ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការធ្វើកំណែទម្រង់​មិនមែនជា​ការធ្វើបដិវត្ត​ន៍​ទេ ហើយ​ការធ្វើកំណែទម្រង់​ដើម្បីឱ្យ​ទទួលបាន​ជោគជ័យ​ក៏​មិនមែនជា​ការងាយស្រួល​ដែរ ខណៈដែល​ការកែទម្រង់​ការប្រឡង​គឺជា​ការ​លុបបំបាត់​វប្បធម៌​អន្តរាគមន៍​។​


​លោក​បាន​ថ្លែង​ដូចនេះ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បេក្ខជន​ជាប់​និទ្ទេស ​A​ ​នៃ​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់​ឌុប​)​ ចំនួន ១ ៦៩១​ នាក់ និង​បេក្ខជន​និទ្ទេស​ A ក្នុងការ​ប្រឡង​សញ្ញាបត្រ​បច្ចេកទេស​និង​វិជ្ជាជីវៈ​កម្រិត ៣ ចំនួន ១៨ ​នាក់ នៅ​ថ្ងៃទី​ ៩ ខែមករា ឆ្នាំ​ ២០២៤ ដែល​ធ្វើឡើង​នៅ​ម​ជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ជ្រោយ​ចង្វារ (OCIC)​។​

​លោក​ក៏បាន​ថ្លែង​ដែរ​ថា បេក្ខជន​ជាប់​និទ្ទេស ​A ដែល​អាច​ទទួលបាន​ល​ទ្ធ​ផល​ល្អប្រសើរ​នេះ អាស្រ័យ​ដោយមាន​ការ​ចូលរួម​គាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​តួអង្គ ៥ ​សំខាន់ រួមមាន សិស្សានុសិស្ស​ខ្លួនឯង​ផ្ទាល់​,​ការយកចិត្តទុកដាក់​បង្រៀន​ពី​លោកគ្រូ​-​អ្នកគ្រូ​,​ ការជួយ​ជ្រោ​ម​ជ្រែង​ពី​មាតាបិតា​អាណាព្យាបាល​របស់​សិស្សានុសិស្ស​ទាំងអស់​។​


​ការយកចិត្តទុកដាក់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តួអង្គ​​សំខាន់​ចុងក្រោយ ​គឺ​ការចូលរួម​របស់​មហា​ជន​រួមទាំង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​មូលដ្ឋាន​ដែល​បាន​ខ្នះខ្នែង​ផ្តល់​លទ្ធភាព​បំពាក់បំប៉ន​សមត្ថភាព​ដល់​សិ​ស្សា​នុ​-​សិស្ស​នៅមុន​ការប្រឡង​ ដើម្បី​ជួយ​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការសិក្សា​ និង​ការប្រឡង​ដោយ​ជោគជ័យ​នេះ​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​៖ «​ខ្ញុំ​សូមបញ្ជាក់ថា ការកែទម្រង់​មិនមែនជា​ការធ្វើបដិវត្ត​ន៍​ទេ មិនមែន​ផ្តាច់​ចោល​គោលនយោបាយ​ពីមុន លុបចោល​ទាំងអស់នោះ ហើយ​អនុវត្ត​ដូច​ជំនាន់​ខ្មែរក្រហម​ដែល​លុបចោល​កម្មសិទ្ធិឯកជន ហើយ​ដាក់​អ្វី​ផ្សេងៗ យើង​អត់​ទេ​»​។​


​លោក​បាន​បន្តថា​៖ «​គោ​លន​យោ​បាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ​គឺជា​និរន្តរភាព និង​ចីរភាព​នៃ​នយោបាយ​ដែលមាន​ពីមុនមក ហើយ​ជាពិសេស​យុទ្ធសាស្ត្រ​បញ្ច​កោណ​គឺ​ផ្អែកលើ​មូល​​ដ្ឋា​ន​យុទ្ធសាស្ត្រ​ចតុកោណ​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា ការកែទម្រង់​នេះ​មិនមែន​ងាយ​ស្រួល​ទេ​ដែល​ការ​ទាញ​ឱ្យ​សហគមន៍​ឪពុកម្តាយ អាណាព្យាបាល និង​សិស្ស​ផ្លាស់ប្តូរ​វប្បធម៌ និង​ផ្នត់គំនិត​បាន​ចាប់​​តាំងពី​ឆ្នាំ​ ២០១៤ រហូតមកដល់​ពេលនេះ គឺ​ពិតជា​មានការ​លំបាក​ណា​ស់​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការកែទម្រង់​នៅ​ឆ្នាំ​ ២០១៤​ មិន​ស្រួល​ដូច​ពេលនេះ​ទេ ហើយ​សូម្បីតែ​នៅ​ឆ្នាំ ​២០១៥ ,២០១៦ ក៏មាន​អ្នក​នៅ​ជឿថា ការកែទម្រង់​នឹងមិន​អាច​ទៅមុខ​បានដែរ ប៉ុន្តែ​ ១០ ​ឆ្នាំកន្លងមក​យើង​បាន​ទៅ ហើយ​បាន​កែសម្រួល​។ នេះ​គឺជា​ជោគជ័យ​មួយ​ដ៏​សំខាន់ ហើយ​បទពិសោធន៍​នេះ​បាន​បញ្ជាក់ថា​យើង​អាច​ធ្វើបាន​»​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹង​ដែរ​ថា ការកែទម្រង់​ដែល​អាចធ្វើ​ទៅបាន ហើយ​មានការ​ទទួលស្គាល់ និង​មាន​ចីរភាព​បែបនេះ គឺ​ផ្អែកទៅលើ​កត្តា​គន្លឹះ​ចំនួន​៤ គឺ​៖ មាន​ចក្ខុវិស័យ​ច្បាស់លាស់ ដោយ​ឈរលើ​ប្រយោជន៍​ជាតិ​,​ការប្តេជ្ញាចិត្ត​ខ្ពស់​,​ការចូលរួម​ដោយស្មោះ​ត្រង់ និង​ការលះបង់​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា៖ «​គោលដៅ​ធំ ៤​ នៃ​ការអប់រំ គឺ​អប់​រំជា​មនុស្ស​មានចំណេះ​ដឹង​, ចេះ​ធ្វើ បង្កើត​ជំនាញ​,​ជា​ពលរដ្ឋ​ល្អ​មាន​សីលធម៌ និង​អប់រំ​ឱ្យ​ចេះ​រស់នៅក្នុង​ប្រកបដោយ​សុខដុមរមនា​»​។ នាឱកាស​នោះដែរ លោក​ក៏បាន​លើកទឹកចិត្ត​ដល់​សិស្ស​ដែល​មិន​ទទួលបាន​លទ្ធផល​ល្អ ឬ​មិនបាន​ប្រឡង​ជាប់ មិនត្រូវ​បោះបង់ចោល​ការសិក្សា​ទេ ព្រោះ​ផ្លូវ​នៅ​វែងឆ្ងាយ គឺ​ត្រូវតែដើរ​ទៅមុខ​បន្តទៀត​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ក៏​សូម​លើក​​ទឹកចិត្ត​ដល់​ក្មួយៗ​ដែល​មិនបាន​ជាប់​នៅ​ឆ្នាំនេះ យើង​បាន​ខិតខំ​រៀនសូត្រ​ ១២​ ឆ្នាំ​បាន​ប្រឡង តែ​លទ្ធផល​មិនបាន​ដូច​ចិត្ត តែ​កុំ​អស់សង្ឃឹម យើង​មាន​ច្រក​បន្តទៀត​។ ក្មួយៗ​អាច​ជ្រើសរើស​ការរៀន​បរិញ្ញាបត្រ​រង ជំនាញ​បច្ចេក​ទេស ឬ​អាច​រៀន​ឡើងវិញ​ដើម្បី​ប្រឡង​យក​បាក់​ឌុប​នៅ​ឆ្នាំ​បន្ទាប់​ទៀត​បាន​។ អ៊ីចឹង​! សូមកុំ​អស់សង្ឃឹម​»​។​

​សូម​រំឭកថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​កាលពី​ថ្ងៃទី​ ៦-៧ ខែវិច្ឆិកា ២០២៣ ដែលមាន​បេក្ខជន​បានមក​ប្រឡង​ចំនួន ​១៣៥ ០៧២​ នាក់ និង​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​មាន​ចំនួន ៩៨ ៤៦០​ នាក់ ស្មើនឹង​ ៧២,៨៩% នៃ​ចំនួន​បេក្ខជន​បានមក​ប្រឡង​សរុប​ដោយ​បេក្ខជន​ទទួលបាន​និទ្ទេស ​A ចំនួន ១ ៦៧៣ នាក់ (​ស្រី ៩៤៧​ នាក់​)​។​

​លោក​ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ក្នុង​ពិធី​នោះដែរ​ថា លទ្ធផល​ជាទី​មោទនៈ​ដែល​ទទួលបាន​រហូតមក​ដល់​សព្វថ្ងៃនេះ ដោយសារ​មានការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឱ្យមាន​ការ​​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ សុខ​សន្តិ​ភាព​ពេញលេញ និង​មានការ​អភិវឌ្ឍ​នៅលើ​គ្រប់​វិស័យ​។​

​លោក​បាន​បន្តថា សម្រាប់​អាណត្តិ​ទី៧ នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​មាគ៌ា​ដ៏​ថ្លៃថ្លា​នេះ ហើយ​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ​១ ដោយ​ផ្តោត​ការយក​ចិត្ត​ទុកដាក់​បន្ថែម​លើ​មូលធន​មនុស្ស និង​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ផងដែរ​។​

​លោក​ គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា​បាន​ថ្លែងថា លោក​ពិតជា​កោតសរសើរ​លើ​ការកែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា ពិសេស​លើ​ការ​ប្រឡង​ដែល​បាន​ជួយ​កាត់បន្ថយ​ទម្លាប់​អាក្រក់​នៃ​អំពើពុករលួយ​ដែល​កើតឡើង​មុនពេល​ប្រឡង​។​

​លោក​បាន​បន្តថា​៖ «​មួយទៀត គឺ​ជួយ​ដល់​កំណែទម្រង់​លើ​គុណភាព​អប់រំ មានន័យថា ចង់​ឬ​មិន​ចង់​ក៏​ជា​ចំហាយ​មួយ​ដែល​ធ្លាក់​ទៅដល់​ថ្នាក់​អនុវិទ្យាល័យ​ឬ​បឋមសិក្សា​ដែល​សិស្ស​ម្នាក់ៗ​យកចិត្ត​ទុកដាក់ និង​ប្រឹងប្រែង​រៀនសូត្រ​បន្ត ព្រោះ​ការពង្រឹង​ការរៀន និង​បង្រៀន​ក៏​ជា​ចំណែក​មួយ​ឬ​ជា​ឥទ្ធិពល​មួយ​នៃ​ការ​ពង្រឹង​ការប្រឡង​បាក់​ឌុប​មួយ​ផងដែរ​»​។​

​ចំពោះ​ការប្រឡង​បាក់​ឌុប លោក​ គង់​ សំនៀង ក៏បាន​ចាត់ទុកថា វា​ជា​ចំណែក​មួយ​នៃ​ការពង្រឹង​ទៅលើ​គុណភាព​អប់រំ​នៅ​ជើង​ក្រោម​ដែរ ប៉ុន្តែ​លោក​នៅតែ​ស្នើឱ្យ​ក្រសួង​អប់រំ​យកចិត្តទុកដាក់​លើ​ជើង​ក្រោម​នេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​មានន័យថា​យើង​កុំ​ពង្រឹង​តែ​ច្រកចេញ តែ​យើង​ត្រូវ​ពង្រឹង​ការចាប់ផ្តើម​។ នៅពេលដែល​យើង​មាន​កម្លាំង​ឬ​មាន​ថាមពល​នៃ​ចំណុច​ចាប់ផ្តើម នោះ​វា​ធ្វើឱ្យ​លទ្ធផល​របស់​យើង​ក៏បាន​ល្អ អ៊ីចឹង​រាល់ថ្ងៃនេះ​មិនមែន​ក្រសួង​មិន​ធ្វើ​ទេ​គឺ​លោក​ចាប់ផ្តើម​ពង្រឹង​ហើយដោយ​ក្រសួង​បាន​បង្កើតឱ្យមាន​សាលា​គំរូ​ផ្សេងៗ​នៅ​ទូទាំងប្រទេស​ហ្នឹង​គឺជា​ការពង្រឹង​ពី​ជើង​ក្រោម​ឡើងទៅ​។ យើង​ឃើញថា​សម្រាប់​អាណត្តិ​ទី៧​ នេះ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​យកចិត្តទុកដាក់​ទៅលើ​វិស័យ​អប់រំ​នេះ​ផងដែរ​»៕