ភ្នំពេញៈ លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃបានឱ្យដឹងថា ត្រឹមតែ ​១​ សប្ដាហ៍ នា​ដើមឆ្នាំ​ ២០២៤​ នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតមានឡើង​រហូត​ជិត​ ៦០ ​ករណី​នៅ​ទូទាំងប្រទេស ដែល​បណ្តាលឱ្យមាន​អ្នកស្លាប់​ជាង​ ២០​ នាក់ និង​អ្នក​រងរ​បូស​ជិត ៨០​ នាក់​។​


​លោក ទូច សុ​ឃៈ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៩ មករា​ថា របាយ​ការណ៍​ក្រសួងមហាផ្ទៃ គិតពី​ថ្ងៃទី ​១ ​ដល់​ថ្ងៃទី ៧ ខែមករា ឆ្នាំ​ ២០២៤ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​សរុប​ចំនួន ៥៧ ​ករណី ដែល​បណ្ដាលឱ្យមាន​អ្នកស្លាប់​ចំនួន ២២ ​នាក់ និង​រងរបួស​ ៧៧ ​នាក់​។​

​មិន​ខុសពី​ឆ្នាំ​ ២០២៣ នោះទេ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​ប្រធានបទ​ដ៏​ក្តៅគគុក​ជា​ពិសេស​កើត​លើ​អ្នកប្រើប្រាស់​ម៉ូតូ​តែម្ដង ​គឺ​ជួប​គ្រោះថ្នាក់​ច្រើនជាងគេ​ដដែល​ស្រប​ពេលដែល​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​រូបវន្ត​នៅ​កម្ពុជា កាន់តែ​រីកចម្រើន​ជា​លំដាប់​។


លោក ទូច សុ​ឃៈ​ បញ្ជាក់ថា៖ «​ជា​ទិស​ដៅ​អាទិភាព ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត​ ស សុខា ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដាក់​បញ្ហា​ចរាចរណ៍​ជា​ទិសដៅ​អាទិ​ភាព​ក្នុងចំណោម​ទិសដៅ​អាទិ​ភាព​ទាំង ​៦ ​របស់​ក្រសួងមហាផ្ទៃ ក្នុង​អាណត្តិ​ទី​៧ នេះ​។ ជា​បន្តបន្ទាប់ ឯកឧត្ដម​ឧបនាយក​រដ្ឋ​មន្ត្រី តែង​ដាក់​គោលការណ៍​អនុ​វត្ត​ដល់​អង្គភាព​ជំនាញ​ជាប្រចាំ​»​។​

​លោក​បន្តថា ចំនួន​អ្នកស្លាប់ និង​រងរបួស​នៅតែ​បន្ត​កើតឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ក្នុងនោះ​បណ្ដាល​មក ពី​ការបើកបរ​ធ្វេសប្រហែស បើកបរ​ក្នុង​ស្ថាន​ភាពស្រវឹង បើកបរ​លើស​ល្បឿន​កំណត់​មើលស្រាល​ស្ថានការណ៍ ការចង់​ចាញ់​ចង់​ឈ្នះ មិន​យោគ​យល់​គ្នា​លើ​ដងផ្លូវ​...​។ ជារួម កង្វះ​ការ​ឈ្វេងយល់ និង​គោរព​ច្បាប់​ចរាចរណ៍​ជាដើម ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ព្រម​គ្នា​ដើម្បី​ដោះស្រាយ​។​


​លោក ​គឹម បញ្ញា នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ឱ្យដឹង​ដែរ​ថា តួលេខ​ទាំង​អ្នកស្លាប់ និង​រងរបួស​គឺ​ហាក់បីដូចជា​ខ្ពស់ ហើយ​សម្រាប់​ឆ្នាំ​២០២៤ ​ប្រសិនបើ​មិនមាន​វិធាន​​ការ​ឱ្យបាន​ខ្លាំង​និង​ឱ្យមាន​ប្រសិទ្ធ​ភាព​ជាង​មុន​ទេនោះ គ្រោះថ្នាក់​ចរាចរណ៍​អាច​នឹង​ហក់​ឡើង​ខ្ពស់​។​

​លោក​និយាយថា​៖ «​ដូចដែល​ខ្ញុំ​បាន​និយាយ​ជារឿយៗ​កន្លង​មក​អ៊ីចឹង គឺ​ទី​១ ​សុំឱ្យ​ការអនុវត្ត​ច្បាប់​ដាក់​ជា​អាទិភាព ផ្តោតលើ​កត្តា​ហានិភ័យ ដោយ​ធ្វើឱ្យមាន​តម្លាភាព​ស្មើភាព​បាន​ត្រឹមត្រូវ​និង​ទូលំទូលាយ​ទាំងថ្ងៃទាំងយប់​។ ទី​២ គឺ​បង្កើន​ការអប់រំ ផ្សព្វផ្សាយ​ដោយ​ជំរុញ​ការផ្សព្វផ្សាយ​ពី​កម្រិត​បឋមសិក្សា​មក​»​។​

​ចំណែក​ចំណុច​ទី​៣ ​គឺ​ការប្រើប្រាស់​វិធាន​​ការ​ផ្សេងៗ​ទៀត​ដូចជា​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ជំរុញ​ការ​ត្រួតពិនិត្យ​សុវត្ថិភាព​យានយន្ត និង​ការផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់​ដល់​ជនរងគ្រោះ​។

លោក​បញ្ញា​បញ្ជាក់ថា​៖ «​អ្វី​ដែលជា​ខ្ញុំ​ចង់​ទាញ​ចំណាប់អារម្មណ៍​សម្រាប់​ ២០២៤ ​នេះ​គឺ​យើង​មានច្បាប់​ចរាចរណ៍​ផ្លូវគោក​សម្រាប់​អ្នក​​បើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ត្រូវតែ​ពាក់មួក​សុវត្ថិភាព​តាំងពី​ឆ្នាំ ​២០០៧​។ អ៊ីចឹង​សុំឱ្យ​រដ្ឋាភិបាល​ជំរុញ​លើ​ការ​ពាក់មួក​នេះ​ឱ្យបាន​ ១០០% ហើយ​យើង​ចាំមើល​ថា​តើ​គ្រោះ​ថ្នាក់​មានការ​ថយចុះ​ទេ​»​។​

ការជំរុញ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ដោយ​អាច​ប្រើពេល​ ៣ ​ខែ​ដំបូង​ក្នុងការ​ផ្សព្វផ្សាយ អប់រំ ហើយ​ក្នុង​ត្រីមាស​ទី ​២ ​អាច​ជំរុញ​ការ​រឹតបន្តឹង​ដោយ​គ្មាន​ការលើកលែង​ដោយ​ធ្វើយ៉ាងណា​ឱ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ត្រូវ​ពាក់មួក​ឱ្យបាន​ ១០០%​។

មួយទៀត​លោក​ក៏បាន​ស្នើឱ្យ​មានការ​បណ្តុះ​បណ្តាល​បច្ចេកទេស​ក្នុងការ​បើកបរ​ម៉ូតូ​ដែរ បើទោះបីជា​មិនទាន់មាន​ការកំណត់​ឡើង​វិញ​នៅក្នុង​ច្បាប់​ដែល​អ្នកបើកបរ​ម៉ូតូ​ត្រូវមាន​បណ្ណ​បើកបរ​ក៏ដោយ ហើយ​អង្គការ​លោក​នឹង​ចាប់ផ្តើម​សាក​ល្បង​លើ​ការបណ្តុះបណ្តាល​បច្ចេកទេស​បើកបរ​ម៉ូតូ​នាពេលខាងមុខ​អាច​ក្នុង​ខែ​ ២ ​ឬ​ខែ ​៣​។​

«​មួយទៀត ខ្ញុំ​ចង់ឱ្យ​រដ្ឋាភិបាល​ជំរុញ​ទៅដល់​ស្ថាប័នរដ្ឋ វិស័យ​ឯកជន សង្គម​ស៊ីវិល គ្រឹះស្ថានសិក្សា រោងចក្រ​សហគ្រាស​ត្រូវ​មាន​បទបញ្ជាផ្ទៃក្នុង​ឬ​គោ​លន​យោ​បាយ​សុវត្ថិភាព​ចរាចរណ៍ និង​ការ​​រឹតបន្តឹង​ដោយ​សាមី​អង្គភាព​ផ្ទាល់​ហើយ​ស្ថាប័ន​ដែល​គួរ​ធ្វើ​មុនគេ គឺ​ចាប់ពី​ស្ថាប័ន​រដ្ឋាភិបាល​មុន​»៕