ ទ្រ​ដោយ​សសរស្តម្ភ​ ៤​។ ក្បាច់ចម្លាក់​ជា​ក្បាច់​អង្គរ និង​ឆ្មាំ​ការពារ​ក្នុង​រចនាប័ទ្ម​បន្ទាយស្រី និង​មាន​ក្បាច់​ផ្សេងៗ​ទៀត​លម្អ​ផង​។ រូបសំណាក​ព្រះគ្រូ​ធម្មាចារ្យ មាន​កម្ពស់ ២,៧​ ម៉ែត្រ​ឯ​រូបសំណាក​លោក​ ហ៊ុន សែន មាន​កម្ពស់​ ១,៦៨  ម៉ែត្រ ធ្វើ​អំពី​ស្ពាន់​សុទ្ធ ក្នុង​ទឹកប្រាក់ ៤១ ​ម៉ឺន​ដុល្លារ​អាមេរិក ជា​ថវិកា​អំណោយ​របស់លោក​ហ៊ុន សែន និង​ភរិយា​។ ចំពោះ​រូបសំណាក​ចាស់​កសាងឡើង​ពី​បេតុង​កាលពី​ឆ្នាំ​ ២០០៣  បាន​យកទៅ​តម្កល់​នៅក្នុង​វត្ត​បុស្ស​មាលី ហៅ​វត្ត​បុស​លាវ​។​

​ក្នុង​ពិធី​នោះ​លោក​ ហ៊ុន ម៉ា​នី បាន​ថ្លែងថា បុស្បុក​រូបសំណាក​នេះ ជាការ​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិ​តស៊ូ​របស់លោក​ ហ៊ុន សែន ដែលជា​ឪពុក​របស់លោក ដែលមាន​អតីត​ភាពជា​កូន​អ្នក​កសិករ​នៅ​ខេត្តកំពង់ចាម​បាន​ខិតខំ​ប្រឹង​ប្រែង​រៀនសូត្រ​បន្ត​នៅ​វត្ត​នាគ​វ័​ន្ត រាជធានី​​ភ្នំពេញ ដែល​ស្នាក់អាស្រ័យ និង​ទទួល​ការ​មើលថែ​ពី​ព្រះគ្រូ​ធម្មាចារ្យ គឹម ច្រែង​។

​លោក​បន្តថា​៖ «​ក្រៅពី​តឹកតាង​នៃ​ដំណើរ​ជីវិត​តស៊ូ​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន និង​ការដឹងគុណ​ចំពោះ​ព្រះគ្រូ​ធម្មាចារ្យ បុស្បុក​នេះ ក៏បាន​បង្កើន​សោភណភាព​ខេត្តក្រចេះ​ថែម​មួយកម្រិត​ទៀត ហើយ​ប្រាកដ​ណាស់​ប្រជាជន​មូលដ្ឋាន​នេះ​ផ្ទាល់ អាច​ប្រើប្រាស់​ទីធ្លា​នេះ​ដើម្បី​ប្រយោជន៍​នានា​ផងដែរ​»​។​

​លោក​ ពៅ សុខ ទីប្រឹក្សា​ផ្ទាល់​លោក​ហ៊ុន​ សែន និង​ជា​អ្នកនិពន្ធ​សៀវភៅ​ស្តីពី​លោក​​ ហ៊ុន សែន ​ថ្លែងថា ការងារ​កសាង​រូបសំណាក​នេះ​គឺមាន​ជា​យូរ​មកហើយ​ដើម្បី​ជាការ​រំឭក​ដល់​មហា​ទិ​គុណ​របស់​ព្រះគ្រូ​ គឹម ច្រែង ​ចំពោះ​លោក​ ហ៊ុន សែន កាលពី​កុមារភាព និង​វ័យ​ជំទង់​កន្លងមក​។ 

​លោក​ថា​៖ «​កាលពី​អតីត​កាល ឬ​កុមារភាព​សម្តេច​ហ៊ុន សែន​ធ្លាប់ជា​កូនសិស្ស​របស់​ព្រះគ្រូ​ចៅអធិការ​គឹម​ច្រែង និង​ធ្លាប់​ដើរ​បិណ្ឌ​បាត្រ​ជាមួយ​ព្រះគ្រូ​ជា​ញឹកញាប់​ទៀតផង អំឡុងពេល​សម្តេច​មក​ស្នាក់​នៅ​វត្ត​នាគ​វ័​ន្ត​ដើម្បី​បន្ត​ការសិក្សា​។ ព្រះគ្រូ ​គឹម ច្រែង តែងតែ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​កុមារ ហ៊ុន បូ​ណា​ល់ គឺ​សម្តេច​តេ​ជោ ហ៊ុន​ សែន​។ ព្រះអង្គ​ធ្លាប់មាន​គុណបំណាច់​គួរឱ្យ​ចងចាំ​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុន សែន​»​។​

​បើតាម​លោក ពៅ សុខ ព្រះគ្រូ​គឹម ច្រែង នេះហើយ​ដែល​ធ្លាប់​ទស្សន៍ទាយ​ថា លោក ​ហ៊ុន បូ​ណា​ល់ ឬ​ ហ៊ុន សែន នឹង​ក្លាយទៅជា​អ្នកដឹកនាំ​ប្រទេស​នា​ថ្ងៃ​អនាគត​។​

បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យគឹម ច្រែង និងលោក ហ៊ុន សែន ពីកុមារ។ រូប ក្រសួង​មុខងារសាធារណៈ

​សម្រាប់​លោក​ ឈ​ត ប៊ុន​ថង មន្ដ្រី​ស្រាវ​​ជ្រាវ ផ្នែក​ទំនាក់ទំនង វប្បធម៌ អប់រំ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា ថ្លែងថា​៖ «​នេះ​ជាការ​បង្ហាញ​ពី​ការដឹងគុណ​របស់​សម្តេច ​ហ៊ុន សែន ផង​ហើយក៏​ជា​ភាព​គំរូ​មួយ​ជាទូទៅ បណ្តុះ​មេរៀន​ភាពជា​គំរូ​ដឹងគុណ ក​ត្ត​ញ្ញូ​តា​ធម៌ មានន័យថា អ្នកណា​ក៏ដោយ​ដែល​ធ្វើ​គុណ​មកលើ​ខ្លួន យើង​ត្រូវតែ​គោរព និង​តបស្នង​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើបាន បើ​យើង​ជោគជ័យ​តិច យើង​ធ្វើ​តិច បើ​យើង​ជោគជ័យ​ច្រើន​យើង​ធ្វើ​ច្រើន​។ ការធ្វើជា​គំរូ​នេះ ជា​គំរូ​ទៅដល់​សង្គម ជាពិសេស​យុវជន​ជំនាន់​ក្រោយ​»​។​

​លោកបន្តថា ទីតាំង​បុស្បុក​រូបសំណាក​នេះ​នឹង​ក្លាយទៅជា​ទីតាំង​ទេសចរណ៍ ទាក់ទាញ​អ្នកទស្សនា នៅ​ប្រចាំ​ខេត្តក្រចេះ​សម្រាប់​សម្រាក​លម្ហែកាយ​ផង ហើយក៏​អាចឱ្យ​អ្នកស្រុក​នៅ​ទីតាំង​ក្បែរ​នោះ​ក៏​អា​ចរក​ចំណូល​ពី​ការ​លក់ដូរ សេវាកម្ម​ផ្សេងៗ​ផងដែរ​៕