ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់បេក្ខជនទាំងអស់ឲ្យគោរពបទប្បញ្ញត្តិនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឱ្យបានត្រឹមត្រូវ និងត្រៀមខ្លួនរួចរាល់ប្រកបដោយភាពក្លាហាននិងការជឿជាក់។
ក្រសួងក្រើនរំឭកថា បេក្ខជនទាំងអស់មិនត្រូវលាក់ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទដើម្បីយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
នៅថ្ងៃទី៧ ខែតុលានេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាបានអំពាវនាវ និងក្រើនរំឭកដល់បេក្ខជនដែលត្រូវប្រឡងបាក់ឌុបទាំងអស់ឲ្យទទួលដំណេក និង បរិភោគអាហារឲ្យបានគ្រប់គ្រាន់ និងមានអនាម័យល្អ។
លោកថ្លែងថា៖ «ក្មួយៗត្រូវទទួលទានដំណេក បរិភោគអាហារ និងទទួលទានទឹកស្អាត ជាពិសេសទទួលទានអាហារពេលព្រឹកឲ្យបានគ្រប់គ្រាន់ ដើម្បីក្មួយៗមានភាពក្លាហាន អារម្មណ៍នឹងនរ ប្រកបដោយភាពជឿជាក់ និងប្រុងប្រយ័ត្នក្នុងពេលប្រឡង»។
លោកបន្តថា បេក្ខជនទាំងអស់ត្រូវត្រៀមសម្ភារៈចាំបាច់ក្នុងការធ្វើដំណើរទៅនិងមកមណ្ឌលប្រឡង រួមមានមួក ឆ័ត្រ និងអាវភ្លៀង។ គ្រប់បេក្ខជនក៏ត្រូវប្រុងប្រយ័ត្នក្នុងការធ្វើដំណើរមកមណ្ឌលប្រឡងផងដែរ។
ការប្រឡងបាក់ឌុបឆ្នាំនេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី៨ និងទី៩ ខែតុលា ដែលមានបេក្ខជនសរុប ១៣៧ ០៤០ នាក់ ក្នុងនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៣៩ ៣៥៨ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៩៧ ៦៨២នាក់។ មានមណ្ឌលប្រឡងសរុបចំនួន ២៣០ និងមានបន្ទប់ប្រឡង់សរុប ៥ ៥៣៣បន្ទប់។
ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៧ ខែតុលា ចំណែកលទ្ធផលប្រឡងនឹងប្រកាសនៅថ្ងៃទី៣០ ខែតុលា សម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្ដាល និងនៅថ្ងៃទី៣១ សម្រាប់ខេត្តផ្សេងៗទៀត។
លោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិតសភាកម្ពុជា ថ្លែងថា បេក្ខជនប្រឡងបាក់ឌុបបានរៀនសូត្រដើម្បីប្រឡង តាំងពីថ្នាក់ទី១០ មក។ ប៉ុន្តែ ដោយពេលវេលានៅសល់មិនដល់មួយថ្ងៃផង លោកលើកទឹកចិត្តឲ្យបេក្ខជនរំឭកឡើងវិញខ្លីៗអ្វីដែលបានរៀន ដូចជារូបមន្តគ្រប់មុខវិជ្ជាដែលខ្លួនបានសង្ខេប និងត្រូវសម្រាកឲ្យបានគ្រប់គ្រាន់យកកម្លាំងដើម្បីប្រឡងនៅថ្ងៃស្អែក។ ចំពោះឪពុកម្ដាយនិងបងប្អូនមិត្តភក្ដិវិញក៏ត្រូវចូលរួមលើកទឹកចិត្តផងដែរ។
លោកបន្តថា៖ «សម្រាប់បេក្ខជនខ្លួនឯង ថ្ងៃប្រឡងគឺជាថ្ងៃកំណត់ជោគវាសនារបស់ខ្លួនបន្ទាប់ពីបានសិក្សាជាច្រើនឆ្នាំ។ ដូច្នេះ ត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាពដែលខ្លួនមាន ដោយមិនចាំបាច់រំពឹងលើការស្រោចទឹក ឬការបន់ស្រន់ ឬពឹងលើព្រេងវាសនា ឬចាត់ទុកថាពូជអំបូររបស់ខ្លួនពូកែនោះទេ មិនបាច់គិតរឿងនេះទេ។ ពេលវិញ្ញាសាចេញមក ត្រូវសួរអានឲ្យយល់ច្បាស់ បើមិនយល់អាចសួរអនុរក្សនៅតាមបន្ទប់បាន»។
សម្រាប់សំណួរនីមួយៗ បេក្ខជនគួរគិតទុកមុនថា ខ្លួននឹងត្រូវចំណាយពេលប៉ុន្មានដែលសមរម្យ។ សំណួរណាដែលបេក្ខជនចេះ ត្រូវធ្វើមុន ជាពិសេសសំណួរដែលអាចទទួលបានពិន្ទុ។ លើសពីនេះទៀត បេក្ខជនគួរឆ្លើយឲ្យបានគ្រប់សំណួរ។ ពេលចូលក្នុងបន្ទប់ប្រឡង បេក្ខជន ត្រូវមានស្មារតីរឹងមាំ កុំភ័យ កុំតក់ស្លុត ហើយហ៊ានសួរដោយមិនខ្លាច ឬអៀនខ្មាស។ នេះជាការលើកឡើងរបស់លោក ប៊ុនថង។
លោកថា សម្រាប់អ្នកដែលបានឆ្លើយសំណួររួចហើយ ទោះបីនៅសល់ម៉ោងក៏មិនគួរចេញមុនម៉ោងរោទ៍ដែរ គួរតែអង្គុយអាននិងពិនិត្យឡើងវិញ ដូចជាអក្ខរាវិរុទ្ធ ឬ និម្មិតសញ្ញានានាដែលខ្លួនបានសរសេរ។
លោកបន្តថា៖ «យើងត្រូវតែមានសង្ឃឹម ដរាបណាលទ្ធផលមិនទាន់ចេញជាផ្លូវការ យើងត្រូវតែមានសង្ឃឹម។ ដូច្នេះពេលឃើញវិញ្ញាសាដែលពិបាក មានន័យថា វាក៏ពិបាកសម្រាប់អ្នកដទៃដូចតែគ្នា។ អីចឹង យើងប្រឹងធ្វើឲ្យអស់លទ្ធភាពក្នុងម៉ោងដែលយើងមាន»។
លោកបន្តទៀតថា ព័ត៌មានបេក្ខជននៅលើក្បាលនៃសន្លឹកកិច្ចការប្រឡងនីមួយៗ ក៏ជារឿងសំខាន់ដែលមិនត្រូវភ្លេច ដូចជាលេខតុ លេខបន្ទប់ ឬព័ត៌មានផ្ទាល់ខ្លួនដែលតម្រូវនៅលើក្រដាសវិញ្ញាសា៕