ភ្នំពេញៈ ក្នុងចំណោម​ប្រទេស​គោលដៅ​នានាប្រទេស​កូរ៉េ​ខាង​ត្បូង ​គឺជា​ប្រទេស​គោលដៅ​ដែល​ផ្តល់ឱកាស​ការងារ​ដល់​ពលករ​ទេសន្តរប្រវេសន៍​កម្ពុជា​។ ជាមួយ​គ្នានេះដែរ ប្រាក់ចំណូល​ដែល​ពលករ​ខ្មែរ​ទទួលបាន​ពី​ការងារ​ទេសន្តរប្រវេសន៍​នៅ​កូរ៉េ​នេះ បានរួម​ចំណែក​ក្នុង​ការជួយ​ដោះស្រាយ​កម្រិតជីវភាព​ក្រុមគ្រួសារ​របស់​ពួកគេ​នៅឯ​ស្រុកកំណើត​ផងដែរ​។


​លោក សន សុខន ពលករ​ខ្មែរ​បម្រើការ​នៅ​ប្រទេស​កូរ៉េ ដែល​ទទួលបាន​ប្រាក់ខែ​ចន្លោះ​ពី ២ ០០០ ទៅ ២ ៥០០​ ​ដុល្លារ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ប្រាក់ចំណូល​ប្រចាំខែ​ដែល​លោក​ទទួលបាន បាន​ជួយ​លោក​បាន​ច្រើន ដែល​កន្លងមក​លោក​បាន​ទិញ​ដីចម្ការ​បាន​ខ្លះ និង​មួយចំណែក​ទៀត​បង់ការ​ប្រាក់​ធនាគារ​ប្រចាំខែ​នៅ​កម្ពុជា។ មួយទៀត ប្រាក់ចំណូល​នេះ​ក៏បាន​ជួយ​ដល់​លោក​ក្នុងការ​ចិញ្ចឹម​កូនតូច​អាយុ​ជាង ​១ ​ឆ្នាំ​ នៅឯ​ស្រុកកំណើត​ផងដែរ ដូចជា​ចំណាយ​លើ​ការ​ទិញ​ទឹកដោះគោ​ជាដើម​។ 

​ក្រៅ​ពីនេះ​ប្រាក់ចំណូល​នេះ​ក៏​ជួយ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​សម្រាប់​រូបលោក​ផ្ទាល់​នៅ​កូរ៉េ ដូចជា​ដំណើរ​កម្សាន្ត​ខ្លះ ពេលទំនេរ​ពី​ការងារ​។ លោក​ក៏បាន​លើកឡើង​អំពី​ការចំណាយ​ច្រើន​ប្រចាំថ្ងៃ​ទៅលើ​កូនតូច​របស់លោក ដូចជា​ពេល​កូន​ឈឺ​ថ្កាត់​ត្រូវ​ផ្តល់ប្រាក់​ទៅឱ្យ​ជាប្រចាំ និង​ថ្លៃ​ទឹកដោះគោ​ជាដើម​។ ចំពោះ​ក្រុមគ្រួសារ​លោក​វិញ លោក​ក៏បានផ្តល់​ប្រាក់ចំណូល​ទាំងនេះ​ដល់​ពួកគាត់​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ និង​ចំណាយ​ផ្សេងៗ​ដូចជា​ចំណាយ​លើ​ចំណងដៃ​នៃ​ពិធីមង្គលការ ការ​ទៅ​ចូលរួម​ពិធី​បុណ្យទាន ការឈឺ​ថ្កាត់ និង​ជួយ​ប្អូនៗ និង​ក្មួយៗ​រៀនសូត្រ​បាន​ខ្លះ​ផងដែរ​។​


​លោក​ សន សុខន ដែលមាន​ស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​លើកឡើងថា​៖ «​វា [​ប្រាក់ចំណូល​]​ ជួយ​បាន​គ្រាន់បើ​ដែរ​។ កាល​នៅ​ខ្មែរ​យើង​ប្រាក់ខែ​ធ្លាប់​ធ្វើការ​វា​បានតែ​មួយ​រស់ៗ វា [​អត់​]​ បាន​សល់​ទិញ​ជា​របស់របរ​អ៊ីចឹង​។ ពេលមកដល់​កូរ៉េ​ទៅ យើង​បាន​ជួយ​ជីវភាព​គ្រួ​សារបាន​ច្រើន​គ្រាន់​បើ​។ ខ្ញុំ​បាន​ទិញ​ដី​ទិញ​អី​បាន​ខ្លះ​អ៊ីចឹង និង​ជួយ​ដូចជា​បាន​ជួយ​គ្រួសារ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​កាល​ខ្ញុំ​នៅ​កំលោះ​! ជួយ​គ្រួ​សារបាន​ច្រើន និង​ជួយ​ធ្វើ​ផ្ទះ​ឱ្យ​ម្តាយ​នៅ​ដែរ តែ​គ្រាន់តែ​មួយចំណែក​តូច មិនមែន​ទាំងស្រុង​ទេ​»​។​

​លោកក៏បាន​ផ្ញើ​ប្រាក់​ទាំងនេះ​មកកាន់​ក្រុមគ្រួសារ​ដើម្បី​មើល​ការខុសត្រូវ និង​មើលថែ​ចម្ការ​ស្វាយចន្ទី ដូចជា​បាញ់ថ្នាំ​ចម្ការ និង​ប្រមូល​ផល​ជាដើម ហើយ​ចម្ការ​នេះ​ក៏បាន​ផល​ច្រើន​ផងដែរ ដោយសារ​ក្រុមគ្រួសារ​លោក​ចេះ​ទុកដាក់ និង​ចាត់ចែង​ថវិកា​ក្នុង​ការទិញ​របស់រប​រ​។


លោក​ថា​៖ «​បានទទួល​ផល​ដូច​ថា លុយ​ផ្តល់ឱ្យ​គាត់​ហ្នឹង​គាត់​យកទៅ​ប្រើប្រាស់​ទៅ​ទិញ​សម្ភារ​នៅ​ចម្ការ ហើយ​ពេល​ដល់​ឆ្នាំ​ក៏​ផល​បាន​ពី​ចម្ការ​មកវិញ​ក៏​គាត់​ប្រើប្រាស់​នៅ​ហ្នឹង​ទៅ​។ ខ្ញុំ​អត់​បាន​យក​អី​ពី​គាត់​មកវិញ​ទេ គ្រាន់​ថា ជួយផ្តល់​ឱ្យ​គាត់​អ៊ីចឹងទៅ​»​។​

​លោក សន សុខន បន្ថែមថា​៖ «​ដោយសារ​ថវិកា​ហ្នឹង​ទើប​គាត់​មានលទ្ធភាព​បាន​ទិញ​ដីចម្ការ​ទិញ​អី​គាត់​មើលថែ​រាល់ថ្ងៃ​ហ្នឹង​ដោយសារ​លុយ​ហ្នឹង​ដែរ​។ តែ​យើង​មិនមែន​មាន​លុយ​ទាំងស្រុង​ដែរ កាល​ហ្នឹង​យើង​មាន​ខ្លះ​ខ្ចី​ធនាគារ​ខ្លះ​។ បន្ទាប់មក​យើង​ត្រូវ​បង់​ធនាគារ​លុយ​ដែល​យើង​យកមក​ទិញ​ចម្ការ ទិញ​អីហ្នឹង​។ តែ​មិនទាន់​សង​គេ​ដាច់​ដែរ​ទេ​នៅ​ជំពាក់​ធនាគារ​។ បង់​ធនាគារ​ប្រចាំខែ​ខ្លះ​ជា​ហូរហែ​អ៊ីចឹងទៅ តែ​គ្រាន់​ថា យើង​ទៅវិញ​យើង​បាន​សល់​របស់​។ ទៅវិញ​សល់​បាន​ចម្ការ បាន​អី​អ៊ីចឹងទៅ​»​។​

​ចំណែក លោក ​ពេជ្រ វីរៈ អាយុ ​៣៣​ ឆ្នាំ​ ដែល​ទទួលបាន​ប្រាក់ខែ​ចន្លោះ​ពី​ប្រមាណ​ពី ១ ៥០០ ដល់ ​១ ៧០០​ ដុល្លារ​ក្នុង​ ១ ​ខែ បានលើកឡើង​ ៤​ចំណុច​ទាក់ទង​នឹង​ប្រាក់ចំណូល​ដែល​លោក​ទទួលបាន​ពី​ការធ្វើការ​នៅ​ប្រទេស​កូរ៉េ​អាចជួយ​ដល់​លោក​។ ទី​១​ អាចជួយ​ឱ្យ​លោក​មាន​សុខភាព​ផ្លូវចិត្ត​ដោយ​មិន​ព្រួយបារម្ភ​អំពី​បញ្ហា «​រឿង​លុយកាក់​»​ ដូច​កាលពីមុន ទី​២ ​អាចជួយ​ឱ្យ​លោក​មាន​របស់​​របរ​ប្រើប្រាស់​ផ្ទាល់ខ្លួន​សមរម្យ​។​

​លោក​បន្ថែមថា​៖ «​ទី​៣ អាចជួយ​ឱ្យ​ក្រុមគ្រួសារ​របស់ខ្ញុំ​រួច​ផុតពី​ភាពក្រីក្រ មាន​លុយ​ធ្វើ​ផ្ទះ​ថ្មី​នៅ និង​មាន​ដើមទុន​ដើម្បី​បង្កើត​មុខរបរ​ពេលដែល​ខ្ញុំ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​។ ទី​៤​ គឺ​ខ្ញុំ​មានលទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ទៅដល់​ឪពុកម្ដាយ​របស់ខ្ញុំ​បានជា​រៀងរាល់ខែ​។ ទាំងនេះ​គឺជា​អ្វីដែល​ខ្ញុំ​ទទួលបាន​ពី​ការធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ​»​។​

​រីឯ​ពល​ការិនី​ម្នាក់ទៀត កញ្ញា ម៉ា ស្រី​និ​ច អាយុ ២៦ ​ឆ្នាំ ដែល​ទទួលបាន​ប្រាក់ខែ​ចន្លោះ​ប្រមាណ​ពី ១ ៥០០  ​ដល់ ១ ៧០០​ ដុល្លារ​ក្នុង​ ១​ ខែ​ដែរនោះ​ថ្លែងថា ប្រាក់​ចំណូល​ដែល​កញ្ញា​ទទួលបាន​ពី​ការធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ «​ពិតជា​» បាន​ជួយផ្តល់​អត្ថ​​ប្រយោជន៍​ក៏ដូចជា​ជួយ​សម្រាល​បន្ទុក​ដល់ក​ញ្ញា ក៏ដូចជា​ក្រុម​គ្រួសារ​កញ្ញា​បាន​យ៉ាងច្រើន​នៅឯ​ប្រទេស​កម្ពុជា​។

កញ្ញា​បន្ថែមថា កាលពីមុន កញ្ញា​មិនមាន​សមត្ថភាព​ជួយ​ក្រុមគ្រួសារ​កញ្ញា​ឱ្យមាន​ជីវភាព​ធូរធារ​ទេ តែ​ពេលនេះ​កញ្ញា​មាន​សមត្ថភាព​ជួយ​ឱ្យ​ប្អូនៗ​កញ្ញា​បាន​រៀនសូត្រ​ច្រើន ជួយ​សម្រាល​បន្ទុក​ម្ដាយ​នៅឯ​កម្ពុជា ជួយផ្តល់​ថវិកា​មួយចំនួន​ដើម្បី​បង្កើត​អាជីវកម្ម​ជូន​ដល់​ម្ដាយ​ដើម្បីឱ្យ​គាត់​អាច​ចិញ្ចឹមជីវិត​ខ្លួនឯង ក៏ដូចជា​ប្រកប​អាជីវកម្ម​ខ្លួន​ឯង​នៅឯ​ប្រទេស​កម្ពុជា​ផងដែរ​។​

​កញ្ញា ម៉ា ស្រី​និ​ច ថ្លែងថា​៖ «​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ប្រាក់​​ចំណូល​មួយចំនួន​ដែល​នាង​ខ្ញុំ​រកបាន​នាង​ខ្ញុំ​ក៏​អាច​ឆ្លៀត​បែង​​ចែក​សន្សំទុក​សម្រាប់​ខ្លួនឯង​ដើម្បី​ថ្ងៃក្រោយ​ទៅ នៅពេលដែល​នាង​ខ្ញុំ​ទៅធ្វើ​ការ ទៅ​នៅ​ប្រទេស​ខ្មែរ​វិញ​គឺ​នាង​ខ្ញុំ​មាន​សមត្ថភាព​បើក​ជា​អាជីវកម្ម​តូច​មួយ​សម្រាប់​ខ្លួនឯង ចិញ្ចឹម​ខ្លួនឯង នៅពេល​ថ្ងៃ​អនាគត​ផងដែរ​»​។​

​លោក ​កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅក្រៅ​ប្រទេស​ដែលមាន​ចំនួន​ជាង​ ១,៣​ លាន​នាក់​បានផ្តល់​ចំណូល​ចូលមក​កម្ពុជា​វិញ​ជាង ២ ៧០០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ ដែល​នេះ​ជា​សក្តានុពល​មួយ​ធំ​ណាស់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។​

​លោក ភន ភាព ដែល​រស់នៅ​ខេត្តកំពង់ឆ្នាំង ដែលមាន​កូន​ទើប​ទៅធ្វើ​ការជាព​លករ​នៅ​កូរ៉េ​បាន​រយៈពេល​ជាង​ ១ ​ខែ បាន​ប្រាប់ថា ប្រាក់​បន្តិចបន្តួច​ដែល​កូនលោក​បាន​ផ្ញើ​ពី​កូរ៉េ​ត្រូវបាន​ប្រើ​ប្រាស់​ក្នុង​ការបង់​ធនាគារ និង​ចំណាយ​លើ​របស់របរ​ផ្សេងៗ​ទៀត​។ លោក​ ភន ភាព ក៏​មានកូន​បម្រើការ​ងា​រ​ជា​ពលករ​នៅ​ប្រទេស​​ជប៉ុន​ផងដែរ​។

លោក​ថា ប្រាក់​ដែល​កូនលោក​ផ្ញើមក ទោះបី​បន្តិចបន្តួច​ក្តី ក៏​សម្រាប់​គ្រាន់​ដោះស្រាយ​ការចំណាយ​ផ្សេងៗ​នៅក្នុង​គ្រួសារ ដែល​ក្នុងនោះ​ក៏ត្រូវ​ចំណាយ​ទៅលើ​ការឈឺ​ថ្កាត់​សម្រាប់​សមាជិក​ក្នុង​ក្រុមគ្រួសារ ចំណាយ​លើ​ការទិញ​ជី និង​ថ្នាំ​កសិកម្ម​ផ្សេងៗ​សម្រាប់​ដាក់​ស្រែ​ជាដើម​។ 

​លោក​ថ្លែងថា​៖ «​ជួយ​សម្រាប់​ដូច​ថា ម៉ែឪ​ចាយ​​វាយ​នៅផ្ទះ ឬក៏​យើង​ខ្វះខាត​អី យើង​ត្រូវធ្វើ​នេះ​ធ្វើ​នោះ​! ពេលខ្លះ​យើង​យកមក​ដោះស្រាយ​ការហូបចុក​ខ្លះ យើង​ដូច​ថា ទិញ​របស់របរ​បន្តិច​បន្តួច​»​។

​លោក​ ជ័យ តិច អ្នកសិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ប្រាក់​ដែល​ពលករ​នៅក្រៅ​ប្រទេស បាន​ផ្ញើ​ចូលមក​កម្ពុជា គឺ​គ្រួសារ​ពួកគាត់​ជាធម្មតា​គឺ​គាត់​ប្រើប្រាស់​ចាយវាយ​នៅក្នុង​ស្រុក ដែល​ទាក់ទង​ទៅនឹង​ការហូបចុក​ការ​សាង​សង់ផ្ទះ ការទិញ​អចលនទ្រព្យ​និង​ការពង្រីក​មុខរបរ ក៏ដូចជា​សម្រាប់​ពលក​រ​ដែល​វិល​ត្រឡប់មកវិញ​អាចមាន​មុខរបរ​ផ្ទាល់ខ្លួន​។​ល​។​​ ការចាយវាយ និង​ការ​វិ​និ​យោគ​ទាំងនេះ​ គឺជា​ចលករ​បន្ថែមទៀត​ក្នុង​ការជួយ​ជំរុញ​សេដ្ឋកិច្ច​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ទោះយ៉ាងណា​សម្រាប់​កម្មក​រ​ដែល​គាត់​ធ្វើការ​នៅ​បណ្ដា​ប្រទេស​ជឿនលឿន​មួយចំនួន​ហើយ​បើ​សិន​ជា​គាត់​ជា​កម្មករ​ជំនាញ​ទៀត នោះ​ចំណូល​ប្រាក់បៀវត្សរ៍​គាត់​នឹងមាន​កម្រិត​កាន់តែ​ខ្ពស់​។ វា​ជា​រឿង​ល្អ​ដូចជា​ករណី​កម្មករ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ធ្វើ​នៅ​ប្រទេស​កូរ៉េ​នោះ​ប្រាក់​ដែល​គាត់​ផ្ញើមក​ស្រុកកំណើត​វិញ​គឺ​វា​អាចធ្វើឱ្យ​គាត់​ពង្រីក​មុខរបរ​ឬក៏​បាន​ជំនាញ​ដែល​គាត់​ធ្វើ​ការ​នៅ​ទីនោះ​យកមកអនុវត្ត​ជា​អាជីវកម្ម​របស់គាត់​ទៅ​អនាគត​ហើយក៏​ដូចជា​សន្សំ​ជា​ដើមទុន​ដើម្បី​ប្រកបមុខរបរ​អាជីវក​ម្ម​របស់គាត់​»​។ 

​លោក ជ័យ តិច បន្ថែមថា​៖ «​ដូច្នេះ ជា​សំណូម​​ពរ យើង​មិនមាន​ការហាមឃាត់​ឬក៏​បដិសេធ​ទាក់ទង​នឹង​ការ​​ធ្វើ​ការងារ​របស់​ពល​ករ​យើង​នៅ​ខាងក្រៅ​ទេ ប៉ុន្តែ​សម្រាប់​លក្ខ​ខណ្ឌ​ការងារ​ទាក់ទង​ប្រាក់កម្រៃ​គឺមាន​សារៈសំខាន់​ណាស់​។ នេះ​ត្រូវមាន​ការប្រឹងប្រែង​ពី​រាជ​រដ្ឋា​ភិ​បាល​បន្ថែមទៀត ក្នុង​ការចរចា​ជាមួយ​ប្រទេស​ជា​មិត្ត​ដែល​ប្រជា​ពលរដ្ឋ​យើង​ត្រូវ​ទៅធ្វើ​ការ​នោះ​ឱ្យមាន​ផ្តល់​ជា skill [​ជំនាញ​]​ផ្តល់​ជា​ប្រាក់កម្រៃ​បាន​ខ្ពស់​ក៏ដូចជា​ទាក់ទង​លក្ខខណ្ឌ​ការងារ​បានល្អ​ហើយ​និង​មាន​ប្រព័ន្ធ​ការពារ​សុ​​វត្ថិ​ភាព​របស់​កម្មករ​រប​ស់​យើង​ដែល​ធ្វើការ​នៅ​បណ្ដា​ប្រទេស​ទាំង​នោះ​ឱ្យ​បានល្អ​ចៀសវាង​ឱ្យមាន​ជា​បន្ទុក​ឬ​មាន​ផលប៉ះពាល់​រយៈ​ពេល​យូរ តាមរយៈ​ការងារ​របស់គាត់​នៅ​ខាងក្រៅ​»៕