ពោធិ៍សាត់ៈ​អភិ​បាល​ខេត្ត​ពោធិ៍​សាត់ ​លោក ខូ​យ រី​ដា នឹង​លែង​សត្វ​អណ្តើក​ក្បាល​ធំ​​ជាច្រើន​រយ​ក្បាល​ទៅ​ក្នុង​តំបន់​អភិរក្ស​សហ​គមន៍​ព្រែក​តា​ចាន់ ​បន្ទាប់​ពី​លោក​ទទួល​បាន​សត្វ​អណ្តើក​ទាំង​នេះ​ពី​មន្ត្រី​ជល​ផលនិង​ប្រជា​នេសាទ​ស្រុក​បា​កាន​។​


​លោក ​ខូ​យ រី​ដា បាន​សរសេរ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​កថា ៖«​អរគុណ​មន្ត្រី​ជល​ផល​ និង​ប្រជា​នេសាទ​ស្រុក​បា​កាន ដែល​បាន​ប្រគល់​សត្វ​អណ្តើក​ក្បាល​ធំ​ចំនួន​៥០​ក្បាល ​បន្ថែម​ទៀត​តាម​ការ​អំពា​វនាវ​រប​ស់​ខ្ញុំ​ដើម្បី​យក​មក​លែង​ក្នុង​តំបន់​អភិ​រក្ស​សហ​គមន៍​ព្រែក​តា​ចាន់ ​មក​ដល់​ពេល​នេះ​បាន​ចំនួន​២៨៩​ក្បាល​ហើយ​»​។​

​ជុំវិញ​ការ​លែង​សត្វ​អណ្តើក​ក្បាល​ធំ​នេះ ​លោក​ ហៃ ធូ​រ៉ា ប្រធា​ន​មន្ទីរ​កសិ​កម្ម​ រុក្ខា​ប្រមាញ់ និង​នេ​សាទ​ខេត្ត​ពោធិ៍​សាត់បាន​ឱ្យ​ដឹង​បន្ថែម​នៅ​ថ្ងៃទី​៩ ​ខែមករា​ ថា ការ​លែង​សត្វ​អណ្តើក​ក្បាល​ធំ​នេះ​មិន​មែន​ជា​លើក​ទី​១​​ទេ​ ដែល​អភិ​បាល​ខេត្ត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិ​រក្ស​សត្វ​អណ្តើក​ប្រភេទ​នេះ​។ 


​លោក​ហៃ ធូ​រ៉ា បាន​បន្ត​ថា នាពេល​កន្លង​មក ​អភិបាល​ខេត្ត​ពោធិ៍​សាត់​បាន​លែង​នៅ​តាម​តំបន់​អភិរក្ស​ផ្សេងៗ ដូច​ជា​នៅ​ក្នុង​បឹង​ធម្ម​ជាតិ​និង​តំបន់​អភិ​រក្សនៅ​ក្នុង​ខេត្ត​ពោធិ៍​សាត់​ ដើម្បី​លើក​ស្ទួយ ​និង​ការពារ​ធន​ធាន​ធម្មជាតិ​ដែល​ងាយ​រង​គ្រោះ​របស់​កម្ពុជា​។​

​លោក​ហៃ ធូ​រ៉ា បាន​ថ្លែង​ថា ៖«​សត្វ​អណ្តើក​ក្បាល​ធំ​នេះ ជា​សត្វ​ដែល​ងាយ​រងគ្រោះ​។ អ៊ីចឹង​ហើយ​បាន​យើង​នាំគ្នា​ខិត​ខំ​ការ​ពារនិង​អភិរក្ស​កុំឱ្យ​បាត់​បង់​ដោយ​បាន​យក​ទៅ​លែង​នៅក្នុង​បឹង​ធម្ម​ជាតិ​និងតំបន់​អភិ​រក្ស​។ទោះ​ជា​ប្រភេទ​សត្វ​នេះមាន​អាយុ​វែង តែ​យើង​ការពារ​វា​កុំឱ្យ​មាន​ការ​ចាប់​យក​ទៅ​បរិ​ភោគ​ដោយ​ខុស​ច្បាប់​»​។​


​លោក​ថា ការ​លែង​សត្វ​អណ្តើក​ក្បាល​ធំ​នៅក្នុង​តំបន់​អភិ​រក្ស​សហ​គមន៍​ព្រែក​តា​ចាន់​នេះ មិ​ន​មាន​ការរៀបចំ​ក​ម្ម​វិធី​ធំដុំ​នោះទេ​ ដោយ​អនុញ្ញាត​ឱ្យ​ប្រជា​សហ​គមន៍​នេសាទ ​និង​មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំនួន​ចូល​រួម​ប៉ុណ្ណោះ​។ 

​ជា​មួយ​គ្នានេះ​ដែរ​ លោក​ ជុំ ហួត ប្រធាន​សមា​គម​អ្នក​ស្រឡាញ់​បរិ​ស្ថាន ​និង​សង្គម​បាន​ឱ្យដឹង​ដែរ​ថា ការ​​លែង​សត្វ​អណ្តើក​ក្បាល​ធំ​​នៅ​ក្នុង​តំបន់​អភិរក្ស​នេះគឺជា​ឆន្ទៈ​និង​គំរូ​ដ៏​ល្អ​មួយ​របស់​អភិបា​លខេ​ត្ត​ពោធិ៍សា​ត់​ដើម្បី​ចូល​រួម​ចំណែ​ក ក្នុង​ការ​ការពា​រ​ធន​ធាន​ធម្ម​ជា​តិនិង​ជីវចម្រុះ​ដែលស្ថិត​នៅក្នុង​​តំបន់​អភិរ​ក្ស ។ 

​លោក ជុំ ​ហួត ​បាន​ថ្លែង​ថា ស​កម្មភា​ព​នេះក៏​ជាការ​បង្ហាញ​ពី​ការរួ​មចំណែក​ដ៏​ធំក្នុងការ​ការ​ពារ​សត្វ​ព្រៃ​ដែល​ជិត​ផុត​ពូជ​របស់​កម្ពុជា ក្នុង​នោះ​ក៏មាន​អណ្តើក​នេះ​ផង​ដែរ​។​

​សូម​រំឭក​ដែរ​ថា ​កាល​ពី​ខែធ្នូ​ ឆ្នាំ​២០២៣​ កន្លង​ទៅ​ ​លោក ខូ​​យ រី​ដា​ បា​នផ្ដល់​អណ្ដើក​ចំនួន​១០៧​ក្បាល ដល់​សហគ​មន៍​នេសា​ទ​ស្រី​ចឹក​ដើម្បី​យកទៅ​លែង​នៅក្នុង​តំបន់​អភិរក្ស​សហ​គមន៍​ព្រែក​តា​ចាន់​ក្នុង​ឃុំ​ក​ញ្ជរ​ ស្រុក​កណ្ដៀង​៕