ភ្នំពេញៈ ការប្រមូលជនមានពិការភាព អ្នកសុំទាន និងជនអនាថាកំពុងតែត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម សោភណ្ឌភាព និងការពារពួកគាត់ពីគ្រោះថ្នាក់នៅលើដងផ្លូវ ខណៈដែលជនមានពិការភាពប្រមាណជា៣០ម៉ឺននាក់ហើយត្រូវបានចុះឈ្មោះកំណត់អត្តសញ្ញាណ ដើម្បីទទួលបានអត្ថប្រយោជន៍គាំពារសង្គម។
អ្នកនាំពាក្យ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី បានឱ្យដឹងថា ក្រសួងមិនអនុញ្ញាតឱ្យជនមានពិការភាព អ្នកសុំទាន និងជនអនាថាទៅធ្វើការសុំទាន នៅតាមទីសាធារណៈនោះទេ។ មន្រ្តីសង្គមកិច្ច កំពុងតែបន្តចុះប្រមូលពួកគាត់ជាបន្តបន្ទាប់ ហើយបានជំរុញឱ្យជនមានពិការភាព ទៅចុះឈ្មោះទទួលយកបណ្ណសម្គាល់អត្តសញ្ញាណ។
លោកមានប្រសសាន៍ថា៖«អ្នកពិការ អ្នកសុំទាន និងជនអនាថា គឺមិនអនុញ្ញាតឱ្យធ្វើអញ្ជឹងទេ។ យើងមិនធ្វើ [ប្រមូល] ម្តង ហើយឈប់ទេ គឺធ្វើដូចភ្លៀងរលឹម ព្រោះបើអនុញ្ញាតឱ្យធ្វើអញ្ជឹង ប៉ះពាល់សុវត្ថិភាពផ្ទាល់ខ្លួន ពេលគាត់រត់ឆ្លងថ្នល់ចុះឡើង អាចគ្រោះថ្នាក់ប៉ះពាល់ដល់ស្ថានភាពចរាចណ៍តាមទីសាធារណៈ និងបាត់សណ្តាប់ធ្នាប់ បាត់សោភណ្ឌភាពទីក្រុង ទីប្រជុំជន»។
លោកបន្តថា ការចុះប្រមូលនោះគឺមិនមានប្រើប្រាស់អំពើហិង្សាឬការគំរាមកំហែងនោះទេ។ ទោះយ៉ាងណា ក៏នៅតែមានពួកគាត់មួយចំនួនធ្វើការសុំទាននៅតាមទីសាធារណៈ ដែលជាពិសេសនៅក្នុងរាជធានីភ្នំពេញ។
លោកថ្លែងដូច្នេះថា៖ «នៅតែមានដែរទេ ព្រោះអីយើងមិនអាចធ្វើម្តងឱ្យស្ងាត់ក្រុងនោះទេ។ ការងាររៀបចំសណ្តាប់ធ្នាប់អញ្ជឹងៗ មិនអាចថា ស្ថាប័នសង្គមកិច្ចតែឯងធ្វើបាននោះទេ។ សំខាន់គឺអាជ្ញាធរដែនដី សហការគ្នា រួមគ្នា ធ្វើម្តងបន្តិចៗ តែបើធ្វើតែមួយពេល មួយថ្ងៃ វាមិនអស់នោះទេ»។
រាជរដ្ឋាភិបាលកាលពីឆ្នាំ២០២៣ បានចេញអនុក្រឹត្យមួយក្នុងការកំណត់អំពីយន្តការ និងនីតិវិធីអត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។ អនុក្រឹត្យនេះមានបំណងរៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មពិការភាព ឱ្យមានបទដ្ឋានរួមមួយប្រកបដោយសង្គតិភាព តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាពសម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាព ក្នុងការលើកកម្ពស់ជីវភាព ការទទួលបានសេវាសង្គម ការអភិវឌ្ឍដល់ជនមានពិការភាព។
លើសពីនោះ នឹងប្រើប្រាស់ជាទិន្នន័យសម្រាប់កំណត់ ក្រុមគោលដៅរបស់កម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គម ក្នុងប្រព័ន្ធគាំពារសង្គម។ ក្រៅពីនោះ ក៏ដើម្បីផ្តល់បណ្ណសម្គាល់ជនមានពិការភាព ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ ក្នុងការទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមនិងសេវាសង្គមផ្សេងទៀត ប្រកបដោយសមធម៌ និងបរិយាបន្នស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក តូច ចាន់នី បានឱ្យដឹងថា ការចុះឈ្មោះកំណត់អត្តសញ្ញាណជនពិការភាពបានកំពុងតែធ្វើឡើងជាបន្តបន្ទាប់តាមរយៈអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានបណ្ណ និងអត្តប្រយោជន៍គាំពារសង្គម។
លោកបញ្ជាក់ថា៖ «តាមខ្ញុំដឹងតួលេខអាចមានកើនឡើងបន្តបន្ទាប់ទៀត តែតាមតួលេខជារួម ខ្ញុំគិតថា មាន ប្រហាក់ប្រហែលជា ៣០ម៉ឺននាក់ហើយ បានចុះឈ្មោះទទួលយកបណ្ណពិការភាព។ ជនពិការយើងមិនមែនមានតែប៉ុណ្ណឹងទេ អាចមានច្រើនជាងហ្នឹងទៀត។ ខ្លះបានចុះ ខ្លះមិនទាន់បានទេ។ បើគាត់មិនបានចុះឈ្មោះ គឺគាត់ខកខានពីការទទួលអត្ថប្រយោជន៍សង្គមហើយ»។
លោកបានលើកឡើងថា ក្នុងករណីមានបណ្ណក្រីក្រ នោះពួកគាត់នឹងទទួលបានអត្ថប្រយោជន៍គាំពារសង្គមពីបណ្ណក្រីក្រផង និងពីបណ្ណពិការភាពផងដែរ។
លោកថ្លែងថា៖ «បើអញ្ជឹងលុយហ្នឹងបូកទៅបានច្រើនដែរ។ គោលនយោបាយជួយបងប្អូនមិនថា ក្រីក្រ ឬពិការទេ គឺ មួយខែៗ មួយឆ្នាំៗរដ្ឋាភិបាលបានចំណាយលុយរាប់ស៊ិបលានដុល្លារ ជួយពួកគាត់ហ្នឹង។ តែយើងដឹងស្រាប់ហើយ ទោះយើងជួយប៉ុណ្ណោះ ក៏គាត់នៅមិនគ្រប់ដែរ។ គាត់ត្រូវតែរកអីផ្សេងថែមទៀត។ តែរកអីផ្សេងហ្នឹង យើងមិនចង់ឱ្យគាត់មកធ្វើអញ្ជឹងទេ អាចមានមធ្យោបាយផ្សេង មានជំនាញច្បាស់លាស់»។
ក្នុងឱកាសទិវាជនមានពិការភាពថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងសង្គមកិច្ច ក៏គ្រោងនឹងប្រកាសដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០២៤-២០២៨ ផងដែរ។ ក្រសួងបានឱ្យដឹងថា ផែនការយុទ្ធសាស្រ្តជាតិត្រូវបានរៀបចំឡើង ដោយអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងៗដែលមានសូចនាករចំនួន៨។
ក្នុងនោះរួមមាន ការជ្រើសរើសជនមានពិការភាពចូលបម្រើការងារ ផ្តល់ឱកាសឱ្យជនមានពិការភាពចូលរួមក្នុងការកសាង អនុវត្ត និងវាយតម្លៃកម្មវិធីវិនិយោគ និងផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាពបានចូលជាសមាជិក និងបានចូលរួមកិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ។ បន្ថែមពីនោះ មានការទទួល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការផ្តល់សេវាសាធារណ:នៅតាមច្រកចេញចូលតែមួយ និងការរៀបចំឱ្យមានផាសុកវត្ថុនៅតាមអគារ និងទីធ្លាសាធារណៈជាដើម៕