អ្នក​ស្រាវជ្រាវ​នៃ​ក្រសួង​បរិស្ថាន​បាន​រក​ឃើញ​ផូស៊ីល​ឈើ​ដែល​មាន​អាយុកាល​ចាស់​ជាង​គេ​នៅ​ខេត្ត​បន្ទាយ​មានជ័យ ដែល​មាន​អាយុកាល​ចន្លោះ​ពី ២៥២​ដល់​២៩៩​លាន​ឆ្នាំ។


លោក ខ្វៃ អាទិត្យា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ​ថា ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​ក្រសួង​បរិស្ថាន ដឹកនាំ​ដោយ​លោក លឹម វណ្ណច័ន្ទ ប្រធាន​ការិយាល័យ​បេតិកភណ្ឌ​វប្បធម៌ នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ផូស៊ីល​ឈើ​នេះ​នៅ​ភ្នំ​កងវ៉ា ក្នុង​ក្រុង​សិរីសោភ័ណ នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មីៗ។ 

លោក​ថា ​ក្រុម​ការងារ​បាន​ទទួល​ព័ត៌មាន​ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បន្ទាយ​មានជ័យ ហើយ​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​ក្នុង​រណ្តៅ​ដី​មួយ​កន្លែង​នៅ​ជើង​ភ្នំ​កងវ៉ា ហើយ​បាន​កាយ​ស្រទាប់​ដី ឬ​ថ្ម និង​បាន​ឃើញ​ផូស៊ីល​ដើម​ឈើ​មួយ​ចំនួន។


ផូស៊ីល​​ឈើ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ភ្នំ​កងវ៉ា​ ខេត្ត​បន្ទាយ​មានជ័យ ​កាល​ពី​ខែ​កញ្ញា។ ក្រសួង​បរិស្ថាន

លោក​បន្ត​ថា៖ «អ្នក​ជំនាញ​ធ្លាប់​បាន​ចុះ​សិក្សា​ពិនិត្យ​ទីតាំង​ភ្នំ​កងវ៉ា​ នា​ពេល​កន្លង​មក និង​តាម​រយៈ​ការ​សិក្សា​ប្រៀប​ធៀប​នេះ ផូស៊ីល​ឈើ​ទាំង​នោះ​អាច​ស្ថិត​នៅ​លើ​កោះ ​ឬ​ដីគោក​ក្នុង​ពេល​មួយ គឺ​ក្នុង​សម័យកាល​ភ័រមៀន (Permian) ​ដែល​មាន​អាយុ (២៥២​ដល់​២៩៩​លាន​ឆ្នាំ) ក្នុង​ស័ក Paleozoic»។ 


បើ​តាម​លោក ខ្វៃ អាទិត្យា ផូស៊ីល​ឈើ​នេះ គឺ​ជា​ផូស៊ីល​មួយ​​ក្នុង​ចំណោម​ផូស៊ីល​ចំណោម​ផូស៊ីល​ជាច្រើន​ដែល​រក​ឃើញ​នៅ​តំបន់​ការពារ​ធម្មជាតិ​ចំនួន ១៤​កន្លែង​ក្នុង​នៅ​ក្នុង​ខេត្ត​រតនគីរី ស្ទឹងត្រែង ព្រះវិហារ កោះកុង និង​បន្ទាយ​មានជ័យ។

ផូស៊ីល​​ឈើ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ភ្នំ​កងវ៉ា​ ខេត្ត​បន្ទាយ​មានជ័យ ​កាល​ពី​ខែ​កញ្ញា។ ក្រសួង​បរិស្ថាន

លោក​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​ផូស៊ីល​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់​ផ្តើម​ពី​ឆ្នាំ​២០១៩ ដោយ​នៅ​ខេត្ត​នេះ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ស្ថានីយ​ផូស៊ីល​នៅ​ស្ថានីយ​ចំនួន​១២​កន្លែង​ រួម​មាន​ផូស៊ីល​សត្វ​សមុទ្រ ខ្យង ផ្កាថ្ម លៀស​ ជាដើម។

សម្រាប់​ខេត្ត​បន្ទាយ​មានជ័យ ការសិក្សា​​ស្រាវជ្រាវ​ផូស៊ីល​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តំបន់​បេតិភណ្ឌ​ធម្មជាតិ​ភ្នំបាក់​ ភ្នំ​ជញ្ជាំង ភ្នំស្វាយ ​ភ្នំកងវ៉ា ភ្នំខ្លាកូន ឬ​ភ្នំ​ដូងព្រះ ដែល​ទាំង​អស់​នោះ​ជា​ស្ថានីយ​ផូស៊ីល​សត្វ​សមុទ្រ​​ធំជាង​គេ​នៅ​កម្ពុជា​​បូករួម​នឹង​ផូស៊ីល​ឈើ​ខ្លះ​ដែរ។

កាល​ពី​ឆ្នាំ​២០២១ ក្រសួង​បរិស្ថាន​ក៏​បាន​រក​ឃើញ​ផូស៊ីល​ឆ្អឹង​ស្មងជើង​ដាយណូស័រ នៅ​តំបន់​ការពារ​ធម្មជាតិ​កោះ​ប៉ោ​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​តាតៃ ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។ ផូស៊ីល​នេះ​មាន​អាយុ​កាល ៦៥លាន-១៩០លានឆ្នាំមុន ហើយ​ជា​ផូស៊ីល​ឆ្អឹង​សត្វ​ដំបូង​គេ​ដែល​រក​ឃើញ​នៅ​កម្ពុជា៕

ផូស៊ីល​​ឈើ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ភ្នំ​កងវ៉ា​ ខេត្ត​បន្ទាយ​មានជ័យ ​កាល​ពី​ខែ​កញ្ញា។ ក្រសួង​បរិស្ថាន