ខណៈ​ដែល​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ចាក​ចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ (LDC) នៅ​ឆ្នាំ​២០២៩ មាន​មតិ​លើក​ឡើង​ផ្សេង​គ្នា​អំពី​ស្ថានភាព​ជាក់​ស្ដែង​ និង​ការ​រិះ​គន់​នៅ​លើ​បណ្ដាញ​សង្គម។


គណៈកម្មាធិការ​គោល​នយោបាយ​អភិវឌ្ឍន៍ (CDP) ​របស់​អង្គការ​សហប្រជាជាតិ បាន​វាយ​តម្លៃ​នៅ​ឆ្នាំ​២០២១ និង ឆ្នាំ​២០២៤ ថា​ កម្ពុជា​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​គ្រប់​គ្រាន់​ក្នុង​ការ​ចាក​ចេញ​ពី​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​ ២០២៧។ លក្ខខណ្ឌ​ទាំង​នោះ​មាន​ ៣​ចំណុច រួម​មាន​ចំណូល​ជាតិ​សរុប​​ (GNI)​ សម្រាប់​មនុស្ស​ម្នាក់, សន្ទស្សន៍​ធនធាន​មនុស្ស (HAI) និង សន្ទស្សន៍​ភាព​ងាយ​រងគ្រោះ​​នៃ​សេដ្ឋកិច្ច​និង​បរិស្ថាន (EVI)។

យោង​តាម​ការ​វាយ​តម្លៃ​របស់ ​CDP​ នៅ​ខែ​មីនា​ ឆ្នាំ​២០២៤ ចំណូល​ជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់​មាន​ចំនួន ១៥៩០​ដុល្លារ ដែល​លើស​លក្ខខណ្ឌ​តម្រូវ​ ១៣០៦​ដុល្លារ។ ​CDP បាន​លើក​ឡើង​ថា កម្ពុជា​បាន​ប្រើប្រាស់​យន្តការ​គាំទ្រ​ពី​អន្តរជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែល​ជួយ​ជំរុញ​ដល់​ការ​នាំ​ចេញ និង​កំណើន​សេដ្ឋកិច្ច ដែល​រួម​ចំណែក​ដល់​ការ​កើន​ឡើង​នៃ​ប្រាក់​ចំណូល​ជាតិ​ប្រចាំ​ឆ្នាំ (GNI)។


សម្រាប់​សន្ទស្សន៍​ធនធាន​មនុស្ស (HAI) វិញ កម្ពុជា​បាន​ឈាន​ដល់​កម្រិត ៧៧,៨ គឺ​លើស​កម្រិត​ចាំ​បាច់​ ៦៦ សម្រាប់​ការ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច។ នៅ​ក្នុង​ផ្នែក​នេះ CDP ​វាយ​តម្លៃ​ទៅ​លើ​កត្តា​អប់រំ សុខភាព អត្រា​មរណភាព​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ អត្រា​មរណភាព​មាតា អត្រា​ចូល​រៀន ដែល​ទាំង​អស់​នេះ​គាំទ្រ​ដល់​កំណើន​និង​ភាព​ធន់។

ចំណែក​សន្ទស្សន៍​ភាព​ងាយ​រងគ្រោះ​​នៃ​សេដ្ឋកិច្ច​និង​បរិស្ថាន (EVI) ប្រទេស​នីមួយៗ​ត្រូវ​ស្ថិត​នៅ​ក្រោម​កម្រិត​ងាយ​រងគ្រោះ​ ៣២ ហើយ​កម្ពុជា​ក៏​បំពេញ​លក្ខខណ្ឌ​នេះ​ដែរ​ដោយ​ស្ថិត​នៅ​កម្រិត ២៤,‌១។ CDP លើក​ឡើង​ថា កម្ពុជា​បាន​ធ្វើ​ពិពិធកម្ម​ទីផ្សារ​សម្រាប់​ផលិត​ផល​របស់​ខ្លួន ដែល​ជា​កត្តា​សំខាន់​ក្នុង​ការ​ធានា​បាន​នូវ​ភាព​ធន់​រយៈ​ពេល​វែង។ លើស​ពី​នេះ​កម្ពុជា ក៏បាន​កសាង​ភាព​ធន់​នឹង​បញ្ហា​បរិស្ថាន ដូចជា​គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​ជា​ដើម តាម​រយៈ​​ការ​ត្រៀម​ខ្លួន​ប្រឈម​នឹង​គ្រោះ​មហន្តរាយ​ និង​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ​និង​កសិកម្ម​ប្រកប​ដោយ​ភាព​ធន់។


យ៉ាងណា​ក៏ដោយ ការ​ចាកចេញ​ពី​ឋានៈ​ប្រទេស​ក្រី​ក្រ​នេះ ត្រូវ​បាន​ពន្យារ​ពី​ឆ្នាំ​២០២៧ ទៅ​ដល់​ឆ្នាំ ២០២៩ ដោយ​សារ​កម្ពុជា​ត្រូវ​ការ​ពេល​វេលា​ត្រៀម​ខ្លួន​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្រោយ​ពេល​ចាកចេញ​ជា​ធរមាន។

ក្នុង​​ក្នុង​ពិធី​អបអរ​សាទរ​ខួប ២០ ឆ្នាំ នៃ​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) ដែល​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា​ លោក​នាយក​រដ្ឋមន្ត្រី  ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា កម្ពុជា​ត្រូវ​តែ​ចាក​ចេញ​ពី​ឋានៈ​ប្រទេស​មាន​ការ​អភិវឌ្ឍន៍​តិច​តួច ទោះ​បី​ជា​ត្រូវ​បាត់​បង់​គោលការណ៍​អនុគ្រោះ​មួយ​ចំនួន​​ក៏​ដោយ ហើយ​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «តើ​យើង​នៅ​ក្រ​មួយ​ជីវិត​ឬ​យ៉ាង​ម៉េច? តើ​យើង​នៅ​ពឹង​គេ​បន្តក់​ឲ្យ​តាម​ការ​អនុគ្រោះ ឬ​ត្រូវ​ពឹង​ខ្លួន​ឯង? ចម្លើយ​គឺ​ចៀស​មិន​ផុស គឺ​ជម្រើស​ទី២។ យើង​គ្មាន​អ្វី​ក្រៅ​​ពី​ពង្រឹង​ឯករាជ​ និង​ភាព​ម្ចាស់​ការ​របស់​យើង​តាម​រយៈ​ការ​ចាក​ចេញ​ពី​ LDC ដើម្បី​ពង្រឹង​ខ្លួន​ឯង​បន្ថែម​ទៀត។

ការ​លើក​ឡើង​របស់​​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ថា កម្ពុជា​នឹង​ត្រូវ​ដក​ចេញ​ពី​ប្រទេស​ក្រីក្រ​នៅ​ឆ្នាំ​២០២៦។ ការ​ចុះ​ផ្សាយ​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​បញ្ចេញ​មតិ​ផ្សេង​គ្នា ដោយ​អ្នក​ខ្លះ​លើក​ឡើង​ថា ឆ្នាំ​២០២៦ ពួក​គេ​នឹង​ក្រ​រហាម​ជាង​មុន។ សារព័ត៌មាន​ខ្លះ​ចុះ​ផ្សាយ​ថា​ «ឆ្នាំ​ក្រោយ​នេះ​​កម្ពុជា​នឹង​ត្រូវ​ដក​ចេញ​ពី​ប្រទេស​ក្រីក្រ​ហើយ»។

លោក ហុង​ វណ្ណៈ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា ការ​ចាក​ចេញ​ពី​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​​របស់​កម្ពុជា មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ គឺ​ប្រទេស​នីមួយៗ​នៅ​លើ​ពិភពលោក​តែង​តែ​ចង់​ចាកចេញ​ពី​ឋានៈ​ប្រទេស​បែប​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កម្ពុជា​ផង​ដែរ។

លោក​បន្ត​ថា អ្វី​ដែល​ទទួល​បាន​ពី​ការ​ចាក​ចេញ​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នេះ គឺ​កិត្តិយស​រួម​របស់​កម្ពុជា ទាំង​សម្រាប់​រាជរដ្ឋាភិបាល និង ប្រជាជន។

លោក​ថា ការ​ចាក​ចេញ​នេះ​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​ធន់ ប្រជាជន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ការ​រាប់​អាន មាន​ភាព​ស៊ីវិល័យ​ជាង​មុន ជា​ពិសេស​ប្រទេស​ជិត​ខាង​លែង​មើល​ស្រាល​ពលរដ្ឋ​កម្ពុជា​ទៀត​ហើយ។ ការ​ចាក​ចេញ​នេះ​ក៏​មាន​ផល​ប្រយោជន៍​ផ្នែក​វិនិយោគ​ និង​នយោបាយ ផង​ដែរ ដោយ​សារ​កម្ពុជា​មាន​ឋានៈ​ស្មើ​ប្រទេស​ផ្សេងៗ​ទៀត។

លោក​និយាយ​ថា៖ «នៅ​ពេល​យើង​ទៅ​ណា​មក​ណា គេ​លែង​មើល​ស្រាល​យើង​ គេ​មើល​ឃើញ​ថា យើង​ជា​ប្រជាជន​ទំនើប ស៊ីវិល័យ និង​ជា​ប្រជាជន​មាន​ប្រាក់​ចំណូល​សមរម្យ គឺ​ប្រៀប​ដូច​គ្រួសារ​មួយ​ដែល​មាន​លទ្ធភាព​រស់​នៅ​បាន​សមរម្យ»។

ការ​ចាក​ចេញ​ពី​ LDC ក៏​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា ការ​លែង​ទទួល​បាន​ភាព​អនុគ្រោះ​ ការ​កាត់​បន្ថយ​ជំនួយ និង​ជំនួយ​ឥត​សំណង​ និង​ការ​មិន​ទទួល​បាន​អត្រា​ការ​ប្រាក់​ទាប​សម្រាប់​កម្ចី​អភិវឌ្ឍន៍​នានា។ ដូច្នេះ កម្ពុជា​គួរ​តែ​ចាប់​ផ្ដើម​កាត់​បន្ថយ​កម្ចី​ពី​ចាប់​ពី​ឆ្នាំ​២០២៥​ តទៅ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហុង វណ្ណៈ។

លោក​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ស្វែង​យល់​ពី​ការ​ចាក​ចេញ​របស់​កម្ពុជា​ពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច ដើម្បី​ជៀសវាង​ការ​យល់​ ឬ បក​ស្រាយ​ខុស ឬ​បន្តុះ​បង្អាប់​ការ​ប្រឹង​ប្រែង​របស់​កម្ពុជា។ លោក​ថា ការ​ចាក​ចេញ​នេះ​ មិន​មែន​កម្ពុជា​ជា​អ្នក​សម្រេច​ខ្លួន​ឯង​នោះ​ទេ គឺ​ជា​ការ​វាយ​តម្លៃ​របស់​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន។

លោក​ថ្លែង​ដូច្នេះ​ថា៖ «អ្វី​ទៅ​មុខ​ទៀត យើង​ត្រូវ​តែ​ខិតខំ ហើយ​ទទួល​យក​អ្វី​ដែល​ជា​ការ​ពិត។ រដ្ឋាភិបាល​ក៏​ត្រូវ​តែ​ខំ​ព្យាយាម​ពង្រឹង​វិស័យ​សំខាន់ៗ ដើម្បី​ជា​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ និង​ធានា​នូវ​ភាព​ធន់​របស់​សេដ្ឋកិច្ច​កម្ពុជា»។

ប៉ុន្តែ លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​  យល់​ឃើញ​ថា លោក​មិន​ទាន់​មាន​សុទិដ្ឋិនិយម​ថា​ កម្ពុជា​អាច​ចាក​ចេញ​ពី​ឋានៈ​ប្រទេស​ក្រីក្រ​នៅ​ឆ្នាំ ​២០២៩​នោះ​ទេ ដោយ​មើល​ទៅ​លើ​ជីវភាព​​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ។

លោក​ថា ប្រទេស​ខ្លះ​បាន​អះអាង​ថា​ខ្លួន​ជា​ប្រទេស​ក្រីក្រ​ទោះ​បី​សេដ្ឋកិច្ច​របស់​គេ​លូត​លាស់​ខ្លាំង​ក៏​ដោយ ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ។

លោក​បន្ត​ថា​ ការ​វាយ​តម្លៃ​ដោយ​ផ្អែក​លើ​ចំណូល​ប្រចាំ​ឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់ៗ​ ធ្វើ​ឡើង​ដោយ​យក​ទ្រព្យ​សម្បត្តិ​សរុប​ចែក​ជាមួយ​នឹង​ចំនួន​ប្រជាជន​សរុប​ ខណៈ​ដែល​ទ្រព្យ​ពិតប្រាកដ​នៅ​តែ​ជា​របស់​អ្នក​មាន​ដដែល។ 

លោក​ថា៖ «អីចឹង​ទៅ យើង​ឃើញ​ថា វា​មិន​មែន​ជា​លុយ​របស់​ពលរដ្ឋ​ឯណា គឺ​លុយ​របស់​ឧកញ៉ា របស់​អ្នក​មាន​តើ។ នេះ​ជា​រឿង​មួយ​ដែល​ខ្ញុំ​មើល​ឃើញ»។

លោក​​បន្ត​ថា រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​លើ​កត្តា​ប៉ះពាល់​ពី​ការ​ចាក​ចេញ​នេះ និង​អាច​ពិចារណា​លើ​ការ​ពន្យារ​ការ​ចាក​ចេញ​នេះ​ទៅ​ពេល​ក្រោយ​ទៀត ដើម្បី​ឲ្យ​កម្ពុជា​មាន​ឱកាស​ស្ដារ​ប្រទេស​ឡើង​វិញ​បន្ទាប់​ពី​វិបត្តិ​កូវីដ១៩ និង​បញ្ហា​ដែល​កំពុង​កើត​ឡើង​នៅ​លើ​ពិភពលោក៕