ភ្នំពេញៈ ក្រសួង​ការពារ​ជាតិ​បាន​ហាម​យក​យាន​យន្ត ​ដែល​ពាក់​ផ្លាក​លេខ​ខេម​រភូមិន្ទ​(ខ.ម) ទៅ​ធ្វើ​ការ​ជួល​ប​ន្ត​ឱ្យ​បណ្តា​ក្រុម​ហ៊ុន ស្ថាប័ន ​ឬបុគ្គល​ឯក​ជន​ទៅ​ប្រើ​ប្រាស់ ​និង​ហាម​យក​ផ្លាក​នេះ​ទៅ​បំពាក់​លើ​យាន​យន្ត​ផ្សេង​ទៀត​ ដែល​ខុស​ពី​ប្រភេទ​យាន​យន្ត ​ដែល​បាន​ស្នើ​សុំ។


ការហាម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ជូនដំណឹង​ស្តីពីកា​រប្រើ​ប្រាស់​យាន​យន្ត​ពាក់​ផ្លាក​លេខចរាចរណ៍​ខ.ម របស់​ អគ្គ​នាយក​ដ្ឋាន​សម្ភារៈ​បច្ចេកទេស ​នៃ​ក្រសួង​ការ​ពារ​ជាតិ​ចុះ​ថ្ងៃ​ទី២១ តុលានេះ ដែលទើប​និង​ផ្សព្វ​ផ្សា​យ​ជា​សា​ធារ​ណៈ បន្ទាប់ពីមានការណែនាំ​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន ​ម៉ាណែត​នាពេល​ថ្មី​នេះ។

អគ្គនាយក​ដ្ឋាន​បាន​ជូន​ដំណឹង​ដល់​ស្ថាប័ន​ កង​ឯកភាព​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គបញ្ជាការដ្ឋាន គ្រប់បណ្តា​ប្រភេទ​ទ័ព និង​ទ័ពជំ​នាញ ​ដែល​ប្រើ​ប្រាស់​ផ្លាក​លេខ ខ.ម ​ថា ការ​ដាក់​ចេញ​នូវ​វិធាន​ការ​កំណ​ត់នេះ​ គឺ​ដើម្បីធានា​ឱ្យ​បាន​កា​ន់​តែ​ល្អ​ប្រ​សើរ​នូវ​វិន័យ​សណ្តាប់​ធ្នាប់ ​ការគារព​ ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ​ពង្រឹង​ទប់ស្កាត់​ការ​ប្រើ​ប្រាស់​ផ្លាក​លេខ ខ.ម ​ដែល​បណ្តាល​ឱ្យ​ប៉ះ​ពាល់ដល់​សង្គម​សាធារណៈ​។ ​ក្នុង​នោះ​មាន​ ដូចជា​ បញ្ហា​គ្រោះ​ថ្នាក់ចរាចរណ៍ ​បុគ្គល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​មាន ​ភាព​ក្រ​អឺត​ក្រទម ​មិន​សក្តិសម​ជា​មន្ត្រី​យោធា ​ដែល​ធ្វើ​ឱ្យ​មាន​ការ​វាយ​តម្លៃ និង​ទទួ​លកា​រ​រិះ​គន់​ពី​សាធារណ​ជន​ ជាពិសេស​ប៉ះ​ពាល់​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​កង​យោធ​ពលខេម​រភូ​មិន្ទ។


សេចក្តី​ជូន​ដំណឹង​បាន​សរសេរ​ដែរ​ថា៖«អ្នក​ប្រើប្រា​ស់យា​ន​យន្ត​ពាក់​ផ្លាក​លេខ​ចរាចរណ៍​ខេម​រភូមិន្ទ​ ត្រូ​វតែ​ជា​នាយ​ទាហាន​ជាយោធិន ​នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ ​និង​អាស្រ័យ​មេ​បញ្ជា​ការ​អង្គភាព​បញ្ជាក់​ស្នើ​សុំ​បំពេញ​បែបបទ ​តាម​ឋានានុក្រម​ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ស៊ីវិល​ ឬ​ជន​បរទេស​ប្រើ​ប្រាស់​បាន​ឡើយ»។ ​

ក្រៅ​ពី​នោះ ​ចំពោះ​ក្រុម​ហ៊ុន​សហ​ការ​វិនិ​យោគជា​មួយ​វិស័យ​ការ​ពារ​ជាតិ ​ក៏​ត្រូវ​បាន​អនុវត្ត​ដូច​គ្នា​នេះ​ផង​ដែរ។ ក្នុង​ករណី​ដែលអនុវត្តខុស​ពីបម្រាម​កំណត់​នេះ​ អគ្គ​នាយកដ្ឋាន​សម្ភារៈ​បច្ចេក​ទេស ​នឹង​ចាត់​វិធាន​ការ​ច្បាប់​ជា​ធរ​មាន។


ចំពោះ​នាយ​ទាហាន ​ដែល​ត្រូវ​បាន​អនុញ្ញា​ត​ឱ្យ​ប្រើប្រាស់​ផ្លាក​លេខ​នេះ ​ត្រូវ​គោរព​ តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ជា​កំណត់​ ។ ក្នុង​ករណី​រំលោភ​បំពាន ​ការ​ប្រើ​ប្រាស់​ផ្លាក​លេខច​រាចរណ៍ ​ខ.ម ត្រូវ​បាន​ដក​ហូត​មក​រក្សាទុក​នៅ​អគ្គ​នាយក​ដ្ឋាន​សម្ភារៈ​បច្ចេ​កទេស​វិញ។ រីឯ​ នាយ​ទាហាន ​ដែល​បាន​ចូល​និវត្តន៍ ​ពលី ​មរណៈ និង​ពិការ ​ត្រូវ​អស់​កាត​ព្វកិច្ច​ប្រើ​ប្រាស់​ផ្លាក​នេះ ​និង​ត្រូវ​បាន​ដក​ហូត​មក​រក្សា​ទុក​នៅអ​គ្គនាយកដ្ឋានសម្ភារៈ​បច្ចេកទេស​វិញ​ផង​ដែរ។

អគ្គនាយក​ដ្ឋាន​ឱ្យ​ដឹង​ផង​ដែរ​ថា ​យានយន្ត ​ដែល​អាច​បំពាក់​ផ្លាក​លេខ ​ខ.ម​ មា​នដូ​ចជា យាន​យន្ត​ដែល​រដ្ឋ​បំពាក់ យាន​យន្តជា​ជំនួយពីបណ្តា​ប្រទេស​នានា ​សម្រាប់​អង្គភាព​កង​ទ័ព ​យាន​យន្ត​ជា​អំណោយ​ពី​សប្បុរស​ជន​នានា សម្រាប់​អង្គ​ភាព​កងទ័ព​ និង​យានយន្ត​ជាកម្មសិទ្ធិ​របស់រដ្ឋ ​ដែល​អស់​ប្រសិទ្ធភាព​ប្រើ​ប្រាស់ ហើយ​ត្រូវ​កែ​ច្នៃ​រៀប​ដំ​ឡើង​សារ​ជា​ថ្មី។ ។ លើស​ពីនោះ ​គឺ​មាន​ យានយន្ត ​ដែល​ទទួល​បាន​ពី​ការ​សម្រេច​របស់​តុលាការ​ និង​យាន​យន្ត​ដែលបាន​បំពេញ​កាតព្វ​កិច្ច​បង់​ពន្ធ​នាំ​ចូល ​និង​អាករ​ផ្សេងៗ​រួច​រាល់។

លោក​ គឹម​បញ្ញា នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP) បាន​គាំទ្រ​ចំពោះ​វិធាន​ការ​ថ្មី​នេះ​ ព្រោះ​ថា ​ការ​ប្រើ​ប្រាស់ យាន​យាន្ត ដែល​ពាក់​ផ្លាក​លេខ ខ.ម ​នេះត្រូ​វតែ​ចាំ​បាច់​បំរើផ​លប្រ​យោជន៍​អង្គភាព ​ស្ថាប័ន​ក៏ដូច​ជា​ប្រយោ​ជន៍​របស់​សង្គម​ជាតិ។

លោក​ថ្លែង​ថា៖«អញ្ជឹង​បើ​យក​ទៅ​ប្រើ​ខុស​ពី​គោល​ដៅ ​វា​ជា​រឿង​មួយ​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​អង្គភាព ​ឬ​ប្រ​យោ​ជន៍​ជាតិ​របស់​យើង។ ទាក់​ទង​ទៅ​នឹង​មុខ​មាត់​វិញ​ វា​ធ្វើ​ឱ្យ​បាត់​ជំនឿ​របស់​សាធារណ​ជន​លើ​ស្ថាប័ន​»។

ចំពោះ​ការ​ប្រើប្រាស់​ផ្លាក​លេខ ​ខ.ម ​គរ​បាលជាតិ (ន.ប)​ ឬ​ ផ្លាក​លេខ​រដ្ឋ​នេះ​ផង​ដែរ​ លោក​ក៏​បាន​សំណូមឱ្យ​មានវិ​ធានកា​រ​តាម​ដាន ​ត្រួតពិ​និត្យ ឬវាយ​តម្លៃជា​ទៀង​ទាត់ ​ក្នុង​រយៈ​ពេល​៣ ឬ ​៦​ខែ​ម្តង នៅតាម​អង្គ​ភាព​ ឬ ចៃដន្យ ​(Random) ក្រោម​កិច្ច​សហ​ការ​ជាមួយ​នគ​បាល​ចរាចរណ៍។ បន្ថែម​ពី​នោះ ​ក៏​គួរ​តែ​បង្កើត​ឱ្យ​មាន ជា​លេខ​ទំនាក់​ទំនង​ដល់​មហាជន​ ឱ្យ​ផ្តល់​ព័ត៌​មាន​ត្រឡប់​ទៅ​វិញ ​ក្នុង​ន័យ​ស្ថាបនា ដើម្បី​ឱ្យ​មាន​ការ​ពិនិត្យ ​និង​កែ​តម្រូវ និង​មាន​វិធាន​ការ​ផ្សេងៗ​ផង​ដែរ។

លោក​បាន​សំណូមពរ​ដូ​ច្នេះ​ថា៖«ក្រសួង​ការពារជាតិ​ ដែល​ជា​សមាជិក​មួយ​នៃ​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​សូម​ពិនិ​ត្យលទ្ធភាព​នៅ​ក្នុង ​ការ​បង្កើត​គោល​នយោបាយ ​ឬ​ក៏​បទ​បញ្ជា​ផ្ទៃ​ក្នុង​សម្រាប់​ក្រសួង ទាក់​ទង​នឹង​ការ​លើក​កម្ពស់សុ​វត្ថិភាព​ចរាចរណ៍ ​ដែល​កំណត់​នូវ​អ្វី​ដែល​អ្នក​បើក​បរ​ជា​នាយ​ទាហាន ​មន្រ្តី​បុគ្គលិក​របស់​ក្រសួង ​ត្រូវ​អនុវត្ត ​និង​អ្វី​ដែល​មិន​ត្រូវ​ធ្វើ ​ជា​ពិសេស ​គឺ​ពេល​ធ្វើ​ដំណើរ ​ឬ​ប្រើ​ប្រាស់​យានយន្ត​ពាក់​ផ្លាក​ខ.ម»។

លោកបាន​លើក​ឡើង​ដែរ​ថា ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍ ​ជាបញ្ហា​ចំបង​មួយ​សម្រាប់​ប្រទេស​កម្ពុជា។​ហេតុ​នេះ ​ក្រសួង​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ក៏​គួរ​តែ​មាន​ការ​បង្កើត​ឱ្យ​មាន​ជន​បង្គោល ​ដែល​មាន​ភារៈកិច្ច​ក្នុង​ការ​មាន​ផែន​ការ សកម្មភាព​ផ្សេងៗ ​និង​អនុវត្ត ​ដើម្បី​ជំរុញ​ឱ្យ​មានការ​គោរព​ច្បាប់ ​ក្នុង​ចំណោម​ពល​ទាហាន ​នាយ​ទាហាន ​នគរ​បាល ឬ​មន្រ្តី​រាជ​ការ​ដទៃ​ទៀត។​

អគ្គស្នង​ការ​នគរ​បាល​ជាតិ​ កាលពីសប្តាហ៍មុន ក៏​បាន​សម្រេច​លុប​ទិន្នន័យ​យាន​យន្ត​ជិត ​២​ពាន់​គ្រឿង​ចេញ​ពី​បញ្ជី​គ្រប់​គ្រង​យាន​យន្ត ​ដែល​បំពាក់​ផ្លាក​លេខ​ន.ប​ ក្នុង​ដំណាក់​កាល​ទី​១​ បន្ទាប់​ពី​ប្រ​មុ​ខរ​ដ្ឋា​ភិបាល​បាន​ណែនាំ​ឱ្យ​ពង្រឹង​ប្រ​សិទ្ធិ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ផ្លាក​លេខ «ន.ប» និង «ខ.ម»​ ឱ្យ​បាន​ត្រឹម​ត្រូវនេះផងដែរ៕