ភ្នំពេញៈ អង្គការ WWF Cambodia បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​ចំនួន​សត្វ​ឈ្លូស​ដោយ​ក្នុង​រយៈពេល​ត្រឹម​តែ​៦​ឆ្នាំ​ប៉ុណ្ណោះ ចំនួន​ប្រភេទ​សត្វ​នេះ​បាន​ធ្លាក់​ចុះ​រហូត​ដល់​ទៅ​ជាង ៦០​ភាគរយ​នៅ​ក្នុង​ដែន​ជម្រកសត្វ​ព្រៃ​ភ្នំ​ព្រេច​ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​សារ​តែ​អន្ទាក់​និង​ការ​ជួញដូរ​សត្វព្រៃ។


អន្ទាក់​បាន​គំរាមកំហែង​ដល់ ៨០​ភាគរយ​នៃ​ប្រភេទ​ថនិក​សត្វ​នៅ​អាស៊ី​អាគ្នេយ៍។ វិបត្តិ​ដែល​បណ្តាល​មក​ពី​ការ​ជួញ​ដូរ​សត្វព្រៃ​ខុស​ច្បាប់ និង​ការ​កើនឡើង​នៃ​តម្រូវ​ការ​សាច់​សត្វព្រៃ កំពុង​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​ចំនួន​សត្វព្រៃ ដូច​ជា​សត្វ​ឈ្លូស​ជាដើម។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ WWF។

អង្គការ WWF Cambodia បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា៖​«ការ​បរបាញ់ និង​ការ​ដាក់​អន្ទាក់​ដែល​កំពុង​រីក​រាលដាល​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​សត្វ​ឈ្លូស​ ដែល​បណ្តាល​ឱ្យ​ដង់ស៊ីតេ​របស់​វា​ធ្លាក់​ចុះ ៦៤​ភាគរយ ក្នុង​រយៈពេល​ត្រឹម​តែ​ ៦​ឆ្នាំ​ប៉ុណ្ណោះ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​របស់​កម្ពុជា»។


អង្គការ​អភិរក្ស​នេះ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​បរិភោគ​សាច់​សត្វព្រៃ និង​ជួយ​ការពារ​សត្វ​ឈ្លូស ក៏​ដូចជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ដទៃទៀត។ 

លោក​ឌិន ប៊ុនធឿន ប្រធាន​ស្តីទី​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​បាន​ឱ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​នៃ​ចំនួន​សត្វ​ឈ្លូស​ក៏​បណ្តាល​មក​ពី​កត្តា​បាត់បង់​របប​ចំណី​អាហារ​របស់​វា​ ដូចជា រុក្ខជាតិ​ពោត​និង​កត្តា​ប្រែប្រួល​អាកាសធាតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ជម្ងឺ​ជាដើម។


លោក​បញ្ជាក់​ថា៖ «វា​ថយ ដោយ​សារ​របប​អាហារ ដែល​វា​ផ្លាស់​ប្តូរ​ទៅ​តាម​រដូវ។ របប​អាហារ​ថយ​ចុះ​ដែរ ដូចជា​ប្រភេទ​រុក្ខជាតិ​ពោត​ដែល​ជា​អាហារ​របស់​ឈ្លូស។ ការ​ប្រែប្រួល​អាកាសធាតុ​ក៏​អាច​ប៉ះពាល់​ដែរ ធ្វើឱ្យ​មាន​ជម្ងឺ​ឈឺ​អី​ហ្នឹង។ មួយ​ចំនួន​ទៀត​ដែរ គឺ​នៅ​មាន​អ្នក​លួច​បរបាញ់»។

លោក​បាន​ឱ្យ​ដឹង​ថា យុទ្ធនាការ​អន្ទាក់​សូន្យ ត្រូវ​បាន​ធ្វើឡើង​ចំនួន ២​លើក​រួច​មក​ហើយ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​បាន​ច្រើន​ពី​បញ្ហា​សត្វព្រៃ​នេះ។ លើស​ពី​នោះ ការ​ ដាក់​ឱ្យ​ប្រើ​ប្រាស់​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ​កាល​ពី​មិថុនា​កន្លង​មក ក៏​បាន​កំពុង​តែ​រួម​ចំណែក​ដល់​ការ​ពង្រឹង​ដល់​ការ​ការ​ពារ​សត្វព្រៃ​ផងដែរ ព្រោះ​ថា ច្បាប់​ត្រូវ​បាន​អនុវត្ត ១០០​ភាគរយ​ទៅ​លើ​បទល្មើស។ ​ទោះ​យ៉ាង​ណា ក៏​នៅ​តែ​មាន​អ្នក​លួច​ប្រព្រឹត្ត​ខ្លះ​ផងដែរ បើ​ទោះ​បី​ជា​ក្រុម​មន្រ្តី​ឧទ្យានុរក្ស​ខិតខំ​ល្បាត​យ៉ាង​ណា​ក៏​ដោយ។ ប៉ុន្តែ បទល្មើស​មិនមាន​កើតឡើង​ច្រើន​ដូច​មុន​នោះ​ទេ។ 

លោកថ្លែង​ថា៖​«វា​នៅ​មាន តែ​មិន​ច្រើន​ដូច​មុន ព្រោះ​ពលរដ្ឋ​មាន​ការ​យល់ដឹង ហើយ​ណា​មួយ​យើង​ចេញក្រម​បរិស្ថាន​ហើយ​ដែរ។ យើង​បាន​ផ្សព្វផ្សាយ​ទៅ​គាត់​បាន​ជ្រួតជ្រាប​និង​យល់ដឹង។ ក្រៅពី​នោះ​ក៏​មាន​ផ្ទាំង​រូប​ភាព ត្រូវ​បាន​ផ្សព្វ​ផ្សាយ​កុំ​ឱ្យ​បរិភោគ​សាច់​សត្វព្រៃ​ផងដែរ នៅ​គ្រប់​ភោជនីយដ្ឋាន​ទាំងអស់»។

ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច ស្ថិត​ក្នុង​ចំណោម​តំបន់​ការពារ​តំបន់​ធនធាន​ធម្មជាតិ​​ជាង១​លាន​ហិកតា​នៅ​ខេត្ត​មណ្ឌលគិរី​មាន​ដូចជា​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ស្រែពក ភ្នំណាមលៀ និង ដែន​ជម្រក​សត្វ​ព្រៃលំផាត់។

អង្គការ WWF Cambodia ​ក៏​បាន​លើកឡើង​ផងដែរ​ថា ចំនួន​សត្វព្រៃ​ផ្សេងៗ​ទៀត​ក៏​កំពុង​តែ​ធ្លាក់​ចុះ​ផងដែរ ដូច​ជា​សត្វ​ខ្សិប​(Bengal florican) សត្វទន្សោង (banteng) និង​សត្វខ្ទីង (Gaur) ជាដើម៕