ភ្នំពេញ៖ លោក យិច សមិទ្ធិ សមាជិកនៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ឱ្យ​ដឹងថា  គ.ជ.ប នឹង​លុប​ឈ្មោះ​អ្នក​បោះឆ្នោត ១១១ ៨៨៩ នាក់​ក្នុង​ចំណោម​ឈ្មោះ​ជិត ១០​លាន​នាក់​ចេញ​ពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២៤។


លោក សមិទ្ធិ បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​​ប្រកាស​ផ្សាយ​អំពី​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ការដាក់ ការ​ទទួល និង​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​តវ៉ា ឬ/និង​បណ្តឹង​ជំទាស់​ទាក់ទង​នឹង​បញ្ជី​បោះឆ្នោត​ដំបូង កាល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤។

កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូលរួម​ពី​តំណាង​អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន ក្រសួង​ការពារជាតិ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ តំណាង​គណបក្ស​នយោបាយ​ចំនួន ១៥ តំណាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាលចំនួន ១២ ព្រមទាំង អ្នកសារព័ត៌មាន សរុប​ចំនួន ៦៤ នាក់។


លោក​បាន​ថ្លែង​ថា​៖ «​អ្នក​បោះឆ្នោត​ដែល​នឹងត្រូវ​លុបចេញ​ពី​បញ្ជី​បោះឆ្នោត ដោយ​មូលហេតុ ផ្លាស់​ចេញ ស្លាប់ ឈ្មោះ​ស្ទួន និង​ការដក​សិទ្ធិ​បោះឆ្នោត ផ្អែក​តាម​ឯកសារ​សម្អាង​ត្រឹមត្រូវ និង​ច្បាស់លាស់»។​

លោក សមិទ្ធិ បាន​បង្ហាញ​​តួលេខ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​ថា ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នោះ មាន​ចំនួន ៩ ៩៩២ ៤២១ នាក់ ក្នុងនោះ​ស្ត្រីមាន​ចំនួន ៥ ៣០៤ ៨៥៥ នាក់ និង​មាន​ការិយាល័យ​បោះឆ្នោត សរុប​ចំនួន ២៤ ១៩០ ការិយា​ល័យ​។ 


គ.ជ.ប បាន​បញ្ជាក់​ថា តួលេខ​ប៉ាន់ស្មាន​សម្រាប់​ធ្វើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២៤ នេះ មាន ២២៤ ១៥៦​នាក់ ដោយ​អ្នក​បាន​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ១៧៧ ៥៦៨​នាក់ ឬ​ស្មើ​នឹង ៧៩,២២​ភាគរយ​នៃ​ផែនការ។

យោង​តាម​សេចក្ដី​ប្រកាស​របស់ គ.ជ.ប បាន​ឱ្យ​ដឹង​ថា៖ «ចំពោះ​គោលបំណង​នៃ​ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​និង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​នោះ គឺ​ដើម្បីឱ្យ​អ្នកបោះ​ឆ្នោត​ពិនិត្យ ផ្ទៀងផ្ទាត់​ឈ្មោះ និង​ទិន្នន័យ​របស់ខ្លួន និង​ដើម្បី​ប្ដឹងតវ៉ា ឬ​/​និង​ប្ដឹង​ជំទាស់​។ ករណី​បណ្តឹង​នេះ ឯកឧត្តម​ប្រធាន​ដឹកនាំ​អង្គប្រជុំ បាន​ជម្រាបជូន​ខាងដើម​រួចហើយ​»។​

គ.ជ.ប បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ​២០២៤នេះ​។ 

បុគ្គល​គ្រប់​រូប​​​មាន​សិទ្ធិ​ប្ដឹងតវ៉ា ឬ​/​និង​ប្ដឹង​ជំទាស់​ជា​លាយលក្ខណ៍អក្សរ តាម​ទម្រង់​បែបបទ​ពាក្យបណ្តឹង ទ​.១២០២ ទាក់ទង​នឹង​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​ទៅ​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​រយៈពេល ៥ (​ប្រាំ​) ថ្ងៃ​យ៉ាងយូរ​បន្ទាប់​ពីថ្ងៃ​បិទ​ផ្សាយ​បញ្ជី​នោះ​។ 

លោក សមិទ្ធិ បាន​បន្ដថា ពាក្យ​បណ្ដឹងតវ៉ា អាចធ្វើ​ឡើង​អំពី​ការបាត់​ឈ្មោះ​របស់​អ្នកបោះឆ្នោត ឬ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត តែ​កត់ត្រា​មិន​ច្បាស់លាស់ ឬ​ត្រូវបាន គ​.​ជ​.​ប លុបឈ្មោះ​មិន​ត្រឹមត្រូវ។

លោក​បាន​លើកឡើង​ពី​​ភាព​មិនប្រក្រតី​មួយចំនួន​ទៀត ដែលអាច​ប្ដឹង​តវ៉ា​បាន​ ដូចជា​  បុគ្គល​មានឈ្មោះ តែ​​ឈ្មោះ​នោះ​ស្ថិតនៅក្នុង​ការិយាល័យ​ផ្សេង​ទៅវិញ អ្នក​មានឈ្មោះ តែ​​ឈ្មោះ​ និង​ទិន្នន័យ​ពាក់ព័ន្ធ​មាន​ភាពមិនច្បាស់លាស់ ឬ​មិន​ត្រឹមត្រូវ​តាម​ព័ត៌មាន​ដែល​បាន​ផ្តល់ឱ្យ និង​ឃើញ​ឈ្មោះ​ដែរ តែ​ឈ្មោះ​នោះ​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុបចេញ​ពី​បញ្ជី​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់​។

លោកបានបន្ថែមថា​ បុគ្គល​ណាម្នាក់​ក៏​អាចប្ដឹង​ជំទាស់ឱ្យ​លប់​ឈ្មោះ​​បុគ្គល​ផ្សេង​ទៀតចេញពី​បញ្ជី​បោះឆ្នោត​​ ពេល​ដែល​បុគ្គល​នោះ​មិនមាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ដោយសារ​មិនមាន​សញ្ជាតិ​ខ្មែរ មិនទាន់​គ្រប់​អាយុ​ចុះឈ្មោះ​បោះឆ្នោត​ស្របតាម​ច្បាប់ មិនមាន​លំនៅឋាន ឬ​ទី​សំណាក់​ក្នុង​ឃុំ សង្កាត់​នោះ ឬស្ថិតក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ ឬ​ត្រូវបាន​ដកសិទ្ធិ​បោះឆ្នោត ឬ​វិកលចរិត ឬ​ស្ថិតក្រោម​អាណាព្យាបាល​ទូទៅ ដោយមាន​លិខិតបញ្ជាក់​ពី​ក្រសួង ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច ហើយ​ជន​នោះ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ច្រើនជាង​មួយកន្លែង​។​

ប្រសិនបើ​រកឃើញថា មាន​កំហុសឆ្គង ប្រជាពលរដ្ឋ​អាច​​​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​ក្រុម​ប្រឹក្សាឃុំ សង្កាត់ នៃ​ឃុំ សង្កាត់​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៤​៕