រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងចំនួនជាង ៤២លានដុល្លារ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាជំនួយដែលអ្នកវិភាគយល់ថាជាជំនួយមានសារៈសំខាន់ ខណៈដែលចិនខ្លួនឯងកំពុងជួបកំណើនសេដ្ឋកិច្ចយឺត។
ការប្រកាសពីការផ្ដល់ជំនួយចំនួន ៣០០លានយន់ ឬជាង ៤២លានដុល្លារនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងសមភាគីចិន លី ឈាង (Li Qiang) នៅទីក្រុងរដ្ឋធានីវៀងចន្ទន៍ នៃប្រទេសឡាវ ក្នុងពេលភាគីទាំងពីរចូលរួមចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា។
ទំព័រហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា៖ «ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០ លានយន់ដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន»។
លោក លី ឈាង បានបញ្ជាក់ថា ចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។
លោកបន្តថា ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀតទៅកាន់ទីផ្សារចិន។
លោក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិនចំពោះបន្តជួយដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា និងផ្តល់ជំនួយឥតសំណងសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ចិននិងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ដោយប្រទេសទាំងពីរបានឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងការកសាងសហគមន៍ជោគវាសនារួម។ ភាគីទាំងពីរក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានវិស័យថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ នេះបើតាមបណ្ដាញសង្គមរបស់លោក ហ៊ុន ម៉ាណែត។
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះសារនៅលើហ្វេសប៊ុក ដោយថ្លែងថា៖ «ចិន និងកម្ពុជា គឺជាមិត្តដែកថែបដែលជួយគ្នាទៅវិញទៅមក និងមានសហគមន៍វាសនារួម។ ភាគីចិននឹងបន្តគាំទ្រកម្ពុជាយ៉ាងម៉ុតមាំក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់កម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ និងយុទ្ធសាស្ត្រម្ចាស់ការរបស់ខ្លួន»។
ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចចិននឹងមានកំណើនយឺតនៅឆ្នាំនេះនិងនៅឆ្នាំ២០២៥។ កំណើនសម្រាប់ឆ្នាំ២០២៤នេះត្រូវបានព្យាករថាមានកម្រិតប្រមាណ ៤,៨ភាគរយ ប៉ុន្តែនឹងធ្លាក់មកនៅ ៤,៣ភាគរយនៅឆ្នាំ២០២៥។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា វិបត្តិកូវីដ១៩ និងសង្គ្រាមនានាបានរួមចំណែកធ្វើឲ្យការផ្ដល់ជំនួយមកកម្ពុជាពីប្រទេសជាមិត្ត ក៏ដូចជាពីដៃគូអភិវឌ្ឍន៍បានធ្លាក់ចុះ។ ប៉ុន្តែ ចិននៅបន្តផ្ដល់ជំនួយដល់កម្ពុជា ទាំងពេលដែលចិនខ្លួនឯងក៏កំពុងជួបកំណើនយឺតនៅសេដ្ឋកិច្ច។
លោកថា ការផ្ដល់ជំនួយឥតសំណងនេះ ដោយសារតែកម្ពុជាជាមិត្តដែកថែប និងជាដៃគូកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា។ ដៃគូនៃការកសាងសហគមន៍ជោគវាសនារួមត្រូវតែខ្លាំងដូចគ្នា មិនអាចខ្លាំងតែម្ខាងនោះទេ។
ការផ្ដល់ជំនួយនេះក៏បញ្ជាក់ពីស្មារតីមិត្តភាពដែកថែបដែលគាំទ្រគ្នាទៅវិញទៅមក ទោះក្នុងកាលៈទេសៈណាក៏ដោយ។ នេះជាការលើកឡើងបន្ថែមរបស់លោក យង់ ពៅ។
លោកបន្តថា៖ «បញ្ហាភូមិសាស្ត្រនយោបាយគឺជាបញ្ហាសំខាន់បំផុត។ ចិនអាចមានភាពរឹងមាំនៅក្នុងតំបន់អាស៊ានបានលុះត្រាតែមានដៃគូរឹងមាំ ដែលក្នុងនោះមានកម្ពុជាជាដើម។ ដូច្នេះ ចិនត្រូវការកសាងសហគមន៍ជោគវាសនារួមដើម្បីឲ្យភូមិសាស្ត្រនយោបាយរបស់ខ្លួនរឹងមាំ»៕