កោះកុង​/​ឧត្ដរ​មាន​ជ័​យៈ អាជ្ញាធរខេត្ត​កោះកុង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ចាប់​​ផ្ដើម​អនុវត្ត​ការផ្ដល់សេវា​បណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ ដើម្បី​ធានា​សុវត្ថិភាព និង​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ឆ្លងដែន​នៅ​តំបន់​ជាប់​ព្រំដែន​។


​លោក ​សំ​ឃិត វៀន អភិបាលរង​ខេត្ត​កោះកុង​បានឱ្យដឹង​នៅ​ថ្ងៃទី​​ ៨ ខែមករា​ថា នៅ​ដើមឆ្នាំ​ ២០២៤ នេះ អាជ្ញាធរ​ខេត្ត​បានចាប់ផ្ដើម​ឱ្យ​ស្រុក​-​ក្រុង​នៅជាប់​ព្រំដែន​ថៃ​អនុវត្ត​សាកល្បង​ក្នុង​ការផ្ដល់សេវា​បណ្ណ​ព្រំដែន​ជូន​ប្រជាពលរដ្ឋ ប៉ុន្ដែ​បណ្ដា​ក្រុង​-​ស្រុក ដែល​ត្រូវអនុវត្ត​ទាំង​នោះ មាន​មួយចំនួន​គឺ​នៅ​មិនទាន់មាន​ម៉ាស៊ីន​ផលិត​បណ្ណ​ព្រំដែន​ជូន​ប្រជា​ពល​រដ្ឋ​គ្រប់គ្នា​នៅឡើយ​ទេ​។​

​លោក​បាន​បន្តថា មកដល់ពេលនេះ​នៅ​ខេត្តកោះកុង​មានស្រុក​ចំនួន​ ២ ​បានប្រកាស​អនុវត្ត​សាកល្បង​ការផ្តល់សេវា​បណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ជូន​ប្រជា​ពល​រដ្ឋ ក្នុងនោះ​មានស្រុក បទុម​សាគរ និង​ស្រុក​មណ្ឌលសីមា​។​


​លោក​ សំ​ឃិត វៀន បាន​បញ្ជាក់ថា​៖ «​ទោះបី​មានការ​ខ្វះខាត​ម៉ាស៊ីន​សម្រាប់​ប្រើប្រាស់ ប៉ុន្តែ​នៅ​ចំពោះមុខ​ការបម្រើ​សេវាសាធារណៈ​នេះ សាលាខេត្ត​នៅតែ​បន្ត​ផ្ដល់ជូន​រាល់​ការស្នើសុំ​របស់​ប្រជា​ពលរដ្ឋ​យើង​ដើម្បី​ការពារ​ភាព​រាំងស្ទះ​ក្នុង​ការផ្ដល់សេវា​បណ្ណ​ព្រំដែន​»​។​

​បើតាម​លោក សំ​ឃិត វៀន ការអនុវត្ត​ផ្តល់​សេវា​បណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​នេះ​​នឹង​ផ្ដល់ជូន​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​អចិ​ន្រៃ្ត​យ៍​ក្នុងស្រុក​ជាប់​ព្រំដែន​ថៃ និង​កុមារ​អាយុ​ក្រោម ​១៥ ​ឆ្នាំ​។


ហេតុនេះ​ការស្នើសុំ​បណ្ណ​ព្រំដែន​នេះ​បាន​គឺ​ធ្វើ​នៅតាម​ការិយាល័យ​ច្រកចេញ​-​ចូល​តែ ​១ ​នៃ​រដ្ឋបាល​ក្រុង​-​ស្រុក​ដោយ​ត្រូវ​ភ្ជាប់​មកជា​មួយ​អត្តសញ្ញាណ​​ប័ណ្ណ សំបុត្រកំណើត សៀវភៅ​គ្រួសារ និង​រូបថត​ចំនួន ២​ សន្លឹក​ផងដែរ​។​

​លោក​បាន​បន្ដថា ក្រៅពីនេះ បណ្ណ​នេះ​ក៏​អាច​ប្រើ​បានត្រឹមតែ​នៅក្នុង​ស្រុក​នៃ​ប្រទេស​ថៃ​ដែល​ជាប់​កម្ពុជា​ប៉ុណ្ណោះ​រីឯ​សម្រាប់​ការប្រើប្រាស់​លិខិតឆ្លងដែន​ប្រជាពលរដ្ឋ​ក៏​នៅតែ​អាច​ប្រើ​បាន​ផង​​ដែរ ប៉ុន្តែ​ការដាក់​ឱ្យប្រើ​បណ្ណ​ព្រំដែន​នេះ វា​ចំណាយ​តិច ផ្ដល់​ភាពងាយស្រួល ក៏ដូចជា​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​។​

​ចំណែក​លោក ឌី រ៉ា​ដូ អភិបាលរង​​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ក៏បាន​ឱ្យដឹង​ដែរ​ថា នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​ក្រុង​-​ស្រុក​ចំនួន ​៤​ ដែល​នៅជាប់​ព្រំដែន​ថៃ កំពុង​ចាប់ផ្ដើម​អនុវត្ត​សាកល្បង​ក្នុង​ការផ្ដល់សេវា​បណ្ណ​ព្រំដែន​ជូន​ប្រជាពលរដ្ឋ​។​

​លោក​បាន​បន្តថា ក្រុង​-​ស្រុក​ទាំងនោះ រួមមាន ក្រុង​សំរោង ស្រុក​អន្លង់វែង ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​បន្ទាយ​​អម្ពិល​ដែល​កំពុង​អនុវត្ត​ការផ្ដល់សេវា​បណ្ណ​ព្រំដែន​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ចាប់ពី​ដើមខែ​មករា ឆ្នាំ​ ២០២៤​។​

​លោក ឌី រ៉ា​ដូ បាន​បញ្ជាក់ថា​៖ «​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ឥឡូវនេះ​ការផ្ដល់​បណ្ណ​ហ្នឹង គឺ​វា​ជា​ជំហាន​មួយ​ក្នុង​ការផ្ដល់​សេវាសាធារណៈ​ឱ្យនៅ​ជិត​ប្រជាពលរដ្ឋ​តាមរយៈ​ការ​ផ្ដល់​សិទ្ធិ​ទៅដល់​អាជ្ញាធរ​ក្រុង​-​ស្រុក​ឱ្យ​អនុវត្ត​។ បណ្ណ​ព្រំដែន​នេះ​វា​ផ្ដល់​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក​ក្នុងស្រុក​ជាប់​ព្រំដែន​ជាមួយ​ថៃ​»​។​

​លោក​បន្ថែមទៀតថា ចំពោះ​បណ្ណ​ព្រំដែន​នេះ​គឺ​ផ្ដល់ជូន​សម្រាប់តែ​ប្រជា​ពលរដ្ឋ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ខេត្ត​​ឧ​ត្ត​រ​មានជ័យ​ដែល​ស្នើសុំ​បណ្ណ​នៅតាម​ការិយាល័យ​ច្រកចេញ​-​ចូល​តែ ​១ ​នៃ​រដ្ឋបាល​ក្រុង​-​ស្រុក​ប៉ុណ្ណោះ រីឯ​ប្រជា​ពល​​រដ្ឋ​នៅក្នុង​ខេត្ត​ផ្សេង​គឺ​មិន​អនុញ្ញាត​ផ្ដល់ជូន​បណ្ណ​នេះ​បានឡើយ​។​

​សូម​រំឭកថា​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កន្លងទៅ រាជរដ្ឋាភិបាល​បានចេញ​សេចក្តីសម្រេច​ស្តីពី​ការដាក់ឱ្យ​អនុវត្ត​សាកល្បង​ការផ្តល់សេវា​បណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ​នៅ​រដ្ឋបាល​ក្រុង​-​ស្រុក​នៃ​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​។ ក្នុង​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​អនុញ្ញាតឱ្យ​រដ្ឋបាល​ក្រុង​-​ស្រុក​នៃ​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ត្រូវអនុវត្ត​សាកល្បង​ក្នុង​ការផ្តល់សេវា​នេះ​រយៈពេល​ ៦ ​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ ​២០២៤ តទៅ​។​

​ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏បាន​ណែ​នាំឱ្យ​រដ្ឋបាល​ក្រុង​-​ស្រុក​នៃ​ខេត្ត​ជាប់​ព្រំដែន​ថៃ ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​អំពី​តម្លៃ​សេវា និង​រយៈពេល​នៃ​ការផ្តល់សេវា​បណ្ណ​ព្រំដែន​នេះ​ផងដែរ​៕