មណ្ឌលគិរីៈ សំណាក​សាកសព​ដំរី​ឈ្មោល​មួយ​ក្បាល ​ទំងន់​ប្រមាណ​៣​តោន ដែល​បាន​ស្លាប់​ក្នុង​រណ្តៅ​គ្រាប់​បែក ​B៥២​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសី​មា​នោះ ​ត្រូវ​បាន​យក​ទៅ​ធ្វើ​កោសល​វិច័្ចយ​បន្ថែម​ នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ចន្ទ ទី​៧​ ខែតុលា​នេះ ដើម្បី​រក​មូល​ហេតុនៃ​កា​រ​ស្លាប់​ឱ្យ​បាន​ច្បាស់​លាស់។


ប្រ​ជា​សហគមន៍​បាន​ប្រទះ​ឃើញ​ដំរី​ព្រៃ ​ឬ​ដំរីអាស៊ី១​ក្បាល​ អាយុ​ប្រ​ហែល​៣០​ឆ្នាំ ​ស្លាប់​ នៅ​ក្នុង​រណ្ដៅគ្រាប់​បែក ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​សង្រ្គាម​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​អូរអាម​ ឃុំ​ស្រែខ្ទុម​ ស្រុក​កែវសីមា ​កាលពី​ថ្ងៃ​ទី​៥ ខែតុលា។

ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​នេះ ​មន្រ្តី​ជំនាញ​ បាន​សហ​ការ​ជា​មួយ​មន្រ្តី​អង្គការ WCS ​និង​អាជ្ញាធរមូល​ដ្ឋាន​ ដើម្បី​ធ្វើ​អន្តរាគមន៍​ស្រង់​ដំរី​នេះ​ចេញ​ពី​រណ្តៅ នៅ​ល្ងាច​ថ្ងៃ​ទី៦​ ខែ​តុលា។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​មន្រ្តី​ជំនាញ​ពី​សួន​សត្វ​ភ្នំតា​ម៉ៅ ​មន្ទីរ​បរិស្ថាន ​កសិកម្ម​ខេត្ត ​និង​អង្គការ​ ​WCS​ បាន​ធ្វើ​កោសលវិច័្ចយ ​និង​វះ​កាត់​សាក​សព​ដំរី​នេះ ដើម្បី​យក​ទៅ​ធ្វើ​ពិសោធន៍​បន្ថែម។ នេះ​បើ​យោង​តាម​លោក​ ឌិន​ ប៊ុន​ធឿន ​ប្រធាន​ស្តី​ទី​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគីរី។


លោក ​ប៊ុន​ធឿន​ បញ្ជាក់​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា​៖ «ព្រឹក​នេះ​យើង​វះ​យក​សំណាក​មួយ​ចំនួន​នៅ​ទី​តាំង​ឃើញ​ស្លាប់​ហ្នឹង​យក​ទៅ​ពិនិត្យ​មើល​នៅ​ភ្នំពេញ ​ដើម្បី​ដឹង​ពីមូល​ហេតុអី​បាន​ស្លាប់​អញ្ជឹង»។

លោក​បាន​ឱ្យ​ដឹង​ថា ​ដំរី​នេះបាន​ឈឺ​ជើង​ឆ្វេង​ខាង​មុខ​ ប៉ុន្តែ​វា​នៅ​ដើរ​បាន​។ តាម​ការ​ពិនិត្យ​សាកសពដោយ​ផ្ទាល់​ឃើញ​ថា ​សព​ដំរី​នេះ​មាន​ស្នាម​របួស​ជើង​ឆ្វេងមុខ​ ហើយ​វា​ជា​ដំរី​មួយ​ក្នុង​ចំណោម ហ្វូង​របស់វា​មាន​ចំនួន​ពី​ ១០​ ទៅ ​២០​ក្បាល ​ដែល​បាន​បង្ហាញ​ខ្លួន​ នៅ​តំបន់​នេះ​កាល​ពី​ខែ​មេសា​កន្លង​មក។


លោក​ថ្លែង​ដូ​ច្នេះ​ថា៖«មិន​មែន​វា​ធ្លាក់​ចូល​រណ្តៅ​នេះ​ទេ។ តាម​ការ​សន្និដ្ឋាន​វា​ឈឺជើង​ហើយ​ចុះ​ផឹក​ទឹក​ ដើរ​អត់​រួច​។ យើង​យក​ទឹក​[ក្នុងរណ្តៅ] ​និង​សំណាក​ដំរី​ទៅ​ពិនិត្យ​មើល​សិន​ទើប​ដឹង​ថា ​ក្នុង​ទឹក​មាន​អី​ ឬ​ក៏​ក្នុង​ពោះ​វៀន​វា​មាន​សារ​ធាតុ​ពុល ​ឬ​អត់។ អញ្ជឹង​យើង​អត់​ទាន់​សន្និ​ដ្ឋាន​បាន​ទេ ​ទាល់​តែ​ឆ្លង​កាត់​ការ​ធ្វើ​កោសលវិច័្ចយ​សិន»។

លោក​បន្ថែម​ថា ​ដោយ​សារ​តែ​នៅ​តំបន់​នោះ​ជា​ចំកា​រកៅ​ស៊ូ​ និង​ពិបាក​ដឹក​សព​ដំរី​ចេញ​ ក្រុម​មន្រ្តី​នឹង​រក​កន្លែង​មាន​សុ​វត្ថិភាព​ ដើម្បី​កប់​សាក​សពវា។

នេះ​ជា​កណី​ស្លាប់​ដំរី​លើក​ទី៣​ក្នុង​ខេត្តមណ្ឌល​គិរី ​ក្នុង​ឆ្នាំ​​២០២៤​នេះ។ កាល​ពី​ខែ​មករា​កន្លង​មក​ កូន​ដំរី​មួយ​ក្បាល​បាន​ស្លាប់ ​ដោយ​សារ​តែ​ត្រូវ​គ្រាប់​កំាំ​ភ្លើង។ កាល​ពី​ខែ​ឧសភា​ ដំរី​ញី​មួយ​ក្បាល​ បាន​ស្លាប់​ក្រោយ​ពី​ត្រូវ​បាន​ស​ង្រ្គោះ​ពី​ល្បាប់​ភក់​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច ​ដោយ​សារ​តែ​របួស​ជើង​ធ្ងន់​ធ្ងរ និង ដាច់​ចំណី​យូរ។

ទោះ​យ៉ាង​ណា ​ក្រុម​ការ​ងារ​ បាន​សន្និដ្ឋានជំហានដំបូងថា ​ករណី​ស្លាប់​ដំរី​ចុង​ក្រោយ​នេះ​ ប្រហែល​ជាប់​ផុង​មួយ​រយៈ​ពេល​មុន​នឹង​ស្លាប់ ​ក្នុង​រយៈ​ពេល​១ថ្ងៃទៅ២​ថ្ងៃ ​មុន​ពេល​ដែល​អ្នក​ស្រុក​បាន​ប្រទះ​ឃើញ​ និង​បាន​រាយ​ការ​ណ៍​មក​មន្រ្តី​ឧទ្យា​នុរក្ស ​នៃម​ន្ទីរបរិ​ស្ថាន​ខេត្ត​។ នេះ​បើ​យោង​តាម​ក្រសួង​បរិស្ថាន។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ លោ​កខ្វៃ​ អាទិត្យា ​បាន​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ និង​ចាត់​ទុក​ការ​ស្លាប់​ដំរី​១​ក្បាល​នេះ ​ថា​ជា​ការ​បាត់​បង់​ធន​ធាន​ធម្មជាតិ​ ដ៏​មាន​សារៈ​សំខាន់​មួយ​។

លោក​បាន​ឱ្យដឹ​ងថា​ ហ្វូង​ដំរី​ព្រៃ​ឬដំរី​អា​ស៊ី ​នៅតាម​តំបន់​ការ​ពារ​ធម្មជាតិ ​ក្នុង​ខេត្តម​ណ្ឌលគីរី​ បាន​បង្ហាញ​ខ្លួន​ជា​ញឹក​ញាប់​ និង​មាន​ចំនួន​ច្រើន​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ ​ដែល​បង្ហាញ​ពី​លទ្ធផល​បញ្ជាក់​ថា ​ពួក​វា​រស់​នៅ​សុខ​សាន្ត​ និង​បង្កើត​កូន​ចៅ​ជា​បន្ត​បន្ទាប់។ លើស​ពីនោះ ​ក៏​អាច​បញ្ជាក់​បាន​ថា ​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ ​និង​ការ​អភិរក្ស​ជីវៈ​ចម្រុះ ​ធានា​បាន​នូវ​ប្រព័ន្ធ​អេ​កូ​ឡូ​ស៊ី​បរិស្ថាន ​បាន​ល្អ​ប្រសើរ ​នៅ​តាម​ប្រព័ន្ធ​ការពារ​ធម្មជាតិ​ផង​ដែរ។

លោក​បាន​ជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​ពង្រឹង​កិច្ចសហការ​ពី​អ្នកពាក់​ព័ន្ធ ​ក៏​ដូច​ជា​ពី​ប្រជាពលរដ្ឋ ​នៅតាម​មូល​ដ្ឋាន​ឱ្យ​កាន់​តែ​ប្រសើរ​បន្ថែម​ទៀត ​ក្នុង​ការ​អភិរក្ស​សត្វ​ដំរី ​ជា​ពិសេស​ការ​ការ​ពារ​ទី​ជម្រក​របស់​របស់​វា។

ក្រៅ​ពី​ជំរុញ​សកម្មភាព​ការ​ពារ និង​អភិរក្ស​ធន​ធាន​ធម្មជាតិ ​និង​ការ​ស្តារ​ទីជម្រក​ លោកក៏បាន ជំរុញ​ឱ្យ​កាត់​បន្ថយ​ជម្លោះ ​រវាង​មនុស្ស​និង​ដំរី កុំ​ឱ្យ​មាន​ការ​ប្រមាញ់​សត្វ​ព្រៃ​ ជាចាំ​បាច់ និង​ជួយ​បង្កើន​នូវ​ជម្រក​បៃតង គឺ​បង្កើន​គម្របព្រៃ ​សម្រាប់​ការ​រស់​នៅ​សុខ​សាន្ត ​របស់​ជីវៈ​ចម្រុះ​ដូច​ជា​ភេទ​សត្វ​ដំរី​ជា​ដើម។

ដំរី​ព្រៃ ​ឬដំរី​អាស៊ី ​គឺ​ជា​ប្រភេទសត្វ​ ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ ​IUCN ជា​ប្រ​ភេទ​សត្វ​ងាយ​រង​គ្រោះ ជិត​ផុត​ពូជនៅ​លើ​សកល​លោក។ តាម​ការ​ប៉ាន់​ស្មាន ​ដំរី​នៅ​អាស៊ី ​មាន​ប្រមាណ​ពី ​៤០ ០០០​ទៅ​ ៥០ ០០០ ​ក្បាលប៉ុណ្ណោះ។ ​ក្នុង​នោះ​ប្រហែល​ ៧៥​ ភាគ​រយ​រស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​និង​ស្រី​លង្កា។ 

យោង​តាម​ការ​សិក្សា ​DNA​ លើ​ចំនួន​សត្វដំរី​ព្រៃ ​របស់​មន្រ្តី​ជំនាញ​ ក្រសួងបរិស្ថាន ​សហការ​ជាមួយ​ដៃគូ​ នា​ពេល​កន្លង​មក​បាន​ឱ្យ​ដឹង​ថា ​ដំរី​អាស៊ី​មាន​ចំនួន​ប្រមាណ​ ​៣៥០​ក្បាល ​កំពុង​រស់​នៅ ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។ ​ចំណែក​នៅ​ទូទាំង​ប្រទេសក​ម្ពុជា ​ដំរីអាស៊ី​មាន​ប្រមាណ​ពី​ ៤០០​ ទៅ ​៦០០​ក្បាល ​ដែល​ភាគ​ច្រើន​រស់នៅ​ក្នុង​តំបន់​ជួរភ្នំក្រ​វាញ ​និង​តំបន់​ខ្ពង់​រាប​ភាគ​ខាង​កើត​ក្នុង​ខេត្ត​មណ្ឌលគីរី ​ខេត្ត​រតនគិរី​ ជាដើម ​ដែល​ជា​តំបន់​ជីវៈ​ចម្រុះ ដ៏សំបូរ​បែប​ប្រព័ន្ធ​អេកូទ្បូស៊ី ​និង​មាន​ទីជម្រាល​អំណោយ​ផល ​ដល់​ការ​រស់​នៅ​របស់​សត្វដំរី ​និង​សត្វ​ព្រៃ​ផ្សេងៗ​ទៀត៕