​ភ្នំពេញៈ អស់​រយៈពេល​ជិត ​២ ​ឆ្នាំ​មកហើយ ដែល​កម្ពុជា​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​មហា​សន្និបាត​អង្គការ​​សហប្រជាជាតិ ​(UN) ដែល​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ចប់​ប្រតិបត្តិ​​ការ​យោធា​របស់ខ្លួន​ជាបន្ទាន់​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយក៏​អស់​រយៈពេល​ជាង ១​ ឆ្នាំ​មកហើយ​ដែរ ដែល​អតីត​មេដឹកនាំ​កម្ពុជា​បានប្រកាស​ជំហរ​មិន​គាំទ្រ​ការធ្វើប្រជាមតិ​របស់​រុស្ស៊ី ដើម្បី​កាត់​យក​ទឹកដី​អ៊ុយ​ក្រែ​ន​បញ្ចូល​ទៅ​ប្រទេស​រុស្ស៊ី​។​


​ទោះជា​យ៉ាងណា អ្នកវិភាគ​មើលឃើញថា ក្នុង​រយៈពេល​នេះ ក្រោយពី​ព្រឹត្តិការណ៍​ទាំង​នេះ ទំនាក់ទំនង​រុស្ស៊ី​-​កម្ពុជា​ ហាក់​មិនមាន​ការប្រែប្រួល​គួរឱ្យកត់សម្គាល់​នោះទេ ផ្ទុយទៅវិញ​ប្រទេស​ទាំង​ ២​ មានការ​​ប្តេជ្ញាចិត្ត និង​សុ​ឆន្ទៈ​ក្នុងការ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២​។​

​លោក គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជាថ្លែងថា បន្ទាប់ពី​កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​នេះ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២ «​ហាក់ដូចជា​មិនមាន​ការប្រែប្រួល​អី​ជា​ដុំកំភួន​ទេ​» ដ្បិត​អ្នកការ​ទូត​ក៏ដូចជា​ប្រមុខ​ការទូត​កម្ពុជា និង​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ក្រោយ​បានបញ្ជាក់​ជំហរ​នោះ​ច្បាស់លាស់ ដែល​គាំទ្រ​សេចក្ដីសម្រេច​របស់ ​UN មិនមែន​មានន័យថា​ប្រឆាំង​រុស្ស៊ី​ឬក៏​គាំទ្រ​អ៊ុយ​ក្រែ​ន​ទេ​។ 


​លោក​បាន​បញ្ជាក់ថា អ្វីដែល​កម្ពុជា​ធ្វើ គឺ​បដិសេធ​ឬក៏​ជំទាស់​នឹង​ការប្រើប្រាស់​កម្លាំងយោធារ​បស់​ប្រទេស​ ១​ ទៅលើ​រដ្ឋ​អធិបតេយ្យ​ ១ ​ទៀត​។ នេះ​គឺជា​ក្របខ័ណ្ឌ​នៃ​នយោបាយ​ការ​បរទេស​របស់​កម្ពុជា​ដែល​ចង់ឃើញ ប្រទេស​ទាំងអស់​ដែលជា​សមាជិក ​UN ​គោរព​គោល​ការណ៍​ធម្មនុញ្ញ​នៃ ​UN ច្បាប់​អន្តរជាតិ​ហើយ​ចៀសវាង​ការ​ប្រើប្រាស់​កម្លាំង​ដើម្បី​ដណ្តើម​កាន់កាប់ ឬក៏​ព្យាយាម​ដាក់បញ្ចូល​ជា​ឧបសម្ព័ន្ធ​នៃ​ទឹកដី​របស់​រដ្ឋ​អធិបតេយ្យ​ ១ ​ទៅ​ក្រោម​រដ្ឋ​ ១ ទៀត​ដែលមាន​កម្លាំង​ខ្លាំង​ជាង​។​

​លោក​ថ្លែងថា​៖ «​អ៊ីចឹង​ចំណុច​នេះ ខ្ញុំ​ឃើញ​មានការ​បញ្ជាក់​ច្បាស់ ហើយ​រុស្ស៊ី​ក៏​យល់​ដែរ ជាពិសេស​តាមរយៈ​អ្នកការទូត​របស់ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ​ក៏បាន​យល់​អំពី​ភាពជាក់ស្តែង ប្រាកដនិយម​នៃ​គោលនយោបាយ​ការបរទេស​កម្ពុជា​ដែល​យើង​មិន​គាំទ្រ​ការ​​ប្រើប្រាស់​កម្លាំងបាយ​។ ជានិច្ច​​កាល​គឺ​កម្ពុជា​ប្រកាន់ខ្ជាប់​គោលការណ៍​បញ្ច​សីលា​សន្តិ​សហ​វិជ្ជមាន​ក្នុង​នយោបាយ​ការបរទេស​របស់ខ្លួន​»​។​


​លោក​បន្ថែមថា​៖ «​អ៊ីចឹង ខ្ញុំ​គិតថា​វា​មិន​មានការ​អី​ប្រែប្រួល​គួរឱ្យកត់សម្គាល់​ទេ​កន្លងមកនេះ​។ ផ្ទុយទៅវិញ​យើង​ឃើញ​មានការ​ប្តេជ្ញាចិត្ត​ពី​ថ្នាក់ដឹកនាំ​អ្នកការទូត​រវាង​ប្រទេស​ទាំង​ ២ ​ហ្នឹង​គឺមាន​សុ​ឆន្ទៈ​ក្នុងការ​ជំរុញ លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។ ហើយ​សល់​​តែ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ កម្ពុជា និង​រុស្ស៊ី​ត្រូវ​ប្រារព្ធ​ខួប ៧០​ ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។ អ៊ីចឹង​ទេ ខ្ញុំ​គិតថា វា​អត់​បញ្ហា​ទេ​»​។​

​លោក ភា ថ្លែងថា ជា​ក្រប​ខ័​ណ្ឌ​គោលនយោបាយ​ការ​បរ​​ទេស​កម្ពុជា ជាពិសេស​រដ្ឋា​ភិ​បាល​អាណត្តិ​ទី​៧​ នេះ បាននិងកំពុង​ព្យាយាម​ធ្វើ​ពិពិធ​កម្ម​ការ​ទូត​យ៉ាងសកម្ម​ហើយ​ការទូត​របស់​កម្ពុជា​គឺ​ផ្តោតលើ​ការទូត​សេដ្ឋកិច្ច​ដែល​ពាក់ព័ន្ធ​នឹង​ការ​​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​វិនិយោគ​ជំនួយ​អភិវឌ្ឍន៍​ផ្សេងៗ​ជាដើម ហើយ​ពង្រីក​ទីផ្សារ និង​ពង្រីក​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ជាច្រើន​។​

​កាលពី​ខែមីនា ឆ្នាំ ​២០២២ កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​មហា​ស​ន្និ​បាត ​UN នេះ​។ ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​ចំនួន ​១៩៣​ ប្រទេស​មាន​ ១៨១ ​ប្រទេស​បាន​ចូលរួម​បោះឆ្នោត​។ ប្រទេស​ចំនួន ១៤១ បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​នេះ ដែល​ក្នុងនោះ ក៏មាន​កម្ពុជា​ផងដែរ​។​

​ប្រមាណ​ ១​ សប្តាហ៍​ក្រោយមក លោក ហ៊ុន សែន បានបញ្ជាក់​បន្ថែម​ក្នុង​ពិធី​មួយ​ថា  ដោយសារ​កម្ពុជា​មិន​ព្រងើយ​​កន្តើយ​នឹង​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​ពី​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ទើប​កម្ពុជា​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​ UN ដែល​ថ្កោលទោស​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​លោក​នៅតែ​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់ ហើយ​នាំគ្នា​ចូល​តុ​ចរចា ដើម្បី​បញ្ចប់សង្គ្រាម​។​

​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា លោក Anatoly Borovik បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ​ ២០២៣ នៅ​រាជធានី​ភ្នំពេញ​ថា ប្រទេស​​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ និង​ប្រជាធិបតេយ្យ ដែល​អាច​នឹង​អនុវត្ត​គោលនយោបាយ​ក្រៅ​ប្រទេស​របស់ខ្លួន ហើយ​រុស្ស៊ី​មិនដែល​ជ្រៀត​ជ្រែកចូល​កិច្ច​ការ​ផ្ទៃក្នុង​ក្នុងប្រទេស​ឯករាជ្យ និង​ប្រជាធិបតេយ្យ​ណាមួយ​ឡើយ​។

ប៉ុន្តែ លោក​ថា ភាគី​រុស្ស៊ី​ខិតខំ​ព្យាយាម​បំភ្លឺ​ដល់​ភាគី​កម្ពុជា​អំពី «​ការប៉ុនប៉ង​នៃ​បណ្តា​ប្រទេស​ខាងលិច​ដែលជា​អ្នក​នៅ​ពីក្រោយ​រដ្ឋប្រហារ​ដែល​បានកើត​ឡើង​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ​ ២០១៤»​។​

​លោក​ថ្លែងថា រុស្ស៊ី និង​កម្ពុជា​បាន​ភ្ជាប់​ទំនាក់ទំនង និង​មិត្តភាព​ជាមួយគ្នា​ជា​យូរ​អង្វែង​មកហើយ​ហើយ​ប្រទេស​ទាំង ​២ ​មិនដែល​មានការ​មិន​យោគយល់​គ្នា និង​ជម្លោះ​រវាង​គ្នា​នោះទេ​។ វា​មិនមាន​បញ្ហា​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២ ​ទេ ហើយ​រុស្ស៊ី​បាន​ជួយ​កម្ពុជា​ងើប​ឡើងវិញ​ក្រោយពី​សម័យ​ខ្មែរក្រហម​។​

​លោក Anatoly Borovik​ ថ្លែងថា​៖ «​ដូច្នេះ នៅពេលនោះ​មានតែ​រុស្ស៊ី និង​ប្រទេស​សង្គម​​និយម​នៅ​អឺរ៉ុប​មួយចំនួន​ដែល​បាន​ប្រញាប់​ជួយ​ដល់​ប្រទេស​កម្ពុជា ដែល​ពេលនោះ​នៅឯ​កោ ពីព្រោះ​ខាងលិច​គេ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​កម្ពុជា ក្រោយ​ការផ្តួលរំលំ​សម័យ​ពួក​​ប៉ុល ពត ដែល​នៅតែ​ជា​តំណាង​កម្ពុជា​នៅក្នុង​អង្គការ​សហ​​ប្រជាជាតិ​។ តាមពិត​នៅពេល​នោះ របប ប៉ុល ពត មិនមែនជា​តំណាង​ប្រជាជន​កម្ពុជា ពី​ព្រោះ​ភេរវកម្ម​ប្រឆាំងនឹង​ប្រជាជន​របស់ខ្លួន​»​។​

​ក្នុង​ពិធី​មួយ​ក្នុង​ខេត្តសៀមរាប កាលពី​ខែតុលា ឆ្នាំ​ ២០២២ លោក​ហ៊ុន សែន បានប្រកាស​ជំហរ​មិន​គាំទ្រ​ការធ្វើប្រជាមតិ​របស់​រុស្ស៊ី ដើម្បី​កាត់​យក​ទឹកដី​អ៊ុយ​ក្រែ​ន​បញ្ចូល​ទៅ​ប្រទេស​រុស្ស៊ី ដោយ​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ធ្លាប់​បានប្រកាស​ហើយ ថា​យើង​អត់​គាំទ្រ​ទេ ហើយ​យើង​ប្រឆាំង​ជាមួយនឹង​ការបង្កើត​រដ្ឋ ផ្តាច់​រដ្ឋ ផ្តាច់​ទឹកដី ហើយនឹង​ការប្រើប្រាស់​កម្លាំង ឬ​គំរាម​ប្រើប្រាស់​កម្លាំង​»​។​

​លោក ថុង ម៉េង​ដា​វិត ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ចក្ខុ​​វិស័យ​អាស៊ី (AVI) បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍​ថា ការដែល​កម្ពុជា​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច ​UN​ នេះ​គឺ​ពុំមាន​ប៉ះពាល់​ទំនាក់​​ទំនង​កម្ពុជា និង​រុស្ស៊ី​ខ្លាំង​ឡើយ​ដោយសារតែ​រុស្ស៊ី និង​កម្ពុ​ជាមាន​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​និង​ល្អ​ជាមួយគ្នា​។

លោក​ថា បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​គឺជា​បញ្ហា​របស់​រុស្ស៊ី ដែល​កម្ពុជា​ពុំមាន​សិទ្ធិ​បង្ខំ​ឬ​លូកដៃ​ចូល​បញ្ហា​ផ្ទៃក្នុង​រុស្ស៊ី​ឡើយ​។ កន្លងមក​ស្ថានទូត​រុស្ស៊ី​ក៏បាន​ធ្វើ​សន្និសីទកាសែត​អំពី​គោល​​បំណង និង​ស្ថានការណ៍​អំពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ផងដែរ ហើយ​រុស្ស៊ី​ក៏បាន​អរគុណ​ដល់​កម្ពុជា​ដែល​បាន​ខ្វាយខ្វល់​អំពី​បញ្ហា​នេះ​។​

​លោក​បន្ថែមថា ចំពោះ​ការ​​សម្រេចចិត្ត​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​នេះ ​គឺ​កម្ពុជា​ធ្វើឡើង​ផ្អែកលើ​ស្មារតី​សន្តិភាព និង​ការគោរព​ច្បាប់​អន្តរជាតិ​។ ការបោះឆ្នោត​គាំទ្រ​នេះ ​គឺធ្វើឡើង​មិនមែន​សំដៅ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ទេ ក៏ប៉ុន្តែ​ជាការ​ទូត និង​រំឭក​ដល់​រុស្ស៊ី​ឱ្យ​គោរព​លើ​គោលការណ៍​សន្តិ​ភាព​របស់​ UN ស្មារតី​ពហុភាគី​និយម និង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី​។ ការ​អូស​បន្លាយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​បង្ក​ឱ្យ​វិនាសកម្ម​មនុស្ស​ជាតិ វិបត្តិ​សេដ្ឋកិច្ច ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង និង​ថា​ម​​ពល​ជាដើម​។​

​លោក ថុង ម៉េង​ដា​វិត ថ្លែងថា​៖ «​ដូចនេះហើយ​ការបញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​គឺជា​អាទិ​ភាព​សំខាន់​របស់​អង្គការ​សហ​ប្រជាជាតិ ក៏ប៉ុន្តែ​ការ​លូកដៃ​ចូល​របស់​មហាអំណាច និង​ការ​បន្ត​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន នឹងមិន​ធ្វើឱ្យ​រុស្ស៊ី​បន្ទន់​ឬ​បន្ថយ​ការវាយប្រហារ​ឡើយ​។ នៅ​ឆ្នាំ​ ២០២៤ ​នេះ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​អាច​រីក​រាលដាល​ធំ​និង​ខ្លាំងក្លា​ជាង​មុន ដោយ​សារ​តែ​រុស្ស៊ី​បាន​ត្រៀមលក្ខណៈ​បច្ចេកទេស កងទ័ព និង​សព្វាវុធ និង​យុទ្ធសាស្ត្រ​ជាស្រេច ខណៈ ពេលដែល​ការ​ផ្តល់ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​ពី​សំណាក់​បស្ចិម​​លោក និង​សហរដ្ឋអាមេរិក​ស្ថិតនៅក្នុង​ភាពស្រពេចស្រពិល និង​មិន​ច្បាស់លាស់​នៅឡើយ​»​។​

​លោក រ៉ូ វណ្ណៈ សហ​ស្ថាប​និក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បាន​ថ្លែង​ដោយ​សង្កេតឃើញថា ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ ២ មិនមាន​បញ្ហា​អរិភាព ឬក៏​លើកកម្ពស់​ទំនាក់ទំនង​ការ​ទូត​ឱ្យ​ល្អ​ដូច​ទំនាក់ទំនង​កម្ពុជា​និង​ចិន​នោះទេ បើទោះបី​រុស្ស៊ី​ជា​មហាអំណាច​មួយ​ក្ដី​។ រុស្ស៊ី អាច​មើលឃើញថា កម្ពុជា​ជា​ប្រទេស​តូច គ្មាន​ទម្ងន់​ការទូត សេដ្ឋកិច្ច និង​នយោបាយ ដែល​គំរាមកំហែង​ដល់​ផលប្រយោជន៍​រុស្ស៊ី​ជា​ដុំកំភួន​ឡើយ​។​

​លោក​ថ្លែងថា​៖ «​ហើយ​ម្យ៉ាងទៀត កម្ពុជា​ជ្រើស​យក​ការទូត​ឱកាស​ជាក់ស្តែង​និយម​ឬ​សាច់​ការនិយម ​(pragmatic  diplomacy) ក្នុងការ​ប្រកាស​គាំទ្រ​សេចក្តីសម្រេច​របស់​មហា​សន្និបាត​របស់​អង្គការសហប្រជាជាតិ​បែបនេះ នាំ​ផលប្រយោជន៍​ដល់​កម្ពុជា​និង​រដ្ឋាភិបាល​របស់​គណ​បក្ស​កាន់អំណាច​ដែល​ធ្លាប់​រង​ការរិះគន់​លើ​បញ្ហា​ធ្លាក់ចុះ​នៃ​ប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​កន្លងមក​»​។​

​ទោះយ៉ាងណា មន្ត្រី​សិទ្ធិមនុស្ស​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បានលើកឡើង​កាលពី​ឆ្នាំ​ ២០២២ ថា លម្ហ​ប្រជាធិបតេយ្យ និង​សេរីភាព​នៅ​កម្ពុជា​គឺ​បើកចំហ​ជានិច្ច ខណៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ក៏​ធ្លាប់បាន​បញ្ជាក់​នៅ​ឆ្នាំ​ ២០២២​ នេះដែរ​ថា​កម្ពុជា​នៅតែ​តាំងចិត្ត​មុតមាំ​ក្នុងការ​បន្តការងារ​ជាមួយ​ដៃគូ​ទាំងអស់​ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​សម្រាប់​គ្រប់ៗ​គ្នា​ក្រោម​ក្របខ័ណ្ឌ​នីតិរដ្ឋ និង​បន្តដំណើរ​លទ្ធិប្រជាធិបតេយ្យ ដែល​កម្ពុជា​មិន​ត្រឡប់ក្រោយ​។​

​ក្នុង​រយៈពេល​ប្រមាណ​ ៣៣ ​ឆ្នាំ ដោយ​គិត​ចាប់តាំងពី​ឆ្នាំ ​១៩៩០ រហូតដល់​ខែឧសភា ឆ្នាំ​ ២០២៣ រុស្ស៊ី​និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាង ​៤០ ​ច្បាប់ ដែល​ពាក់ព័ន្ធ​នឹង​វិស័យសេដ្ឋកិច្ច​នយោបាយ និង​សន្តិសុខ រួមទាំង​ការអនុវត្ត​ច្បាប់ ការអប់រំ និង​វប្បធម៌ ទំនាក់ទំនង​រវាងរ​ច​នា​សម្ព័ន្ធ​អាជីវកម្ម អង្គការ​វិទ្យាសាស្ត្រ និង​សាធារណៈ​។​

​លោក Anatoly Borovik បានលើកឡើង​ក្នុង​សន្និសីទកាសែត​កាលពី​ខែឧសភា ឆ្នាំ​ ២០២៣ ថា​៖ «​ជាទូទៅ យើង​យកចិត្តទុកដាក់​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​ដែល​បានសម្រេច​ហើយ​។ ជាការ​ពិតណាស់ មាន​ទិសដៅ​មួយចំនួន ដែល​ត្រូវការ​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​។ ទន្ទឹមនឹងនេះ ប្រទេស​របស់​យើង​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការធានា​ការអនុវត្ត ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ឯកសារ​ដែល​ត្រូវបាន​ចុះហត្ថលេខា​»​។​

​លោក Anatoly Borovik បន្ថែមថា​៖ «​ក្នុង​បរិបទ​នេះ ជំងឺ​រាតត្បាត​កូ​វីដ​ ១៩ បាន​បង្ក​ការលំបាក​មួយចំនួន ដែល​ធ្វើឱ្យ​ទំនាក់ទំនង​ប្រពៃណី​របស់​យើង​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​។ ទោះជា​យ៉ាងណាក៏ដោយ​យើង​នៅតែ​បន្ត​បង្កើត​កិច្ចព្រមព្រៀង​ថ្មី ដែល​នឹង​ជួយ​បង្កើន​សក្តានុពល​នៃ​ទំនាក់ទំនង​រុស្ស៊ី​-​កម្ពុជា​»៕