ភ្នំពេញ៖ ការ​គ្រប់គ្រង​របស់​ប៉ុល​ពត ក្នុង​សម័យ​ខ្មែរក្រហម ដែល​បាន​ឆក់យក​ជីវិត​ប្រជាជន​កម្ពុជា​ប្រមាណ​ពីរលាន​នាក់​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩​ បាន​បន្សល់ទុក​ច្រើននូវ​សោកនាគកម្ម​លើស​ពី​រាងកាយ​​។​


ជាច្រើន​ទសវត្សរ៍​ក្រោយមក កម្ពុជា​​នៅតែ​ជួបនឹង​ស្លាកស្នាម​ដែល​លាក់កំបាំង​នៃ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​នោះ ​ជា​របួស​ផ្លូវចិត្ត​ដែល​បន្ត​ប៉ះពាល់​ដល់​អ្នក​រស់រាន​មានជីវិត និង​កូនចៅ​របស់​ពួកគេ បង្កើតជា​ភាព​ស្មុគស្មាញ​នៃ​បញ្ហា​សុខភាព​ផ្លូវចិត្ត​​​គ្រប់​ជំនាន់​។​

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) បានលើកឡើង​ពី​ដែន​កំណ​ត់នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ហៅ​កាត់​ថា សាលាក្តី​ខ្មែរក្រហម ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​សុខភាព​ផ្លូវចិត្ត​យ៉ាងជ្រៅ​ដែល​កំពុង​ប្រឈម​ក្នុងសង្គម​កម្ពុជា​។​


លោក​បាន​សម្តែង​ការខកចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ អ​.​វ​.​ត​.​ក ទាក់ទង​នឹង​សុខភាព​ផ្លូវចិត្ត ដោយ​លោក​បាន​គូស​បញ្ជាក់​ថា វិធីសាស្ត្រ​ដែលមាន​ព័ត៌មាន​របួស​មិនត្រូវ​បានរួម​បញ្ចូល​គ្រប់គ្រាន់​ទៅក្នុង​ដំណើរការ​របស់​សាលាក្តី​។​

លោក ឆាំង យុ កត់​សម្គាល់ថា អ​.​វ​.​ត​.​ក ពឹង​ផ្អែកទៅលើ​វេជ្ជបណ្ឌិត​មកពី​មន្ទីរពេទ្យ​កាល់ម៉ែត និង​អ្នកជំនាញ​អន្តរជាតិ​មកពី​ប្រទេស​នូ​រវែ​ល​សេ​ឡង់ ដើម្បី​ផ្តល់ជំនួយ​សុខភាព​ផ្លូវចិត្ត​ដល់​ជនជាប់ចោទ និង​សាក្សី​។​


ទោះយ៉ាងណា លោក​បាន​រិះគន់​កិច្ចខិតខំ​ប្រឹងប្រែង​ជារួម ដោយ​បញ្ជាក់ថា តុលាការ​មិនគួរ​មាន​បន្ទុក​ក្នុងការ​ទទួលខុសត្រូវ​ក្នុងការ​ដោះស្រាយ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ឡើយ​។​

លោក​បាន​ថ្លែង​ថា៖ «​អ​.​វ​.​ត​.​ក គឺជា​តុលា​ការដែល​ចង់​ផ្តល់​យុត្តិធម៌ មិនមែន​ផ្តល់​ការគាំទ្រ​ផ្នែក​សុខភាព​ផ្លូវចិត្ត​ទេ។​ កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​សុខភាព​ផ្លូវចិត្ត​គួរតែ​ត្រូវបាន​អនុវត្ត​ដោយ​ប្រព័ន្ធ​សុខភាព​សាធារណៈ មិនមែន​ដោយ​តុលាការ​នោះទេ»​។​

សៀវភៅ​ដែលមានកម្រាស ២៩៨​ ទំព័រ Cambodia’s Hidden Scars: Healing and Reparations for Trauma Psychology After the Khmer Rouge Tribunal ​បាន​បំភ្លឺ​លើ​បញ្ហាសំខាន់​នេះ​។​

សៀវភៅ​ Cambodia’s Hidden Scars: Healing and Reparations for Trauma Psychology After the Khmer Rouge Tribunal ​​។​ រូបថត សហការី

បោះពុម្ពផ្សាយ​ដោយ DC-Cam ក្នុង​ខែឧសភា ដោយ​សហការ​ជាមួយ​កម្មវិធី​សុខភាព​ផ្លូវចិត្ត Trauma នៅ​សាកលវិទ្យាល័យ Stanford ការបោះពុម្ព​លើក​ទី​បី និង​ចុងក្រោយ​នៃ​ស៊េរី​នេះបាន​បង្ហាញ​ពីភាព​ស៊ីជម្រៅ​​ក្នុង​ផលវិបាក​សុខភាព​ផ្លូវចិត្ត​រយៈពេល​វែង​នៃ​អំពើ​ប្រល័យពូជសាសន៍ និង​ការប៉ុនប៉ង​​ព្យាបាល​របួស​ទាំងនេះ​។​

ជាង ៤០​ ឆ្នាំ​បន្ទាប់ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម មួយផ្នែក​ដ៏​សំខាន់​នៃ​ប្រជាជន​កម្ពុជា​នៅតែ​ទទួលបន្ទុក​ផ្លូវចិត្ត​ក្នុងសម័យ​នោះ​។​

យោងតាម​ការស្រាវជ្រាវ​របស់ DC-Cam អ្នក​រស់រានមានជីវិត​ចំនួន ៨៧ ភាគរយ​រាយការណ៍​ថា ​មានការ​ចងចាំ​ដ៏​គួរឱ្យ​រំខាន​ក្នុងសម័យ​ខ្មែរក្រហម ខណៈដែល ២៥ ភាគរយ​នៅតែ​បន្ត​ទទួលរង​នូវ​សុបិន​អាក្រក់​ដដែលៗ​។​

អ្នក​នៅ​រស់រានមានជីវិត​ជាច្រើន​ត្រូវបាន​ញាំញី​ដោយ​ជំងឺស្ត្រេស​ក្រោយ​ការប៉ះទង្គិច​ផ្លូវចិត្ត ជំងឺបាក់​ស្បាត​ (PTSD) ជំងឺ​ធ្លាក់​ទឹកចិត្ត និង​លក្ខខណ្ឌ​ដែល​ទាក់ទង​នឹង​របួស​ផ្សេងទៀត​។​

សម្រាប់​អ្នក​រស់រានមានជីវិត ​ដូចជា​ អ្នកស្រី សុខ​ជា ពេលនេះ​ក្នុង​វ័យ ៧០ ឆ្នាំ ការចងចាំ​អំពី​អ្វីដែល​អ្នកស្រី​​បាន​ស៊ូទ្រាំ​ក្នុង​របប​នេះ​គឺ​រស់​រវើក និង​ឈឺចាប់​។​

អ្នកស្រី​​បាន​និយាយថា​៖ «​ខ្ញុំ​មិនអាច​បំភ្លេច​មុខ​អ្នក​ដែល​ត្រូវបាន​គេ​យកទៅ​វាលស្រែ និង​​មិនបាន​ត្រឡប់មកវិញ​ទេ​​​។​ ជា​រៀង​រាល់​​យប់ ខ្ញុំ​ឃើញ​ពួកគេ​​ក្នុង​សុបិនជានិច្ច​​»​។​

បទពិសោធន៍​របស់អ្នកស្រី​ សុខ​ជា ឆ្លុះ​ប​ញ្ចាំ​ង​ថា ប្រជាជន​កម្ពុជា​ជាច្រើន ដែល​របួស​ ហួស​ពី​អំពើ​ឃោរឃៅ​លើ​រូបរាងកាយ ដែល​ប្រព្រឹត្ត​ដោយ​របប​នេះ​។​

ភ្ញៀវទេសចរ​បរទេស​ដើរ​ទស្សនា​ក្នុង​សារមន្ទីរ​ទួលស្លែង​នា​ពេលកន្លង​មក។ រូបថត ភ្នំពេញប៉ុស្តិ៍

ទិន្នន័យ​របស់ DC-Cam ដែល​ប្រមូលបាន​ពី​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ជាង ៣១,០០០ នាក់ បង្ហាញឱ្យឃើញថា បន្ថែម​ពីលើ​របួស​ផ្លូវចិត្ត ជំងឺ​ផ្លូវកាយ​ ដូចជា លើសឈាម ជំងឺ​ក្រពះ​ពោះវៀន និង​ជំងឺ​បេះដូង គឺ​កើតមាន​ក្នុងចំណោម​អ្នក​រស់រានមានជីវិត​។​

អ្នកស្រាវជ្រាវ​បានឱ្យដឹង​​ថា របួសស្នាម​ទាំងនេះ​​ត្រូវបាន​ធ្វើឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​ភាព​តានតឹង និងបញ្ហា​​ផ្លូវចិត្ត​ដែល​អ្នក​រស់រានមានជីវិត​បន្ត​ស៊ូទ្រាំ​។​

អ្វីដែល​ធ្វើ​ឱ្យ​អំពើឃោរឃៅ​នៅកម្ពុជា​ខុស​ប្លែក​ពី​បណ្ដា​ប្រទេស​ដទៃ​​​ទំហំ​ដែល​របួស​នេះ​ត្រូវបាន​បន្សល់ទុក​ដល់​ម​នុស្ស​ជំនាន់​ក្រោយ​។

កូនៗ និង​ចៅៗ​របស់​អ្នក​រស់រានមានជីវិត ភាគច្រើន​កើត​ក្រោយ​របប​ដួលរលំ ក៏​រង​ទុក្ខ​ដែរ​។ ការស្រាវជ្រាវ​ដែលមាន​នៅក្នុង​សៀវភៅ​បង្ហាញថា កូនចៅ​ទាំងនេះ​តែងតែ​បង្ហាញ​សញ្ញា​នៃ​ការ​ថប់​បារម្ភ ការធ្លាក់​ទឹកចិត្ត និង​ភាព​តានតឹង​ផ្លូវចិត្ត ដែលជា​បាតុភូត​មួយ​ហៅថា ​ការប៉ះទង្គិច​ផ្លូវចិត្ត​។​

លោក​វេជ្ជបណ្ឌិត Daryn Reicherter ​ជា​អ្នក​កែសម្រួល​សៀវភៅ​មួយរូប​បាន​ពន្យល់ថា៖ «​របួស​ពី​សម័យ​ខ្មែរក្រហម​គ្មាន​ដែន​បញ្ចប់​នោះទេ​​។ វា​បាន​បង្កប់នៅ​​ក្នុង​សង្គម​កម្ពុជា ដែលជះ​ឥទ្ធិពល​លើ​​ការចិញ្ចឹម​កូន និង​សក្ដានុពល​គ្រួសារ​»​។​

អ្នកជំនាញ​និយាយថា ការឆ្លង​នៃ​របួស​នេះ​ច្រើន​តែមាន​លក្ខណៈ​ស្រាល ប៉ុន្តែ​មានការ​ខូចខាត​​ខ្លាំង​។​ ​ក្នុងករណី​ជាច្រើន អ្នក​រស់រានមានជីវិត​មិន​គ្រាន់តែ​រង​ទុក្ខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏រង​នូវ​បញ្ហា​​អាកប្បកិរិយា​ផ្លូវចិត្ត​ផងដែរ ដូចជា ​ការប្រុងប្រយ័ត្ន​ខ្ពស់ ការភ័យខ្លាច​ចំពោះ​អាជ្ញាធរ និង​ការមិនទុកចិត្ត​​​ចំពោះ​រចនាសម្ព័ន្ធ​រដ្ឋាភិបាល និង​សង្គម​។​

​របួស​ដែល​ទទួលបាន​ពី​មរតក​នេះ បានរួម​ចំណែក​ដល់​អ​ត្រា​ជំងឺផ្លូវចិត្ត​ក្នុងចំណោម​យុវជន​កម្ពុជា​កាន់តែ​ខ្ពស់ សូម្បីតែ​អ្នក​ដែល​មិន​ធ្លាប់មាន​អំពើហិង្សា​ដោយផ្ទាល់​ខ្លួន​ក៏ដោយ​៕​