ភ្នំពេញៈ អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​កំពុង​សហការ​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ក្នុង​ការ​ស្រាវជ្រាវ​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ​ ៨​ពាន់នាក់ ដើម្បី​សម្រេច​គោលដៅ​ជាតិ​ចុង​ក្រោយ ពី​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​​ដឹង​ពី​ស្ថានភាព​ផ្ទុក​មេរោគ​អេដស៍​របស់​អ្នក​ជំងឺ។


អគ្គលេខាធិការ​នៃ​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ (National AIDS Authority-NAA) លោក​ ឈឹម ឃិនដារ៉េត បាន​ឱ្យ​ដឹងថា តាម​ការ​ប៉ាន់​ស្មាន​ កម្ពុជា​មាន​អ្នក​ផ្ទុក​ជងឺ​អេដស៍​៧៦ ០០០នាក់​ក្នុង​ឆ្នាំ​២០២៣។ ប៉ុន្តែ​គិត​មក​ដល់​ត្រី​មាស​ទី២ ឆ្នាំ​២០២៤​នេះ អ្នក​ទៅ​ទទួល​សេវា​ព្យាបាល​ក្នុង​ប្រព័ន្ធ​មាន​តែ ៦៨ ០០០​នាក់​ប៉ុណ្ណោះ។

លោក​អគ្គលេខាធិការ​បញ្ជាក់​ថា៖ «អញ្ជឹង​យើង​គិត​ថា យើង​នៅ​ខ្វះ​ប្រមាណ​ជា​ ៨​ពាន់​អ្នក​ទៀត ដែល​អត់​ទាន់​ដឹង​ស្ថាន​ព [ផ្ទុក​មេរោគ​អេដស៍] របស់​ខ្លួន។ អត់​ទាន់​បាន​ដឹង​ខ្លួន...ខ្លះ​មិន​ហ៊ាន​ទៅ​ធ្វើ​តេស្ត ដោយសារ​បារម្ភ ឬ​អត់​ហ៊ាន​ប្រឈម​អី​អញ្ជឹង​ទៅ។ ជារួម​នៅ​ខ្វះ​បងប្អូន​យើង អត់​ទាន់​ដឹង​ពី​ស្ថានភាព​ហ្នឹង ប្រហែល​ជា​ ៨​ពាន់​នាក់»។ 


លោក​បន្ថែម​ថា អ្នក​ខ្លះ​ក៏​អាច​ទៅ​រក​សេវា​នៅ​ខាង​ក្រៅ​ប្រព័ន្ធ នៅ​តាម​ក្លីនិក ឬ​មន្ទីរពេទ្យ​ឯកជន​ជា​សង្ងាត់​ជាដើម។

អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​កំពុង​តែ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ដោយ​បង្កើត​កិច្ច​សហការ​ជាមួយ​នឹង​ក្រសួង​សុខាភិបាល និង​ភាគី​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ដើម្បី​រៀបចំ​ផ្តល់​ព័ត៌មាន​ពី​អ្នក​ទាំង ៨​ពាន់​នាក់​នោះ។


លោក​មាន​ប្រសាសន៍​ថា៖​ «ឥឡូវ​នេះ យើង​កំពុង​តែ​ដាក់​ក្នុង​យុទ្ធសាស្រ្ត ជំរុញ​ធ្វើ​មិច ដើម្បី​​ឱ្យ​បងប្អូន​យើង​មក​ទទួល​សេវា​ធ្វើ​តេស្ត​ឱ្យ​បាន​ដឹង​ពី​ស្ថានភាព​ហ្នឹង។ ៨​ពាន់​នាក់​ហ្នឹង យើង​អត់​ទាន់​មាន​ព័ត៌មាន​ថា គាត់​នៅ​ទីណា​ទេ។ ជួនកាល​​គាត់​អត់​ទាន់​ដឹង​ខ្លួន​គាត់​ផ្ទាល់ ឬ​ក៏​ទៅ​ទទួល​សេវា​កន្លែង​ផ្សេងៗ​ និយាយ​ឱ្យ​ចំ ​យើង​អត់​មាន​ព័ត៌មាន​ច្បាស់លាស់ ឥឡូវ​យើង​កំពុង​តែ​សិក្សា។ ចំណុច​នេះ យើង​អត់ទាន់​មាន​ការ​សិក្សា​ច្បាស់លាស់​ដែរ»។

លោក​ទេសរដ្ឋ​មន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរ​ក្រសួង និង​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ប៉ៃលិន​ទៅ​ធ្វើ​ទស្សនកិច្ច​ពី​ការ​ផ្តល់​សេវា​អេដស៍​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្រះកែវ និង​ខេត្ត​ចន្ទ​បុរី​ប្រទេស​ថៃ កាល​ពី​ពីរ​សប្តាហ៍​មុន។ 

នៅ​ក្នុង​ខេត្ត​ចន្ទបុរី គណៈប្រតិភូ​បាន​ទៅ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ​ ផុងណាមរ៉ុន (Pong Nam Ron)។ 

លោក Monsit Paisarntanawat អភិបាល​ខេត្ត​ចន្ទបុរី​បាន​លើក​ឡើង​ថា ជំនួប​ក៏​ដូចជា​ទស្សនកិច្ច​នេះ គឺជា​ឱកាស​មួយ​ដើម្បី​ពង្រឹង​និង​អភិវឌ្ឍ​វិស័យ​សុខាភិបាល​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ជំងឺ​អេដស៍។ ក្នុង​នោះ ភាគី​ទាំងពីរ​ក៏​អាច​នឹង​រៀបចំ​គោលការណ៍​ណែនាំ​សុខភាព និង​គ្រប់គ្រង​ជំងឺ​ឆ្លង​ក្នុង​ចំណោម​ពលករ​ផងដែរ។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍។

លោក​ទេស​រដ្ឋមន្ត្រី​បាន​ប្រាប់​ភាគី​ថៃ​ថា ដំណើរ​ទស្សនកិច្ច​នេះ ជា​ការ​សិក្សា​ស្វែង​យល់ ដើម្បី​បើក​ផ្លូវ​ទៅ​រក​កិច្ច​សហការ​ក្នុង​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​ជំងឺ​អេដស៍ ក្នុង​ចំណោម​ពលករខ្មែរ ដែល​ឆ្លងដែន​និង​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

លោក​បាន​បញ្ជាក់​ថា៖ «នៅ​កម្ពុជា​តាម​ការ​ប៉ាន់​ស្មាន​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ​ ៧៦ ០០០​នាក់។ ក្នុង​នោះ អ្នក​មក​ទទួល​សេវា​ថែទាំ​ព្យាបាល​ជំងឺ​អេដស៍​មាន​ចំនួន ៦៨ ០០០នាក់។ ដូច្នេះ មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ​ ៨ ០០០​នាក់​បាត់​មុខ​មិន​មក​ទទួល​សេវា​ក្នុង​ប្រព័ន្ធ ដែល​អាច​សំងំ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯកជន ឬ​ជា​ជន​ចំណាក​ស្រុក»។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​លើក​ឡើង​ថា នា​ពេល​អនាគត​ខាង​មុខ អ្នក​បច្ចេកទេស​កម្ពុជា​នឹង​ពិភាក្សា​លម្អិត​ជា​មួយ​ភាគី​ថៃ ដែល​អាច​ឈាន​ទៅ​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​ដើម្បី​ឱ្យ​ពលករ​ខ្មែរ អាច​ទទួល​ការ​ធ្វើ​តេស្ត​និង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ណា​មួយ​នៅ​ប្រទេស​ថៃ។

លោក ឃិនដារ៉េត ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា អ្នក​ជំងឺ​អេដស៍​ដែល​ទទួល​ការ​ព្យាបាល​ក្នុង​ប្រព័ន្ធ​មួយ​ចំនួន​តូច​ក៏​បាន​បោះ​បង់​សេវា​ព្យាបាល​ផងដែរ។ ក្នុង​ត្រី​មាស​ទី១ នៃ​ឆ្នាំ​២០២៤ អ្នក​បោះបង់​ការ​ព្យាបាល​មេរោគ​អេដស៍​មាន​ប្រមាណ ០,៩២​ភាគរយ។ កត្តា​នេះ​អាច​បណ្តាល​មក​ពី​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពួកគាត់។

លោក​មាន​ប្រសាសន៍​ថា៖ «ជួន​កាល​គាត់​អាច​ចល័ត ហើយ​បោះ​បង់​សេវា។ គាត់​កំពុង​តែ​ទទួល​សេវា​ព្យាបាល​នៅ​ស្រុក​យើង ​តែ​ធ្វើ​សំណាក​ស្រុក​នៅ​ថៃ។ អញ្ជឹង​យើង​ចង់​សហការ ដើម្បី​ឱ្យ​ផ្តល់​ការ​ព្យាបាល​គាត់​នៅ​ទីនោះ..ជំរុញ​ធ្វើ​ម៉េច​បាន​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍ ផ្តល់​សេវា​ថែទាំ​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ»។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ដាក់​ចេញ​នូវ​គោល​នយោបាយជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-២០២៨ កាល​ពី​ខែ​មីនា​កន្លង​មក។ 

លោក​អគ្គលេខាធិការ​បាន​លើក​ឡើង​ថា ទោះយ៉ាង​ណា ជាទូ​ទៅ​បញ្ហា​ជំងឺ​អេដស៍ គឺ​នឹង​មិន​អាច​បញ្ចប់​បាន​នោះ​ទេ។​ ហេតុនេះ ទើប​តម្រូវ​ឱ្យ​មាន​ចីរភាព​នៃ​ការ​ឆ្លើយតប។ ក្នុង​នោះ​គឺ​កម្ពុជា​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​អត្រា​នៃ​ការ​ឆ្លង​ថ្មី​ស្ថិត​ក្នុង​រង្វង់​ជាង​ ២០០​នាក់​ក្នុង​មួយ​ឆ្នាំ អត្រា​អ្នក​ស្លាប់​ឱ្យ​នៅ​រង្វង់ ក្រោម ២០០​នាក់​ក្នុង​មួយ​ឆ្នាំ​និង​លុប​បំបាត់​ការ​ម៉ាក់ងាយ និង​រើសអើង​ចំពោះ​អ្នក​ជំងឺ​អេដស៍​ផងដែរ។

ការ​ស្វែងរក​អ្នក​នៅ​ក្រៅ​ប្រព័ន្ធ ៨​ពាន់​នាក់​នោះ ក៏​ជា​ការ​ខិតខំ​មួយ​របស់​កម្ពុជា ដើម្បី​ឱ្យ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទទួល​បាន​ការ​ថែទាំ​និង​ព្យាបាល​ជាប់​លាប់ ក្នុង​ការ​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​ជាតិ ៩៥-៩៥-៩៥ ត្រឹមឆ្នាំ ២០២៥។

គោល​ដៅ​ជាតិ​នេះ​មាន​ន័យ​ថា ​៩៥ ភាគរយ នៃ​អ្នក​ផ្ទុក​មេរោគអេដស៍​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ដឹង​អំពី​ស្ថានភាព​ផ្ទុក​មេរោគ​អេដស៍​របស់​ខ្លួន, ៩៥​ភាគរយ​នៃ​អ្នក​ជំងឺ​ផ្ទុក​មេរោគ​អេដស៍ បាន​ទទួល​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ (ART) និង​ ៩៥​ភាគរយ​នៃ​អ្នក​ជំងឺ​ផ្ទុក​មេរោគ​អេដស៍​ដែល​កំពុង​ទទួល​ការ​ព្យាបាល​ដោយ ART មាន​បន្ទុក​មេរោគ​ត្រូវ​បាន​បង្ក្រាប។

លោក​បាន​គូស​បញ្ជាក់​ថា កម្ពុជា​បាន​សម្រេច​គោលដៅ​ជាតិ​ ៩៥​ ទី២ និង ៩៥ ទី៣​រួច​ហើយ គឺ​នៅ​តែ​៩៥​ទី១ ដោយសារ​តែ​បាត់​អ្នក​ជំងឺ​នៅ​ក្រៅ​ប្រព័ន្ធ​ទាំង​នោះ។ 

លោក​ថ្លែង​ថា៖ «អញ្ជឹង​អ្វី​ដែល​យើង​កំពុង​តែ​ជំរុញ​ហ្នឹង គឺ​ធ្វើ​ម៉េច​ឱ្យ​បងប្អូន​ដែល​អត់​ទាន់​បាន​ដឹង​ស្ថានភាព [ផ្ទុក​មេរោគ​អេដស៍] ហ្នឹង ឱ្យ​បាន​ចូល​ក្នុង​ប្រព័ន្ធ​សេវា​ដើម្បី​យើង​ដឹង។ ហ្នឹង​នៅ​ក្នុង​យុទ្ធសាស្រ្ត​៩៥ ទី១ ដែល​បច្ចុប្បន្ន​យើង​ទើប​សម្រេច​បាន​តែ ៨៩​ភាគរយ​ទេ។ គោលដៅ​របស់​យើង​ឱ្យ​បាន ៩៥​ភាគរយ។ គោលដៅ ៩៥ ភាគរយ ទី២ និង​ទី៣ បាន​ជោគជ័យ​លើស​ផែនការ​ហើយ»។

ការ​ធ្វើ​តេស្ត​និង​ព្យាបាល​ជំងឺ​អេដស៍​គឺ​មិន​អស់​ប្រាក់​នោះ​ទេ។ ហេតុនេះ​លោក​បាន​អំពាវនាវ​ឱ្យ​អ្នក​ជំងឺ​ទាំង ៨​ពាន់​នាក់​នោះ​ទៅ​ធ្វើ​តេស្ត ដើម្បី​ឱ្យ​ដឹង​ពីស្ថានភាព ផ្ទុក​មេរោគ​អេដស៍​និង​ទទួល​ការ​ព្យាបាល៕