កំពតៈ​ សហគមន៍​ព្រែក​ត្នោត​ ស្ថិត​ក្នុង​សង្កាត់​ព្រែក​ត្នោត ក្រុង​បូក​គោកំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ​តាម​រយៈ​ការ​ងារ​អភិរក្ស​បាន​ល្អ ដែល​ធ្វើ​ឱ្យ​សម្បូរ​ធន​ធាន​ជីវៈ​ចម្រុះ​សមុទ្រ ​ជាពិសេស​គឺ​សត្វ​ផ្សោត​ផ្កា​ឈូក​ ផ្សោត​ក្បាល​ត្រ​ឡោក​ និង​ជ្រូក​ទឹក​ជា​ដើម។


លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន ​ម៉ាណែត​បាន​បង្ហោះវីដេអូឃ្លិបពីសត្វផ្សោតនៅសហគមន៍នេះ នៅ​លើ​បណ្តាញ​សង្គម​របស់​លោក ដោយសរសេរ​ថា៖«តាម​រយៈ​ការអភិរក្ស​បាន​យ៉ាង​ល្អ​នេះ ​យើង​ឃើញ​ថា​ វត្ត​មាន​នៃ​ជីវៈ​ចម្រុះ​ទាំង​នោះ ​តែង​បាន​បង្ហាញ​ខ្លួន​ដល់​អ្នក​ទេសចរ​បាន​ទស្សនា​ជា​រឿយៗ អំ​ឡុង​ពេល​ ធ្វើ​ដំណើរ​ កម្សាន្ត​នៅ ​ក្នុង​សហគមន៍​ផង​ដែរ»។

សហគមន៍​នេសាទ​ព្រែកត្នោត​ មាន​ផ្ទៃ​ដី​ទំហំ​​ ១ ១៦៨​ហិកតា​​ ​ជា​កន្លែង​ការពារ​ព្រៃ​កោង​កាង​ពី​ការ​កាប់​បំផ្លាញ និង​ទ​ន្ទ្រាន​នានា​ក្នុង​ខេត្ត​កំពត​ ព្រម​ទាំង​ជា​ទីតាំង​សម្រាប់​ដាំ​ដុះ​ដើម​កោង​កាង​បន្ថែម​ផង​ដែរ ។ លើស​ពី​នេះ​ សហគមន៍​នេះ ក៏​ជា​កន្លែង​អភរិក្ស​ធន​ធាន​ និង​ជីវៈ​ចម្រុះ​សមុទ្រ​យ៉ាង​ច្រើន​ ដូច​ជា​ ផ្កាថ្ម​ ស្មៅ​សមុទ្រ​ ពិ​សេស​​ប្រភេទ​សត្វ​សមុទ្រ​កម្រៗ​ ដូច​ជា​ផ្សោត​ពណ៌​ផ្កា​ឈូក​ ផ្សោត​ក្បាល​ត្រឡោក​ ជ្រូក​ទឹក​ ត្រី​សេះ និងអណ្តើក​សមុទ្រជាដើម។ នេះ​បើយោង​តាម​ហ្វេស​ប៊ុក​របស់​ប្រមុខ​រដ្ឋាភិ​បាល។


គណៈ​កម្មការ​សហគមន៍​ព្រែក​ត្នោត ​លោក ​ម៉ៅ ​ចូច ​បាន​ឱ្យ​ដឹង​ថា សហគមន៍ព្រែកត្នោតមាន​ផ្សោត​ផ្កាឈូ​កប្រ​មា​ណ​ជា​ ១​៥ក្បាល ​និង​ផ្សោត​ក្បាលត្រ​ឡោក​ប្រ​ហែលជា​ ៥០ ​ក្បាល។ ក្នុង​ចំណោម​ធន​ធាន​ធម្មជាតិ​ផ្សេងៗ​ ផ្សោត​ទាំង​នោះ​ជួយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ខ្លាំង​ជាង​គេ។

លោក​និយា​យ​ថា៖«តាំង​ពី​មាន​ការ​រៀប​ចំ​ទំ​លាក់​ប្រអប់​ថ្ម ​ធ្វើ​ជា​ជម្រក​សិប្បនិមិត្ត​ហ្នឹង​មក​ ឃើញ​មាន​សត្វ​ច្រើន​។ ជ្រូក​ទឹក​ក៏​មាន​១ក្បាល​ដែរ។ តំបន់​យើង​មាន​ផ្សោតច្រើន​អញ្ជឹង ​ជួយទាក់​ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន​ដែរ។ ភាគច្រើន​ភ្ញៀវ​ចង់​មើល​ផ្សោត​ និង​ផ្កា​ថ្ម​ដែរ»។  


នៅ​ខេត្ត​កំពត​មាន​ផ្សោត​ផ្កា​ឈូក​ (ផ្សោត​ឃ្លៀច​) ចន្លោះ​ពី ៤០ ទៅ ៤៦​ក្បាល​។ រីឯ​ ផ្សោត​ក្បាល​ត្រឡោក​មាន​ពី ២០​ ទៅ ៣០​ក្បាល។ ផ្សោត​ទាំងនោះ​រស់នៅ​ក្នុង​ដែន​សហគមន៍​នេសាទ​ចំនួន​បី ស្ថិតក្នុង​សង្កាត់​ព្រែកត្នោត ក្រុង​បូកគោ​។ ក្នុង​នោះ​មាន ​សហគមន៍​នេសាទ​ព្រែក​ត្នោត ​ត្រពាំង​រពៅ ​និង​សហគមន៍​នេសាទ​ចង្ហោន។ នេះ​បើ​យោង​តាម​លោកស សារិន​ នាយខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​។

ទាក់​ទង​ទៅ​នឹង​សត្វ​ផ្សោត​នេះ​ផង​ដែរ​ មន្រ្តី​ជំនាញ​អភិរក្ស​ជល​ផល នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​ក៏​បាន​ធ្វើ​ការ​អំពាវ​នាវ​ ដល់​ប្រជា​នេសាទ ​តាម​ដាន​ និង​សង្គ្រោះ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ ឱ្យ​ទាន់​ពេល​វេលា​ នៅ​ពេល​ទន្លេ​មេ​គង្គ​កំពុង​តែ​ឡើង​ក្នុង​រដូវ​វស្សា​នេះ។

លោក​ ​ផៃ ​សុមានី ​អនុ​ប្រធាន​នាយក​ដ្ឋាន​អភិរក្ស​ជល​ផល ​នៃ​រដ្ឋ​បាលជល​ផល​ មាន​ប្រសាសន៍​ថា ​នៅ​អំឡុង​រដូវ​ទឹក​ទន្លេ​ជន់​ឡើង​ គឺជា​ពេល​ ដែល​សត្វ​ផ្សោត​ចេញ​ពី​ទីជម្រក​សុវត្ថិភាព​របស់​វា​ ដែល​ជា​អន្លង់​ទឹក​ជ្រៅៗ​ ទៅ​តាម​ខ្សែទឹក ដើម្បី​រក​ចំណី​នៅ​តាម​ទី​វាល។ ការ​បំលាស់​ទី​នេះ​នាំ​ឱ្យ​សត្វ​ផ្សោត​អាច​ប្រឈម​ហានិភ័យ​ដោយ​ការ​ជាប់​មង​ ឬ ​ឧប​ករ​ណ៍​នេសាទ ជាយថា​ហេតុ ​នៅ​តាម​ដង​ព្រែក​ និង​ដៃ​ទន្លេ​ ដែល​ទាម​ទារ​ឱ្យ​គ្រប់​គ្នា ​ជា​ពិសេស​បង​ប្អូន​ប្រជានេសាទ យក​ចិត្ត​ទុក​ដាក់​តាម​ដាន ​និង​ប្រុង​ប្រយ័ត្ន។ នេះ​បើ​យោង​តាម​វីដេអូ​ឃ្លិប​មួយ​ ដែល​បង្ហោះ​ដោយ​ក្រសួង​កសិ​កម្ម​កាល​ពី​ពេលថ្មីៗ​នេះ​។ 

មន្រ្តី​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​តាម​ដង​ទន្លេ​មេគ​ង្គទាំង​អស់​ត្រូវ​បាន​ណែ​នាំ​ឱ្យ​ហកា​រជា​មួយ​ប្រជានេ​សាទនៅ​មូល​ដ្ឋាន ដើម្បី ​អប់រំ​ផ្សព្វ​ផ្សាយ​ឱ្យ​ដឹង​ថា ​សត្វ​ផ្សោត​បាន​បំលាស់​ទី​ទៅ​ចរន្ត​ទឹក​ខាង​ក្រោម​។ ជាពិសេ​សគឺ ​ណែ​នាំ​ឱ្យ​គាត់​ដឹង​ពីវិធី​សាស្រ្ត​នៅ​ក្នុង​ ជួយ​សង្រ្គោះ​ដោយ​ដោះ​លែង​សត្វ​ផ្សោត​ ប្រសិន​បើសត្វ​ផ្សោត​ជាប់​ដោយ​ចៃដន្យ​នៅ​មង​នេសាទ​ទាំង​អស់​នោះ។

លោក​បាន​ពន្យល់​ថា៖«សួរ​ថា​ ដោះ​លែង​យ៉ាង​ម៉េច?​ជាទូទៅ​សត្វ​ប្រភេទ​នេះ​វា​រស់​នៅ​ក្នុង​ទឹក​មិន​បាន​យូរ​ទេ​ បានប្រ​មាណ​ពី​១២ ​ទៅ​១៥​នាទី ​ប៉ុណ្ណឹង​ឯង។ អញ្ជឹង​នៅ​ពេល​ដែល​សត្វ​ផ្សោត​ជាប់​ទៅ​នឹង​មង​របស់​គាត់​ វិធី​ដែល​ល្អ ​បំផុត​គឺ​ត្រូវ​កាត់​មង​។ កាត់​មង​ហើយ​ដោះ​សត្វ​ផ្សោត​ហ្នឹង​ចេញ​ពី​មង​របស់​គាត់។ នេះ​ជា​វិធីមួយ​ ដែល​យើង​អាច​ធនា​បានថា​សត្វ​ផ្សោត ​នៅ​មាន​ជីវិត​ បន្ត​រស់​នៅ​បាន»។

លោក​បន្ត​ថា ​ផ្សោត​បំលាស់​ទី​ទៅ​ចរន្ត​ទឹក​ខាង​ក្រោម​នៅរដូវ​វស្សា​នេះ​មិន​មែន​នៅ​ជា​រៀង​រហូត​ទេ។ វា​ចេញ​ពី​ទីជម្រក​រក​ចំណី​តាម​ហ្វូង​ត្រី ​ហើយ​វា​ត្រឡប់​មក​ទី​ជ្រក​វា​វិញ។ រីឯ​នៅ​រដូ​វប្រាំង​ សត្វ​ផ្សោត​ភាគ​ច្រើន​ចូល​ចិត្តមក​ផ្តុំ​គ្នារ​ស់​នៅ​តាម​អន្លង់​ទឹក​ជ្រៅ ​ដែល​ជា​កន្លែង​មាន​ប្រព័ន្ធ​អេកូឡូ​ស៊ីល្អ ​មាន​ប្រភព​ចំណី ​និងជា​កន្លែង ​ដែល​ជា​សុវត្ថិ​ភាព​របស់វា។

លោក​បាន​លើក​ឡើង​ថា ​ជាក់​ស្តែង​នៅ​អន្លង់​កាំ​ពី ​ក្នុងខេត្ត​ក្រចេះ ​គឺ​ជា​កន្លែង​ប្រកប​ដោយ​សុវត្ថិ​ភាព និង​មាន​ប្រព័ន្ធ​អេ​កូឡូស៊ី ​ដែល​មាន​សុខ​ភាព​ល្អ និង​ពោ​រពេញ​ទៅ​ដោយ​ត្រី ​ជា​ហេតុ​ធ្វើ​ឱ្យ​ផ្សោត​មក​ផ្តុំ​គ្នា​រស់​នៅ​កន្លែង​នេះ។

ក្រសួង​កសិកម្ម​បាន​លើក​ឡើង​ថា ចំនួន​ផ្សោត​ទន្លេមេគង្គ​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់​ប្រមាណ​ ១០៥​ក្បាល​គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ​​ ២០២៤​នេះ ក្នុង​នោះ​កូន​ផ្សោត​កើត​ថ្មី​មាន ៨​ក្បាល ក្នុង​ឆ្នាំនេះ។ ទោះ​យ៉ាងណា ផ្សោត ៣​ក្បាល​បាន​ស្លាប់​ទៅ​វិញ។ ករណីស្លាប់ចុងក្រោយ គឺ​ផ្សោត​ញី ជំទង់ ១​ក្បាល បាន​ស្លាប់​នៅ​ក្បែរ​អន្លង់​កាំពី ក្នុង​ភូមិ​ជ្រោយ​បន្ទាយ ឃុំ​ជ្រោយ​បន្ទាយ ​ស្រុក ​ព្រែក​ប្រសព្វ ​ខេត្ត​ក្រចេះ ​កាល​ពីខែ​សីហា​កន្លង​មក ដោយ​ជាប់​នឹង​មង​នេសាទ​ក្រឡា ១៥​សង់​ទី​ម៉ែត្រ។

លោក​​ សុមានី ​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ​ការ​ការ​ពារ​សត្វ​ផ្សោត​គឺ​ធ្វើ​ឡើង​តាម​យន្ត​ការ​ច្បាប់​ ដែល​មាន​ឆ្មាំ​ទន្លេ​សរុប​ចំនួន ៧២​រូប​។ ក្នុង​នោះ ​រួម​មាន​៤៤​រូប​នៅ​ក្នុង​ខេត្ត​ក្រ​ចេះ ​និង​២៨​រូប​នៅ​ខេត្ត​ស្ទឹង​ត្រែង។ ក្រុម​ឆ្មាំ​ទន្លេ​បាន បែង​ចែក​វេនគ្នា​ល្បាត​២៤​ម៉ោង ​លើ​២៤​ម៉ោង ដើម្បី​ការ​ពារ​ផ្សោត​ទាំង​នោះ។ 

លោក​បញ្ជាក់​ថា​៖ «អន្លង់​ទឹក​ជ្រៅ​ គឺ​ជា​ទី​ម្រក​របស់​ត្រី​មេពូជ​ និង​ជីវៈ​ចម្រុះ​ជលផល​គ្រប់​ប្រភេទ។​ អញ្ជឹង​ការការ​ពារ​សត្វ​ផ្សោត ​គឺ​អាចធនា​បាន​នូវ​ផល​ស្តុក​ត្រី​ក្នុង​ធម្មជាតិ ​ដែល​បង្ក​លទ្ធភាព​ដល់​ប្រជា​ជន​នៅ​តែ ​ដក​ហូតបាន​ធន​ធាន​ជល​ផល​ទាំង​អស់​នោះ​សម្រាប់​ប្រើ​ប្រាស់​ ប្រ​ចាំ​ថ្ងៃ៕