ភ្នំពេញៈ សត្វព្រៃ ១០៨​ប្រភេទ​ក្នុង​ចំណោម​ជាង ៥០០​ប្រភេទ ត្រូវ​បាន​ថត​ជាប់​ដោយ​ម៉ាស៊ីន​ថត​ស្វ័យ​​ប្រវត្តិ នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្តាល ទំហំ​ជាង ៤០​ម៉ឺន​ហិកតា។ 


ការ​រក​ឃើញ​នេះ បង្ហាញ​ភស្តុតាង​វិទ្យាសាស្ត្រ​ពី​ទី​ជម្រក​ដ៏​សំខាន់ សម្រាប់​សត្វព្រៃ​និង​សត្វ​ជិត​ផុត​ពូជ។ នេះ​បើយោង​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ​ស្តីពី​របាយការណ៍​និង​កំ​ណត់​ត្រា​ជា​រូបភាព​ដំបូង​បង្អស់​នៃ​ការ​ស្រាវជ្រាវ​នៅ​តំបន់​នេះ។

សេចក្តី​ប្រកាស​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​បរិស្ថាន ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) អង្គការ​អភិរក្ស​អន្តរជាតិ​កម្ពុជា (CI Cambodia) និង​ដៃគូ នា​ថ្ងៃទី​៣០ ខែ​តុលា​នេះ គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្តាល ជា​ទី​ជម្រក​សំខាន់​បំផុត​មួយ សម្រាប់​ជីវៈចម្រុះ និង ប្រភេទ​សត្វ​កម្រ​ដែល​មាន​តម្លៃ​ជា​សកល និង​កំពុង​រង​ការ​គំរាម​កំហែង។ ក្នុង​នោះ រួមមាន ប្រភេទ​សត្វ​ស្លាប​មាន ៦៥ ប្រភេទ ថនិក​សត្វមាន ៣៨ ប្រភេទ និង​សត្វ​ល្មូន​មាន ៥ ប្រភេទ។ 


កំណត់ត្រា​នេះ​ត្រូវ​បាន​ធ្វើឡើង​តាម​រយៈការ​ដាក់​ពង្រាយ​ម៉ាស៊ីន​ថតស្វ័យ​ប្រវត្តិ​ចំនួន ១៤៧ តាម​បទដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ត្រ ដែល​ចាប់​យក​វីដេអូ​ចំនួន ៥៥ ០០០ និង រូបភាព​ជាង ២២ ២០០ចាប់​ពី​ខែ​កុម្ភៈ ដល់​ខែ​ធ្នូ ឆ្នាំ ២០២៣ មុន​នឹង​ក្រុម​ការងារ​ស្រាវជ្រាវ​បាន​យក​ទិន្នន័យ​មក​វិភាគ​និង​ចងក្រង​ធ្វើ​របាយការណ៍​នេះ។

អ្នក​ស្រាវជ្រាវ​ក៏​បាន​កត់ត្រា​ផងដែរ នូវ​ហ្វូង​សត្វ​ឆ្កែព្រៃ និង​មាន​សត្វ​ប្រភេទ ដូចជា សត្វ​ជ្រូកព្រៃ និង សត្វ​ឈ្លូស​ជាដើម។ ការ​សិក្សា​នេះ​ក៏​បាន​រកឃើញ​ផងដែរ​នូវ​ប្រភេទ​សត្វ​កម្រៗ​ដទៃទៀត រួមមាន​ដំរី​អាស៊ី ខ្លាពពក ខ្លាភ្ញីថ្មកែវ ខ្លា​លឿងមាស ខ្លា​ឃ្មុំតូច និង​ខ្លាឃ្មុំធំ។


សេចក្តី​ប្រកាស​សរសេរ​ថា៖ «ក្នុង​ចំណោម​សត្វព្រៃ​ដ៏​សំខាន់​ចំនួន ១០៨​ប្រភេទ​នោះ មាន ២៣​ប្រភេទ​ត្រូវ​បាន​ចុះ​បញ្ជី (ពី​ប្រភេទ​ងាយ​រងគ្រោះ ឬ ប្រភេទ​ជិត​ផុត​ពូជបំផុត) ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN។​ប្រភេទ​សត្វ​កំពុង​រងការ​គំរាម​កំហែង​ជា​សកល ដូចជា សត្វពង្រួល សត្វដំរីអាស៊ី និង​សត្វ​ឆ្កែព្រៃ ដែល​ជា​ប្រភេទ​សត្វស៊ី​សាច់​ជា​អាហារ​ (មំសាសី) ចុង​ក្រោយ​បង្អស់​មួយ​នៅ​កម្ពុជា​ផង​ដែរ»។

សត្វខ្លាពពក​​ដែលថតបានដោយម៉ាស៊ីន​ថតស្វ័យ​ប្រវត្តិ​។ រូបថត CI Cambodia

តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្តាល​ទំហំ ៤០១ ៣១០ហិកតា ដែល​ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ ពោធិ៍សាត់ និងកោះកុង។ 

សេចក្តី​ប្រកាស​បាន​លើក​ឡើង​ថា តំបន់​ទេសភាព​ជួរ​ភ្នំ​ក្រវាញ​កណ្តាល​នេះ​នៅ​តែ​រក្សា​បាន ៩៥​ភាគរយ នៃ​ព្រៃឈើ​ស្ថានភាព​ដើម ហើយ​វា​នៅតែ​ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​តិចតួច​បំផុត​នៅ​ក្នុង​ប្រទេស។

តំបន់​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​តំបន់​អេកូឡូស៊ី​សំខាន់​មួយ​ក្នុង​ចំណោម​តំបន់​អេកូ​សាស្ត្រ​សំខាន់​ជា​សកល​ទាំង​២០០ ជា​ជម្រក​នៃ​សត្វព្រៃ​ជាង ៥០០​ប្រភេទ ហើយ​វា​ក៏​ជា​លំនៅ​នៃ​ជនជាតិ​ដើម​ភាគ​តិច​ជង និង ព័រ​ដែល​មាន​ចំនួន​ជិត ៤​ពាន់​នាក់​ផងដែរ។ លើស​ពី​នោះ តំបន់​នេះ​ជា​កន្លែង​ស្តុក​ទុក​បរិមាណ​កាបូន​ច្រើន និង​មាន​ប្រភព​ទឹក​សម្រាប់​​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ជាង ៣​ម៉ឺននាក់​ដែល​រស់នៅ​អាស្រ័យ​ទឹក​ពី​តំបន់​នោះ​ក្នុង​ការ​ទ្រទ្រង់​កសិកម្ម​និង​នេសាទ។ ប្រភព​ទឹក​ទាំង​នោះ​ក៏​ជា​ធនធាន​សំខាន់​ដែល​ហូរ​បំពេញ​បឹងទន្លេសាប​ដែរ។

អ្នកស្រី ថោង រ៉េត ​ជា​អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ​នៃ​របាយការណ៍​នេះ​បាន​លើក​ឡើង​ថា របាយការណ៍​នេះ​គឺ​ជា​ភស្តុតាង​វិទ្យាសាស្ត្រ​មួយ។ វា​អាច​បញ្ជាក់​ថា តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្តាល គឺជា​ទី​ជម្រក​សំខាន់​នៃ​ជីវៈចម្រុះ​ដ៏​សំខាន់​ដែល​មាន​តម្លៃ​ជា​សកល និង​ជា​ទីតាំង​អាទិភាព​ក្នុង​ការ​អភិរក្ស។

លោកស្រី​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ថា៖ «យើង​បាន​ថត​ជាប់​នូវ​សត្វ​ព្រៃ​ចំនួន ១០៨ប្រភេទ ហើយ​ពួកវា​តំណាង​ឱ្យ​តែ​ផ្នែក​ខ្លះ​​នៃ​សត្វ​ដែល​មាន​វត្តមាន​នៅ​ទីនេះ​ប៉ុណ្ណោះ។ យ៉ាងណា​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​របស់​យើង មិន​អាច​ចាប់​យក​រូបភាព​សត្វ​ល្អិត សត្វថ្នាក់កង្កែប និង​មច្ឆា​កម្រៗ​ដទៃ​ទៀត​ដែល​រស់​នៅ​ទីនេះ​បាន​ឡើយ»។ 

លោកស្រី​បន្ថែមថា ការ​ស្រាវជ្រាវ​យ៉ាង​ទូលំទូលាយ​បន្ថែម​ទៀត ត្រូវ​ការ​ធ្វើឡើង ដើម្បី​ស្វែង​យល់​ពី​ភាព​សម្បូរ​បែប​នៃ​ប្រភេទ​សត្វ និង​ផ្តល់​ព័ត៌មាន​វិទ្យាសាស្ត្រ ដើម្បី​រក្សា​ការពារ​ឱ្យ​បាន​នូវ​ទី​មនោរម្យ នៃ​ជីវៈចម្រុះ​ដ៏​សំខាន់​នេះ។

មន្ត្រី​ដាក់​ពង្រាយ​ម៉ាស៊ីន​ថតស្វ័យ​ប្រវត្តិ​ចំនួន ១៤៧ តាម​បទដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ត្រ នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្តាល។ រូបថត CI Cambodia

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត មាន​ប្រសាសន៍ថា លទ្ធផល​នៃ​របាយការណ៍​នេះ ស​បញ្ជាក់​ជា​ថ្មី​ថា ព្រៃ ឈើ​កម្ពុជា​មិន​ត្រឹម​តែ​ជា​តំបន់​ទេសភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ដែន​ជម្រក​ដ៏​សំខាន់​សម្រាប់​ប្រភេទ​ជីវៈចម្រុះ នៃ​ភព​ផែនដី​ផងដែរ។ 

បន្ថែមពី​នោះ បាយការណ៍នេះ ក៏​ឆ្លុះ​បញ្ចាំង​ពី​សមិទ្ធផល​ជាវិជ្ជមាន​នៃកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដែល​ក្រសួង​បរិស្ថាន បាន​និង​កំពុង​អនុវត្ត ជាពិសេស​ក្នុង​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន ដែល​ផ្តោត​លើ​ការ​ការពារ​ជីវៈចម្រុះ និង​ការ​ស្តារ​ទី​ជម្រក​ឡើងវិញ។ 

ការ​សិក្សា​នេះ​ក៏​បង្ហាញ​ពី​សារៈសំខាន់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​មួយទៀតដែល​មាន​ឧត្តមប្រយោជន៍ និង​រួម​ចំណែក​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី៧​នៃ​រដ្ឋសភា​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្រោម​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស។

លោក​រដ្ឋមន្ត្រី​ថ្លែង​ដូច្នេះ​ថា៖ «ការ​ការពារ​ជីវៈចម្រុះ មិន​ត្រឹម​តែ​ជា​កាតព្វកិច្ច​រួម​របស់​យើង​ប៉ុណ្ណោះ​ទេ វា​គឺ​ជា​សក្ខីភាព​នៃ​ការ​រួមគ្នា​ជា​ធ្លុង​មួយ​ដើម្បី​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​រក្សា​បាន​នូវ​បរិស្ថាន​ធម្មជាតិ»។

របាយការណ៍​នេះ​គឺជា​លទ្ធផល​នៃ​កិច្ច​សហការ​រួម​រវាង​រាជរដ្ឋាភិបាល​កម្ពុជា USAID មូលនិធិ​កេរដំណែល​តំបន់​ទេសភាព (Legacy Landscapes Found-LLF) ក្រុមហ៊ុន Procter & Gamble Co. (P&G) អង្គការ CI សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច សហគមន៍​មូលដ្ឋាន និង​ដៃគូ​ដទៃទៀត​ផងដែរ។ 

លោក អ៊ុំ សូនី នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ CI Cambodia មាន​ប្រសាសន៍​ថា ការ​សិក្សា​នេះ​បង្កើត​នូវ​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​តាមដាន​ចំនួន​សត្វព្រៃ​នា​ពេល​អនាគត និង​បង្ហាញ​ផងដែរ​នូវ​តម្រូវការ​នៃ​ការ​អភិរក្ស​យូរ​អង្វែង​នៅ​តំបន់​នោះ។ អង្គការ​បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ធានា​ការ​អភិវឌ្ឍ​រយៈពេល​វែង និង​អនុវត្ត​យុទ្ធសាស្ត្រ​អភិរក្ស​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​តំបន់​ជួរភ្នំ​ក្រវាញ​កណ្តាល​នេះ។ 

ហ្វូងឆ្កែចចកដែលថតបានដោយម៉ាស៊ីន​ថតស្វ័យ​ប្រវត្តិ​។ រូបថត CI Cambodia

លោក​បញ្ជាក់​ថា៖ «យុទ្ធសាស្ត្រ​របស់​យើង​គឺ​ផ្តោត​ផងដែរ​លើ​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​សហគមន៍​ដោយ​និរន្តរភាព បង្កើត​ភាព​ជា​ដៃគូ​វិស័យ​សាធារណៈ និង​ឯកជន រួម​និង​ការ​ប្រើប្រាស់​ហិរញ្ញប្បទាន​ចម្រុះ​ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះ​អាកាសធាតុ»។

អ្នកស្រី Kerry Pelzman នាយិកា​បេសកកម្ម​នៃ​ទីភ្នាក់ងារ USAID បាន​លើកឡើង​ថា ការ​គាំទ្រ​របស់ USAID នៅ​តំបន់ជួរ​ភ្នំក្រវាញ​កណ្តាល​ឆ្លុះ​បញ្ចាំង ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ USAID ចំពោះ​ការ​អភិរក្ស​ជីវៈចម្រុះ​នៅ​កម្ពុជា​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ប្រព័ន្ធ​ធម្មជាតិ​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «USAID ពិត​ជា​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​កម្មវិធី​ដែល​ការពារ​ធនធាន​ធម្មជាតិ​និង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​របស់​កម្ពុជា​ហើយ​ថែម​ទាំង​ផ្តល់​សិទ្ធិ​ដល់​ជនជាតិ​ដើម​ភាគតិច​និង​សហគមន៍​មូលដ្ឋាន​ដើម្បី​លើក​កម្ពស់​ជីវភាព​របស់​ពួកគេ​ឱ្យ​រីក​ចម្រើន​ពី​ធម្មជាតិ»៕