ភ្នំពេញៈ អគ្គស្នងការដ្ឋាននគរបាលជាតិបានអំពាវនាវដល់ម្ចាស់អគារ ឬទីតាំងនៅទូទាំងប្រទេសឱ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ និងព្រមានប្រើប្រាស់ផ្លូវច្បាប់ចំពោះការរារាំងមិនឱ្យកម្លាំងជំនាញបំពេញប្រតិបត្តិការដែលនាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរកើតឡើង។
ការអំពាវនាវក៏ដូចការព្រមាននេះត្រូវបានធ្វើឡើង បន្ទាប់ពីមានហេតុការណ៍អគ្គិភ័យមួយបានកើតឡើងនៅក្នុងអគារមួយកន្លែង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២៧ ខែតុលានេះ។ ប៉ុន្តែបុរសម្នាក់ដែលជាអ្នកមើលការខុសត្រូវអគារនោះ មិនបានផ្ដល់កិច្ចសហការល្អជាមួយកម្លាំងនគរបាលជំនាញ ដើម្បីចូលសង្គ្រោះហេតុការណ៍នោះទេ។ នេះបើយោងតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនាថ្ងៃទី២៩ ខែតុលា។
នគរបាលជាតិបានធ្វើការអំពាវនាវដល់ម្ចាស់ទីតាំង ឬម្ចាស់អគារទាំងអស់ថា៖«ត្រូវផ្ដល់កិច្ចសហការឱ្យបានល្អដល់កម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ នៅពេលមានហេតុការណ៍ណាមួយកើតឡើង ដើម្បីសមត្ថកិច្ចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចេញប្រតិបត្តិការសង្គ្រោះ សម្តៅធានាដល់សន្ដិសុខនិងសណ្ដាប់ធ្នាប់នៅក្នុងសង្គម»។
ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ លោកឧត្តមសេនីយ៍ឯក នេត វន្ថា បានលើកឡើងថា ការរារាំង ឬមិនបង្កលក្ខណៈឱ្យកម្លាំងសមត្ថកិច្ចជំនាញបំពេញប្រតិបត្តិការដែលនាំឱ្យមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង គឺជាអំពើខុសច្បាប់ រហូតត្រូវកំណត់ដាក់ពន្ធនាគារថែមទៀតផង ដោយផ្អែកទៅតាមមាត្រា២៨ នៃច្បាប់ស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យឆ្នាំ២០១៣។
លោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា៖ «ករណីរារាំងបែបនេះ ទើបឃើញមានហ្នឹងមួយទេ នៅក្នុងឆ្នាំ២០២៤នេះ។ យើងធ្វើការអំពាវនាវ ដើម្បីចង់ឱ្យម្ចាស់គោលដៅទាំងអស់ ពេលមានអគ្គិភ័យ ត្រូវតែមានសហការជាមួយជំនាញ ច្បាប់កំណត់អញ្ជឹង ដូចមានចែងក្នុងមាត្រាទី២៨អញ្ជឹង»។
ច្បាប់ស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យមាត្រា២៨ បានចែងថា «អំពើរារាំងបង្កឧបសគ្គដោយចេតនាដល់សកម្មភាពពន្លត់អគ្គិភ័យ បង្កឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀលដល់ ១០លានរៀល»។
លោកក៏បានឱ្យដឹងផងដែរថា ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាអ្នកមានចំណាត់ការបន្តចំពោះករណីរារាំងនេះ។
លោក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានឱ្យដឹងថា ករណីនេះបានកើតឡើងដោយសារតែមានការភ័ន្តច្រឡំរវាងអ្នកមើលការខុសត្រូវរូបនោះជាមួយនឹងកម្លាំងពន្លត់អគ្គិភ័យ។ ប៉ុន្តែ ភាគីទាំង២ ក៏បានដោះស្រាយបញ្ចប់រួចរាល់អស់ហើយដោយការយោគយល់គ្នា។
ដើម្បីចូលរួមផ្តល់សេវាទប់ស្កាត់គ្រោះអគ្គិសភ័យនៅកម្ពុជា មជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យលើកដំបូងតម្លៃជាង៣លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីសប្តាហ៍មុន។
ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤នេះ គ្រោះអគ្គិភ័យនៅទូទាំងប្រទេសបានកើតឡើងចំនួន ៧៣៨លើក ដែលមានការកើនឡើង ២២២លើក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ហេតុការណ៍នេះបានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៩នាក់ របួស ២៥នាក់ ឆេះផ្ទះ៤៥០ខ្នង និងចំនួនតូប ៥០២ផងដែរ។
លោក នេត វន្ថា និងលោក ព្រហ្ម យ៉ន មិនមានរបាយការណ៍នៅក្នុងដៃពីករណីគ្រោះអគ្គិភ័យក្នុងឆ្នាំ ២០២៤ នេះនោះទេ៕