ស្ទឹងត្រែងៈ ការសិក្សា និងវាយតម្លៃ ដើម្បីអនុវត្តគម្រោងរេដបូកនៅដែនជម្រកសត្វព្រៃសៀមប៉ាងកំពុងត្រូវបានធ្វើឡើង ក្រោយពីក្រសួងបរិស្ថានបានអនុម័តផ្តល់សិទ្ធិដល់ក្រុមហ៊ុន រ៉ាយហ្ស៊ីងហ្វីនិកធ្វើការអភិវឌ្ឍគម្រោងរេដបូកនេះ កាលពីខែកុម្ភៈ ឆ្នាំ ២០២៣។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃអាទិត្យាបានឱ្យដឹងថា ក្រសួងបរិស្ថាន និងក្រុមហ៊ុនរ៉ាយហ្ស៊ីងហ្វីនិកបានកំពុងតែសហការគ្នា ដើម្បីធ្វើការសិក្សា និងវាយតម្លៃជាជំហានៗក្នុងគម្រោងឥណទានកាបូន ប្រមាណជា១០ម៉ឺនហិកតា ក្នុងចំណោមផ្ទៃដីជាង១៣ហិកតា នៃដែនជម្រកសត្វព្រៃសៀមប៉ាង។
លោកមានប្រសាសន៍ថា៖«ជារួមការធ្វើការផ្ទៀងផ្ទាត់បរិមាណកាបូន ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ទៅលើបរិយាកាសនេះ គឺក្រសួងធ្វើការជាមួយក្រុមហ៊ុននេះ ដើម្បីសិក្សាជាជំហាន អញ្ជឹងការសិក្សាត្រូវមានរបាយការណ៍ និងការផ្ទៀតផ្ទាត់បន្ថែមទៀតទើបយើងឈានឆ្ពោះទៅការធ្វើពាណិជញ្ជកម្មកាបូន»។
លោកបានលើកពីគោលបំណងនៃ គម្រោងរេដបូកថា គម្រោងនេះមានគោលបំណងធំៗពីរ គឺការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។
ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាសដែលមុខងារនេះដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។
លោកថ្លែងដូច្នេះថា៖«គម្រោងរេដបូកនេះមានសារៈសំខាន់ ដែលចំណុចទី១យើងយកទៅធ្វើការអភិរក្សធនធានធម្មជាតិ តាមរយៈការល្បាត ការការពារពីមន្រ្តីឧទ្យានុរក្សក៏ដូចជាសហគមន៍។ ទី២ យើងជួយសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិហ្នឹង ចូលរួមអភិរក្ស ដាំដើមឈើ ជាពិសេសគឺបង្កើនគម្របបៃតង ហើយគាត់អាចទាញយកប្រយោជន៍ពីធនធានធម្មជាតិតាមរយៈទេសចរណ៍ធម្មជាតិ»។
យ៉ាងហោចណាស់គម្រោងរេដបូកចំនួន២កំពុងតែដំណើរការនៅកម្ពុជា ដូចជាគម្រោងរេដបូកកែវសីមា ស្ថិតក្នុងខេត្តមណ្ឌលគិរី និងគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង (Southern Cardamom Redd+ project)។
ក្រៅពីនោះ គម្រោងរេដបូក ផ្សេងទៀតដែលកំពុងតែស្ថិតក្នុងដំណាក់កាលសិក្សាដូចជា គម្រោងនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ តំបន់ជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃភ្នំត្នោត តំបន់ទេសភាពវាលទំនាបខាងជើង ដែនជម្រកសត្វព្រៃព្រៃឡង់ និង ដែនជម្រកសត្វព្រៃភ្នំសំកុស។
គម្រោង USAID មរតកបៃតង កំពុងតែគាំទ្រក្រុមហ៊ុន រ៉ាយហ្ស៊ីង ហ្វីនិក ដើម្បីអនុវត្តការវាយតម្លៃពីផលប៉ះពាល់ ផ្នែកសង្គម និងជីវៈចម្រុះសម្រាប់ការអភិវឌ្ឍគម្រោងរេដបូកសៀមប៉ាងនេះ។
USAID មរតកបៃតង និងក្រុមហ៊ុន រ៉ាយហ្ស៊ីង ហ្វីនិក បានចាប់ផ្តើមធ្វើការបណ្តុះបណ្តាលជំនាញ និងចំណេះដឹងដល់បុគ្គលិកគម្រោង និងអ្នកពាក់ព័ន្ធ ដោយផ្តោតសំខាន់លើការវាយតម្លៃលើផលប៉ះពាល់ផ្នែកសង្គម និងជីវៈចម្រុះ (SBIA)។ នេះគឺជាជំហានសំខាន់មួយ ក្នុងការធានាថា គម្រោងរេដបូកត្រូវបានអនុវត្តប្រកបដោយសមធម៌សង្គម និរន្តរភាពបរិស្ថាន ដែលស្របតាមស្តង់ដាអន្តរជាតិ និងការអនុវត្តល្អបំផុត។
គម្រោង USAID មរតកបៃតង បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានដឹកនាំដោយអ្នកប្រឹក្សាពី EarthShot ដែលត្រូវបានធ្វើឡើងជាពីរដំណាក់កាល។ ដំណាក់កាលដំបូងបានសង្កត់ធ្ងន់លើការយល់ដឹងអំពីទ្រឹស្តីនៃ ការផ្លាស់ប្តូរ (Theory of Change) ដើម្បីប្រើប្រាស់ក្នុងការវិភាគស្ថានភាព ជាពិសេសក្នុងការប្រមូលព័ត៌មាន និងការចូលរួមរបស់សហគមន៍។ ដំណាក់កាលនេះផ្តោតលើចំណុចសំខាន់ៗដូចជា ការកំណត់បញ្ហា ការបង្កើតគំរូស្ថានភាព ការបង្កើតខ្សែច្រវាក់លទ្ធផល និងការវិភាគហានិភ័យ និងផលប៉ះពាល់អវិជ្ជមាននៃគម្រោង។
បន្ទាប់ពីវគ្គទ្រឹស្តី អ្នកចូលរួមបានចុះអនុវត្តជាក់ស្តែងជាមួយសមាជិកសហគមន៍ចំនួន៣០នាក់ នៅក្នុងភូមិខិះស្វាយស្ថិតក្នុង ឃុំព្រែកមាស ស្រុកសៀមប៉ាង។ ភូមិនេះ ជាភូមិមួយក្នុងចំណោមភូមិគោលដៅរេដបូកចំនួន ១៦ ដែលនឹងតម្រូវឱ្យមានការវាយតម្លៃលើផលប៉ះពាល់ផ្នែកសង្គម និងជីវៈចម្រុះនេះ។
គម្រោងរេដបូកសៀមប៉ាង ត្រូវបានផ្តួចផ្តើមស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន រ៉ាយហ្ស៊ីងហ្វីនិក គឺ«ប្រែក្លាយដែន ជម្រក សត្វព្រៃសៀមប៉ាង ឱ្យទៅជាឋានសួគ៌ ដែលសម្បូរសប្បាយ និងរីកចំរើនសម្រាប់សត្វព្រៃ និងអាចបង្កើតប្រាក់ចំណូល និងផ្តល់អត្ថប្រយោជន៍សម្រាប់សហគមន៍ និងការអភិវឌ្ឍជាតិ»។
នៅពេលនេះក្រុមការងារ បានត្រៀមខ្លួនរួចរាល់ហើយ ហើយនឹងបន្តដឹកនាំការវាយតម្លៃលើផលប៉ះពាល់ផ្នែកសង្គម និងជីវៈចម្រុះនេះ នៅតាមភូមិចំនួន ១៥ ទៀតដែលនៅសេសសល់។ នេះបើយោងតាម USAID មរតកបៃតង។
លោកអនុរដ្ឋលេខាធិការ ខ្វៃអាទិត្យាក៏បានឱ្យដឹងផងដែរថា ក្រុមហ៊ុនមានពេលធ្វើការសិក្សារហូតដល់ឆ្នាំ២០២៥ ហើយដាក់របាយការណ៍ទៅក្រសួងបរិស្ថាន ដើម្បីធ្វើការពិនិត្យមើលទំហំ ដែល អាចគណនាពីការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅលើបរិយាកាស។
លោកមានប្រសាសន៍ថា៖«យើងនៅរងចាំមើលរបាយការណ៍ ដែលកំពុងតែធ្វើការវាយតម្លៃ។ ការធ្វើរបាយការណ៍នេះ វាត្រូវឆ្លងកាត់នីតិវិធី ត្រូវការវាយតម្លៃបន្ថែមពីទីភ្នាក់ងារវាយតម្លៃឯករាជ្យ ហើយនឹងផ្ទៀតផ្ទាត់ ដោយទីភ្នាក់ងារអន្តរជាតិវេរ៉ា(VERRA) មុននឹងយើងអាចធ្វើការពាណិជ្ជកម្មកាបូននេះជាមួយនឹងដៃគូបាន»។
តាមរយៈសំណើរបស់ក្រសួងបរិស្ថាន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដើម្បីដាក់បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាងទៅជាតំបន់ការពារធម្មជាតិតែមួយមានឈ្មោះថា«ដែនជម្រកសត្វព្រៃសៀមប៉ាង»។ ដែនជម្រកនេះមានផ្ទៃដីទំហំសរុបចំនួន ១៣៣ ៧០៧, ៧៣ហិកតា ស្ថិតនៅក្នុងឃុំសន្តិភាព ឃុំថ្មកែវ និងឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ការដាក់បញ្ជូលគ្នា បង្កើតជា«ដែនជម្រកសត្វព្រៃសៀមប៉ាង»នេះ មានគោលបំណង ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញ លក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ។ លើសពីនោះ គឺដើម្បីផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និង ដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់៕