ភ្នំពេញៈ ប្រទេស​កម្ពុជា​នឹង​ពង្រីក​ការ​ទូត​បរិស្ថាន​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ផ្សព្វផ្សាយ​នូវ​ភាព​ស្អាត​របស់​កម្ពុជា នៅ​ពេល​ចូលរួម​សន្និសីទ នៃ​រដ្ឋភាគី​កិច្ច​ព្រមព្រៀង អង្គការ​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ លើក​ទី​១៦ (COP16) នៅទីក្រុង​កាលី ប្រទេស​កូឡុំប៊ី ដែល​មាន​ប្រទេស​ជិត​ ២០០​ចូលរួម។


រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ដែល​តំណាង​ប្រមុខ​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្រ្តីហ៊ុន ម៉ាណែត បាន​ដឹកនាំ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ទៅ​ចូលរួម​កិច្ច​ប្រជុំ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី​២១ ខែ​តុលា ដល់​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​នេះ។

លោក​រដ្ឋមន្រ្តី​បាន​ថ្លែង​នៅ​មុន​ពេល​ចេញ​ដំណើរ​ទៅ​ចូលរួម​ប្រជុំ​នេះ នា​យប់​ថ្ងៃទី​២៦ ខែ​តុលា​នេះ​ថា អ្វី​ដែល​ជា​ការរំពឹង​ទុក​នោះ គឺ​កម្ពុជា នឹង​ពង្រីក​ការ​ទូត​បរិស្ថាន​កម្ពុជា ទៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ធ្វើ​យ៉ាងណា​ផ្សព្វផ្សាយ​នូវ​ភាពស្អាត​របស់​កម្ពុជា។ 


លោក​បញ្ជាក់​ថា៖​«ដូច​ខ្ញុំ​បាន​ដាក់​ចេញ​អញ្ជឹង ភាព​ស្អាត​របស់​កម្ពុជា​មាន​៣ ទី១ ភាពស្អាត​ក្នុង​ផ្នត់​គំនិត​របស់កម្ពុជា ទី២ ភាពស្អាត​នៅ​ក្រៅ​ខ្លួន ប៉ុន្តែ​នៅ​ក្នុង​ដែន​ប្រទេស​កម្ពុជា ៣ ភាពស្អាត​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។ ដំណើរ​ចូល​រួម​កិច្ច​ប្រជុំ​នេះ​គឺ​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ ធ្វើ​យ៉ាង​ណា​ឱ្យ​អន្តរជាតិ​យល់​ដឹង​កាន់​តែ​ច្បាស់​ឡើង​ពី​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា ពី​ភាព​ស្អាត​របស់​កម្ពុជា ជៀសវាង​យល់​ច្រលំ​ពី​កម្ពុជា»។ 

លោក​បាន​លើក​ឡើង​ថា កិច្ច​ប្រជុំ COP16 ដែល​ពាក់ព័ន្ធ​នឹង​ជីវៈចម្រុះ​នេះ គឺ​ផ្តោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់ ប្រមែប្រមូល​កៀរគរ និង​ពិចារណា​ថាតើ ពិភពលោក​នេះ​គប្បី​ធ្វើ​យ៉ាង​ណា​ខ្លះ​ដើម្បី​ថែទាំ អភិរក្ស និង​អភិវឌ្ឍជីវៈចម្រុះ​នៅ​តាម​ប្រទេស​នីមួយៗ។ 


ប្រទេស​ទាំង ១៩៦​ប្រទេស​នេះ នឹង​នាំគ្នា​រំលេច​ចេញ​នូវ​បញ្ហា​និង​ផ្តល់ជា​​ដំណោះស្រាយ​ទាំង​ឡាយ ហើយនឹង​ប្រឹងប្រែង​កៀរគរ​ថវិកា ដែល​ធ្វើ​យ៉ាងណា​ឱ្យ​បាន​ប្រមាណ ៧០០​ពាន់​លាន​ក្នុង​មួយ​ឆ្នាំ។ 

លោក​បន្ត​ថា ថវិកា ៧០០​ពាន់​លាន​​នេះ​នឹង​យក​មក​ចែក​ជូន​ទៅ​ប្រទេស​កំពុង​អភិឌ្ឍន៍​ក្នុង​នោះ​រួម​ទាំង​កម្ពុជាផងដែរ ដើម្បី​យក​មក​ថែរក្សា​និង​អភិរក្ស ធនធាន​ជីវៈចម្រុះ​កម្ពុជា និង ជីវៈចម្រុះ​នៅ​ទូទាំង​ពិភពលោក។ 

លោក​រដ្ឋមន្រ្តី​បាន​ថ្លែង​ដូច្នេះ​ថា៖ «កម្ពុជា​យើង​នឹង​ចេញ​សេចក្តីថ្លែងការណ៍​ថ្នាក់​ជាតិ​នៅ​ទីនោះ​ដែរ ដើម្បី​ឆ្លុះបញ្ជាំង​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​យើង​ផង និង​ដំណើរការ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​យើងផង។ ទាំង​នេះ​គឺ​សុទ្ធសឹង​តែ​ជា​ធាតុចូល​ដែល​កម្ពុជា​នឹង​ផ្តល់​ជូន​ផង និង​ក៏​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ផង ក្នុង​ការ​អភិរក្ស​ជីវៈចម្រុះ​កម្ពុជា»។

យោង​តាម​ក្រសួង​បរិស្ថាន បាន​ឱ្យ​ដឹង​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ដោះស្រាយ​បញ្ហា​សកល ជាមួយ​អន្តរជាតិ ផ្អែក​តាម​យុទ្ធសាស្រ្ត និង ការ​អនុវត្ត​សកម្មភាព​ប្រកប​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់។ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​លើក​យក​គោល​នយោបាយ​ជាតិ យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន វិធាន​ការ​ការពារ​និងអភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ជាពិសេស យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក ការ​ដាំ​ដើមឈើ​ឱ្យបាន​ច្រើន ដើម្បី​បង្កើន​គម្របព្រៃ ការ​អភិវឌ្ឍ​វិស័យ​ឌីជីថល និង ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ កៀរគរការ​គាំទ្រ ដើម្បី​ធានា​ការ​អភិរក្ស​ជីវៈចម្រុះ និង​ការ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន​ជាដើម។ 

ក្រៅពី​ការ​ឡើង​ថ្លែង​សន្ទរកថា​ក្នុង​កិច្ច​ប្រជុំ​នោះ លោក​រដ្ឋមន្រ្តី​ក៏​នឹង​ទទួល​ជួប​សម្តែង​ការ​គួសម និង​ពិភាក្សា​ការងារ ជាមួយ​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​ជា​មិត្ត​មួយ​ចំនួន​ ដៃគូ​អភិវឌ្ឍន៍ និង​តំណាង​វិស័យ​ឯកជន​ផងដែរ ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ លើ​ការងារ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ការ​អភិរក្ស​ជីវៈចម្រុះ ដើម្បី​ការ​រស់នៅ​ប្រកប​ដោយ​ចីរភាព។

កិច្ច​ប្រជុំ COP15 កាល​ពី​ឆ្នាំ​២០២២ ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង ម៉ុងរ៉េអាល់ ប្រទេស​កាណាដា ដែល​កិច្ច​ព្រមព្រៀង​ជា​លក្ខណៈ​អន្តរជាតិ​មួយ​ត្រូវ​បាន​ឯកភាព ដើម្បី​ការពារ ៣០ភាគរយ​នៃ​ផ្ទៃដី និង​មហាសមុទ្រ (៣០​គុណ​៣០) នៅ​ឆ្នាំ ២០៣០៕