កោះកុងៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើយុទ្ធនាការផ្សព្វផ្សាយទាក់ទងនឹងការពង្រីកវិសាលភាពរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកនៃបេឡាជាតិរបបសន្តិសុខសង្គម ជាមួយដៃគូនានា និងតាមរោងចក្រ សហគ្រាស តំបន់ផ្ទះជួល ផ្សារ និងទីប្រជុំជនបានសរុបចំនួន ៤ ៦១៥ លើក។
ក្រសួងក៏បានចុះឈ្មោះសមាជិកដែលជាគោលដៅសរុបបានចំនួន ១១១ ៧២០ នាក់ ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន ១០០ ២១៤ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ១១ ៥០៦ នាក់ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយទាំង ២។
កម្មវិធីនោះរួមមាន៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ។
នេះជាការថ្លែងឱ្យដឹងពីសំណាក់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ ម៉ឺននាក់ ក្នុងខេត្តកោះកុង នាថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក ហេង សួរ បានថ្លែងថា៖ «ការពង្រីកវិសាលភាពនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមាន ប្តីឬប្រពន្ធដែលមានអាយុក្រោម ៦០ ឆ្នាំ និងកូនក្នុងបន្ទុកដែលមានអាយុក្រោម ១៨ ឆ្នាំ អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០ រៀលប៉ុណ្ណោះ»។
លោកបន្តថា ៖ «តាមការសិក្សាកន្លងទៅគឺបងប្អូនអាចសន្សំថវិកាបានប្រមាណជា ១៥ ទៅ ២០ ដុល្លារក្នុង ១ ខែ ជាពិសេសសម្រាប់បងប្អូនដែលមានកូនក្រោមអាយុ ៦ ឆ្នាំ»។
លោករដ្ឋមន្ត្រីក្រសួងការងារ បន្តថា ការពង្រីកវិសាលភាពកម្មវិធីនេះ រួមជាមួយកម្មវិធីរបបថែទាំសុខភាពតាមមូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារងាយរងហានិភ័យ ដែលលោក ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរួចហើយដែរនោះ គឺអាចគ្របដណ្តប់សេវាសុខភាពដល់ប្រជាជនប្រមាណ ៩ លាននាក់ ដែលធ្វើឱ្យប្រជាជនកាន់តែច្រើនអាចទទួលបានសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាព និងមានសុខភាពកាន់តែល្អប្រសើរជាងមុន។
លោក ជ័យ តិច អ្នកសិក្សាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបានប្រាប់ឱ្យដឹងថា ការអនុវត្តរបស់ក្រសួងការងារដែលបានចុះផ្សព្វផ្សាយពីនីតិវិធីនៃអត្ថប្រយោជន៍ចំពោះការចុះបញ្ជីដើម្បីទទួលសេវាសន្តិសុខសង្គម គឺជារឿងមួយដ៏ត្រឹមត្រូវ និងបានច្រើនទីតាំងដូចជានៅតាមសហគ្រាស និងរោងចក្រនានា។ ប៉ុន្តែបើពិនិត្យមើលលើចំនួន ដែលបានចុះឈ្មោះ ទាំងបុគ្គលស្វ័យនិយោជន៍ និងបុគ្គលិកនៅតាមសហគ្រាសដែលបានចុះបញ្ជី នៅមានតិចតួចនៅឡើយ។
ការចុះឈ្មោះនៅមានកម្រិត ព្រោះកង្វះការផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ របស់ក្រសួងការងារហើយក៏មិនដឹងថា នៅពេលដែលក្រសួងចុះផ្សព្វផ្សាយនេះ និយាយដោយផ្ទាល់មាត់ឬក៏មានខិត្តប័ណ្ណយកទៅជាមួយដែរឬក៏យ៉ាងណា ព្រោះយើងដឹងហើយប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជកមានការសិក្សាអប់រំ នៅមានកម្រិត។
លោកបញ្ជាក់ថា៖ «បើពិនិត្យមើលទៅលើទំហំបុគ្គលដែលមានសក្តានុពល ទទួលបាននូវសេវា ប.ស.ស. នេះមានច្រើនណាស់ ដូចជាកម្មករ ពលករនៅក្នុងរោងចក្រនានាជិត ១ លាននាក់ ប៉ុន្តែបើគិតពីសមាជិកគ្រួសាររបស់គាត់ និងបុគ្គលិកនៅតាមក្រុមហ៊ុនផ្សេងៗទៀតឬទាក់ទងនឹងបុគ្គលស្វ័យនិយោជន៍គឺមានចំនួនច្រើនខ្លាំង ប៉ុន្តែបើពិនិត្យមើលតួលេខរបស់ក្រសួងនៅទាបខ្លាំងនៅឡើយ។ ដូច្នេះក្រសួងគួរបង្កើនការផ្សព្វផ្សាយឱ្យបានច្រើននៅគោលដៅផ្សេងទៀត»៕