កម្ពុជា​គ្រោង​នឹង​បើក​ស្ថាន​អគ្គ​កុងស៊ុល​របស់​ខ្លួន​នៅ​ខេត្ត​ហឺណាន ប្រទេស​ចិន ​នា​ពេល​ខាង​មុខ​នេះ ដើម្បី​ជំរុញ​ទេសចរណ៍​ និង​ការ​វិនិយោគ​ជាមួយ​នឹង​ខេត្ត​ដែល​មាន​ប្រជាជន​ប្រមាណ ១០០​លាន​នាក់​នេះ។ អ្នក​ជំនាញ​យល់​ថា កម្ពុជា​គួរ​បង្កើត​ស្ថាន​កុងស៊ុល​ឲ្យ​បាន​ច្រើន​ ខណៈ​ដែល​កម្ពុជា​នឹង​ចិន​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា។


នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​គណៈ​រដ្ឋមន្ត្រី​ កាល​ពី​ថ្ងៃ​សុក្រ ទី២៥ ខែតុលា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ណែនាំ​ឱ្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សហការ​ជាមួយ​ស្ថាន​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​បើក​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា ប្រចាំ​ខេត្ត​ហឺណាន ដោយ​លោក​ចាត់​ទុក​ខត្ត​នេះ​ថា ជា​«គោលដៅ​សំខាន់​និង​មាន​សក្ដានុពល​ខ្ពស់»។

ផែនការ​បើក​ស្ថាន​កុងស៊ុល​នេះ ក៏​ត្រូវ​បាន​បង្ហើប​ឲ្យដឹង​ដោយ​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ក្បាច់គុន​ល្បុក្កតោ និង​ក្បាច់គុន​សៅលីញ នៅ​ក្នុង​ខេត្ត​នេះ កាល​ពី​ពេល​ថ្មីៗ។


លោក ហួត ហាក់​ លើក​ឡើង​ថា ពលរដ្ឋ​នៅ​ខេត្ត​ហឺណាន​មាន​ប្រមាណ ១០០​លាន​នាក់ ប៉ុន្តែ​ហើយ​រាប់​បញ្ចូល​ពលរដ្ឋ​នៅ​ខេត្ត​ជិតៗ​នេះ អាច​មាន​ចំនួន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់។ លោក​រំពឹង​ថា ការ​បើក​កុងស៊ុល​ខ្មែរ​នៅ​ខេត្ត​នេះ នឹង​អាច​ទាក់​ទាញ​ទេសចរណ៍​​បាន ១ លាន​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​នឹង​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង។

ក្រសួង​ទេសចរណ៍​និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​រៀបចំ​ «ពិព័រណ៍​ម្ហូបអាហារ​កម្ពុជា-ចិន» នៅ​មុខ​សួន​ព្រះរាជដំណាក់​ខេត្ត​សៀមរាប ពី​ថ្ងៃ​សៅរ៍ ទី២៦ ដល់​ថ្ងៃ​ទី២៧​ ខែតុលា។


លោក​រដ្ឋមន្ត្រី ហួត ហាក់ បាន​ថ្លែង​​ក្នុង​ពិព័រណ៍​ម្ហូបអាហារ​នេះ​ថា នៅ​​ឆ្នាំ​២០២៣ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​ជាង ៥,៤៥​លាន​នាក់ កើន​ឡើង​ ១៣៩,៥%​ ក្នុង​នោះ​មាន​ទេសចរ​ចិន​ចំនួន​៥៤៧,៧៩៨នាក់​ កើន​ឡើង ៤១២,៦%។ សម្រាប់​​រយៈ​ពេល​ប្រាំបី​ខែ​ឆ្នាំ២០២៤​នេះ ​ទេសចរ​ចិន​មាន​ចំនួន ៥៣៨,៨៣៤នាក់ ​កើន​ឡើង ​៤៧,៧% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក​ថ្លែង​ថា៖ «តាម​ការព្យាករណ៍ កម្ពុជា​នឹង​ទទួល​បាន ទេសចរ​អន្តរជាតិ​ចំនួន ៧​លាន​នាក់ ក្នុង​នោះ​ទេសចរ​ចិន​មាន​ជាង ២លាន​នាក់ ​នៅ​ឆ្នាំ​២០២៥»។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ហួត ហាក់ ចូលរួម​ក្នុង​ពីធី​ពិព័រណ៍​ម្ហូប​អាហារ​ កម្ពុជា ចិន នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី២៦ ខែតុលា ២០២៤។ រូបថត រដ្ឋបាល​ខេត្ត​សៀមរាប

លោក​បន្ត​ថា៖ «អនាគត​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា គឺ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ស្រូប​ទាញ​កំណើន​នៃ​លំហូរ​ទេសចរ និង​វិនិយោគិន​ចិន​បាន​ឡើយ។ កម្ពុជា​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​ចិន តាម​រយៈ​ការ​សម្រួល​បរិយាកាស​ទទួល​បដិសណ្ឋារកិច្ច​ល្អ និង​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ដល់​ទេសចរ និង​វិនិយោគិន​របស់​មិត្ត​ចិន​នៅ​កម្ពុជា»។

លោក​ក៏​ស្នើ​ឲ្យ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បន្ត​កិច្ច​សហការ​ជាមួយ​ក្រសួងទេសចរណ៍ ឱ្យ​កាន់​តែ​​​ស៊ី​ជម្រៅ​បន្ថែម​ទៀត ពិសេស​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌​ប្រពៃណី ម្ហូបអាហារ និង​សក្ដានុពល​ទេសចរណ៍​សំខាន់ៗ​ដ៏​សម្បូរ​បែប​របស់​កម្ពុជា ទៅ​ដល់​ប្រជាជន​នៅ​គ្រប់​ខេត្ត​ ក្រុង​នានា ក៏​ដូច​ជា​ជំរុញ​ឱ្យ​មាន​ជើង​ហោះ​ហើរ​ត្រង់​រវាង​ខេត្ត ក្រុង​នានា​នៃ​ប្រទេស​ចិន​មក​កម្ពុជា។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​ ថ្លែង​ថា កម្ពុជា​ចិន​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា ដូច្នេះ​កម្ពុជា​គួរ​តែ​ពង្រីក​ស្ថាន​អគ្គកុងស៊ុល​នៅ​ក្នុង​ខេត្ត​ជាច្រើន​របស់​ចិន ដើម្បី​ជំរុញ​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​វិនិយោគិន​ចិន​ឲ្យ​មក​កម្ពុជា​កាន់​តែ​ច្រើន។ 

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​នេះ ជា​ជំហាន​ដ៏​ល្អ​មួយ​ទៀត​ដែល​យើង​បង្កើត​ស្ថាន​កុងស៊ុល​នៅ​ខេត្ត​នេះ។ ខ្ញុំ​គិត​ថា កម្ពុជា​អាច​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​ការ​បង្កើត​កុងស៊ុល​នេះ។ កិច្ច​ការ​នេះ​ដំណើរ​ការ​មួយ​ដែល​ជំរុញ​ការ​វិនិយោគ និង​ទេសចរណ៍​ពី​ខេត្ត​ហឺណាន។ ខេត្ត​នេះ​មាន​ប្រជាជន​១០០​លាន​នាក់ គឺ​ច្រើន​ណាស់។ បើ​យើង​អាច​ទាក់​ទាញ​បាន​តែ​ផ្នែក​ណា​មួយ​នោះ យើង​មាន​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន»។

លោក​លើក​ទឹក​ចិត្ត​ឲ្យ​កុងស៊ុល​នេះ​ផ្ដល់​សេវា​ពាក់ព័ន្ធ និង​សម្រួល​ការងារ​ទាំង​នោះ​ឲ្យ​រលូន ចៀសវាង​បញ្ហា​ការិយាធិបតេយ្យ​ស្មុគស្មាញ​ តម្លៃ​ទិដ្ឋាការ​មាន​តម្លៃ​សមរម្យ និង​ប្រឹងប្រែង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​សក្ដានុពល​វិនិយោគ និង​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា។

បន្ថែម​ពីលើ​នេះ កម្ពុជា​និង​ចិន ជាពិសេស​អាជ្ញាធរ​ខេត្ត​ហឺណាន គួរ​បង្កើត​កញ្ចប់​ទេសចរណ៍​ ដើម្បី​ឲ្យ​មាន​ដំណើរ​កម្សាន្ត​ពី​កម្ពុជា​ទៅ​ហឺណាន​ និង​ពី​ហឺណាន​​មក​កម្ពុជា​វិញ ដោយ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​តាម​រយៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត៕