ភ្នំពេញៈ ​សហគមន៍​ផលិត​ស្រូវ​សរីរាង្គបានឱ្យដឹងថា ស្រូវ​សរី​រា​ង្គ​នៅតែ​បន្ត​លក់បាន​ថ្លៃ​ខ្ពស់​រាល់​ឆ្នាំ និង​មិន​ដែលមាន​បញ្ហា​ទីផ្សារ​នោះទេ បើទោះបីជា​ស្ថាន​ភាព​ទីផ្សារ​ស្រូវ​ធម្មតា មានការ​ឡើង​ចុះ​ដល់​កម្រិត​ណាក៏ដោយ​។​

​លោក ជាវ វិ​ន តំណាង​សហ​គ​មន៍​ស្តុកស្តម្ភ​ផលិត​ស្រូវ​សរីរាង្គ ដែលមាន​ទីតាំងនៅ​ភូមិ​ត្រពាំង​ស្តុក ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃ​​កប្បាស ខេត្តតាកែវ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៩ ខែមករា ឆ្នាំ​ ២០២៤ ​ថា ទោះ​ស្ថិតក្នុង​ស្ថាន​ភាព​ណាក៏ដោយ ស្រូវ​សរីរាង្គ​តែងមាន​តម្លៃ​ថ្លៃ​ជាង​ស្រូវ​ធម្មតា​ជានិច្ច ដោយសារតែ​ការផលិត​មានការ​ថែទាំ​ខ្ពស់ ដែល​ត្រូវ​ការប្រើ​កម្លាំង​ពលកម្ម​ច្រើន​។​

​លោក​បានឱ្យដឹងថា​៖ ​​«​ដោយ​​សារ​តែ​ការថែទាំ​ដិតដល់ ប្រើ​កម្លាំង​មនុស្ស​ច្រើន ដូច្នេះ​តម្លៃ​យើង​ក៏ត្រូវ​លក់បាន​ថ្លៃ​ជាង​ស្រូវ​ធម្មតា​ដែរ​។ សហគមន៍​យើង​បាន​ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ​នេះ នៅ​ផ្សារ​ទំនើប​មួយចំនួន នៅ​ទីក្រុង​ភ្នំពេញ ខណៈ​ដែលមាន​អតិថិជន​ខ្លះ​ក៏​កុម្ម៉ង់​យកទៅ​ហូប​ដោយផ្ទាល់​នៅតាម​ផ្ទះ​ដែរ​»​។

បើតាម​លោក ជាវ វិ​ន​ សហគមន៍​ស្តុកស្តម្ភ​បានចាប់ផ្តើម​ផលិត​ស្រូវ​សរីរាង្គ​នៅក្នុង​ឆ្នាំ ​២០១២​ ដោយ​ជំនាន់​នោះ​មាន​អង្គការ​សេ​ដាក​ចុះជួយ​ពង្រឹង​តាមរយៈ​ការផ្តល់​បច្ចេកទេស ដោយ​សហគមន៍​បាន​ដាំ​ដុះ​ផ្តោតទៅលើ​ស្រូវ​ចំនួន ៣ ​ប្រភេទ រួមមាន​៖ ស្រូវ​ផ្ការំដួល ស្រូវ​ផ្កាម្លិះ​ក្រហម និង​ប្រភេទ​ស្រូវ​បាយ​រឹង​ក្រហម​លាក់​សន្លឹក​។​


​ចំណែក​លោក​ ខាន់ វិជ្ជា ប្រធាន​សហគមន៍​ត្រពាំង​ក្រឡាញ់​ដែលជា​សហគមន៍​ផលិត​ស្រូវ​ធម្មតា និង​សរីរាង្គ​ដែរនោះ​បានឱ្យដឹងថា សមាជិក​របស់​សហគម​ន៍​របស់លោក មិនបាន​ផលិត​ស្រូវ​សរីរាង្គ​ទាំងអស់គ្នា​នោះទេ​គឺមាន​ប្រមាណ​តែ​ ៣០ ​ទៅ ​៤០ ​ភាគរយ​នៃ​សមា​ជិ​ក​សរុប​ជាង ​១០០ ​គ្រួសារ​ប៉ុណ្ណោះ​ដែល​ផលិត ដោយសារតែ​ការផលិត​ស្រូវ​សរីរាង្គ​នេះ ត្រូវមាន​ការថែទាំ​ខ្ពស់ ទើបបាន​ផល​។​

​លោក​បញ្ជាក់ថា​៖ «​ស្រូវ​សរីរាង្គ ផលិត​បាន​ក្នុង​មួយ​ហិកតា​បានត្រឹមតែ​ ៣​ តោន​ប៉ុណ្ណោះ ខណៈ​ស្រូវ​ធម្មតា​គេ​ផលិត​បាន​ច្រើនជាង​នេះ​។ ហេតុនេះ​ទើប​គេ​មិនសូវ​ធ្វើ​ស្រូវ​សរីរាង្គ ប៉ុន្តែ​ឱ្យមាន​តែ​ស្រូវ មិន​ខ្វះ​ទេ​រឿង​ទីផ្សារ ហើយ​លក់បាន​ថ្លៃ​ទៀត​»​។​

​លោក​ យ៉ង សាំង​កុមារ ​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ថ្លែងប្រាប់​ឱ្យដឹងថា កសិករ​ផលិត​ស្រូវ​សរីរាង្គ អាច​លក់​ស្រូវ​បាន​តម្លៃ​ថ្លៃ​ខណៈដែល​កម្ពុជា គឺជា​ប្រទេសមួយ ដែលមាន​អំណោយផល​សម្រាប់​ការ​ធ្វើ​កសិកម្ម​តាមបែប​សរីរាង្គ ហើយ​បច្ចុប្បន្ន ក៏​កំពុងមាន​ការជំរុញ​ការដាំដុះ និង​នាំចេញ​កសិផល​ប្រភេទ​នេះ​ទៅកាន់​ទីផ្សារ​ពិភព​​លោក​កាន់តែច្រើន​ផងដែរ​។

​លោក​បញ្ជាក់ថា​៖ «​កាលពីមុន​កម្ពុជា​អាច​ផលិត​ស្រូវ​សរីរាង្គ​បានតែ​ប្រហែល​ ១០០​ តោន ​ក្នុង​ ១ ឆ្នាំ តែ​ឥឡូវនេះ ១ ​ឆ្នាំ​អាច​ផលិត​បាន​ដល់ ១ ម៉ឺន​តោន និង​មានការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​សំខាន់ៗ ជាមួយ​តម្លៃ​ខ្ពស់​ថែម​ទៀតផង​»​។​

​លោក ​សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍​កម្ពុជា AMRU Rice Cambodia កត់សម្គាល់​ឃើញថា ដំណើរការ​នៃ​ការផលិត​ស្រូវ​សរីរាង្គ​នារ​យៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កាន់តែ​បង្ហាញ​នូវ​សក្តានុពល គួរឱ្យកត់សម្គាល់​ដោយនៅ​ជំហាន​ដំបូង​កម្ពុជា​មានលទ្ធភាព​ផលិត​ស្រូវ​សរីរាង្គ​ប្រមាណ ១០០ ​តោន​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន កម្ពុជា​មានលទ្ធភាព​ផលិត​ស្រូវ​សរីរាង្គ ក្នុង​បរិមាណ​រហូត ១​ ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។ 

​លោក​បន្ថែមថា​៖ «​ទីផ្សារ​គោលដៅ​ក្នុងការ​នាំចេញ​អង្ករ​សរីរាង្គ​របស់​ក​ម្ពុ​ជាមាន​ដូចជា សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក និង​ជប៉ុន​។ មិន​ថា ពិភពលោក​បាននិងកំពុង​ស្ថិតក្នុង​ស្ថានភាព​លំបាក​យ៉ាងណា ប៉ុន្តែ​សម្រាប់​កម្ពុជា នៅតែ​អាចមាន​ឱកាស ក្នុងការ​នាំចេញ​ផលិតផល​ក​សិ​កម្ម​ទៅកាន់​ទីផ្សារ​គោលដៅ ពិសេស​ទីផ្សារ​ប្រទេស​ចិន​ហើយ​បច្ចុប្បន្ន​កម្ពុជា ក៏​កំពុងតែ​មមា​ញឹក​ក្នុង​ការជំរុញ​ការនាំចេញ​អង្ករ​សរីរាង្គ ទៅកាន់​ទីផ្សារ​ចិន បន្ថែម​ផងដែរ​»​។

​ទោះជា​យ៉ាងណា លោក ​សុង សារ៉ន បាន​លើកឡើងថា ការ​ផលិត​អង្ករ​សរីរាង្គ​របស់​ក​ម្ពុ​ជា ហាក់​នៅមានកម្រិត​នៅឡើយ នាពេល​កន្លងមក​។ ដូចនេះ​លោក និង​សហព័ន្ធ​ស្រូវ​អង្ករ បាន​ជជែក​គ្នា​ពី​ផែនការ​ពង្រីក​វិសាលភាព​នៃ​ការផលិត​ស្រូវ​សរីរាង្គ​បន្ថែមទៀត​ជាមួយនឹង​បណ្ដា​ខេត្ត​ផ្សេងទៀត ក្រៅពី​ខេត្តព្រះវិហារ​រួមមាន​ដូចជា​ខេត្តមណ្ឌលគិរី កំពង់ស្ពឺ កំពង់ឆ្នាំង និង​កំពតជាដើម​៕