អ្នកស្រី ​Samantha Power នាយិកា​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​របស់​សហរដ្ឋអាមេរិក (USAID) ​បាន​ប្រកាស​ផ្ដល់​មូលនិធិ​ក្នុង​ទឹកប្រាក់​ជាង ១៧ លាន​ដុល្លារ​សម្រាប់​គម្រោង​ថ្មីៗ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​គាំទ្រ​ផ្នែក​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា និង​ការ​បោះ​សម្អាត​មីន។


អ្នកស្រី​ Power បាន​មក​ដល់​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី២២ ខែតុលា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ២​ ថ្ងៃ​មក​កម្ពុជា​ និង​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​តុលា​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ USAID នៅ​ថ្ងៃទី២២ ខែតុលា បាន​បញ្ជាក់​ថា អ្នក​ស្រី​ Power បាន​ប្រកាស​គម្រោង​ថ្មី​ឈ្មោះ​ថា គំនិត​ផ្ដួច​ផ្ដើម​រួបរួម​សហគមន៍​ដើម្បី​បញ្ចប់​ជំងឺ​របេង ឬ USAID’s Community Mobilization Initiatives to End Tuberculosis 2 ហៅ​កាត់​ថា COMMIT 2។ គម្រោង​នេះ​មាន​រយៈ​ពេល​ ៥ ឆ្នាំ ដាក់​ចេញ​ដើម្បី​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង​នៅ​កម្ពុជា។ គ្រោង​នេះ មាន​ទឹកប្រាក់​ ៤​លាន​ដុល្លារ​នៅ​ឆ្នាំ​ដំបូង ហើយ​នឹង​ត្រូវ​អនុវត្ត​ដោយ​អង្គការ​KHANA។


សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា USAID នឹង​សហការ​ជាមួយ​កម្ពុជា​ដើម្បី​លើក​កម្ពស់​ការ​រុក​រក​ករណី​រោគ​របេង​សកម្ម​ដោយ​ធ្វើការ​នៅ​​ជាមួយ​សហគមន៍​ក្នុង​មូលដ្ឋាន ដើម្បី​កែ​លម្អ​ការ​ត្រួត​ពិនិត្យ និង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​ជំងឺ​របេង ​ការ​រាយការណ៍​តាម​ប្រព័ន្ធ​ឌីជីថល​នៃ​ករណី​ជំងឺ​របេង​ និង​ការ​បង្ការ​ថែទាំ​ជំងឺ​របេង។

មូលនិធិ​ចំនួន​ជាង ១ លាន​ដុល្លារ​ទៀត​ត្រូវ​បាន​ប្រកាស​សម្រាប់​ការ​គាំទ្រ​ការអង្កេត​ថ្នាក់​ជាតិ​ដំបូង ដើម្បី​វាយ​តម្លៃ​កម្រិត​នៃ​ធាតុ​ដែក​ធ្ងន់​ដូច​ជា​ជាតិ​សំណ​ និង​ជាតិ​អាសេនិក​ក្នុង​ចំណោម​កុមារ ស្ត្រី​មាន​ផ្ទៃពោះ ក្នុង​បរិស្ថាន​ និង​ផលិតផល​ផ្សេងៗ។ ការ​អង្កេត​នេះ​នឹង​ធ្វើ​ឡើង​រវាង​អង្គការ​ Unicef និង​រាជរដ្ឋាភិបាល។


លោកស្រី Power ក៏​បាន​ប្រកាស​អំពី​ការ​ផ្តល់​មូលនិធិ​ថ្មី​ចំនួន ១២ លាន​ដុល្លារ​ដើម្បី​គាំទ្រ​សកម្មភាព​ដោះ​មីន រួម​ទាំង​ការ​បោស​សម្អាត​គ្រាប់​មីន និង​ការ​អប់រំ​អំពី​គ្រោះ​ថ្នាក់​សម្រាប់​សហគមន៍​មូលដ្ឋាន។ 

បើ​តាម​ USAID រហូត​មក​ដល់​ពេល​នេះ ដៃគូ​របស់​សហរដ្ឋ​អាមេរិក​បាន​បោស​សម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ចំនួន​ជាង ១,៥ លាន​គ្រាប់​ នៅ​លើ​ទំហំ​ផ្ទៃ​ដី​ប្រមាណ ២៣​ម៉ឺន​អារ នៅ​កម្ពុជា។ ការ​បន្ត​ការងារ​នេះ​នឹង​ជួយ​សង្គ្រោះ​ជីវិត និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សុវត្ថិភាព ហើយ​ប្រជាជន​មាន​សុខភាព​ល្អ។

សេចក្ដីប្រកាស​ព័ត៌មាន​លើក​ឡើង​ថា៖ «ការ​លើក​កម្ពស់​សន្តិសុខ​ផ្នែក​សុខភាព​នៅ​កម្ពុជា​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យើង​ដឹង​ថា យើង​ទាំង​អស់​គ្នា​មាន​សុវត្ថិភាព​កាន់​តែ​ច្រើន​នៅ​ពេល​ដែល​ជំងឺ​ឆ្លង​ដូច​ជា​ជំងឺ​របេង​មាន​កម្រិត​ទាប ហើយ​យើង​កាន់​តែ​រឹង​មាំ​នៅ​ពេល​យើង​ទទួល​បាន​ការ​ថែទាំ​សុខភាព​ដោយ​ស្មើ​ភាព​គ្នា»។

USAID ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ ក្នុង​ការ​ជួយ​កម្ពុជា​ឱ្យ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​របស់​ខ្លួន​ដោយ​កែ​លម្អ​សុខភាព​របស់​ប្រជាជន​កម្ពុជា​ រួម​ទាំង​លុប​បំបាត់​ជំងឺ​របេង​ឲ្យ​អស់​នៅ​ត្រឹម​ឆ្នាំ ២០៣០ ការ​ពារ​ការ​ប៉ះពាល់​ដោយសារ​តែ​កម្រិត​នៃ​ធាតុ​ដែក​ធ្ងន់​ដូច​ជា​ជាតិ​សំណ​ ក្នុង​ចំណោម​ម្តាយ​និង​កុមារ និង​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៃ​ការ​គំរាម​កំហែង​មក​លើ​សុខភាព​សាធារណៈ​នា​ពេល​អនាគត៕