ថាមពល​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ អាច​នឹងត្រូវបាន​​ដាក់បញ្ចូល​ទៅ​ក្នុង​បណ្តាញ​អគ្គិសនី​ជាតិចាប់​ពី​​ឆ្នាំ​២០២៦ ដែល​នេះ​​ជាប្រភពថាមពល​ស្អាត​​ថ្មី​មួយ​ទៀត​នៅ​ក្នុង​គោលនយោបាយ​ថាមពលកម្ពុជា ដែល​ប្រភព​ថ្មី​នេះ នឹង​ជួយ​ឱ្យ​កម្ពុជា​មាន​​​ប្រភព​ថាមពល​កាន់​តែ​​​ចម្រុះ តម្លៃ​ទាប និង​មាន​និរន្តន៍​ភាព​ជាង​មុន។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល​។


ថ្លែង​ក្នុងពិធី​​​បាឋកថា​ស្តីពី«គោលនយោបាយថាមពលកម្ពុជា» ដែល​រៀបចំ​ឡើង​ក្រោម​កិច្ច​សហការ​រវាង​ក្រសួង​រ៉ែ និង​ថាម​ពល​ ជាមួយ​​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​ក្លិបអ្នកកាសែតកម្ពុជា កាល​ពី​រសៀល​ថ្ងៃទី​៤ ខែ​តុលា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល​ បាន​ឱ្យ​ដឹង​ថា ក្រោម​ការ​យកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល វិស័យ​ថាម​ពល​នៅ​កម្ពុជា​បាន​បន្ត​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស គឺ​ពី​​គ្មាន​ថាម​ពល​អគ្គិសនី​ប្រើប្រាស់​សោះ​​កាល​ពី​អំឡុង​ឆ្នាំ​ ១៩៧៩ រហូត​ដល់​ចុង​ឆ្នាំ ២០២៣ កន្លង​មក ប្រទេស​កម្ពុជា​មាន​​បណ្តាញ​អគ្គិសនី​​ទៅ​ដល់​ភូមិ​ចំនួន ១៤ ១៥១​ ដែល​ស្មើ​នឹង​ ៩៩,៨៨​ភាគ​រយ​នៅ​ទូទាំង​ប្រទេស​។

លោក​លើក​ឡើង​ទៀត​ថា ទន្ទឹម​នឹង​លទ្ធផល​ជា​វិជ្ជមាន​ខាង​លើ ពិសេស​ក្នុង​រយៈ​ពេល ១៥ ឆ្នាំ​ចុង​ក្រោយ​នេះ រាជ​រដ្ឋាភិបាល​ក៏​​កំពុង​ខិតខំ​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​បណ្តាក់​ទុន​លើ​វិស័យ​ថាម​ពល​ផងដែរ ដើម្បី​ធ្វើ​យ៉ាង​ណាឱ្យ​ប្រទេស​កម្ពុជាមាន​ថាម​ពល​ពី​ប្រភព​ស្អាត​កាន់​តែ​ច្រើន ក្នុង​ន័យធានាថា វិស័យ​ថាម​ពល​នៅ​កម្ពុជា គឺ ​មាន​ប្រភពផ្គត់​ផ្គង់​​គ្រប់​គ្រាន់, មាន​តម្លៃ​សមរម្យ, ថាម​ពល​មាន​ស្ថិរភាព, និង​៤ មានសមធម៌។


ទាក់​ទង​នឹង​គម្រោង​ធ្វើ​ឱ្យ​វិស័យថាម​ពល​នៅ​កម្ពុជា កាន់​តែ​មាន​ភាព​រឹងមាំ និងស្អាត​ជាង​មុន​ លោក កែវ រតនៈ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​រ៉ែ និង​ថាម​ពល គឺ​កំពុង​ខិតខំ​ក្នុង​ការ​ពង្រឹង និង​ពង្រីក​សមត្ថភាព​របស់​ខ្លួន​តាម​រយៈ​ការ​បង្កើន​សមត្ថភាព​ថាម​ពល​ស្អាត ដែល​មិន​បង្ក​ផល​ប៉ះ​ពាល់​​ដល់​បរិស្ថាន ដូចជា ការ​ពង្រីក​ការ​វិនិយោគ​​លើ​ថាម​ពល​អគ្គិសនី​ពី​ពន្លឺ​ព្រះ​អាទិត្យ ជា​ពិសេស​ថាម​ពលថ្មី​ដែល​មាន​ប្រភព​​ពី​កម្លាំង​ខ្យល់ ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​។

លោក​បាន​ថ្លែង​ថា៖​«កម្ពុជា​កំពុង​ពង្រីង​ថាម​ពល​របស់​ខ្លួនដែល​ដើរដោយ​ខ្យល់ ដែល​មាន​អានុភាព​សរុប ៩០០​មេហ្គាវ៉ាត់ គឺ​ចំនួ​ ៦ ​គម្រោងស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី»។


លោក​ប្រាប់​ទៀត​ថា បាន​ផែនការ​គម្រោង​នេះ​អាច​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ជាផ្លូវ​ការ​ក្នុង​ឆ្នាំ​២០២៦។​ ការ​មាន​ប្រភព​ច្រើន ក៏​នឹង​អាច​ជួយ​ឱ្យ​កម្ពុជា​អាច​កាត់​បន្ថយ​តម្លៃ​ឱ្យ​កាន់​តែ​ទាប​នា​ពេល​អនាគតផងដែរ។​

ស្ថិរភាព និង​តម្លៃ​អគ្គិសនី​ទាប ជាសក្តានុពលក្នុង​ការ​ទាក់​ទាញ​វិនិយោគិនឱ្យចូលមក​បណ្តាក់​ទុន

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​លើក​ឡើង​ថា កន្លង​មក​មាន​អ្នក​វិនិយោគបរទេស​ជាច្រើន​បាន​ប្រាប់​លោកថាមូលហេតុដែល​គេរើទីតាំង​រោងចក្រ​មក​កម្ពុជា គឺ​ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​ថាម​ពល​ល្អ និង​ជា​ថាម​ពលមាន​ប្រភព​ស្អាត។ 

​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក​តែ​ តាំង​ប៉ ធ្លាប់​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ថា ឱកាស​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់​ទុន​នឹងមាន​កាន់តែច្រើន​បន្ថែម​ទៀត បើ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​អាច​ធ្លាក់ចុះ​ទាប​ជាង​ពេលនេះ ឬ​ប្រហាក់​ប្រ​ហែល​ប្រទេសជិតខាង​។ គ្រប់​ចង្វាក់​ផលិតកម្ម គឺ​ត្រូវការ​ប្រើប្រាស់​ថាមពល ដូច្នេះ​បើ​តម្លៃ​អគ្គិសនី​ទាប ថ្លៃដើម​ផលិត​ក៏​ទាប ដែល​នឹង​ធ្វើឱ្យ​សមត្ថ​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​កើនឡើង​។

លោក​បន្តថា ឧស្សាហកម្ម​ធំៗ​បាន​ចូលមក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​នាពេលនេះ​។​

​លោក​ថ្លែងថា​៖«​តម្លៃ​ប្រេង និង​តម្លៃ​អគ្គិសនី ជា​កត្តា​គួបផ្សំ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​វិនិយោគ​គិ​ន ព្រោះ​ប្រេង និង​អគ្គិសនី គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ផ្នែក​ផលិតកម្ម ក្រៅពី​ការ​ចំណាយ​លើ​វត្ថុធាតុដើម និង​កម្លាំង​ពលកម្ម​។ ពេលណា​តម្លៃ​ប្រេង រួមទាំង​តម្លៃ​អគ្គិសនី​មាន​ស្ថិរភាព និង​តម្លៃ​ទាប​វិនិយោគិន​នឹង​មើលឃើញ​ពី​ឱកាស​ចេញពី​កត្តា​ទាំងអស់នោះ​»​៕