ភ្នំពេញៈ​ គ្រឿង​ញៀន​ជាង ៧ ​តោន​ត្រូវ​បាន​រឹប​អូស ​ហើយ​ជន​សង្ស័យ​ជាង​២ម៉ឺន​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​រយៈ​ពេល​១ឆ្នាំ​ ខណៈដែល​មន្រ្តី​រាជការ ៩៤​នាក់ ក្នុង​ចំណោមជាង​១០ម៉ឺន​នាក់ ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌរដ្ឋ ក្រោយ​ពី​រក​ឃើញ​ប្រើ​ប្រាស់​គ្រឿង​ញៀន។


អាជ្ញាធរមាន​សមត្ថ​កិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ ០០៨​ករណី ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន២៧ ៨១៧នាក់ (ស្រ្តី២ ១៣០នាក់) រឹបអូសគ្រឿងញៀនចំនួន៧តោន និង​៥១៨​គីឡូក្រាម ក្នុង​រយៈ​ពេល១ឆ្នាំ ​នៃរាជ​រ​ដ្ឋាភិ​បាល ​អាណត្តិទី​៧​នេះ។ ក្រៅ​ពី​នោះ ​ក៏​បាន​រក​ឃើញ ​និង​ធ្វើ​ការ​រឹប​អូស​កញ្ឆា​ស្រស់​ចំនួន​ ២៦ ២៦៧​ដើម កញ្ឆា​ស្ងួត​ចំនួន​៧២​គីឡូ​ក្រាម និងចាប់យក​សារធាតុ​គីមី​ផ្សំ​ចំនួន១​តោន ​៩២​គីឡូ​ក្រាមផង​ដែរ។ នេះ​បើ​យោង​តាម​របាយការណ៍​សង្ខេប​របស់​លោក​នាយ​ឧត្តមសេនីយ៍​ មាស ​វិរិទ្ធ​ អគ្គ​លេខាធិការ​ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​(អ. ជ. ប. គ. ញ)​ ដែល​ភ្នំពេញប៉ុស្តិ៍​ទើប​ទទួល​បាន។

របាយការណ៍​នេះ​ត្រូវ​បាន​រាយការណ៍​ជូន​ថ្នាក់​ដឹក​នាំ ​ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​លទ្ធផលការ​ងាររបស់ អ. ជ. ប. គ. ញ​រយៈ​ពេល១ឆ្នាំ នា​ថ្ងៃ​ទី​២១ ខែ​តុលា​នេះ។


គ្រឿង​ញៀន​គ្រប់​ប្រភេទ​ ដែល​ត្រូវ​បាន​រឹប​អូស​ដោយ​សមត្ថកិច្ច ភាគ​ច្រើន​ចេញ​ពី​តំបន់​ត្រីកោណមាស ដែល​ត្រូវ​បាន​ដឹក​ឆ្លង​កាត់​ព្រំ​ដែន​តាម​ទិសឦសាន​ និង​ពាយព្យ​ចូល​មក​ក្នុង​កម្ពុជា។​គ្រឿង​ញៀន​ទាំង​នោះ មានដូចជា មេតំហ្វេតាមីន កេតាមីន ​ហេរ៉ូអ៊ីន ​និង​សារធាតុ​ញៀន​ថ្មី​ផ្សេងៗ​ទៀត​។ ក្រៅ​ពីនោះ​សារ​ធាតុ​គីមីផ្សំ​ អា​ស៊ីត​ស៊ុលហ្វូរិកខាប់ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ស្រុក​សៀមប៉ាង ​ខេត្ត​ស្ទឹង​ត្រែង​ផង​ដែរ។

លោក​នាយ​ឧត្តមសេនីយ៍​ មាស ​វិរិទ្ធ​បាន​ថ្លែង​ថា​៖«មក​ដល់​ពេល​នេះ ​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​នាការ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី៩ ​សមត្ថកិច្ច ​អនុវត្ត​ច្បាប់​បង្ក្រាប​បាន​ករណីជួញដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​តាម​ក្លឹប​កម្សាន្ត​ធំៗបាន​ជា​ច្រើន​កន្លែង ឈាន​ទៅ​លុបបំបាត់​បាន​ស្ទើរទាំង​ស្រុង ​ធ្វើ​ឱ្យ​សកម្មភាព​ជួញ​ដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្នុង​សហគមន៍ មាន​ការ​ថមថយ​ជាង​មុន ​និង​ទប់​ស្កាត់​បាន​មិន​ឱ្យមា​នកា​រលួច​កែ​ច្នៃផលិត​គ្រឿង​ញៀន​នៅ​ក្នុងប្រទេស»។


ក្នុង​ការអនុវត្ត​នីតិវិធី​ច្បាប់​នេះ​ផង​ដែរ ​ក៏មាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ ​និង​រឹបអូស​បាន​នូវ​ រថយន្ត​៦៧​គ្រឿង​ ម៉ូតូ​១៤​គ្រឿង គណនី​ធនាគារ ​១១៨គណនី ​អចលន​ទ្រព្យ៦៩​កន្លែង ​ដែល​សរុប​ជា​ទឹក​ប្រាក់​មាន​ប្រមាណ​ជា​ ១០​លាន​ដុល្លារ​អាមេ​រិក។

ចាប់​តាំង​ពី​អនុវត្តតាម​បទ​បញ្ជា​លេខ​០១ របស់​រដ្ឋាភិ​បាល​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ​កន្លង​មក​ រហូត​ដល់​ពេល​នេះ មន្ត្រី​រាជ​ការ​ចំនួន១០៩ ៦៧០នាក់ បាន​ធ្វើ​តេស្តរហ័ស​ ដើម្បី​រក​សារ​ធាតុ​ញៀនតាម​ទឹក​មូត្រ។​ ក្នុង​នោះ ​បាន​រក​ឃើញ វិជ្ជមាន​សារ​ធាតុញៀន​ចំនួន​ ៩៨​នាក់ ​ដែល​ក្នុង​នោះ​ត្រូវបាន​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌរដ្ឋ​ចំនួន​៩៤​នាក់ ​កំពុង​រៀប​ចំនីតិ​វីធី​បណ្តេញ​ចេញ​ចំនួន ​៣នាក់ ​និង​កំពុង​បន្ត​ការ​តាម​ដាន​ចំនួន​ម្នាក់​ផង​ដែរ។ នេះ​បើ​យោង​តាម​របាយការ​ណ៍​ដដែល​នេះ។

តាម​រយៈ​មជ្ឈ​មណ្ឌល​ជាតិ ​មណ្ឌល​ព្យា​បាល​របស់​រដ្ឋ ​ឯក​ជន ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ការ​ព្យាបាល​តាមស​ហគមន៍ ​ក្នុង​មូល​ដ្ឋាន​សុខាភិបាល​សាធារណៈ​ អ. ជ. ប. គ. ញ គ្រប់​គ្រង​អ្នក​ប្រើ​ប្រាស់ ​និង​អ្នក​ញៀន​គ្រឿង​ញៀន​បាន​ប្រមាណ​៣​ម៉ឺន​នាក់។

ក្នុង​នោះ​ អ្នក​ញៀន​គ្រឿង​ញៀន​កំពុង​ទទួល​ការ​ព្យាបាល​ក្នុង​មជ្ឈមណ្ឌល​ទាំង​១៩​កន្លែង មាន​ចំនួន ​៨ ៥១២​នាក់ ​បាន​ធ្វើ​សមាហរណកម្ម​ចំនួន​ ១១ ៩៨២​នាក់​ និង​កំពុង​ព្យាបាល​នៅ​តាម​មូល​ដ្ឋាន​សុខាភិ​បាល សាធារណៈ​ទាំង​៤៥៨​កន្លែង ​មាន​ចំនួន​ ៥ ៥០១​នាក់​ជា​ដើម។

អ. ជ. ប. គ. ញ ក៏​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អប់រំ​ ដោយ​ផ្ទាល់ ​និង​ប្រយោល ​ដើម្បី​បង្ការ​ និង​ទប់​ស្កាត់​ការ​ប្រើប្រា​ស់​គ្រឿង​ញៀន​ផង​ដែរ​ ដោយ​បាន​ផ្តល់​សារ​អប់​រំដល់​ប្រជាពល​រដ្ឋ​ប្រមាណ​ជាង​២៤​លាន​ អង្គ/​នាក់​ ដែល​ក្នុង​ម្នាក់​អាច​ចូល​រួម​ទទួល​សារ​អប់​រំ​លើស​ពី​១​ដង។

ទាក់​ទង​នឹង​បញ្ហា​គ្រឿង​ញៀន​នេះ​ដែរ ​ជន​ជាតិ​ចិន​ចំនួន​ ​៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ​ក្រោយ​ពី​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​អស់​រយៈ​ពេល​ជិត​១ខែ និង​រក​ឃើញគ្រឿ​ងញៀ​ន​ប្រ​មាណ​ជា​១០០​គី​ឡូ​ក្រាម​កាល​ពី​ពេល​ថ្មីៗ​នេះ។ 

យោង​តាម​កង​អាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា បន្ទាប់ពី​ធ្វើកា​រ​ស៊ើបអង្កេតនេះ កម្លាំង​ជំនាញ​នៃ ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​បាន​កំណត់​មុខ​សញ្ញា​បាន ​និង​ឈាន​ដល់​ការ​បង្ក្រាប​ជាក់​ស្តែង ​ដោយមាន​ការ​ស​ម្រប​សម្រួល​ពី​លោក​ ប្លង់​ សុផល ​ព្រះរា​ជអា​ជ្ញារង​សាលា​ដំបូងរាជធានីភ្នំពេញ។ ក្នុងនោះ​បាន​ធ្វើ​ការ​ឆែក​ឆេរ​ទី​តាំង​ចំនួន​៤ បាន​រក​ឃើញ​គ្រឿង​ញៀន​ចម្រុះ ​ប្រហែល​១០០​គី​ឡូ​ក្រាម។

ជន​ជាតិ​ចិន ​ដែល​រួម​មាន ​បុរស​៣នា​ក់ និង​ស្រ្តីម្នា​ក់ រួម​នឹង​វត្ថុត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន ​នៃ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ កសាង​សុំណុំ​រឿង​បញ្ជូ​នទៅ​តុលាការ ​ដើម្បី​ធ្វើ​ការផ្ត​ន្ទាទោ​ស​តាម​ច្បាប់។

លោក​ប្លង់ ​សុផល ​ដែល​ជា​អ្នក​នាំ​ពាក្យ​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​មិន​បាន​ធ្វើ​អត្ថា​ធិបាយបាន​បន្ថែមលើក​រណី​នេះ​នោះទេ៕