ភ្នំពេញៈ កងកម្លាំង​មួក​ខៀវ​កម្ពុជា​ប្រមាណ ១៧៣​នាក់ បាន​ចូលរួម​សិក្ខាសាលា​ស្ដីពី​ការផ្សព្វផ្សាយ​ច្បាប់ អនុក្រឹត្យ និង​នីតិវិធី​នៃ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ នៅ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​


​សិក្ខាសាលា​នេះ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព សហការ​ជាមួយ​អគ្គនាយកដ្ឋាន​សម្ភារ​ប​ច្ចេកទេស នៃ​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​លោក ហេង ធូ អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​លោក សុន គឹម​ស៊ន អគ្គនាយករង​អគ្គនាយកដ្ឋាន​សម្ភារ​ប​ច្ចេកទេស និង​ជានា​យក​នៃ​នាយកដ្ឋាន​បំពាក់​សម្ភារ​សឹក​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​

លោក ​សុន គឹម​ស៊ន បាន​ថ្លែងថា​៖ «​សិក្ខាសាលា​នេះ​នឹង​បញ្ជ្រាប​នូវ​ចំណេះដឹង​ដល់​សិក្ខាកាម​ឱ្យ​យល់ដឹង​ពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​ក្នុង​កងយោធពល​ខេមរភូមិន្ទ និង​ទប់ស្កាត់​រាល់​បទល្មើស នៃ​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​ក្នុង​កងយោធពល​ខេមរភូមិន្ទ​»​។​


លោក ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ជា​អ្នកវិភាគ​នយោបាយ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការបណ្តុះបណ្តាល​គ្រប់គ្រង​អាវុធ និង​គ្រាប់រំសេវ​ដល់​កងទ័ព​មួក​ខៀវ​នេះ​ជា​រឿង​សំខាន់​សម្រាប់​ពង្រឹងសមត្ថភាព​យោធា​នៅ​កម្ពុជា​។​

លោក​បាន​ថ្លែងថា​៖ «​ចំណេះដឹង​ផ្នែក​គ្រប់គ្រង​អាវុធ គ្រាប់រំសេវ ទប់ស្កាត់​បទល្មើស​អាវុធ​នេះ មាន​សារៈសំខាន់ ដោយ សារ​សម័យនេះ ជា​សម័យ​បច្ចេកវិទ្យា មនុស្ស​ងាយស្រួល​ទទួលបាន​ព័ត៌មាន រឿង​ល្អ រឿង​អាក្រក់ ផ្សព្វ​ផ្សាយបាន​លឿន​ណាស់​។ ដូច្នេះ​ទាមទារ​ឱ្យ​កងកម្លាំង​យើង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ឱ្យបាន​ទាន់ពេលវេលា បើ​យើង​បណ្តោយឱ្យ​មានរឿង​អវិជ្ជមាន​កើតឡើង វា​នឹង​ប៉ះពាល់​ដល់​ស្ថិរភាព​សង្គម ជាពិសេស​មុខមាត់​រដ្ឋា​ភិ​បាល​ផង​»​។​


លោក ស៊ឺន សម បាន​បន្តថា ចំណេះដឹង​ផ្នែក​គ្រប់គ្រង​អាវុធ និង​ទប់ស្កាត់​បទល្មើស​អាវុធ​នេះ មាន​សារៈសំខាន់​ដើម្បី​ចៀសវាង​ការកើតមាន​បាតុភាព​អា​រិ​ភាព​ចេញពី​ការមិនអាច​គ្រប់គ្រង​បាន​នូវ​ចរាចរណ៍​អាវុធ និង​ការផ្ទុះអាវុធ ជាពិសេស​កងកម្លាំង​មួក​ខៀវ​ដើម្បី​ថែរក្សា​សន្តិសុខ​ពិភពលោក​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​។​

​យោងតាម​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ក្នុង​រយៈពេល ១៧​ ឆ្នាំ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ​របស់ខ្លួន​ ក្នុង​ក្របខ័ណ្ឌ​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​សរុប​ចំនួន ​៩ ២៨១​នាក់ ក្នុងនោះ​មាន​នារី​ចំនួន ៧៦៣ ​នាក់ ទៅកាន់​ ១២​ បេសកកម្ម ក្នុងប្រទេស​ចំនួន​ ១០ ដូចជា សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ អាហ្វ្រិក​កណ្តាល លី​បង់ ម៉ាលី ស៊ី​ប ស៊ី​រី យេ​ម៉ែន និង​សាធារណរដ្ឋ​កុង​ហ្គោ​៕