​ភ្នំពេញៈ លោក ឃឹម ហ្វី​ណង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​ឱ្យដឹងថា ទីផ្សារ​ចិន​គឺជា​ទីផ្សារ​ដ៏​ល្អ និង​មាន​សក្តានុពល​មួយ សម្រាប់​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា ជាពិសេស​ផលិតផល​ផ្លែឈើ​ស្រស់ ដូចជា មៀន​​ប៉ៃលិន ចេក និង​ស្វាយ​ជាដើម ហើយ​កំណើន​នៃ​ការនាំចេញ​បន្ត​កើន​ឡើងជា​លំដាប់ ដរាបណា​ផលិតផល​ផ្លែឈើ​ស្រស់​របស់​កម្ពុជា​នៅ​រក្សាបាន​គុណភាព និង​គោរព​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​​នាំចេញ​។​

​លោក​ ឃឹម ហ្វី​ណង់​ បាន​ថ្លែង​នៅ​ថ្ងៃទី​​ ៩ ខែមករា ឆ្នាំ​ ២០២៤​ ថា ជាទូទៅ​ការនាំចេញ​ផលិត​ផល​ផ្លែឈើ​ស្រស់​របស់​កម្ពុជា ត្រូវគោរព​ទៅតាម​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការនាំចេញ​ផលិតផល​នោះ ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ដោយ​ត្រូវបាន​ចុះ​​ហត្ថលេខា​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ជាមួយ​អគ្គ​រដ្ឋបាល​គយ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​។


លោក​បាន​ប្រាប់ថា​៖ «​សម្រាប់​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផលិតផល​ទៅកាន់​ប្រទេស​ចិន​នេះ គឺ​បង្ហាញ​ពី​ការ​ប្រយ័ត្នប្រយែង​របស់គេ ខណៈដែល​យើង​ក៏មាន​ដូចគ្នា​។ ទោះ​បែបនេះ​ក៏ដោយ យើង​មិន​ដែលមាន​បញ្ហា​ណាមួយ ដែលថា​ផ្លែ​ឈើ​ស្រស់​ពី​ប្រទេស​កម្ពុជា​ទៅ​មាន​បញ្ហា​អ្វី​ទេ​។ ដូច្នេះ​ទោះបី​​ជា​លក្ខខណ្ឌ​តម្រូវ​តឹងរ៉ឹង​ក៏ដោយ​ក៏​យើង​មិនដែល​ទទួល​បានការ​រាយការណ៍​ណាមួយ​ថា ផ្លែឈើ​យើង​មាន​បញ្ហា​ដែរ​»​។​

​លោក ​ឃឹម ហ្វី​ណង់ បាន​បន្ថែមថា ទីផ្សារ​ចិន​ជាទី​ផ្សារ​ដ៏​ធំ​របស់​ពិភពលោក​ដោយសារតែ​ប្រទេស​នេះ​មាន​ប្រជាជន​ច្រើន ដូចនេះ​កម្ពុជា មានឱកាស​ពង្រីក​បន្ថែ​ម​ទៀត សម្រាប់​ទីផ្សារ​ប្រទេសមួយ​នេះ ប៉ុន្តែ​អ្វីដែល​ត្រូវធ្វើ​ជាដំបូង គឺ​ការពង្រឹង​គុណភាព បរិមាណ និង​ផលិត​ឱ្យបាន​ត្រឹម​ត្រូវ​តាម​ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ​ដែល​គេ​ចង់បាន​។​


​លោក​បាន​បញ្ជាក់ថា​៖ «​ជារួម យើង​គិតថា ទីផ្សារ​វា​នឹងមាន​ការរីកដុះដាល​ប​ន្ថែ​ម​ទៀត ដូចដែល​យើង​បានឃើញ​កន្លងមក​។ ឥឡូវនេះ គឺ​យើង​ធ្វើ​ទៅតាម​កិច្ចសន្យា ហើយ​បើ​គេ​ស្គាល់​យើង​កាន់តែច្រើន ខ្ញុំ​គិតថា ទីផ្សារ​ដូចជា​ប្រទេស​ចិន​នេះ មាន​សក្តានុពល​ណាស់ ពោលគឺ​វា​មានតែ​កើន​ជា​លំដាប់​វា​កម្រ​នឹង​ថយចុះ​ណាស់ លើកលែងតែ​ទីផ្សារ​វាចាល់ ឬ​គុណភាព​ផលិតផល​មិន​ដល់​។ តែ​ដរាប​​ណា​យើង​នៅ​ថែរក្សា​គុណភាព​របស់​យើង ខ្ញុំ​គិតថា ទីផ្សារ​ចិន​នេះ បន្ត​រីកចម្រើន​ជា​លំដាប់​»​។​

​លោក​ ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន ឡុង ម៉េ​ត ដែលជា​ក្រុមហ៊ុន​ដាំ​ដុះ និង​នាំចេញ​ផ្លែស្វាយ ចេក និង​បន្លែ ទៅ​ទីផ្សារ​អន្តរជាតិ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ទីផ្សារ​ចិន គឺជា​ទីផ្សារ​ល្អ ដែល​អាច​ស្រូប​ទាញ​ផលិត​ផល​កសិកម្ម​កម្ពុជា​បាន​ច្រើន បើសិនជា​កម្ពុជា ដាំ​ដុះ​ផលិត​ផល​កសិកម្ម​ទាំងនោះ​ទៅតាម​ស្តង់ដា​ដែល​គេ​កំណត់​។​

​លោក​បន្តថា ក្រៅពី​ផ្លែ​ចេក​​ស្រស់ បច្ចុប្បន្ន​កម្ពុជា​ក៏បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ជា​​ច្រើន​មុខ​ទៀត ទៅ​ប្រទេស​ចិន​មានដូចជា អង្ករ ដំឡូង​មី និង​ផ្លែស្វាយ​ជាដើម ហើយ​នាពេល​អនាគត​កម្ពុជា​អាច​នឹង​នាំ​ផលិត​ផល​ដទៃទៀត​ទៅកាន់​តែ​ច្រើន​ស្របពេល​ទំនាក់ទំនង​កម្ពុជា​ចិន កាន់​តែមាន​ភាពល្អប្រសើ​រ​។​

​លោក​ ហ៊ុន ឡាក់ បាន​បញ្ជាក់ថា​៖ «​ដោយសារ​ទីផ្សារ​ចិន​មាន​តម្រូវការ​ច្រើន ហើយ​ប្រទេស​ទាំង ​២ ក៏មាន​កិច្ចសហការ​ល្អ​ជាមួយគ្នា​នោះ ការនាំចេញ​ផលិតផល​ផ្លែឈើ​ស្រស់ រួម​នឹង​កសិផល​ជាច្រើន​ទៀ​តទៅ​ចិន​នឹងមាន​បរិមាណ​កាន់តែច្រើន​។ ទោះយ៉ាងណា​ទីផ្សារ​ទទួល​ទិញ​ផលិតផល​កសិកម្ម ជា​ប្រភេទ​ផ្លែឈើ​ស្រស់​ពី​កម្ពុជា គឺ​មានតែ​ប្រទេស​ក្នុង​តំបន់​​ដូចជា ចិន វៀតណាម និង​ជប៉ុន ប៉ុណ្ណោះ​»​។​

​បើតាម​លោក ហ៊ុន ឡាក់ បច្ចុប្បន្ន​ក្រៅពី​ទីផ្សារ​ប្រទេស​ក្នុង​តំបន់ រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កំពុង​ខិតខំ​ស្វែងរក​ទី​ផ្សារ​នៅ​តំបន់​អឺរ៉ុប​ផងដែរ​។​

​យោងតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម បានឱ្យដឹងថា នៅក្នុង​ឆ្នាំ​ ២០២៣ ​កន្លងទៅ ការប្រមូល​ផលដំណាំ​សាក​វប្ប​កម្ម សម្រេចបាន​ចំនួន ១៩ ០៨៨​ ហិកតា ស្មើនឹង​ ៥៣,៤០​ ភាគរយ នៃ​ផែនការ​ចំនួន ៣៥ ៧៤៤ ​ហិកតា លើស​ឆ្នាំមុន​ចំនួន ៣ ៥៧០ ​ហិកតា​។ ខណៈដែល​ដំណាំ​ឧស្សាហកម្ម​អនុវត្តបាន​ចំនួន ៦២ ៤៧៤​ហិកតា ស្មើនឹង ​៥៦,៥១​ ភាគរយ នៃ​ផែន​​ការ​ចំនួន ១១០ ៥៥៧​ ហិកតា លើស​ឆ្នាំមុន ៤ ២៧៥​ ហិកតា​។​

​ដោយឡែក​ការនាំចេញ​ក​សិ​​ផល​សំខាន់ៗ​ក្រៅពី​ស្រូវ​អង្ករ​សម្រេចបាន ជាង​ ៥ ​លាន​តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង ២ ៧៩៩​ លាន​ដុល្លារ​អាមេរិក​៕