មណ្ឌលគិរីៈ ផែនទី ​ដែល​មាន​គំរូ​ជា​3D ​មួយ ​ត្រូវ​បាន​សាក​ល្បង​បង្កើត​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​សម្រាប់​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​ប្រើ​ប្រាស់​ក្នុង​ការ​សម្គាល់​ទី​តាំង​ភូមិសាស្រ្ត ​ដើម្បី​ងាយ​ស្រួល​ការ​ពារ​ធនធាន​ធម្មជាតិ។


ផែន​ទីនេះ​បង្ហាញ​ពី​ទី​តាំង​ភូមិ​សាស្រ្ត​ជាក់​ស្តែង ​ទំហំ​៣ ៨៥៥ ​ហិកតា ​នៃ​ភូមិពូត្រុំ ​ស្ថិត​ក្នុង​សង្កាត់​រមនា ​ក្រុង​សែនម​នោ​រម្យ​ ដែល​អាច​ឱ្យ​សហគមន៍​មើល​ឃើញ​ដោយ​ផ្ទាល់​ពីផ្ទៃ​ដី ទេសភាព​ តំបន់​អភិរក្ស ​និង​លក្ខណៈ​សំខាន់ៗ​ដូច​ជា​ផ្លូវ ទន្លេ ​និង​ទីតាំង​គោល​ដៅ​នៃ​ជីវៈចម្រុះ​ជា​ដើម។

ផែន​ទី3D ​នេះដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការរៀប​ចំផែន​ការ​អភិរក្ស ​ការ​គ្រប់​គ្រង​ធន​ធានធម្ម​ជាតិ​ និង​ការ​អភិវឌ្ឍន៍​សហគមន៍ ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​តំបន់​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​របស់​ពួក​គេ និង​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ផង​ដែរ។ នេះ​បើ​យោង​តាម​អង្គការ ​WCS។


ផែន​ទីនេះ​ត្រូវ​បាន​សាក​ល្បង​បង្កើត​ឡើង​ក្រោម​កិច្ច​សហការ ​និង​ជំនួយ​បច្ចេក​ទេស​រវាង​អង្គការ​ WCS និង​ USAID​ មរត​ក​បៃតង​តាម​រយៈ​គម្រោង ​SERVIR Southeast Asia។ ក្នុង​នោះ​មាន​ការ​ចូល​រួម​ដោយ​ផ្ទាល់​ពី​សហគមន៍ ​គ្រូប​ង្រៀន និង​អាជ្ញាធរមូល​ដ្ឋាន​ផង​ដែរ។ 

អ្នក​ស្រី​ឆាយ គឹមហ៊ាក ​ប្រធាន​ផ្នែក​សហគមន៍ ​និង​រេដបូក​នៃ​គម្រោង​រេដបូកកែវសីមា​ របស់​អង្គការ​ WCS ​បាន​សង្កេត​ឃើញ​ថា ​កន្លង​មក​សហគមន៍​មាន​ការ​លំបាក​យល់ ​ក្នុង​ការ​ប្រើ​ប្រាស់​ផែន​ទី​បោះ​ពុម្ព។ ហេតុនេះ​ ទើប​មាន​ការ​ផ្តួច​ផ្តើម​រៀប​ចំ​ជា​ផែន​ទី​នេះ​ឡើង ​ដែល​មាន​លក្ខណៈ​សាមញ្ញ ​ងាយ​យល់​ ព្រោះ​ថា​បង​ប្អូន​សហគមន៍​ជា​អ្នក​អនុវត្ត​ធ្វើ​ដោយ​ផ្ទាល់​ ក្រោម​ការ​ជួយ​បង្រៀន​ពី​អង្គការ​។


អ្នក​ស្រី​គឹម​ហ៊ាក​ថ្លែង​ថា៖ «អញ្ជឹង​ពេល​ដែល​យើង​ធ្វើ​ផែន​ទី​ផែន​ទី 3D នេះ​ឡើង ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​គាត់​មែន​ទែន​។ គាត់​ងាយ​មើល ​ងាយ​ដឹង​ពី​ទី​តាំង​ភូមិ​សាស្រ្ត​ក្នុង​ភូមិ​គាត់។ ពី​មុន​មាន​ផែន​ទី​ធម្មតា ​តែ​ធ្វើ​បែប​នេះ​ទៅ​ គាត់​ងាយ​យល់​ជាង។ គោល​បំណង​សំខាន់​ហ្នឹង ​ដើម្បី​ឱ្យ​សហគមន៍​គាត់​ងាយ​មើល​ដើម្បី​ដឹង​ថា ទី​តាំងណា​ជា​កន្លែង​អភិរក្ស កន្លែង​ណា​អាច​ប្រើ​ប្រាស់​ជា​ដី​សម្រាប់​ធ្វើ​កសិកម្ម​បាន​ជា​ដើម»។

លោក​ស្រី​ឱ្យ​ដឹង​ថា ​ការ​ធ្វើ​ផែន​ទី​នេះមានលក្ខណៈ​សាមញ ​និង​មិន​មាន​ការ​ចំណាយ​ថវិកា​ច្រើន​នោះ​ទេ។ វា​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ក្រដាស​កេស​ចាស់ៗ ​ដែល​គេ​បោះ​ចោល ​ដោយ​យក​មក​កាត់​ ឱ្យ​ចេញ​ជា​រូបរាង​ខ្ពស់​ទាបៗ​ និង​ផាត់​ពណ៌​ទៅ​តាម​សណ្ឋាន​ជាក់​ស្តែង​។

ផែន​ទី​នេះ​ត្រូវ​បាន​ធ្វើ​ និង​ដាក់​នៅ​លើ​តុ​ស្ថិត​នៅ​ក្នុ​ទី​ស្នាក់​ការ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរ ​ពុងរូង ​ដោយ​មិន​មាន​បញ្ជូល​ក្នុង​កម្មវិធី​ទូរ​សព្ទ​ដៃ​នោះ​ទេ។ ការ​ចូល​រួម​របស់​សហគមន៍​ក្នុង​ដំណើរ​ការ​នេះ ​ក៏​មាន​គោល​បំណង​បង្កើន​ការ​ចូល​រួម​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស ​និង​លើក​កម្ពស់​ការ​ការ​ពារ​ជីវៈ​ចម្រុះ។ តាម​រយៈ​គម្រោង​នេះ​ ផែន​ទីនេះ​ ​ក៏​បម្រើ​ជា​ឧ​បក​រណ៍​ សម្រាប់តាម​ដាន​ការ​ប្រែប្រួល​នៃ​ព្រៃ​ឈើ និង​ជីវៈ​ចម្រុះ​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរពុង​រូង​នាពេ​ល​អនា​គ​ត។

ផែន​ទី​3Dនេះ​បង្ហាញ​ពី​ទី​តាំង​ភូមិ​សាស្រ្ត​ជាក់​ស្តែង ​ទំហំ​៣ ៨៥៥ ​ហិកតា ​នៃ​ភូមិពូត្រុំ ​ស្ថិត​ក្នុង​សង្កាត់​រមនា ​ក្រុង​សែនម​នោ​រម្យ​។ រូបថត ផាក់ ស៊ាងលី

លោក​ស្រី​បញ្ជាក់​ថា៖ «មួយ​ទៀត​ក៏​ងាយ​ស្រួលស​ម្រាប់​គាត់​ធ្វើ​ផែនការ​ដែរ​ ព្រោះ​ភូមិ​គាត់​ត្រូវ​ធ្វើ​ផែន​ការ ​កន្លែង​ណា​ចង់​អភិរក្ស​ទុក កន្លែង​ណា​ចង់​យកទៅធ្វើ​នេះ​ ធ្វើ​នោះ។ អញ្ជឹង ​ងាយ​ស្រួល​ធ្វើ​ផែន​ការ​សម្រាប់អភិវឌ្ឍន៍​ភូមិ​ទៀត ដូច​ជា​កន្លែង​ត្រូវ​ដាក់​អណ្តូង​ទឹក ​សាលារៀន..ងាយ​ស្រួល​ក្នុង​ការធ្វើ​ផែន​ការ​គ្រប់គ្រង​ដី​ធ្លី​របស់​គាត់»។

សម្រាប់​គម្រោង​រេដបូក​កែវ​សី​មា​នេះ ការធ្វើ​ផែន​ទី​3Dនេះ គឺជា​លើក​ទី១ (pilot) នៃ​ភូមិ​ទាំង​២០ក្នុង​គម្រោង​នេះ។ 

លោកស្រី​បន្តថា ​ការ​ធ្វើ​ផែន​ទី​ជា​លើទី​មួយនេះ​មាន​ការ​ចូលរួម​ច្រើន​យ៉ាង​សកម្ម​ពី​សហគមន៍ ​និង​អាជ្ញាធរ​ភូមិ​ឃុំ។ ប្រើ​សិន​បើ​គ្រូប​ង្រៀន​មាន​ការ​ចាប់​អារម្មណ៍ ​លើ​ការ​ង្កើត​ផែន​ទី​បែប​នេះ ​ពួក​គាត់​អាច​យក​ទៅ​បង្រៀន​សិស្ស​បាន។ រីឯ​ការ​ចូល​រួម​របស់​អាជ្ញាធរ​ ក៏​ដើម្បី​បង្ហាញ​ពី​ការ​ទទួល​ស្គាល់ ​និង​ជួយ​ដាក់​និមិត្ត​សញ្ញា​ឱ្យ​ត្រូវ ​ដែល​ធ្វើម៉េច​ឱ្យ​ផែន​ទី​នេះ​ឆ្លុះ​បញ្ជាំង ​ឱ្យ​ត្រូវ​ជាមួយ​នឹង​ទី​តាំង​ភូមិ​ជាក់​ស្តែង។ 

លោក​ស្រី​ថ្លែង​ដូ​ច្នេះថា​៖ «ស្រ្តី ​និង​យុវ​ជន​ជន​ជាតិ​ដើម​ចូល​រួម​គិត​គូរ ​ជាមួយ​ភាគី​អ្នក​ពាក់​ព័ន្ធ។ កាល​ណាគាត់ចូ​លរួម​រៀប​ចំផែន​ទី​ដោយ​ខ្លួន​ឯង​អញ្ជឹង​ទៅ ​គាត់​មាន​ភាព​ជា​ម្ចាស់​ថា ហ្នឹង​ជា​ភូមិ​គាត់..ពេលនេះ​ យើង​សាកល្បង​ធ្វើ​មួយ​សិន​។ យើង​ឃើញ​ថាមា​នការ​ចូល​រួម​ច្រើន​ពី​សហគមន៍​ និង​អ្នក​ពាក់​ព័ន្ធ»។

លោក​ស្រីជឿ​ជាក់​ថា​ ផែន​ទី​នេះ​នឹង​មិន​ត្រូវ​ទុក​ចោល​ទេ ​គឺ​សម្រាប់​ប្រើ​ប្រាស់ ​បំរើ​ជា​ប្រយោជន៍​រួម​ដល់​ភូមិ​គាត់ ហើយ​ពួក​គាត់​នឹង​ធ្វើ​បច្ចុប្បន្នភាព​(អាប់ដេត)​វា ​ព្រោះពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ព្រៃ​ឈើ​មាន​ការ​ផ្លាស់​ប្តូរ។ ហេតុ​នេះ ​ពួក​គាត់​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពណ៌​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​ដែរ។ លើស​ពី​នោះ​ពេលមាន​ការ​ជួប​ជុំ ​ពួក​គាត់​អាច​ណែ​នាំ​អ្នក​ភូមិ​ផ្សេង​ទៀត​ឱ្យ​ស្គាល់​ពី​ទី​តាំង​នីមួយៗ​ក្នុង​ភូមិផង​ដែរ​។

លោក​ព្រេង សុខសារី ​ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរ​ពុង​រូង​បាន​បង្ហាញ​អារម្មណ៍​ថា ​ការ​ផលិត​ផែន​ទី​ 3D​ នេះ​ បាន​ជួយ​សហគមន៍​ពួក​គាត់ ​ក្នុង​ការ​គ្រប់​គ្រង ការ​ពារ ​និង​ផ្តល់ពត៌មាន​បទ​ល្មើស និង​គ្រោះ​មហន្តរាយ​ផ្សេង​ៗ ពី​ព្រោះ​វា​ធ្វើ​ឱ្យ​ពួក​គាត់​អាច​ដឹង​ពី​ចំណុច​អូរ ​កំពស់ ​ឬ​កន្លែង​ជាក់​លាក់ ដែល​ខុសគ្នា​ពី​ផែន​ទី​ដែល​ពួកគាត់​មើល​កន្លង​មក​។ នេះបើ​យោង​តាម​USAID ​មរតក​បៃតង។

លោក​និយាយ​ថា៖ «នៅពេល​ដែល​យើង​បង្កើត​ផែន​ទី​​ 3D​ នេះ​ ខ្ញុំ​គិត​ថា​ទាំង​ខ្ញុំ ​និង​សមាជិក​សហគមន៍​ផ្សេងទៀត​ងាយ​នឹង​យល់ ​ងាយ​នឹង​ស្រ​លាញ់ ​ដោយ​សារ​យើង​មើល​ឃើញ​ធន​ធាន​ពិត​នៅ​ក្នុង​សហគមន៍​របស់​យើង​ថាវា​ពិត​ជា​ដូ​ច្នេះ​មែន»។ 

អ្នក​ស្រី​គឹម​ហ៊ាក ​ក៏បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ​អង្គការ​គ្រោង​នឹង​ធ្វើ​ផែន​ទី​ 3D ​នេះ​នៅ ​៦​ ភូមិ​ថែម​ទៀត​ក្នុង​តំបន់​គោល​ដៅ​នៃគ​ម្រោង​រេដ​បូក​នេះ។

គម្រោង​រេដ​បូក​កែវ​សីមា​បាន​ចាប់​ផ្តើម​ កាល​ពី​ឆ្នាំ២០១០ ​និង​កំពុង​តែ​អនុវត្ត​លើ​ផ្ទៃដី​ព្រៃ​ទំហំ ១៦៦​ ៩៨៣ ហិកតា​ក្នុង​ចំណោម​ផ្ទៃដី​ជាង ៣០០ ០០០​ហិកតា​នៃ​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា៕