លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ក្រើន​រំលឹក​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​កុំ​ឲ្យ​ចាញ់​បោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឬ​អនឡាញ និង​ប្រាប់​ឲ្យ​សមត្ថកិច្ច​ទប់ស្កាត់​បទ​ល្មើស​នេះ ខណៈ​ដែល​ជនល្មើស​ព្យាយាម​បោក​ប្រាស់​គ្រប់​គោល​ដៅ រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី​ផង​ដែរ។


លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ «ទំនប់​អូរតេ​ធិបតី» ក្នុង​ខេត្ត​មណ្ឌល​គិរី​ កាល​ពី​ថ្ងៃ​ទី២៤ ខែ​តុលា​ថា៖ «ឥឡូវ​នេះ​លឿន ផ្សព្វផ្សាយ​តាម​តេឡេក្រាម​បបួល​ទិញ​នេះ​ទិញ​នោះ ហើយ​អ្នក​ខ្លះ​ចូល​មក​ប្រើ​ឈ្មោះ​ពួក​ម៉ាក​ខ្ញុំ​ទៀត ឈ្មោះ​ពួក​ខ្ញុំ តេឡេក្រាម​ពួក​ម៉ាក​ខ្ញុំ មក​សុំ​ខ្ចី​លុយ​ ៥០០​ដុល្លារ ថា​គេ​ជាប់​នៅ​អ៊ីតាលី ទៅ​លេង​នៅ​ហ្នឹង ចោរ​លួច​កាបូប​អស់​ហើយ។ អីចឹង​សុំ ផ្ញើ​៥០០​ឲ្យ​មក បាញ់​តាម​នេះ​មក។ ខ្ញុំ​សួរ​ទៅ​ពួក​ម៉ាក​ខ្ញុំ​ថា ចុះ​ម៉េច​បាន​ទៅ​ជាប់​នៅ​អ៊ីតាលី? គាត់​ថា ខ្ញុំ​មាន​ទៅ​ឯណា ខ្ញុំ​នៅ​ស្រុក​ខ្មែរ​តើ»។

លោក​បន្ត​ថា៖ «អត់ទេ! ប្រយ័ត្ន​ប្រយែង​មែនទែន បច្ចេកវិទ្យា​នេះ។ សមត្ថកិច្ច​យើង​បាន​ធ្វើ​ការ​ងារ​ច្រើន​ទាំង​ក្រសួង​មហាផ្ទៃ ទាំង​ក្រសួង​ប្រៃសណីយ៍ ទាំង​ក្រសួង​ជំនាញ​ ប្រយ័ត្ន​ប្រយែង​មែនទែន។ អីចឹង​បច្ចេកវិទ្យា​នេះ​ពិបាក ហើយ​ការ​ប្រើប្រាស់​សូម​ឲ្យ​ប្រុង​ប្រយ័ត្ន ហើយ​សុំ​ឲ្យ​សមត្ថកិច្ច​របស់​យើង ជាពិសេស​ខាង​ជំនាញ ទប់ស្កាត់ ព្រោះ​មាន​ការ​បោក​ប្រាស់​អី​តាម​អនឡាញ​ច្រើន​ដែល​យើង​ត្រូវ​ប្រយ័ត្ន​ប្រយែង»។


បច្ចុប្បន្ន​នេះ ការ​បោក​ប្រាស់​នៅ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ​អនឡាញ មាន​រូបភាព​ផ្សេងៗ ដូចជា​ការ​បន្លំ​ធ្វើ​ជា​សាច់ញាតិ​ ឬ មិត្តភ័ក្ត្រ​ដែល​ជួប​បញ្ហា​ហើយ​សុំ​ខ្ចី​ប្រាក់ ការ​លក់​របស់​ក្លែង​ក្លាយ ការ​រៃអង្គាស​ក្រោម​ហេតុផល​សប្បុរសធម៌ និង​ការ​លួច​ទិន្នន័យ​ផ្សេងៗ។ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ការ​ឆបោក​ទ្រង់​ទ្រាយ​ធំ​ដូចជា​ការ​ជ្រើសរើស​បុគ្គលិក​ក្លែងក្លាយ ដែល​ទី​បញ្ចប់​ជន​រងគ្រោះ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​អនឡាញ​ដោយ​ខ្លួន​ឯង ការ​វិនិយោគ​ក្លែង​ក្លាយ។

យោង​តាម​សម្ព័ន្ធ​ប្រឆាំង​នឹង​បទ​ល្មើស​ឆបោក​សាកល (GASA) បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​ឆបោក​តាម​អនឡាញ​កំពុង​កើន​ឡើង​នៅ​លើ​ពិភពលោក ដែល​កាល​ពី​ឆ្នាំ​មុន មនុស្ស​ទូទាំង​ពិភពលោក​បាត់​បង់​ប្រាក់​ចំនួន​ជាង ១​ ទ្រីលាន​ដុល្លារ។


នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ Asia Scam Report 2024 ដែល​និយាយ​អំពី​ការ​ឆបោក​នៅ​តំបន់​អាស៊ី ក្រុមការងារ​សម្ព័ន្ធ​នេះ​បាន​ស្រាវជ្រាវ​លើ​មនុស្ស​ចំនួន ២៤៧៣១ នាក់​នៅ​ឆ្នាំ​២០២៤​នេះ នៅ​ក្នុង​ប្រទេស​ចំនួន​១៣ (មិន​មាន​កម្ពុជា) ​ដោយ​បាន​រក​ឃើញ​ថា ទឹក​ប្រាក់​ប្រមាណ​ ៦៨៨,៤២​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​បាត់​បង់​ទៅ​លើ​បទ​ល្មើស​ឆបោក​តាម​អនឡាញ។

របាយការណ៍​ដដែល​បាន​ឲ្យដឹង​ថា បញ្ហា​ប្រឈម​ក្នុង​ការ​ទប់​ស្កាត់​គឺ​ការ​ផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​រហ័ស ដែល​ធ្វើ​ឲ្យ​ពួក​ជន​ល្មើស​អាច​កេង​ចំណេញ​ពី​ប្រព័ន្ធ​នេះ ដោយសារ​តែ​ការ​ដែល​ផ្ទេរ​ប្រាក់​ហើយ​ អ្នក​ផ្ទេរ​មិន​អាច​ទាញ​ត្រឡប់​មក​វិញ​បាន។

ក្រុម​អ្នក​ទីប្រឹក្សា​នៅ GASA លើក​ឡើង​ថា បន្ថែម​លើ​ការ​អនុវត្ត​ច្បាប់ ការ​អប់រំ​អំពី​បញ្ហា​នេះ​គឺជា​រឿង​ចាំបាច់ លើក​កម្ពស់​ការ​យល់​ដឹង​របស់​សាធារណជន​អំពី​ល្បិច​កល​របស់​ជន​ល្មើស និង​ការ​រាយការណ៍​សកម្មភាព​ឆបោក​ទៅ​សមត្ថកិច្ច។

ស្ថានទូត​បរទេស​មួយ​ចំនួន​នៅ​កម្ពុជា ធ្លាប់​បាន​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ជ្រើស​រើស​បុគ្គលិក​ក្លែងក្លាយ​ដែល​អាច​ឲ្យ​ជន​រងគ្រោះ​ធ្លាក់​ចូល​ក្នុង​ការ​បង្ខិត​បង្ខំ​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក។

អ្នក​វិភាគ​ថ្លែង​ថា អាជ្ញាធរ​កម្ពុជា​គួរ​ដោះស្រាយ​បញ្ហា​នេះ​ ពីព្រោះ​​វា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មុខ​មាត់​របស់​ប្រទេស​កម្ពុជា។

លោក ប៉ា ច័ន្ទរឿន ច័ន្ទ​រឿន​ នាយក​ប្រតិបត្តិវិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា​ ថ្លែង​ថា៖ «វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កេរ្តិ៍​ឈ្មោះ និង​កិត្តិយស​របស់​កម្ពុជា នៅ​ក្នុង​ឆាក​អន្តរជាតិ​និង​វិស័យ​វិនិយោគ ទេសចរណ៍ និង ទំនាក់​ទំនង​ផ្សេងៗ»។

លោក​បន្ត​ថា ​ដោយសារ​តែ​រឿង​នេះ​វា​ផ្ទុះ​ឡើង​និង​ក្លាយ​ជា​រឿង​តំបន់​ពាក់​ព័ន្ធ​នឹង​ប្រទេស​ជា​ច្រើន ទាំង​ប្រទេស​ដែល​ជន​ល្មើស​ធ្វើ​សកម្មភាព និង​ប្រទេស​​នៃ​ជន​​គ្រោះ ប្រទេស​ទាំង​អស់​គួរ​ធ្វើ​ការ​រួម​គ្នា ដោយ​តម្លាភាព។

លោក​ថ្លែង​ថា៖ «កម្ពុជា​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នេះ និង​លាង​ជម្រះ​នូវ​មន្ទិល​សង្ស័យ​ និង​លាង​នូវ​កេរ្តិ៍​ឈ្មោះ​ដែល​ខូច​ខាត​ដោយសារ​តែ​បទ​ល្មើស​ឆបោក​អនឡាញ និង​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា»៕