ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូងបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ តទៅ។
យោងតាមសេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជា ស្ដីពីសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលបានចេញផ្សាយកាលពីថ្ងៃទី ៩ ខែមករា លើកឡើងថា ការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការផ្តល់សេវាដល់ប្រជាពលរដ្ឋ និងពលករកម្ពុជានៅកូរ៉េខាងត្បូង មានដូចជា ទីតាំងផ្តល់សេវា,ពេលវេលានៃការផ្តល់សេវាក៏ដូចជាឯកសារចាំបាច់ដែលត្រូវការសម្រាប់ការធ្វើលិខិតឆ្លងដែនជាដើម។
លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី ៩ ខែមករាថា ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរនៅកូរ៉េអាចធ្វើលិខិតឆ្លងដែនធម្មតាពីប្រទេសកូរ៉េនេះគឺទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ព្រោះថា នេះជាការគិតគូរហ្មត់ចត់ពីសំណាក់ប្រមុខរដ្ឋាភិបាលចំពោះបងប្អូននៅក្រៅប្រទេស។
កន្លងមកប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូងជួបការលំបាកក្នុងការត្រឡប់មកកម្ពុជាវិញ ដើម្បីធ្វើលិខិតឆ្លងដែនថ្មី ឬក៏បន្តសុពលភាពលិខិតឆ្លងដែន ដែលត្រូវចំណាយពេលវេលានិងលុយកាក់ច្រើន។
លោកស្រីបញ្ជាក់ថា៖ «តាមការប្រកាសរបស់សម្តេចមហាបវរធិបតីដែលសម្តេចបានប្រកាសកាលពីដើមខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅបានធ្វើឱ្យពលរដ្ឋយើងមានការសាទរយ៉ាងខ្លាំងហើយស្ថានទូតតែងតែទទួលបានសំណួរជាញឹកញយពីបងប្អូនយើងថា ពេលណាអាចធ្វើបាន។ ឥឡូវនេះ យើងបានដាក់ឱ្យដំណើរការហើយ បងប្អូនពលរដ្ឋពិតជារីករាយខ្លាំង។ កន្លងទៅបងប្អូនយើងគាត់ត្រូវចំណាយច្រើនទាំងលុយកាក់ និងពេលវេលាទៅលើការធ្វើដំណើរ ហូបចុកស្នាក់នៅ និងខាតពេលវេលាធ្វើការទៀតផង»។
បើតាមលោកស្រី ជ្រឹង បុទុមរង្សី បណ្តាក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងមហាផ្ទៃ ក្រសួងការបរទេស ក្រសួងការងារ រួមនឹងស្ថាប័នពាក់ព័ន្ធដទៃទៀត បានធ្វើការយ៉ាងមមាញឹក ដើម្បីរៀបចំនីតិវិធី លក្ខន្តិកៈ និងក្រុមការងារ ដែលមានការជ្រោមជ្រែងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានរយៈពេលតែ ៣ ខែដើម្បីការងារនេះ ចាប់តាំងពីខែកញ្ញាមក។
លោកស្រីបានប្រាប់ទៀតថា៖ «នៅថ្ងៃទី ៤ ខែមករា កន្លងទៅ ក្រុមការងារក្រសួងមហាផ្ទៃ បានមកដល់សាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំធ្វើលិខិតឆ្លងដែន ជូនបងប្អូនប្រជាពលរដ្ឋយើង។ តាំងពីក្រុមការងារគាត់មកដល់ គឺគាត់មមាញឹកខ្លាំងណាស់ ដើម្បីដំឡើងប្រព័ន្ធបច្ចេកទេស ដោយធ្វើយ៉ាងណាផ្តល់សេវាដល់បងប្អូនយើងឱ្យបានល្អ និងដិតដល់»។
លោក ថៃ វិមាន ពលករខ្មែរ ដែលកំពុងធ្វើការនៅតំបន់ជេជូ នៃសាធារណរដ្ឋកូរ៉េ បានឱ្យដឹងដែរថា នៅទីបំផុតសេវាធ្វើលិខិតឆ្លងដែននេះបានមកដល់កូរ៉េហើយខណៈដែលកន្លងទៅលោកនិងពលករដទៃ តែងតែលើកឡើងពីផលលំបាករាល់ពេលដែលត្រូវបន្តសុពលភាពលិខិតឆ្លងដែនម្តងៗត្រូវចំណាយច្រើន។
លោកនិយាយថា៖ «ស្តាយដែរដែលខ្ញុំទើបតែត្រឡប់មកពីស្រុកខែ្មរ ប៉ុន្មានខែមុនដើម្បីបន្តលិខិតឆ្លងដែន។ ការរៀបចំឱ្យមានសេវានេះ នៅប្រទេសកូរ៉េ ពិតជាបានជួយច្រើនដល់ពលករយើងជាពិសេសជួយច្រើនលើការកាត់បន្ថយការចំណាយ និងចំណេញពេលវេលាតែម្តង»។
ចំណែកលោក កែន សោភ័ណ្ឌរិទ្ធិ ប្រធានសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) បានប្រាប់ឱ្យដឹងដែរថា ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺជាការបង្ខិតសេវាឱ្យកាន់តែកៀកប្រជាពលរដ្ឋ ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពលរដ្ឋខ្មែរ ដែលរស់នៅបរទេស ដូចជាកូរ៉េជាដើមនេះ។
លោកបញ្ជាក់ថា៖ «យើងដឹងហើយថា រាល់ពេលត្រឡប់មកធ្វើលិខិតឆ្លងដែននៅខ្មែរម្តងៗមិនមែនចំណាយតិចទេ ហើយខាតពេលវេលាច្រើនទៀត។ និយាយរួម សេវាផ្ដល់លិខិតឆ្លងដែនធម្មតានៅកូរ៉េ ពិតជាជួយសម្រាលការលំបាករបស់បងប្អូនពលករយើងច្រើនមែនទែន»។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ អាចទទួលសេវាធ្វើលិខិតឆ្លងដែននេះនៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដោយពេលវេលានៃការផ្តល់សេវាគឺចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ (លើកលែងថ្ងៃសម្រាក ឬការកំណត់ដោយឡែក) ពេលព្រឹកចាប់ពីម៉ោង ៩:០០-១២:០០ និងរសៀលចាប់ពីម៉ោង ១៤:០០-១៧:០០។
ដោយឡែក បែបបទ និងនីតិវិធី រួមមានចំពោះករណីពលរដ្ឋដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើង ត្រូវមានឯកសារដូចជា លិខិតឆ្លងដែនច្បាប់ដើម Royal Embassy of Cambodia។
ក្នុងករណីដែលបាត់ ឬខូចលិខិតឆ្លងដែនច្បាប់ដើម ត្រូវមានលិខិតបញ្ជាក់ពីស្ថានទូត (ដើម្បីទទួលបានលិខិតបញ្ជាក់ពីស្ថានទូត សាមីខ្លួនត្រូវមានលិខិតរាយការណ៍ពីប៉ូលិស ឬអាជ្ញាធរកូរ៉េ និងភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនថតចម្លង ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ឬឯកសារផ្សេងទៀតដែលបញ្ជាក់អំពីសញ្ជាតិខ្មែរ),បណ្ណស្នាក់នៅរបស់ប្រទេសកូរ៉េ (Residence card) ដែលមានសុពលភាព។
នៅក្នុងករណីបណ្ណស្នាក់នៅនេះបាត់ ឬមិនមានសុពលភាព ត្រូវមានលិខិតបញ្ជាក់ពីស្ថានទូត (ដើម្បីទទួលបានលិខិតបញ្ជាក់ពីស្ថានទូត សាមីខ្លួនត្រូវមានលិខិតបញ្ជាក់ពីស្ថាប័នពាក់ព័ន្ធ ដូចជា សមត្ថកិច្ចភូមិ-ឃុំ គ្រឹះស្ថានសិក្សាឬនិយោជក ។
ករណីទារកឬកុមារដែលមានអាយុក្រោម ១៥ ឆ្នាំត្រូវមានឯកសារដូចករណីខាងលើ ដោយភ្ជាប់បន្ថែមនូវឯកសារដូចជា លិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុក ឬម្តាយឬអាណាព្យាបាល លិខិតបញ្ជាក់កំណើត ឬលិខិតស្នើសុំពីស្ថានទូត។
ស្ថានទូតបានបន្តថា ចំពោះតម្លៃ និងរយៈពេលផ្តល់សេវាវិញ គឺអាយុចាប់ពី ៦ ឆ្នាំឡើង មានសុពលរយៈពេល ១០ ឆ្នាំតម្លៃ ១១៨ ដុល្លារ រយៈពេលនៃការធ្វើពី ៤ ទៅ ៥ សប្តាហ៍ទើបបាន។ ដោយឡែកអាយុចាប់ពី ០ ដល់ ៥ ឆ្នាំ មានសុពលភាពរយៈពេល ៥ ឆ្នាំ តម្លៃ ៩៨ ដុល្លារដោយតម្លៃនេះ គឺរួមបញ្ចូលទាំងថ្លៃរូបថត វេចខ្ចប់ និងបញ្ញើឆាប់រហ័សទៅវិញទៅមក កម្ពុជា-កូរ៉េ៕