ភ្នំពេញៈ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) នឹងទទួលពាក្យបណ្តឹងពីពលរដ្ឋដើម្បីពិនិត្យ និងសម្រុះសម្រួលដោះស្រាយចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ តទៅ បន្ទាប់ពីជ្រើសរើស និងបណ្តុះបណ្តាលមន្ត្រីរបស់ខ្លួន និងរៀបចំឯកសារបច្ចេកទេសរួចរាល់។
ការកំណត់ដូច្នេះ ធ្វើឡើងតាមរយៈស្មារតីកិច្ចប្រជុំលើកទី១ របស់អ.ដ.ក.កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ នៅសាលប្រជុំរបស់ខ្លួនក្នុងបរិវេណបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានរបស់ អ.ដ.ក. ដោយមានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាន អ.ដ.ក. ព្រមទាំងសមាសភាពសមាជិករបស់អាជ្ញាធរជាតិនេះនានាទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ.ដ.ក. បានឱ្យដឹងថា អាជ្ញាធរជាតិនេះនឹងចាប់ផ្តើមជ្រើសរើសមន្ត្រីសម្រុះសម្រួលវិវាទចំនួន ៦០ នាក់ ក្នុងនោះ ៣០ នាក់ ជ្រើសរើសពីក្នុងចំណោមបុគ្គលដែលមានគុណវុឌ្ឍិ តាមរយៈការប្រឡងប្រជែងនិង ៣០ នាក់ទៀតជ្រើសចេញពីចំណោមអតីតចៅក្រម អតីតព្រះរាជអាជ្ញា ឥស្សរជន ឬមន្ត្រីសាធារណៈែដលមានបទពិសោធន៍ដោះស្រាយវិវាទដោយពុំឆ្លងកាត់ការប្រឡង។
សេចក្តីប្រកាសបានបញ្ជាក់ថា៖ «អាជ្ញាធរជាតិកំណត់យកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ សម្រាប់ទទួលពាក្យបណ្ដឹងផ្ទាល់ពីពលរដ្ឋដើម្បីពិនិត្យ និងសម្រុះសម្រួលដោះស្រាយជូនបន្ទាប់ពីជ្រើសរើសមន្ត្រីជំនាញ និងរៀបចំឯកសារបច្ចេកទេសរបស់ខ្លួនរួច»។
ប្រភពដដែលបានបន្តថា ពលរដ្ឋអាចដាក់ពាក្យបណ្តឹងនៅអគ្គលេខាធិការដ្ឋាន អ.ដ.ក. តាមរយៈនាយកដ្ឋានទទួលពាក្យបណ្ដឹង និងកិច្ចការទូទៅ ដែលមានទីតាំងនៅអគារពហុបំណងនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅមហាវិថីឈ្នះ-ឈ្នះ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬអាចទាក់ទងទៅទូរស័ព្ទមន្ត្រី (០៩៩ ៤៥៦ ១៥៦) សម្រាប់ព័ត៌មានលម្អិត ឬអាចទាក់ទងទៅកាន់អ៊ីមែល nadr@moj.gov.kh។
អាជ្ញាធរជាតិនេះបានបន្ថែមទៀតថា ដើម្បីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះអាចប្រព្រឹត្តទៅរលូន និងទទួលលទ្ធផលខ្ពស់ អាជ្ញាធរជាតិនេះនឹងធ្វើកិច្ចសហការជាមួយដៃគូ ពីតាមក្រសួងស្ថាប័ន អង្គការពាក់ព័ន្ធ តួយ៉ាងក្រសួងអធិការកិច្ច គណៈមេធាវី រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាអាជ្ញាកណ្តាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដែលធ្វើការជុំវិញការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ។
ជុំវិញរឿងនេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ (អ.ដ.ក) បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី ៩ ខែមករាថា បានជាអាជ្ញាធរជាតិនេះសម្រេចកំណត់យកខែមីនាដើម្បីទទួលពាក្យបណ្តឹងដោយចង់ទុកពេលគ្រប់គ្រាន់ក្នុងការជ្រើសរើសមន្ត្រីជំនាញដោយក្នុងដំណាក់កាលទី ១ មាន ២ ប្រភេទ។
លោកបន្តថា ពោលគឺ ៥០ ភាគរយចេញពីការប្រឡងប្រជែងទៅតាមគុណវុឌ្ឍិរបស់អាជ្ញាធរ ហើយទទួលការបណ្តុះបណ្តាល និង៥០ភាគរយយកចេញពីអតីតមន្ត្រី មេធាវី អតីតព្រះរាជអាជ្ញា អតីតចៅក្រមដែលមានបទពិសោធន៍បូកផ្សំវគ្គតម្រង់ទិសបន្ថែម។
លោក ជិន ម៉ាលីន បានថ្លែងថា៖«សម្រាប់គុណវុឌ្ឍិសម្រាប់ជ្រើសរើសមន្ត្រីដោះស្រាយវិវាទនេះខាងអគ្គលេខាធិការដ្ឋាននឹងប្រកាសជូនជាសាធារណៈដែលនឹងកំណត់ទាំងកម្រិតអាយុ ទាំងសញ្ញាបត្រ ទាំងជំនាញផ្សេងៗ គ្រាន់តែលក្ខខណ្ឌតម្រូវរវាងក្រុមអ្នកប្រឡង និងជ្រើសរើសផ្ទាល់នោះ មានបែបបទខុសគ្នា»។
លោកបានសង្កត់ធ្ងន់ថា ដំណើរការនេះមិនអាចខ្វះបាននូវការចូលរួមសហការ និងគាំទ្រពីអង្គការសង្គមស៊ីវិល និងដៃគូដែលធ្វើការពាក់ព័ន្ធការដោះស្រាយវិវាទដែលអាជ្ញាធរនឹងស្នើសុំកិច្ចសហការ ឬការគាំទ្រផ្នែកបច្ចេកទេស ផ្នែកសម្ភារ ហិរញ្ញវត្ថុ ជាដើម។
លោកបានបញ្ជាក់ថា៖ «អាជ្ញាធរជាតិនេះ នឹងបង្ខិតសេវាយុត្តិធម៌ទៅជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ ប្រើយន្តការមិនសូវមានភាពស្មុគស្មាញក្នុងការដោះស្រាយវិវាទដូចតុលាការ នីតិវិធីមិនចំណាយពេលវេលាយូរ និងចំណេញថវិកា ហើយរក្សាការសម្ងាត់ជូនភាគីជម្លោះ ដែលនឹងជួយសម្រួលដល់ការកកស្ទះសំណុំរឿងនៅតុលាការ»។
លោកថា យន្តការនេះក៏បង្កើតសុខដុមនីយកម្មក្នុងសហគមន៍ បន្ទាប់ពីដោះស្រាយរួចខណៈប្រើយន្តការឈ្នះឈ្នះ ពោលគឺឈ្នះទាំងសងខាង មិនមានអ្នកចាញ់។
ជាមួយគ្នានេះដែរ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានថ្លែងថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះវិវត្តយ៉ាងវិជ្ជមាន ឈានមកដល់ការជ្រើសរើសមន្ត្រីជំនាញសម្រាប់បម្រើការ តែយ៉ាងណាលោកមិនទាន់អាចវាយតម្លៃលើការងារស្ថាប័ននេះបានឡើយ ខណៈលោកថា កម្ពុជានៅខ្វះតុល្យភាពនៃការត្រួតពិនិត្យការងារនេះ។
យ៉ាងណាក្ដី លោកបានរំពឹងថា យន្តការនេះនឹងប្រព្រឹត្តទៅដោយតម្លាភាព គណនេយ្យភាព និងចៀសវាងបង្កប់និន្នាការនយោបាយ ដើម្បីលើកស្ទួយវិស័យយុត្តិធម៌។
លោក ប៉ា ចន្ទរឿន បានថ្លែងថា៖ «សម្រាប់ខ្ញុំស្ថានភាពយុត្តិធម៌នៅកម្ពុជា...ពិបាករំពឹងរកយុត្តិធម៌ណាស់ ហើយយន្តការស្វែងរកយុត្តិធម៌ចំណាយពេលយូរ ពិបាករំពឹងរកយុត្តិធម៌ សូម្បីរឿង ក្តីក្តាំធម្មតា ក៏ចំណាយពេលយូរ និងមានភាពស្មុគស្មាញ» ។
លោកថា ដើម្បីឱ្យអាជ្ញាធរជាតិនេះអាចដំណើរការទៅបានប្រសើរគឺជាជំហានដំបូងត្រូវទាមទារតម្លាភាព គណនេយ្យភាពនៃប្រព័ន្ធយុត្តិធម៌ជាមុនសិនជាមួយកំណែទម្រង់ដ៏ច្បាស់លាស់មួយ ហើយជាពិសេសយន្តការត្រួតពិនិត្យ និងតាមដានការអនុវត្តការងារដោះស្រាយវិវាទរបស់ក្រុមមន្ត្រីជំនាញរបស់អាជ្ញាធរជាតិនេះ។
សូមជម្រាបថា កំណែទម្រង់វិស័យយុត្តិធម៌ជាវិស័យអាទិភាពមួយរបស់រដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្នុងនោះការបង្កើតអ.ដ.ក.ក៏ជាយន្តការមួយក្នុងទិសដៅការងាររបស់រដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យយុត្តិធម៌ នៅកម្ពុជាដែរ៕