ភ្នំពេញ៖ និន្នាការកើនឡើងនៃការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមយុវជនកម្ពុជា ជាពិសេសក្មេងជំទង់អាយុពី ១៥ ដល់ ១៨ឆ្នាំ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីជំងឺមិនឆ្លង (NCDs)។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលមួយក្រោមចំណងជើងថា «ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការផ្សព្វផ្សាយ ផលិតផលគ្រឿងស្រវឹង នៅព្រះរាជាណាចក្រកម្ពុជា» លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងពីការកើនឡើងគួរឱ្យព្រួយបារម្ភនៃការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមយុវជន។
សិក្ខាសាលាដែលប្រារឰធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ បានប្រមូលផ្តុំអ្នកចូលរួមប្រមាណ ១០០០នាក់ រួមមានមន្ត្រីរដ្ឋាភិបាល ក្រុមហ៊ុនផលិត ចែកចាយគ្រឿងស្រវឹង និងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម សិល្បករ អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម និងអ្នកដឹកនាំមតិសំខាន់ៗ (KOLs) ក្នុងគោលបំណងបង្កើតបទដ្ឋានថ្មីសម្រាប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅទូទាំងប្រទេសកម្ពុជា។
លោកស្រី វណ្ណឌីន បានថ្លែងចំៗចំពោះគុណវិបត្ដិរបស់គ្រឿងស្រវឹង ដែលជះឥទ្ធិពលអវិជ្ជមានទាំងលើបញ្ហាគ្រួសារ និងសង្គម។
លោកស្រីបានអះអាងថា៖ «គ្រឿងស្រវឹងប៉ះពាល់សុខភាពរបស់យើងតាំងពីកែវដំបូង ហើយមិនមានកម្រិតគ្រឿងស្រវឹងណា ដែលបញ្ជាក់ថា វាមានសុវត្ថិភាពសម្រាប់សុខភាពយើងនោះទេ ពីព្រោះនៅក្នុងគ្រឿងស្រវឹង វាមានសារធាតុអេតាណុល»។
អ្នកជំនាញសុខភាព បានបន្ដថា សារធាតុអេតាណុលនេះ វាជាឈ្នាន់មួយដែលធ្វើឱ្យមនុស្សញៀន ខូចសរសៃប្រសាទ ឬ (ទឹកប្ដូរនិស្ស័យ) អំពើហិង្សា និងកំណើនជំងឺមិនឆ្លង។
ដោយលើកឡើងពីការសិក្សាចំពោះឥទ្ធិពលនៃគ្រឿងស្រវឹង លោកស្រី វណ្ណឌីន បានឱ្យដឹងថា ការស្លាប់ដោយសារគ្រឿងស្រវឹងនេះ មាន ៤,៧ភាគរយនៃចំនួនមនុស្សស្លាប់ទាំងអស់។
លទ្ធផលស្រាវជ្រាវពីវិទ្យាស្ថានសុខភាពរបស់សហរដ្ឋអាមេរិក បានបង្ហាញថា បញ្ហាប្រឈមមុនគេ គឺថ្លើមពីព្រោះថ្លើមមានមុខងារបន្សាបសារធាតុអេតាណុល ដូចជា ជំងឺក្រិនថ្លើម ដែលនឹងវិវត្ដន៍ទៅមហារីកថ្លើម ដោយមានអត្រាជំងឺថ្លើម ៤៨ភាគរយ ហើយចំណោមនេះ មានអត្រាស្លាប់ ៦៦,៨ភាគរយ។
បញ្ហាបន្ទាប់ គឺការខូចលំពែង ស្មើរនឹង ២៦ភាគរយ មាត់ និងកំពង់ក ២៦ភាគរយ រលាក ឬមហារីកក្រពះ ពោះវៀន ១១ ភាគរយ គ្រោះថ្នាក់ចរាចរណ៍ ២៧ភាគរយ និងអំពើហិង្សា ៤៩ភាគរយ។
ការសិក្សានៃការអង្កេតប្រជាសាស្ដ្រ និងសុខភាពឆ្នាំ២០២១-២០២២ បានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងនៅកម្ពុជាមិនមានភាពខុសគ្នារវាងអ្នកនៅទីក្រុង និងអ្នកជនបទនោះទេ ដែលមានន័យថា ទំហំនៃការទទួលទានគ្រឿងស្រវឹងមាននៅទូទាំងប្រទេស។
លោកស្រីបាននិយាយថា មុនពេលធ្វើការអង្កេតមួយខែ បុរសទទួលទានគ្រឿងស្រវឹង ៧នាក់ចំណោម ១០នាក់ ឬ ៧០ភាគរយ និងស្ដ្រី ១៦ភាគរយ។
ចំពោះការសិក្សាហានិភ័យនៃជំងឺមិនឆ្លងឆ្នាំ២០២៣ នៅកម្ពុជា បានបង្ហាញថា ៥០ភាគរយនៃប្រជាជនអាយុពី ១៨ ទៅ ៦៩ឆ្នាំ ទទួលទានគ្រឿងស្រវឹង រយៈពេល ៣០ថ្ងៃ មុនធ្វើការអង្កេត ដោយបុរសមានចំនួន៧១,២ភាគរយ ស្ដ្រី ២៦,៥ភាគរយ និង ៣០,៦ភាគរយ ជាយុវវ័យ អាយុពី ១៥ទៅ ១៨ឆ្នាំ។
លោកស្រីបានថ្លែងថា៖ «ចំនួន ៣០,៦ភាគរយ មិនដឹងប៉ះលើកូននរណាខ្លះទេ។ ដូច្នេះ យើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ។ បើយើងមិនធ្វើទេ វាកាន់តែលំបាកហើយចំពោះជំងឺមិនឆ្លងនេះ។ ពីមុន ជំងឺប្រភេទនេះកើតឡើងតែមនុស្សចាស់ទេ តែឥឡូវវាបានកើតលើយុវវ័យហើយ»។
ការព្យាករបានបង្ហាញថា បើមិនមានវិធានការអ្វីទេ នៅចន្លោះពី ២០២៥ ទៅឆ្នាំ២០៣០ កំណើននៃគ្រឿងស្រវឹងនឹងស្ទុះឡើងខ្ពស់ខ្លាំង។
លោកស្រី វណ្ណឌីន បានពន្យល់ថា ចាប់ពីឆ្នាំ១៩៨២ សន្ទុះកំណើនមានការកើនឡើងតិចតួច លុះដល់ឆ្នាំ២០១០ វាបានកើនឡើងគួរឱ្យកត់សម្គាល់ ហើយវាឡើងខ្ពស់មែនទែននៅឆ្នាំ២០១៩។
ផ្អែកលើទិន្នន័យរបស់អង្គការសុខភាពពិភពលោកក្នុងឆ្នាំ២០១៩ យុវវ័យកម្ពុជាដែលប្រើប្រាស់គ្រឿងស្រវឹងជាមធ្យម ១៦,២លិត្រម្នាក់ក្នុងមួយឆ្នាំនូវសារធាតុអាកុលសុទ្ធ ដោយបុរសប្រើប្រាស់ ២១,៨លិត្រ និងស្ដ្រី ៨,១លិត្រក្នុងមួយឆ្នាំ។
ក្រៅពីសុខភាព គ្រឿងស្រវឹងក៏ប៉ះពាល់ដល់សេដ្ឋកិច្ចបុគ្គល ឬគ្រួសារ និងសេដ្ឋកិច្ចចំណាយលើសេវាកម្មសុខភាព។
លោកស្រី វណ្ណឌីន បានបញ្ជាក់ថា៖ «មនុស្សម្នាក់ក្នុងមួយឆ្នាំ ចំណាយលើគ្រឿងស្រវឹង ៤៨៦ដុល្លារ តែចំណោមប្រជាជនគ្រប់ពីអាយុ ១៥ឡើង ចំនួន ៤លាននាក់ វាស្មើរនឹងទឹកប្រាក់ ១៩៤៤លានដុល្លារក្នុងមួយឆ្នាំ»។
ចំពោះសេវាកម្មថែទាំសុខភាព លោកស្រី បានថ្លែងថា ចំណោមអ្នកជំងឺ ១ពាន់នាក់ដោយសារគ្រឿងស្រវឹង ដោយផ្ដោតលើជំងឺមហារីក ពួកគេត្រូវចំណាយ ២៨៣លានដុល្លារក្នុងមួយឆ្នាំ ជំងឺដាច់សរសៃឈាមខួរក្បាល ៥៦លានដុល្លារ ជំងឺគាំងបេះដូង ២២,៥លានដុល្លារ បញ្ហាសុខភាពខួរក្បាល ៤៨លានដុល្លារ។
លោក ផុស សុវណ្ណ អគ្គនាយកនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាសមាជិកលេខាធិការដ្ឋាន ក.គ.ផ.ស. បានថ្លែងការពារចំពោះការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។
លោកបាននិយាយថា៖ «ការពិសារគួរផ្អែកលើកត្ដា ៣ គឺកុំប្រមាថ (ធ្វេសប្រហែស) និងប្រមាទ (មើលងាយ) ការហូបទៅតាមកាលៈទេសៈ និងការហូបដោយរក្សាតុល្យភាពសុខភាព និងទំនាក់ទំនងសង្គម»។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស) បានកត់សម្គាល់ថា ទីផ្សារស្រាបៀរកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ដែលជំរុញសេដ្ឋកិច្ច។
ខណៈពេលដែលការលក់ស្រាបៀរកំពុងងើបឡើងវិញ ពួកគេមិនឈានដល់កម្រិតមុនការរាតត្បាតនៃជំងឺរាតត្បាតនោះទេ។
បច្ចុប្បន្នមានរោងចក្រស្រាបៀរធំៗចំនួនប្រាំពីរនៅក្នុងប្រទេសកម្ពុជា ដែលចំនួនប្រាំជាកម្មសិទ្ធិរបស់អ្នកស្រុក និងពីរក្រុមហ៊ុនបរទេស។
លោក ភក្ត្រា បានឱ្យដឹងថា៖ «ឧស្សាហកម្មគ្រឿងស្រវឹងបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងនិរន្តរភាពការងាររបស់កម្ពុជា ហើយវានឹងបន្ដរីកចម្រើននាពេលអនាគត។ ជាក់ស្ដែង នៅឆ្នាំ២០២៣ ទីផ្សារស្រាបៀរនៅកម្ពុជាមានទំហំប្រមាណ ១,១ពាន់លានដុល្លារអាមេរិក និងត្រូវបានព្យាករថានឹងដល់ ២,២ពាន់ពាន់លានដុល្លារនៅឆ្នាំ២០៣២ ជាមួយអត្រាកំណើនទីផ្សារ ៨,១៩ភាគរយក្នុងមួយឆ្នាំ»។
ទន្ទឹមនឹងនេះ បរិមាណស្រាបៀរបាននិងកំពុងមានសន្ទុះឡើងវិញជាបណ្ដើរៗ ទោះបីជាមិនទាន់ដល់កម្រិតមុនអំឡុងពេលវិបត្ដិកូវីដ ១៩ យ៉ាងណាក្ដី។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅកម្ពុជាមានក្រុមហ៊ុនផលិតស្រាបៀរធំៗចំនួន ៧ ដែល ៥ ត្រូវបានដំណើរការដោយខ្មែរ និង ២ ទៀតជាក្រុមហ៊ុនរបស់បរទេស។
ក្រោយការដួលរលំនៃរបបខ្មែរក្រហម ក្រុមហ៊ុនស្រាបៀរនៅកម្ពុជាកាន់កាប់ស្ទើរតែទាំងស្រុងដោយក្រុមហ៊ុនបរទេស។ ក្រុមហ៊ុនកម្ពុជាដំបូងគេ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ និងបន្ដបន្ទាប់មកទៀត។
លោក ភក្ដា្រ បាននិយាយថា ដោយផ្អែកលើការគណនាទិន្នន័យរបស់នាយកដ្ឋានពន្ធដារ និងនាយកដ្ឋានគយ និងរដ្ឋករកម្ពុជានៅឆ្នាំ២០២៣ តម្រូវការស្រាប្រៀរនៅកម្ពុជាមានទំហំប្រមាណ ១,១ពាន់លាន (ប៊ីលាន) លិត្រ ហើយនៅក្នុងនោះ ការនាំចូលមានទំហំប្រមាណ ១១លានលិត្រប៉ុណ្ណោះ ពោលគឺ ៩៨ភាគរយផ្គត់ផ្គង់ដោយផលិតកម្មក្នុងស្រុក។
ក្នុងចំណោមភេសជ្ជៈដែលមានជាតិអាកុល ផលិតផលស្រាបៀរបានស្រូបយកចំណែកទីផ្សារប្រមាណ ៨៨ភាគរយ ភាគច្រើនជាប្រភេទស្រាបៀរមានតម្លៃថោក។ នេះមានអត្រាខ្ពស់ជាងបណ្ដាប្រទេសមួយចំនួនធំនៅក្នុងតំបន់អាស៊ាន។
យោងតាមការសិក្សារបស់ក្រុមហ៊ុនម្ហូបអាហារ និងភេសជ្ជៈជប៉ុន Kirin Holding នៅឆ្នាំ២០២២ កន្លងទៅ កម្ពុជាជាប់ចំណាត់ថ្នាក់ទី ២១ នៃប្រទេសដែលមានប្រជាជនទទួលទានស្រាបៀរច្រើនជាងគេលើពិភពលោក បើធៀបនឹងចំណូលមធ្យមប្រចាំឆ្នាំ ដោយម្នាក់ទទួលទានស្រាបៀរចំនួន ៧២,២លិត្រ ឬ ២១៨ កំប៉ុង ឬ ១៣៦ដុល្លារក្នុងមួយឆ្នាំ។
លោករដ្ឋមន្ដ្រី បានឱ្យដឹងថា ដោយមិនគិតពី ផ.ស.ស ប្រទេសចិន ប្រជាជនទទួលទានស្រាបៀរច្រើនបំផុតក្នុងលោក តាមពីក្រោយដោយសហរដ្ឋអាមេរិក ប្រេស៊ីល ម៉ិកស៊ិក អាល្លឺម៉ង់ វៀតណាម ខណៈថៃជាប់លេខ ២២។
លោក ភក្ដ្រា បានថ្លែងថា៖ «កត្ដាជំរុញឱ្យប្រជាជនទទួលទានស្រាបៀរច្រើន ដោយសារវាមានតម្លៃថោក ជម្រើសស្រាបៀរមានភាពសម្បូរបែប ក្របខ័ណ្ឌច្បាប់សម្រាប់គ្រប់គ្រងការផលិត ការចែកចាយ និងការទទួលទានគ្រឿងស្រវឹងនៅមិនទាន់រឹតបន្ដឹងខ្លាំង ទម្លាប់ និងរបៀបរស់នៅមានការផ្សារភ្ជាប់ទៅនឹងស្រាបៀរ និងយុទ្ធសាស្ដ្រស្រាបៀរមានភាពទូលំទូលាយ និងប្រកួតប្រជែងខ្លាំង»។
ការកើនឡើងនៃប្រជាជនមានចំនួន និងជាប្រទេសនាំមុខក្នុងតំបន់អាស៊ាន ដែលមានប្រជាជនប្រមាណ៦០ភាគរយជាយុវជនវ័យក្មេង ហើយការហូរចូលនៃម៉ាកស្រាបៀរល្បីៗកំពុងរីកដុះដាលខ្លាំង តាមរយៈការឈានជើងចូលទីផ្សាររបស់ក្រុមហ៊ុនថ្មីៗមួយចំនួនទាំងក្រុមហ៊ុនផលិត និងការនាំចូលជាមួយទន់វិនិយោគធំ និងបច្ចេកវិទ្យាទំនើប។
វិស័យស្រាបៀរចូលរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិតាមរយៈចំណូលពន្ធ ការបង្កើតការងារ និងកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។
វាបានបង្កើតការងារពី ៣៣៩៣ កន្លែងកាលពីឆ្នាំ២០១៩ ដល់ ៤៨០៣ កន្លែងឆ្នាំ២០២៣ ចាប់ពីដំណាក់កាលនៃការផលិត ការចែកចាយ និងការលក់។ លើសពីនេះ វិស័យស្រាបៀរ ក៏ជួយដល់វិស័យទេសចរណ៍ និងកីឡាជាដើម។
លោក ភក្ត្រា បានសង្កត់ធ្ងន់លើតម្រូវការទីផ្សារប្រកបដោយការទទួលខុសត្រូវ ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃតុល្យភាពកំណើនសេដ្ឋកិច្ចជាមួយនឹងបញ្ហាសង្គម៕