ថ្នាក់​ដឹកនាំ​កម្ពុជា​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​លោក ជា ចាន់តូ អតីត​អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា, អគ្គទេសាភិបាល​កិត្តិយស​ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ធំ ដែល​បាន​ទទួល​មរណភាព​ នៅ​ថ្ងៃ​ទី២៥ ខែតុលា​នេះ ក្នុង​ជន្មាយុ ៧៣​ឆ្នាំ​ដោយ​រោគាពាធ។


ក្នុង​លិខិត​របស់​លោក​ទៅ​កាន់​លោកស្រី​ ខៀវ ស៊ីណា ដែល​ជា​ភរិយា​របស់​លោក ជា​ ចាន់តូ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​​ថា លោក​និង​ភរិយា​ពិត​ជា​មាន​សេចក្ដី​ក្ដុក​ក្ដួល​រំជួល​ចិត្ត​ជា​ពន់​ពេក និង​សោក​ស្តាយ​ចំពោះ​មរណភាព​របស់​លោក ជា ចាន់តូ។

លោក​ថ្លែង​ថា មរណភាព​របស់​លោក ជា ចាន់តូ គឺ​ជា​ «ការ​បាត់​បង់​ឥស្សរជន​ដ៏​ឆ្នើម​របស់​ជាតិ ដែល​តែង​តែ​បាន​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង ក្នុង​បុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ​លើក​ស្ទួយ កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ និង​ធ្លាប់​បាន​បំពេញ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​បំផុត​ជូន​ប្រទេស​ជាតិ តាម​រយៈ​ការ​កំណត់ និង​ដឹកនាំ​គោល​នយោបាយ​រូបិយវត្ថុ សំដៅ​រួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ ក្នុង​ក្របខ័ណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​រៀង​រហូត​មក»។


លោកស្រី ឃួន សុដារី ប្រធាន​រដ្ឋសភា ក៏​បាន​ផ្ញើរ​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​លោក ជា ចាន់តូ ផង​ដែរ។

លោកស្រី​ថ្លែង​ថា​លោក ជា ចាន់តូ បាន​ដឹក​នាំ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា ឲ្យ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ដែល​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា តាម​រយៈ​ការ​លើក​កម្ពស់​គោលនយោបាយ សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​ និង​ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក។


លោកស្រី​ថ្លែង​ថា៖ «ទោះ​បី​រូបកាយ ​ឯកឧត្តម បាន​បាត់​បង់​ទៅ​ក៏​ពិត​មែន ប៉ុន្តែ​កេរ​ដំណែល កិត្តិយស សេចក្តី​ថ្លៃ​ថ្នូរ ភាព​អំណត់​តស៊ូ និង​ស្នាដៃ របស់​ឯកឧត្តម​នឹង​នៅ​ស្ថិត​ស្ថេរ​ក្នុង​ចិត្ត​ក្រុម គ្រួសារ ញាតិ​មិត្ត​ជិត​ឆ្ងាយ ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រដ្ឋសភា ព្រម​ទាំង​ប្រជាពលរដ្ឋ​ទាំង​អស់​ជានិច្ច​និរន្តរ៍»។

លោក ជា ចាន់តូ ត្រូវ​បាន​តែង​តាំង​ជា​អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ​ចាប់​​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០២៣។ លោក​ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្រសួង​ផែនការ​ពី​ឆ្នាំ​១៩៨៦ ដល់​ឆ្នាំ​១៩៩៨ និង​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ពី​សាកលវិទ្យាល័យ ​Southern California សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ​១៩៩៥៕