ភ្នំពេញៈ​អនុ​ប្រធាន​ទី​១ អាជ្ញា​ធរ​មីន​ លោក​ទេស​រដ្ឋ​មន្ត្រី លី ធុជ បាន​លើក​ឡើង​ថា ការ​ចូលរួម​របស់​អង្គការ​សកម្ម​ភាព​កំចាត់​មីន​ជប៉ុន (JMAS) ​ប្រចាំ​កម្ពុជា​ពិតជា​បាន​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ ផ្តល់​ដី​សម្រាប់​បង្ក​បង្កើន​ផលនិង​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជ​ន​កម្ពុជា​នៅ​តាម​មូល​ដ្ឋាន​។​


​លោក​ លី ធុជ បាន​លើក​ឡើង​ដូច​នេះ ​ក្នុង​ពេល​លោក​ជំនួប​ពិភាក្សា​ការ​ងារ​ស្តីពី​ភាព​ជា​ដៃគូនិង​កិច្ច​សហ​ប្រតិ​បត្តិការ​ស​កម្ម​ភាព​មីន​នៅ​កម្ពុជា ​ជាមួ​យនឹង​លោក KARUBE Masakazu ប្រធាន​អង្គ​ការ​JMAS ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​៩ ​ខែមករា ឆ្នាំ​២០២៤ នៅ​ទីស្នាក់​ការ​អាជ្ញាធ​រ​មីន​។​

​នៅក្នុង​ជំនួប​នោះ​ក្នុង​នាម​រាជ​រដ្ឋាភិ​បាល និង​ប្រជា​ជន​កម្ពុជា​ លោក ​លី ធុជ បាន​សម្តែង​ការ​សោកស្តា​យ និង​ចូល​រួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ចំពោះ​រដ្ឋាភិ​បាល​ និង​ប្រជាជន​ជប៉ុន ​ដែល​បាន​បាត់ប​ង់​អាយុ​ជីវិតនិង​ទទួល​រង​គ្រោះ​ថ្នាក់​ក្នុង​គ្រោះ​រញ្ជួយ​ដី​កាល​ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៤ ​កន្លង​ទៅ​។ 


​លោក​បាន​ថ្លែង​ថា៖ «​រដ្ឋា​ភិបាល ​និង​ប្រជាជន​ជប៉ុន បា​ន​ចូលរួម​យ៉ាង​សកម្ម​ដល់​សកម្ម​ភាព​មីន​មនុស្ស​ធម៌​នៅ​កម្ពុជា រយៈពេ​ល​ជាង ៣០ ឆ្នាំ​មក​ហើយ​ ក្នុង​នោះ​អង្គការ JMAS បាន​ចូលរួ​ម​ចាប់តាំ​ងពី​ឆ្នាំ​២០០២​ និង​បោស​សម្អាត​ផ្ទៃដី​មាន​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ប្រមាណ​ជាង១៧គីឡូ​ម៉ែត្រ​ការ៉េ»​។​

​លោក ​លី ធុជ ​បាន​បន្ថែម​ថា អង្គការ​JMAS ​ក៏បាន​ចូលរួម​ដល់​កិច្ច​ការ​អភិវ​ឌ្ឍនៅ​មូល​ដ្ឋាន​ផង​ដែរ​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ​ខេត្ត​បាត់​ដំបង និង​ខេត្ត​ស្ទឹង​ត្រែង​។ 


​លោក​បាន​បញ្ជាក់​ថា៖ «​កា​រចូល​រួម​របស់ JMAS ពិតជា​បាន​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់ ជួយ​សង្គ្រោះ​អា​យុជី​វិត ផ្តល់​ដី​សម្រាប់​បង្ក​បង្កើន​ផល ​និង​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​កម្ពុជា​នៅ​តាម​មូល​ដ្ឋាន​»​។ 

​សកម្ម​ភាព​មីន​ គឺជា​កិច្ចការ​ចាំ​បាច់​ក្នុងការ​រួម​ចំណែក​កាត់​បន្ថយ​គ្រោះ​ថ្នាក់ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។ មុន​នឹង​ចាប់​ផ្តើម​ការងារ​បោស​សម្អាត​មីន​ ប្រជា​ពលរដ្ឋ​តាម​មូល​ដ្ឋាន​មួយ​ចំនួន​មិន​មាន​ដី​សុវត្ថិ​ភាព​ប្រើ​ប្រាស់​គ្រប់​គ្រាន់​សម្រាប់​បង្ក​បង្កើន​ផល ​ប៉ុន្តែ​បច្ចុប្បន្ន​ ​តំបន់​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា បាន​ទទួល​ដី​សុវត្ថិ​ភាព​គ្រប់​គ្រាន់​ ហើយ​ជីវ​ភាព​រស់​នៅ​របស់​ពួក​គាត់​កាន់​តែ​ប្រសើរ​ឡើង​។ 

លោក​លី ធុជ បាន​បន្តថា លទ្ធ​ផល​ទាំង​នេះបា​នមកពី​ការរួម​ចំណែក​ពី​ប្រទេស​ជា​មិត្ត​ ដៃគូ​អភិ​វឌ្ឍន៍ ​និង​ភាគី​ពាក់ព័​ន្ធក្នុង​នោះ​ប្រទេស​ជប៉ុន​គឺជា​ដៃគូ​មួយ​យ៉ាង​សំខាន់​ក្នុង​វិស័យ​សកម្ម​ភាព​មីន​។​

​លោក​បាន​​បញ្ជាក់​ថា៖ «​ក្នុងនាម​ជប៉ុន​ជា​មិត្ត​វិស័យ​មីន​ដ៏​លេចធ្លោ​​មួយ​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ តាង​នាម​សម្តេច​ធិបតី​ ហ៊ុន ម៉ា​ណែ​ត ខ្ញុំ​បាន​បញ្ជាក់​ពី​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​សៀម​រាប​-​អង្គរ​ នៃ​អនុ​សញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤​ កម្ពុជា​ នៅតែ​ត្រូវ​ការ​ការ​គាំទ្រ​ពី​ប្រទេស​ជប៉ុន​ ក៏ដូច​ជា​ប្រទេស​ជា​មិត្ត ​ដៃគូ​អភិ​វឌ្ឍន៍ ​និង​គ្រប់​ភាគី​ពាក់​ព័ន្ធ ​ដើម្បី​ឱ្យ​ដំណើរ​ការ​នៃ​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​កិច្ច​ប្រជុំ​កំពូល​នេះ​ទទួល​បាន​ជោគ​ជ័យ​»​។​

​ជា​មួយគ្នានោះ​ លោក ​KARUBE Masakazu ក៏បាន​ថ្លែងអំ​ណរ​គុណ​ដល់​រាជ​រដ្ឋាភិ​បាល​កម្ពុជា តាម​រយៈ​អាជ្ញា​ធរ​មីន​ចំពោះ​ការ​ផ្តល់​កិច្ចស​ហការ​យ៉ាង​ជិត​ស្និទ្ធ ​និង​កា​រគាំទ្រ​ដល់​កិច្ច​ប្រតិ​បត្តិការ​សកម្ម​ភាព​មីន​មនុស្ស​ធម៌​របស់​អង្គការ JMAS នៅ​កម្ពុជា​ ក្រោម​ភាព​ជា​ដៃគូ​ជា​មួយ​មជ្ឈ​មណ្ឌល​សកម្ម​ភាព​មីន​កម្ពុជា​។ 

​លោក​បាន​បន្ត​ថា ៖ «​អង្គការ​ JMAS នឹង​បន្ត​ចូលរួម​ជួយ​គាំទ្រ​ដល់​ការងារ​បោស​សម្អាត​មីន​នៅ​កម្ពុជារ​ហូត​ដល់​កម្ពុជា​បាន​សម្រេច​នូវ​គោល​ដៅ​របស់​ខ្លួន​»​។​

​សូម​រំឭក​ដែរ​ថា កាល​ពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៣ ​កន្ល​ងទៅ ​អង្គកា​រ ​JMAS​ ប្រចាំ​កម្ពុជា ​និង​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រ​មព្រៀ​ង​កិច្ចស​ហប្រ​តិបត្តិកា​រ និង​ភាព​ជា​ដៃគូ​រវាង​អង្គ​ការ​លើ​គម្រោង​គាំទ្រ​ការ​បោស​សម្អាត​មីននិង​អភិវឌ្ឍ​តំបន់​បោ​សម្អាត​មីន​រួច​ស្ថិត ​ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ និង​គម្រោង​គាំទ្រ​ការ​បោស​សម្អាត​តំបន់​គ្រាប់​បែក​ចង្កោម ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។​

​គម្រោង​ទាំង​២ ​នេះជាការ​ផ្តល់​ជំនួយឥ​តសំណ​ងដែ​លមាន​ថវិកា​សរុប​ចំនួន ​៤៩៩ ​១៣៥,​១០ ដុល្លារ​អាមេរិក សម្រាប់​រយៈ​ពេល ​១២ ​ខែ ចា​ប់ពី​ថ្ងៃទី​១៩ ​ខែធ្នូ ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤​៕