ភ្នំពេញៈ លោក ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុងធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន ដើម្បីឱ្យ​ភាគី​ជប៉ុន​ផលិត​កែវភ្នែក​សិប្បនិម្មិត​ថ្មី បន្ទាប់ពី​លោក​បាន​ប្រើប្រាស់​កែវភ្នែក​ចាស់​អស់​រយៈពេល​ ៣៤ ​ឆ្នាំ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​កលោក ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី ​៩ ខែមករា​នេះ​។ 


​ប្រភព​ដដែល​បានឱ្យដឹងថា កែវភ្នែក​សិប្បនិម្មិត​ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន ដែល​លោក​បាន​ប្រើប្រាស់​អស់​រយៈពេល​ ៣៤ ​ឆ្នាំ គឺ​ចាប់តាំងពី​ឆ្នាំ ១៩៩០ ដល់​ឆ្នាំ​ ២០២៤​ នេះ​។ រយៈពេល​ដែល​លោក​បាន​ប្រើ​កែវភ្នែក​នោះ មិនដែល​ជួប​បញ្ហា​រំខាន ដោយ​ឈឺក្បាល ឬ​ឈឺភ្នែក​នោះទេ ខុសពី​កែវភ្នែក ដែល​លោក​បាន​ប្រើប្រាស់ ពី​ឆ្នាំ​ ១៩៧៥ ដល់​ឆ្នាំ​ ១៩៩០ ដែល​តែង​ធ្វើឱ្យ​លោក​មានការ​ឈឺក្បាល និង​ឈឺភ្នែក​។ 

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក លោក ហ៊ុន សែន បាន​សម្តែង​ការ​អរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន និង​គ្រូ ពេទ្យ​ជប៉ុន​ដែល​ជួយ​មើលថែទាំ​ភ្នែក​លោក​អស់​រយៈពេល​៣៤​ឆ្នាំ​កន្លងមកនេះ ហើយ​ដែល​ពេលនេះ ក៏​នឹង​ផលិត​កែវភ្នែក​សិប្បនិម្មិត​សម្រាប់​លោក​បាន​ប្រើប្រាស់​រយៈពេល ១០ ​ឆ្នាំ​ទៀត​។ 


​លោក​បាន​លើកឡើងថា​៖ «​កាលពី​ឆ្នាំ​ ២០១៧ ​រដ្ឋាភិបាល​ជប៉ុន​ជួយ​ផលិត​ជា​ជំនួយ​ចំនួន​ ៥​ គ្រាប់ លើក​នេះ​ភាគី​ជប៉ុន​នឹង​ជួយ​ផលិត​ចំនួន​៥​គ្រាប់ ទៀត​ដែល​អាច​ប្រើ​បាន​រយៈពេល​​ ១០ ​ឆ្នាំ​ទៀត​គឺ ​១ ​ឆ្នាំ​ប្រើ​ ១ ​គ្រាប់​»​។​

​លោក​ ហ៊ុន សែន បញ្ជាក់ថា បញ្ហា​ភ្នែក​របស់លោក​ គឺជា​លទ្ធផលនៃ​ប្រទេស​ដែលមាន​សង្គ្រាម ហេតុនេះ​ទើប​លោក​ដឹកនាំ​ស្វែងរក​សន្តិភាព និង​រក្សា​សន្តិភាព ឱ្យនៅ​គង់វង្ស​៕​