កំពង់ឆ្នាំងៈ រដ្ឋបាល​ខេត្តកំពង់​ឆ្នាំង​កំពុងតែ​ដំណើរ​ការ​រៀប​ចំខ្លួន ​ដើម្បី​ប្រែក្លាយ​ទៅ​ជា​ខេត្ត​«ស្អាត ​គំរូ​មុន​គេ»ក្នុង ចំ​ណោម រាជធានី ខេត្តទូ​ទាំង​ប្រទេស​ ទៅតាម​ការ ​ជ្រើស​រើស​របស់​ក្រ​សួង​ប​រិស្ថាន ​តាមរយៈ​​យុទ្ធ​នាការ«ថ្ងៃនេះ ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ» និង«កម្ពុជា​ស្អាត ​ខ្មែរ​ធ្វើ​បាន»។  


អភិ​បាល​ខេត្ត​កំពង់​ឆ្នាំង​ លោក​ស៊ុន ​សុវណ្ណារិទ្ធិ ​បាន​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​ក្រសួង​បរិស្ថាន​បាន​ជ្រើស​រើស​យកខេត្ត​កំពង់​ឆ្នាំ​ជា​ខេត្ត​ស្អាត ​និង​គ្មាន​សំរាម​មុន​គេ​នោះ​មក​ រដ្ឋ​បាល​ខេត្ត​ និង​អង្គភា​ព​ពាក់ព័​ន្ធកំពុងតែចា​ប់ផ្តើម​ដំណើរកា​ររៀប​ចំ​ខ្លួន​ទៅតាមលក្ខខណ្ឌ ដែលតម្រូវ។ 

លោក​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖«ខាង​ក្រសួ​ងគាត់​ចង់​ឱ្យ​ខេត្ត​យើង​ជាខេ​ត្តមួ​យ ​ដើម្បី​កុំ​ឱ្យ​មាន​សំរាម​។ អញ្ជឹង​យើង​កំពុង​តែ​រៀប​ចំប​ង្កើតក្រុ​មកា​រងារ​ ដើម្បី​រៀប​ចំខ្លួ​ន​ឱ្យស្រប​ទៅ​តាម​លក្ខខណ្ឌ​របស់​ក្រសួង​បរិស្ថាន ​ដើម្បី​យើង​ក្លាយ​ខ្លួន​ជា​ខេត្ត​អត់​មាន​សំរាម»។ 


រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន ​លោក​សាបូ ​អូហ្សាណូ ​បាន​ដឹក​នាំ​ក្រុមកា​រងារ​នាយក​ដ្ឋាន​គ្រប់​គ្រង​សំណល់រឹង ទៅ​ខេ​ត្តកំពង់​ឆ្នាំង ​កាល​ពីពេលថ្មីៗ​នេះ​ ដើម្បី​ជួប​ប្រជុំ​ជាមួយ​រដ្ឋ​បាល​ខេត្ដ​កំពង់​ឆ្នាំង​ ស្តីពី​ពិនិត្យ​ពិភា​ក្សា​លើ​កា​ររៀប​ចំ​ប្រែ​ក្លាយ​ខេត្តកំពង់​ឆ្នាំង «ជា​ខេត្ត​ស្អាត​ គំរូ​មុន​គេ​នៅ​ទូទាំង​ប្រទេស» ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​រដ្ឋ​បាល​ក្រុង ស្រុក ​មន្ទីរ​បរិស្ថាន ​និង​អង្គភាព​ចំណុះ​។ នេះ​បើ​យោង​តាម​ក្រសួង​បរិស្ថាន។ 

កិច្ចប្រ​ជុំនេះ​ធ្វើ​ឡើង ​ដើម្បី​បន្ត​ជំរុញ​ការ​អនុវត្ត​យុទ្ធនា​ការ​ដែល​បាន​ដាក់​ចេញ ​ដូច​ជា​យុទ្ធ​នាការ «ថ្ងៃ​នេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិក​ទេ» ឱ្យ​បាន​ជាប់​ជា​ប្រចាំ ​ជា​ពិសេស ​ការ​អនុវត្ត​ព្រម​គ្នា​នូវ​យុទ្ធ​នាការ «កម្ពុជា​ស្អាត ​ខ្មែរ​ធ្វើ​បាន» នៅតាម​ប​ណ្តា​ឃុំ ​សង្កាត់ ​ក្រុង ​ស្រុក​ ទូទាំង​ខេត្ត​ជាប់​ជា​ប្រចាំ ​រហូត​ទទួល​បាន​ខេត្ត​កំពង់​ឆ្នាំង ​ជា​ខេត្ត​ស្អាត ​និង​ជា​ខេត្ត​គំរូ។ 


ក្រសួង​បាន​លើក​ឡើង​ថា ​រដ្ឋបាល​ខេត្ត​ ក្រុង​ ស្រុក ​និង​អង្គភាព​ចំណុះ​ បាន​គាំទ្រ និង​បេ្តជ្ញា​អនុវត្តនូវ​យុទ្ធនាការ​នេះ​ឱ្យ​បាន​ជោគ​ជ័យ ​ក្រោម​ការ​សម្រប​សម្រួល ​ចូល​រួម​ និ​ង​គាំ​ទ្រ​ពី​ក្រសួង​បរិស្ថាន។

លោក​អភិបាល​ខេត្ត​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ​ក្រោយ​ពី​ត្រូវ​បាន​បង្កើត​ជា​ក្រុមការ​ងារ​ចម្រុះ​ជា​មួយ​ក្រសួងបរិស្ថាន​រួច​ហើយ ក្រុម​ការ​ងារ​នេះ​នឹង​រៀប​ចំ​កិច្ច​ពិភាក្សា ​ដើម្បី​អនុ​វត្ត​ទៅគោល​ការណ៍​របស់​ក្រសួង​ ដើម្បីឱ្យ​ក្លាយ​ទៅ​ជា​ខេត្ត​ដែល​អត់​មាន​សំរាម។ 

លោក​បញ្ជាក់​ថា ​រដ្ឋបាល​ខេត្តបាន​ណែនាំ​ឱ្យ​មានកា​រដាក់​ធុង​សំរាម​បន្ថែម​ ការ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​ទៅ​តាម​ទាំង​សហ​គ្រាស ​រដ្ឋ ​និង​ឯក​ជន ​សាលា​រៀន ​វត្ត​អារាម​ជាដើម ​និង​ការ​ជំរុញ​ក៏​ដូចជា​លើក​ទឹក​ចិត្តឱ្យ​មាន​ការ ​ចូល​រួម​ពី​ពលរដ្ឋ។ ក្រៅ​ពី​នោះ ​ក៏​មាន​ការរៀប​ចំការ​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​សម្រាម​ទៅ​តាម​ស្តង់​ដារ ​ដោយ​សារ​តែ​ខេត្ត​បាន​បង្កើត​ទីលាន​ចាក់​សម្រាម​រួច​ហើយ ​ក្រោម​គម្រោង​របស់​ធនា​គារ​អភិវឌ្ឍន៍​អាស៊ី (ADB)។  

លោក​មាន​ប្រសាសន៍​ថា​៖«កន្លង​មក​យើង​បាន​ត្រៀមមួយ​ចំនួន​ហើយ​ អញ្ជឹង​យើង​ត្រូវ​ថែម​អ្វី​ដែលជា​លក្ខខណ្ឌ​របស់​ក្រ​សួង​ណែ​នាំ​ថែម​ទៀត ​យើង​នឹង​បំពេញ​បន្ថែម​ នៅ​ចំណុច​ណា​ដែល​នៅ​សេស​សល់»។

លោក​បន្ថែម​ថា ​ក្រោយ​ពី​រដ្ឋ​បាល​ខេត្ត បាន​ណែ​នាំ​ដល់​រោង​ចក្រ​សហគ្រាសមួ​យចំ​នួន កុំ​ឱ្យមា​នកា​រចោ​លថង់​ប្លា​ស្ទិកពា​សវាល​ពាសកាល​នោះ​មក​ ជា​លទ្ធផ​លឃើញ​ថា ​ការ​បោះចោ​លស​ម្រាមនេះ​មាន​ការ​កាត់​បន្ថយ​បានច្រើន​ហើយ​នៅ​តាម​ផ្លូវសាធារណៈ។ លើស​ពី​នោះ នៅ​តាម​សាលា​ និង​វត្ត​អារាម​មួយ​ចំនួន​ក៏​មាន​បរិស្ថាន​ស្អាត ​ហើយ​សកម្មភា​ពនេះ​កំ​ពុង​តែ​ពង្រីក​បន្ថែម​ទៀតផងដែរ។

លោក​ថ្លែង​ដូច្នេះ​ថា៖«សាលារៀន​យើង​ចាប់​ផ្តើម​ឱ្យ​ចេះ​គ្រប់​គ្រង​សំរាម​ហើយ ​និង​ឈាន​ទៅ​ដល់​វត្ត​អារាម ​ហើយ​រោង​ចក្រ​បាន​កាត់​បន្ថយ​បាន​ច្រើន​ហើយ។ សម្រាប់​មន្រ្តី​រាជ​ការ​យើង​បា​ន​ណែនាំហើយ​ដែរ អញ្ជឹង​យើង​កាត់​បន្ថយ​ទាំង​អស់​គ្នា​ ហើយ​អនាគត ​យើង​សង្ឃឹម​នឹង​មិន​មាន​សំរាម​ពាស​វាល​ពាសកាល​ដូច​មុន​ទៀត​ទេ»។ 

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​លោក​ខ្វៃ​ អាទិត្យា ​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​សុំ​ផ្តល់​អត្ថា​ធិប្បាយ​បន្ថែម​ទាក់​ទង​នឹង​គម្រោង​នេះ​ទេ។ 

ដើម្បី​កាត់​បន្ថយ​កា​រប្រើ​ប្រាស់​ថង់​ប្លា​ស្ទិក​នេះ ​ក្រសួង​បរិស្ថាន​បាន​ដាក់​ចេញ​យុទ្ធ​នា​ការ«ថ្ងៃ​នេះ ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិក​ទេ»កាល​ខែ​កញ្ញា ​ឆ្នាំ​ពី​២០២៣​កន្លង​មក ​ដោយ​ជឿ​ជាក់​ថា ​ត្រឹម​ឆ្នាំ​២០២៥​ខាង​មុខ ​កម្ពុជា​នឹង​មិន​មា​ន​ថង់​ប្លា​ស្ទិក«​ហោះ​ហើរ»​នៅ​តាម​ទីសា​ធារណៈ​ទៀត​នោះ​ទេ។ 

ក្រសួង​បាន​ឱ្យ​ដឹង​ថា ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ មាន​អ្នក​ចូល​រួម​យុទ្ធនា​ការ​នេះ​ជាង៩,៧លាននាក់​ហើយ។ 

ដើម្បី​លើក​កម្ពស់​ភាព​ស្អាត​នេះ​ផង​ដែរ​ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ​លោក​អ៊ាង ​សុផល្លែត ​បាន​គាំ​ទ្រ​ដល់​ក្រុង​ ស្រុកក្នុងការ ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ ​និង​បាន​រៀប​ចំធុង​ដាក់​សំរាម​ ក៏​ដូច​ជា​ផ្តល់​ជូន​ដល់រដ្ឋ​បាលក្រុង ​ស្រុក ​សម្រាប់​ចែក​ជូនដល់​គ្រប់​គ្រឹះ​ស្ថាន​សិក្សា ​មូល​ដ្ឋាន​សុខា​ភិបាល ​វត្តអារាម ​រដ្ឋបាលឃុំ-​សង្កាត់​ក្នុង​ខេត្តត្បូងឃ្មុំ ​និ​ង​ខេត្ត​នានា​ទូ​ទាំងប្រទេស​ផង​ដែរ។ ក្នុង​នោះ ​លោក​រដ្ឋ​មន្រ្តី​បាន​ផ្តល់​ជូន​ធុង​សំរាម​សរុប​ចំនួន​ ២ ២៧២ធុង​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។ នេះ​បើយោង​តាម​ក្រសួង​បរិស្ថាន​នា​ថ្ងៃទី២៧ ​ខែ​តុលា​នេះ៕