គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ​ពន្លឿន​ការ​ដោះស្រាយ​រឿង​ក្ដី​នៅ​តាម​តុលាការ និង​យុទ្ធនាការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ បន្ត​អំពាវនាវ​ឲ្យ​សាធារណជន​ដាក់​ពាក្យ​បណ្ដឹង​ ប្រសិន​បើ​យល់​ឃើញ​ថា សំណុំ​រឿង​របស់​ខ្លួន​មាន​ភាព​មិន​ប្រក្រតី ឬ​មាន​ភាព​យឺតយ៉ាវ។


ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី១១ ខែតុលា​ របស់​ក្រសួង​យុត្តិធម៌ អំពី​លទ្ធផល​នៃ​យុទ្ធនាការ​ពន្លឿន​ដោះស្រាយ​សំណុំ​រឿង និង​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ។ យុទ្ធនាការ​នេះ​ដឹកនាំ​ដោយ​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។

ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​ពន្លឿន​ការ​ដោះ​ស្រាយ​សំណុំ​រឿង​ក្ដី និង​ភាព​មិន​ប្រក្រតី បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៩ ខែ​មករា។ គិត​ត្រឹម​ថ្ងៃទី៩ ខែ​តុលា​កន្លង​ទៅ សាលា​ជំនុំជម្រះ​ក្ដី​នៅ​ទូទាំង​ប្រទេស​បាន​ដោះស្រាយ​សំណុំ​រឿង​ក្ដី​ទាំង​ព្រហ្មទណ្ឌ រដ្ឋប្បវេណី និង​សំណុំ​រឿង​ផ្សេង​ទៀត បាន​ជាង ១៣​ម៉ឺន​ករណី ក្នុង​ចំណោម​សំណុំ​រឿង​សរុប​ជាង ១៨​ម៉ឺន​ករណី​ ដែល​ស្មើ​នឹង​ជាង ៧៣,៥១​ភាគរយ។ សំណុំ​រឿង​ទាំង​នេះ បាន​​សេសសល់​ពី​មុន​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ និង​សំណុំ​រឿង​ដែល​ចូល​ក្រោយ​ការ​ចាប់​ផ្ដើម។


ក្នុង​ចំណោម​រឿង​ក្ដី​ដែល​បាន​ដោះស្រាយ ក៏​រួម​បញ្ចូល​ទាំង​ការ​ដោះស្រាយ​តាម​រយៈ​យន្តការ​សម្រុះ​សម្រួល​ផង​ដែរ ដែល​មាន​ ២៧៤​ករណី។

សម្រាប់​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​វិញ ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ​បាន​ទទួល​ពាក្យ​បណ្ដឹង​ដែល​មាន​សុពលភាព​អាច​ចាត់​ការ​បាន​ចំនួន ១៩២៧​ករណី។ ក្នុង​ចំណោម​ពាក្យ​បណ្ដឹង​ទាំង​នេះ នៅ​សល់​តែ ៣៥៣​ករណី​ប៉ុណ្ណោះ​ដែល​មិន​ទាន់​បាន​ដោះស្រាយ​ចប់។


បណ្ដឹង​ករណី​អត្រានុកូលដ្ឋាន​ក៏​ជា​ករណី​ចម្បង​មួយ​ដែរ ដែល​គិត​ចាប់​ពី​យុទ្ធនាការ​នេះ​ចាប់​ផ្ដើម មាន​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​បណ្ដឹង​សុំ​ដោះស្រាយ​ជាង ៣ម៉ឺន​៧ពាន់​ករណី។ ក្នុង​ចំណោម​សំណុំ​រឿង​ទាំង​នេះ មាន​ជាង ៣ម៉ឺន​៥​ពាន់​ករណី​ត្រូវ​បាន​ដោះស្រាយ​ ដែល​ស្មើ​នឹង​ជាង ៩៤​ភាគរយ។

សំណុំ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ដទៃ ឬ​របួស​ធ្ងន់ធ្ងរ​ ក៏​មាន​តួលេខ​ធំ​ដែរ គឺ​មាន​ចំនួន ៤៤៧៤​ករណី ទាំង​មុន​និង​ក្រោយ​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​នេះ ក្នុង​នោះ​ ៣៦៩៦ ករណី​ត្រូវ​បាន​ដោះស្រាយ។

គណៈកម្មការ​នេះ​បាន​បញ្ជាក់​ថា៖ «ទន្ទឹម​នេះ អ្នក​បើកបរ​ដែល​ល្មើស​នឹង​ច្បាប់​ចរាចរណ៍ និង​បាន​បង្ក​គ្រោះ​ថ្នាក់ ​ចរាចរណ៍ បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ គឺ​ត្រូវ​តែ​ទទួល​ខុសត្រូវ​តាម​ច្បាប់​ដោយ​ម៉ឺង​ម៉ាត់ និង​ដោយ​ត្រឹម​ត្រូវ​តាម​ច្បាប់ ​ហើយ​ពាក្យ​ថា ​បុក​គេ​ស្លាប់ បង់លុយ ហើយ​រួច​ខ្លួន​ គឺ​លែង​មាន​តទៅ​ទៀត​ហើយ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​កែ​ទម្រង់​នេះ»។

ចំពោះ​យុទ្ធនាការ​បង្ក្រាប​​ក្មេង​ទំនើង​ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​២០២៤​ សមត្ថកិច្ច​និង​តុលាការ​បាន​ចាត់​វិធានការ​ករណី​ក្មេង​ទំនើង​ចំនួន ១១៧៥​ករណី ដែល​មក​ទល់​ពេល​នេះ ៥៨៩ ករណី​ ឬ ជាង​៥០​ភាគរយ​ត្រូវ​បាន​សម្រេច​រួច​រាល់។

គណៈកម្មការ​បញ្ជាក់​ដូច្នេះ​ថា៖ «វិធានការ​ម៉ឺងម៉ាត់​នេះ បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​សុវត្ថិភាព និង​ សណ្ដាប់​ធ្នាប់​សង្គម ដោយ​យើង​សង្កេត​ឃើញ​ជា​រួម​ថា បច្ចុប្បន្ន​នេះ សកម្មភាព​ក្មេង​ទំនើង​នៅ​សល់​តិច​តួច​តែ​ប៉ុណ្ណោះ»៕