ព្រះវិហារៈ ស្ថាប័ន​ស្រាវ​ជ្រាវ​បុរាណ​វិទ្យា​នៃ​ប្រទេស​ឥណ្ឌា និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​អញ្ជើញ​អ្នក​ជំនាញ​ធារាសាស្ត្រ និង​ភូគព្ភ​សាស្ត្រ​ជាតិ ឱ្យ​មក​សិក្សា​ស្រាវ​ជ្រាវ​ពី​ប្រព័ន្ធ​ធារាសាស្ត្រ និង​ភូគព្ភ​សាស្ត្រ​នៅ​ប្រាសាទ​ព្រះវិហារ ដើម្បី​ដឹង​ពី​ទំហំ​ភ្លៀង​ដែល​ធ្លាក់​មក​លើ​ប្រាសាទ និង​ដឹង​ពី​ការ​ប្រែ​ប្រួល​នៃ​សណ្ឋាន​ដី ដើម្បី​បញ្ចៀស​ផល​ប៉ះ​ពាល់​លើប្រា​សាទ​។ 


លោក គង់ ពុទ្ធិការ អគ្គនាយក​​អាជ្ញាធរ​​ជាតិ​​ព្រះវិហារ បានប្រាប់​​​ឱ្យ​​ដឹ​ង​​នៅ​​ថ្ងៃ​ទី​៩ ខែ​​មករា​​ថា អ្នក​ជំនាញ​ធា​រា​សាស្ត្រ និង​ភូគព្ភសាស្ត្រ​ជាតិ ដែល​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​អញ្ជើញ​មក​នេះ គឺ​ពួកគាត់​បាន​ចុះ​មក​​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ពី​ប្រព័ន្ធ​ធារា​សាស្ត្រ និង​ភូគព្ភ​សាស្ត្រ​នៅប្រា​សាទ​ព្រះវិហារ​។

ចំពោះ​ការ​ចុះ​សិក្សា​ស្រាវ​ជ្រាវ​ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​គឺ​ជា​ផ្នែក​​មួយ​នៃ​ការ​អភិរក្ស និង​ការ​ជួ​ស​ជុល​ប្រាសាទ ដើម្បី​អាច​ដឹង​​ពី​បញ្ហា​ការ​ខូច​ខាត​ប្រាសាទ​នា​ពេល​កន្លង​មក ដោយ​សារ​ទំហំ​ទឹក​ភ្លៀង​ដែ​ល​ធ្លាក់​មក​លើ ​ប្រាសាទ។​ដូច្នេះ​ការ​ងារ​ចាំ​បាច់ គឺ​ត្រូវ​ដឹង​ពី​បញ្ហា​ធារាសា​ស្ត្រ ក្នុងកា​របញ្ចៀស​ទឹកភ្លៀ​ង​ដែល​ធ្លាក់​មក​កុំ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រាសាទ​។


លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ដោយ​ឡែក​ការ​ស្រាវ​ជ្រាវ​​ពី​ភូគព្ភសាស្ត្រ​វិញ គឺ​ជា​សិក្សា​ស្រាវ​ជ្រាវ​ពី​ការ​ប្រែ​​ប្រួល​​​នៃ​ដី ដោយ​​សារ​គ្រឹះ​​ភ្នំ​ធម្មជាតិ ដែល​ទ្រ​ទ្រង់​រចនា​សម្ព័ន្ធ​​ប្រាសាទ​​ព្រះវិហារ​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​​ហើយ ខណៈ​​ដែល​​ជាក់​ស្ដែង​ស្រទាប់​ថ្ម​មួយ​ចំនួន​នៅ​លើ​ភ្នំ​នេះ មានកា​រ​ប្រេះ និង​បាក់​បែក ហេតុនេះ​វា​អាច​បង្ក​ផ​ល​ប៉ះ​ពា​ល់ដល់​ប្រាសាទ​ព្រះវិហារ​នេះ​។

លោកគង់ ពុទ្ធិការ ​បញ្ជាក់​ថា​៖ «​អ៊ីចឹង!​ ការ​ស្រាវ​ជ្រាវ​ប្រព័ន្ធ​ធារាសាស្ត្រ​នេះ យើង​នឹង​បាន​យល់​​ពី​បញ្ហា​ទំ​ហំ​ទឹក​ភ្លៀង​ធ្លាក់​មក​លើប្រា​សាទ​ប៉ុន្មាន​គីប​ក្នុង​១​ឆ្នាំ ដើម្បី​យើង​រក​វិធាន​ការ​ការ​ពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រា​សាទ​ ហើយ​ចំណែក​ភូគព្ភសាស្ត្រ​វិញ គឺ​យើង​នឹងបា​ន​ដឹង​ពី​ការ​ប្រែប្រួ​ល​នៃ​សណ្ឋាន​ដី និង​ហានិភ័យ​របស់​វា ដើម្បី​យើង​រក​វិធី​សាស្ត្រ​ក្នុង​ការ​បញ្ចៀសផង​ដែរ​»​។


បើ​តាម​លោក គង់ ពុទ្ធិការ ​គិត​មក​ដល់​ពេល​នេះ ការ​ស្រាវ​ជ្រាវ​បឋម​របស់​អ្នក​ជំនាញ​ធារា​សាស្ត្រ និង​ភូគព្ភ​សាស្ត្រ​ជាតិ បាន​ចំណាយ​​៣​ថ្ងៃ​ហើយ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បន្ទាប់​ពី​ការ​ស្រាវ​ជ្រាវ​បឋម​រួច​មក ក្រុមអ្ន​ក​ជំនាញ​ទាំង​នោះ បាន​ប្រមូល​សំណាក​មួយ​ចំនួន​រួម​មាន​៖ ថ្ម​ធម្មជាតិ និង​ឯកសារ​ដែ​ល​ពាក់​ព័ន្ធ​នឹង​របប​ទឹក​ភ្លៀង​ដែល​ធ្លាក់​លើ​ប្រាសាទ​កន្លង​មក យក​ទៅ​មន្ទីរ​ពិសោធ​​ន៍។

ក្រោយ​ពីប្រ​មូល​សំណា​ក​ទៅ​មន្ទីរ​ពិសោធន៍​ហើយ ក្រុម​អ្នក​ជំនាញ​ទាំង​នោះ ​​ត្រូវ​ការ​ពេល​ច្រើន ដើម្បីវិ​ភាគ​ទំហំ​នៃ​ទឹក​ភ្លៀង ល្បឿ​ន និង​ចរន្ត​ទិស​ដៅ​ទឹក​ហូរ​មក​ម្តុំ​គោ​បុរៈ​ទី​៥​ និង​ការ​ប្រែ​ប្រួល​សណ្ឋាន​ដី និង​គ្រឹះ​ថ្ម​ភ្នំ​ធម្មជាតិ ដែល​ទ្រ​រចនា​សម្ព័ន្ធ​ប្រាសាទ ដោយ​ធ្វើឱ្យ​ប៉ះ​ពាល់​ទៅ​ដល់​ប្រាសាទ​ព្រះ​វិហារ​។

លោក គង់ ពុទ្ធិការ បានប្រា​ប់​ថា៖​ «​នៅ​ពេល​យក​សំណាក​ទៅ​ពិសោធហើយ ពួក​គាត់​ត្រូវ​ការ​ចុះ​មក​ម្ដង​ទៀត ហើយ​អាច​យក​សំណាក​មួយ​ចំនួនទៀ​ត​យក​ទៅ​ពិសោធ​ថែម​ទៀត ដូច្នេះ​លទ្ធផល​អាច​យូរ​ក្នុង​រយៈ​ពេល​ពី​ ៣​ខែ ទៅ ៦​ខែ​ខាងមុខ»។

បើតាម​អគ្គនាយក​​អាជ្ញាធរ​​ជាតិ​​ព្រះវិហារ នៅ​ពេល​លទ្ធផល​រក​ឃើញ​បាន​បង្ហាញ​ទំហំ​នៃ​ផល​ប៉ះ​ពាល់​លើ​ប្រាសាទ​យ៉ាង​ណា​នោះ អាជ្ញាធរ​ជាតិ​ព្រះវិហារ នឹង​​ធ្វើ​ការ​ប្រមូលដើម្បី​​ចង​ក្រង​ឯក​សារ​លម្អិត​បន្ថែមមុន​នឹង​លើក​ផែន​ការ​ជួស​ជុល​គោ​បុរៈ​ទី​៥ នៃ​ប្រាសាទ​ព្រះវិហារ តាម​អនុសាសន៍​របស់​អ្នក​ជំនាញ​កា​រ​អាដហុក​នៃអ​ង្គការយូ​ណេស្កូ បាន​ផ្ដល់​ឱ្យ​កាល​ពី​កន្លង​មក​នេះ​។

សូម​បញ្ជាក់​ថា ស្ថាប័ន​ស្រាវ​ជ្រាវ​បុរាណ​វិទ្យា​នៃ​ប្រទេស​ឥណ្ឌា និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​អញ្ជើញ​អ្នក​ជំនាញ​ធារា​សាស្ត្រ និង​ភូគព្ភសាស្ត្រ​ជាតិមក​ពី​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ដើម្បី​ចុះ​មកសិ​ក្សា​ស្រាវ​ជ្រាវ​អំពី​ប្រព័ន្ធ​ធារាសាស្ត្រ និង​ភូគព្ភ​សាស្ត្រ​នៅ​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៤​៕