លោក​ឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​បង្ហើប​ឲ្យ​ដឹង​ថា សំណុំ​រឿង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​ដែល​មិន​ប៉ះពាល់​ដល់​រូបរាង​កាយ​និង​សន្តិសុខ​ អាច​នឹង​ត្រូវ​បាន​តម្កល់​ទុក​មិន​ចាត់​ការ​ ប្រសិន​បើ​ភាគី​ជម្លោះ​អាច​ស្រុះ​ស្រួល​គ្នា​នៅ​ដំណាក់​កាល​ព្រះរាជ​អាជ្ញា។ 


ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​ប្រកាស​ការ​ចូល​កាន់​តំណែង​នៃ​ប្រធាន​ថ្មី​របស់​គណៈមេធាវី កាល​ពី​ថ្ងៃ​ទី១៦ ខែតុលា លោក​ កើត រិទ្ធ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ក្រសួង​យុត្តិធម៌​កំពុង​ពិភាក្សា​ទៅ​លើ​ការ​ធ្វើ​វិសោធនកម្ម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ឥឡូវ​នេះ​ក្រសួង​យុត្តិធម៌​កំពុង​ធ្វើ​វិសោធនកម្ម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ដែល​យើង​ប្រជុំ​រៀងរាល់​សប្ដាហ៍​ដែល​ក្នុង​នោះ​ចំណុច​ថ្មី​មួយ ដែល​ឯក​ឧត្តម​លោក​ជំទាវ​ខ្លះ​មិន​ទាន់​បាន​ដឹង​ទេ ប៉ុន្តែ ចង់​លើក​កន្លែង​នេះ​ឲ្យ​ដឹង​ឲ្យ​ហើយ គឺ​យើង​កំពុង​តែ​គិត​រៀបចំ​បង្កើត​នូវ​យន្តការ​សម្រុះ​សម្រួល​ក្នុង​រឿង​ព្រហ្មទណ្ឌ។ ប៉ុន្តែ មិន​មែន​គ្រប់​រឿង​ព្រហ្មទណ្ឌ​ទេ គឺ​អនុញ្ញាត​ឲ្យ​សម្រុះ​សម្រួល​រឿង​ក្ដី​ព្រហ្មទណ្ឌ​តូច​តាច​មួយ​ចំនួន»។


លោក​បន្ត​ថា៖ «ឧទាហរណ៍​ដូចជា​រឿង​ចេញ​សែក​អត់​ប្រាក់ ដែល​គេ​ហៅ​ថា​ចេញ​សែក​ស្អុយ។ ករណី​ដូច្នេះ វា​អត់​មាន​ភាព​ចាំ​បាច់​ដែល​ត្រូវ​ចាប់​គេ​ដាក់​គុក​ទេ។ បើសិន​ជា​គូភាគី​នោះ​គាត់​ត្រូវ​គ្នា ព្រះរាជអាជ្ញា​ដែល​ជា​ម្ចាស់​បណ្ដឹង​អាជ្ញា​គាត់​មាន​សិទ្ធិ​តម្កល់​រឿង​មិន​ចាត់​ការ​បាន នៅ​ពេល​មាន​ការ​សម្រុះ​សម្រួល​តាម​លក្ខខណ្ឌ​ណា​មួយ។ ឥឡូវ​នេះ​កំពុង​តែ​រៀបចំ​នូវ​លក្ខខណ្ឌ ប៉ុន្តែ នៅ​តែ​គោរព​គោលការណ៍​ដែល​ថា រឿង​ក្ដី​ព្រហ្មទណ្ឌ​មិន​ត្រូវ​មាន​ការ​សម្រុះ​សម្រួល​ទេ»។

លោក​ពន្យល់​ថា ការ​សម្រុះ​សម្រួល​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ព្រះរាជ​អាជ្ញា​ ឬ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ព្រះ​រាជ​អាជ្ញា ដែល​ករណី​ដូច្នេះ ត្រូវ​បាន​អនុវត្ត​នៅ​ប្រទេស​បារាំង សម្រាប់​រឿង​ព្រហ្មទណ្ឌ​មួយ​ចំនួន​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ​សម្រុះ​សម្រួល។ 


កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ត្រូវ​បាន​បង្កើត​ឡើង ក្នុង​គោល​បំណង​កាត់​បន្ថយ​ការ​កក់​សន្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ជម្រះ​ក្ដី។ កំណត់​ហេតុ​នៃ​ការ​សម្រុះ​សម្រួល​សម្រាប់​វិវាទ​នីមួយៗ​មាន​អំណាច​ស្មើ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ។

លោក កើត​ រិទ្ធ លើក​ឡើង​ថា ក្នុង​ករណី​ដែល​ការ​ធ្វើ​វិសោធនកម្ម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​អនុញ្ញាត​ឲ្យ​មាន​ការ​សម្រុះ​សម្រួល​រឿង​ក្ដី​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សមត្ថកិច្ច​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​អាច​ត្រូវ​បាន​កែ​សម្រួល​ឡើង​វិញ ហើយ​អាជ្ញាធរ​នេះ​អាច​យក​រឿង​ក្ដី​ព្រហ្មទណ្ឌ​មួយ​ចំនួន​ទៅ​សម្រុះ​សម្រួល​ ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ព្រះរាជ​អាជ្ញា។

យ៉ាងណា​ក៏ដោយ លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ប៉ុន្តែ​ មិន​អាច​អនុញ្ញាត​ ដូចជា​បទ​ឧក្រិដ្ឋ បទ​ប៉ះពាល់​ទៅ​ដល់​រូបរាង​កាយ ដូចជា​ករណី​រំលោភ​សេពសន្ថវៈ ករណី​សម្លាប់​មនុស្ស គឺ​គេ​អត់​អនុវត្ត​ទេ»។

បើ​តាម​លោក​រដ្ឋមន្ត្រី​យុត្តិធម៌ ការ​អនុញ្ញាត​ឲ្យ​មាន​ដំណោះស្រាយ​តាម​រយៈ​ការ​ស្រុះ​ស្រួល​គ្នា​នេះ គឺជា​ការ​អនុវត្ត​តាម​​គោលការណ៍​មិន​យក​ឈ្នះ​ចាញ់​ក្នុង​ចំណោម​ភាគី​ពាក់​ព័ន្ធ ដែល​អាច​​កាត់​បន្ថយ​ការ​កក់​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ជម្រះ​ក្ដី។ យ៉ាង​ណា​ក៏​ដោយ លោក​ថា យន្តការ​នេះ​លើក​លែង​ករណី​ប៉ះ​ពាល់​ដល់​បញ្ហា​សន្តិសុខ។

កាល​ពី​ដើម​ឆ្នាំ​នេះ ក្រសួង​យុត្តិធម៌​បាន​ដាក់​ចេញ​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ជម្រះ​ក្ដី និង​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ ក៏ដូចជា​ការ​ពន្លឿន​ការ​ដោះស្រាយ​សំណុំ​រឿង​គ្រឿង​ញៀន និង​គ្រោះ​ថ្នាក់​ចរាចរណ៍។

គិត​ត្រឹម ៩ ខែ​ឆ្នាំ​នេះ រឿង​ក្ដី​ជាង ១៣​ម៉ឺន​សំណុំ​រឿង​ក្នុង​ចំណោម​រឿង​ក្ដី​ជាង ១៨​ម៉ឺន​ករណី ​ត្រូវ​បាន​ដោះស្រាយ ដែល​ស្មើ​នឹង ជាង ៧២​ភាគរយ។ លោក កើត រិទ្ធ ចាត់​ទុក​ការ​សម្រេច​នេះ​ជា​ជោគជ័យ​ដ៏​ធំ​មួយ។ 

លោក​ថា រដ្ឋាភិបាល​អាណត្តិ​ទី៧​នេះ យក​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ជា​ការងារ​អាទិភាព​មួយ ដែល​ចាប់​ផ្ដើម​ពី​ការ​ដោះ​ស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង មុន​នឹង​យុទ្ធនាការ​បន្ទាប់​ចាប់​ផ្ដើម ដែល​ផ្ដោត​ទៅ​លើ​គុណភាព​នៃ​ការ​ដោះស្រាយ​រឿង​ក្ដី។​

លោក​លើក​ឡើង​ដូច្នេះ​ថា៖ «អ៊ីចឹង បើ​តុលាការ​សល់​សំណុំ​រឿង​តិច​ក្នុង​ដៃ ត្រូវ​ពង្រឹង​លើ​អី​វិញ? គឺ​ពង្រឹង​លើ​គុណភាព។ អីចឹង ដំណាក់​កាល​ទី២​គឺ​សង្កត់​ធ្ងន់​លើ​គុណភាព»។

លោក អំ សំអាត នាយក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​លីកាដូ ក៏​យល់​ឃើញ​ថា រឿង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដែល​មិន​ប៉ះពាល់​ដល់​រូបរាង​កាយ​បុគ្គល​គួរ​តែ​អាច​ដោះស្រាយ​បាន​តាម​រយៈ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ។ 

លោក​ថា៖ «កន្លង​មក រឿង​បរិហារកេរ្តិ៍​នេះ​ភាគច្រើន​គឺ​ជា​ការ​ចង់​ចាញ់​ចង់​ឈ្នះ ហើយ​ប្ដឹង​ទៅ​តុលាការ ជួន​កាល​​ប្ដឹង​ទារ​សំណង​ច្រើន​ទៅ​ទៀត។ យើង​មើល​ទៅ​ឃើញ​ថា បើ​ទារ​សំណង​ច្រើន​ ទោះបី​ជា​មិន​ជាប់​ពន្ធនាគារ ប៉ុន្តែ បើ​អត់​មាន​ប្រាក់​សង​ក៏​វា​អាច​ជាប់ ដូចជា​ត្រូវ​រឹបអូស​ទ្រព្យ​សម្បត្តិ​យក​ទៅ​លក់​ឡាយ​ឡុង​អី​ជាដើម»។ 

លោក​បន្ត​ថា៖ «បើ​ករណី​បរិហារកេរ្តិ៍​ក្នុង​កម្រិត​ដែល​មិន​ប៉ះពាល់​ដល់​សន្តិសុខជាតិ ឬ គ្រាន់​តែ​ជា​កម្រិត​នៃ​ការ​ឈ្លោះ​គ្នា គួរ​តែ​អាច​ដោះស្រាយ​បាន​[តាម​យន្តការ​ស្រុះ​ស្រួល​គ្នា]។ មួយ​ទៀត​រឿង​ចេញ​សែក​ស្អុយ យើង​មើល​ទៅ​អាច​ទៅ​ជា​រឿង​រដ្ឋប្បវេណី ដែល​រាល់​ដង​ត្រូវ​បាន​ប្ដឹង​ជា​រឿង​ព្រហ្មទណ្ឌ ហើយ​អ្នក​ជាប់​ពន្ធនាគារ​រឿង​នេះ​ក៏​ច្រើន​ដែរ។ ដូច្នេះ បើ​ការ​ចេញ​សែក​ស្អុយ​អាច​ដោះស្រាយ​បាន​ក៏​ជា​រឿង​ល្អ​មួយ​ដែរ»។

លោក​យល់​ថា ការ​ដោះស្រាយ​តាម​យន្តការ​នេះ​កាត់​បន្ថយ​ជម្លោះ ភាព​ចង្អៀត​ណែន​តាម​ពន្ធនាគារ និង​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​តុលាការ៕