កំពង់ឆ្នាំង​៖ នៅក្នុង​គំនិត​ផ្តួចផ្តើម​មួយ​ក្នុង​គោលបំណង​អភិរក្ស​ប្រភេទ​ត្រី​ក្នុងស្រុក និង​គាំទ្រ​ដល់​ការ​​នេសាទ​ប្រកបដោយ​និរន្តរភាព ជណ្ដើរ​​ត្រី​ស្វាយចេក ត្រូវ​​បាន​បើក​ជា​ផ្លូវការ ដោយ​ផ្តល់នូវ​ដំណោះស្រាយ​បច្ចេកទេស​សំខាន់ៗ​ដើម្បី​ត​ភ្ជាប់​ជម្រក​ជលផល​ឡើងវិញ​។​


ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នេះ​ត្រូវបាន​​រំពឹងថា​នឹងជួយ​បង្កើន​​ប្រាក់ចំណូលពី​ផល​​នេសាទ​ដល់​ទៅ ១៩០០០ គ្រួសារ​នៅក្នុង​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​ជួយ​អភិរក្ស​ពូជ​ត្រី​ក្នុងស្រុក​ជាង ១០០ ប្រភេទ។​

​ជណ្ដើរ​​ត្រី​នេះ​គឺជាសមិទ្ធផល​​ទី​បី​ដែល​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ (ACIAR) និង​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី (DFAT) ក្រោម​កម្មវិធី​ភាពជា​ដៃគូ មេគង្គ​-​អូស្ត្រាលី។​


​បង្កើតឡើង​ដោយ​សហការ​ជាមួយ​សាកលវិទ្យាល័យ Charles Sturt (CSU) និង​រដ្ឋបាល​ជលផល​កម្ពុជា ជណ្តើរ​ត្រី​ស្វាយចេក ផ្តល់​ដំណោះស្រាយ​ជា​បច្ចេកទេស​ដើម្បី​បង្កើត​ជម្រក និង​ផ្តល់​បរិស្ថាន​ល្អ​សម្រាប់​ការលូតលាស់​របស់​ត្រី​ឡើងវិញ​​។​

​ក្នុង​ពិធី​សម្ពោធ​កាលពី​ថ្ងៃទី​៩ ខែតុលា លោក​ ដេ​រិ​ក យី​ប ឯកអគ្គរដ្ឋទូត​អូស្ត្រាលី បាន​ចូលរួម​ជាមួយ​តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាល​ជលផល អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុងការ​​​បើកសម្ពោធ​ជណ្ដើរ​ត្រី​​ស្វាយចេក​។​


លោក យី​ប​ បាន​ថ្លែង​ថា៖ «​កិច្ចសហការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​របស់ ACIAR និង​សាកលវិទ្យាល័យ Charles Sturt ដែល​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ដៃគូ​អភិវឌ្ឍន៍ បាន​ពង្រឹងសមត្ថភាព និង​ការស្រាវជ្រាវ​ក្នុង​តំបន់​»។ 

លោក​បន្ដថា​៖ «​ការទទួលបាន​ព័ត៌​មាន​ច្បាស់លាស់​ជួយ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុងការ​ទាញយក​ព័ត៌​មាន​ទាំង​នោះមក​ធ្វើការ​សម្រេច​ចិត្តបាន​យ៉ាង​ត្រឹមត្រូវ ដើម្បី​ធានា​លទ្ធផល​ជា​វិជ្ជមាន​រយៈពេល​យូរអង្វែង សម្រាប់​កិច្ចការងារ​គ្រប់គ្រង​ពូជ​ត្រី​ក្នុងស្រុក ទឹក និង​សេដ្ឋកិច្ច»​។​

លោក​ ដេ​រិ​ក យី​ប ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ការ​ខ្សែ​បូព៌​ក្នុង​ពិធី​សម្ពោធ​ដំណើរការ​ជណ្ដើរ​ត្រី​ស្វាយចេក​ ជា​សមិទ្ធផលទី ៣​​។ រូបភាព​សហការី​​

​ជណ្តើរ​ត្រី​ស្វាយចេក ត្រូវបាន​សាងសង់ឡើង​ដោយ​ផ្អែកលើ​ទិន្នន័យ​ពី​កម្មវិធី​ស្រាវជ្រាវ​អស់​រយៈពេល​ពីរ​ទសវត្ស​រ៍​ស្តីពី​ផ្លូវ​ត្រី​ក្នុង​ទន្លេមេគង្គ ដែល​ត្រូវបាន​កែសម្រួល​ឱ្យ​សមស្រប​ទៅនឹង​សមត្ថភាព​បម្លាស់​ទី​របស់​ត្រី​ក្នុង​តំបន់​ផ្សេងៗ​គ្នា​។ 

វា​នឹង​ក្លាយជា​ទីតាំង​គំរូ​មួយ ដើម្បី​ចែករំលែក​ព័ត៌​មាន និង​ផ្តល់​ការណែនាំ​ស្តីពី​ការសាងសង់​ជណ្តើរ​ត្រី​ដល់ទី​តាំង​ផ្សេងៗ​ទៀត​ក្នុងប្រទេស​កម្ពុជា​។​

​លោកស្រី​សាស្ត្រាចារ្យ Wendy Umberger នាយក​ប្រតិបត្តិ ACIAR បានឱ្យ​ដឹង​ថា៖ «​ការសាងសង់​ជណ្តើរ​ត្រី​ស្វាយចេក នឹង​ជួយ​ការពារ​ជីវចម្រុះ​របស់​ត្រី  ការពារ​សន្តិសុខ​ស្បៀង និង​ជីវភាព​របស់​ប្រជាជន​រាប់ពាន់​គ្រួសារ​ដែល​រស់​នៅតាម​ទីជនបទ ហើយ​សំណង់​ជណ្តើរ​ត្រី​ថ្មី​នេះ​ក៏​នឹង​ផ្តល់​ជា​ចំណេះដឹង​ដ៏​មានតម្លៃ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ប្រទេស​ម្ចាស់ជំនួយ អ្នកវិនិយោគ និង​ស្ថាប័ន​ផ្នែក​ធារាសាស្ត្រ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ថា ​តើ​គួរ​ត្រូវ​បញ្ចូល​បច្ចេកវិទ្យា ជណ្តើរ​ត្រី​នេះ ទៅក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​ពួកគេ​ដែរឬទេ​»។​

​លោកស្រី​បន្ដ​ថា ​ជណ្តើរ​ត្រី​ស្វាយចេក ដែល​បាន​សាងសង់ឡើង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ បានបង្ហាញ​​ថា ការសាងសង់​ជណ្តើរ​ត្រី ពិតជា​អាច​សាងសង់​រួមបញ្ចូល​ជាមួយ​គម្រោង​អភិវឌ្ឍន៍ ធារាសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​ពិតប្រាកដ​មែន​។ 

នាយក​ប្រតិបត្តិ ACIAR បាន​លើកឡើង​ថា វាជា​គំរូ​មួយ​សម្រាប់​ប្រទេស​ដទៃទៀត​ដើម្បី​សិក្សា​ពី​កម្ពុជា​។ ម្យ៉ាងទៀត ជណ្តើរ​ត្រី​ស្វាយចេក​នេះ ក៏​អាច​ប្រើ​ជា​គំរូ​សម្រាប់​ការសិក្សា​វាយតម្លៃ​ស្តីពី​ផលចំណេញ និង​ថ្លៃ​ចំណាយ នៅពេលដែល​ពួកគេ​​ចង់​រាប់បញ្ចូល​ការសាងសង់​ជណ្តើរ​ត្រី​ទៅក្នុង​គម្រោង​ស្រដៀង​គ្នា​នេះ​។ 

​ក្នុង​ថ្ងៃ​បើក​សម្ភោ​ធ ជណ្តើរ​ត្រី​ស្វាយចេក លោក​ ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបរិភោគ​សាច់​ត្រី​សម្រាប់​ការលូតលាស់​របស់​កុមារ ​និង​ស្ត្រី​តាម​សហគមន៍​ជនបទ​ក្នុងប្រទេស​កម្ពុជា​។​

លោក​បានថ្លែង​ថា៖ «​ការ​បរិ​ភាគ​សាច់​ត្រី បានផ្តល់​មីក្រូ​សារជាតិ​សំខាន់ៗ​ជាច្រើន ដែលមាន​សារៈសំខាន់​សម្រាប់​ការ​ទ្រទ្រង់​សុខភាព​របស់​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ និង​សម្រាប់​​សុខភាព​ល្អ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​។ ក្នុង​តំបន់​ទន្លេមេគង្គ ត្រី​មិន​ត្រឹមតែ​ជា​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​សារ​:​សំខាន់​សម្រាប់​អាហារូបត្ថម្ភ និង​ការលូតលាស់ ជាពិសេស​សម្រាប់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​»។ 

លោក​បាន​បញ្ជាក់ថា​៖ «​ការសាងសង់​ជណ្តើរ​ត្រី គឺជា​ការអភិរក្ស​ពូជ​ត្រី ប្រកបដោយ​និរន្តរភាព វា​មាន​សារសំខាន់​ខ្លាំងណាស់ ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​លើកកម្ពស់​សុខុមាលភាព​សម្រាប់​សហគមន៍​ទាំងមូល​»។

​ជណ្ដើរ​ត្រី​ស្វាយចេក ត្រូវបាន​សាងសង់​នៅលើ​ស្ទឹង​ស្វាយចេក ដែលមាន​ប្រភព​ចេញពី​ភ្នំឱ​រ៉ា​ល់ ជា​ភ្នំ​ដែល​ខ្ពស់​ជាងគេ​ក្នុងប្រទេស​កម្ពុជា​។ ស្ទឹង​នេះ​បានផ្តល់​ទឹក​សម្រាប់​ការលូតលាស់​របស់​ត្រី និង​ការធ្វើ​កសិកម្ម​ដាំ​ដុះ​ស្រូវ​។ វា​បាន​បំរើ​ផលប្រយោជន៍​ដល់​ឃុំ​ចំនួន​ប្រាំបួន មុននឹង​ហូរ​ចូលទៅ​កាន់​បឹង​ទន្លេសាប​។ 

ជណ្តើរ​ត្រី​ស្វាយចេក​នេះ អាចជួយ​ឱ្យ​ត្រី​ធ្វើ​បម្លាស់​ទី​ដោយ​សេរី តាម​ខ្សែទឹក​ខាងលើ និង​ខ្សែទឹក​ខាងក្រោម ហើយ​អាចជួយ​ឱ្យ​ត្រី​ហែល​ឆ្លងកាត់​ឧបសគ្គ ត្រង់​ទំនប់​គ្រប់គ្រង​ទឹកជំនន់ ដើម្បី​ទៅកាន់​ប្រភព​អាហារ និង​កន្លែង​ពង​កូន​របស់​វា ខណៈ​​ប្រព័ន្ធធារាសាស្ត្រ នៅតែ​អាច​ស្រោចស្រព​ទឹក​សម្រាប់​ការធ្វើ​កសិកម្ម​ដាំ​ដុះ​ស្រូវ​ដដែល​៕ ​