ភ្នំពេញៈ អ្នកប្រើប្រាស់ទូរស័ព្ទតែងតែឮសំឡេងរោទ៍និយាយថា «ការពិសារគ្រឿងស្រវឹងប៉ះពាល់សុខភាពតាំងពីកែវដំបូង»។ ប៉ុន្ដែឧស្សាហកម្មគ្រឿងស្រវឹងកំពុងតែរីកចម្រើនខ្លាំងនៅកម្ពុជា។
លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.) បានថ្លែងថា វិស័យឧស្សាហកម្មគ្រឿងស្រវឹង បានចូលរួមដល់ដំណើរការលូតលាស់សេដ្ឋកិច្ចជាតិ និរន្តរភាពការងារជូនប្រជាពលរដ្ឋកម្ពុជា។
លោកបានថ្លែងនៅក្នុងកម្មវិធី «ការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ» រៀបចំឡើងដោយក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Cambodia) និង Grab Cambodia កាលពីថ្ងៃទី២៧ ខែកញ្ញាកន្លងទៅ។
តាមរយៈការធានាបាននូវប្រព័ន្ធផ្សព្វផ្សាយឱ្យមានដំណើរការល្អ វាជាកម្លាំងចលករជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានការរីកចម្រើនថែមទៀត។
ប្រធាន (ក.គ.ផ.ស.) រូបនេះទទួលស្គាល់ថា ការទទួលទានគ្រឿងស្រវឹងនៅកម្ពុជាជាប់លេខខ្ពស់ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ហើយលោកបានលើកឡើងថា ការទទួលទានគ្រឿងស្រវឹងច្រើនជះឥទ្ធិពលលើសង្គម។
លោកបានថ្លែងថា យោងតាមរបាយការណ៍របស់សមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ប្រជាជនខ្មែររបស់យើងប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ ហើយនៅក្នុងនោះ បញ្ហាពីរសំខាន់ ដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរហួសល្បឿន និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនេះឯង។
លោកបានលើកឡើងជាឧទាហរណ៍ គ្រោះថ្នាក់ចរាចរណ៍ជាក់ស្ដែង ដែលកើតឡើងពីបញ្ហានៃការទទួលទានគ្រឿងស្រវឹងថា៖ «ថ្មីៗនេះ យើងឃើញហើយថា អ្នកបើកបរក្នុងអាការៈនៃគ្រឿងស្រវឹង បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង ៤នាក់បានស្លាប់នៅស្ពានឫស្សីកែវ ដោយ [ជនបង្ក] ចេញពីហូបការមកបើកក្នុងល្បឿនលឿន និងបុករះលើប្រជាពលរដ្ឋឈប់រង់ចាំភ្លើងក្រហម»។
លោកបន្ដថា៖ «នេះក្លាយជាបញ្ហាសោគសង្រែង ដោយក្រុមគ្រួសារខ្លះ គាត់មានតែកូនម្នាក់ ដែលទទួលបានការបណ្ដុះបណ្ដាលខ្ពស់ តែត្រូវបានស្លាប់បាត់បង់ជីវិតដោយការធ្វេសប្រហែស ឬការបើកបរដោយអាការៈគ្រឿងស្រវឹងរបស់ជនមួយចំនួន»។
រាជរដ្ឋាភិបាលកម្ពុជាទើបចេញប្រកាសថ្មីមួយក្នុងគោលបំណងរឹតបន្តឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។
ចាប់ពីថ្ងៃទី២៣ ខែកក្កដា ប្រកាសអនុវត្តចំពោះផលិតផលគ្រឿងស្រវឹងទាំងអស់ដែលមានជាតិអាកុលលើសពី ៣ភាគរយ មានវិសាលភាពលើគ្រប់ទម្រង់នៃការផ្សាយពាណិជ្ជកម្ម រួមទាំងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផងដែរ។
បទប្បញ្ញត្តិកំណត់ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ និងវិទ្យុនៅចន្លោះម៉ោង ៦ ល្ងាច ដល់ម៉ោង ៨ យប់ និងហាមឃាត់ការផ្សាយស្លាកសញ្ញាពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងចម្ងាយ ២០០ ម៉ែត្រពីសាលារៀន ឬមន្ទីរពេទ្យ ឬគ្រឹះស្ថានសាសនា រមណីដ្ឋានវប្បធម៌ ប្រវត្ដិសាស្ដ្រ និងអាកាសយានដ្ឋានអន្ដរជាតិ។
ការផ្សាយពាណិជ្ជកម្មទាំងអស់ត្រូវតែរួមបញ្ចូលសារអប់រំ ដូចជា «ពិសារគ្រឿងស្រវឹង សូមកុំបើកបរ» ដែលមានទំហំយ៉ាងហោចណាស់ ២៥ភាគរយនៃទំហំផ្សាយពាណិជ្ជកម្ម។
បទប្បញ្ញត្តិនេះមានគោលបំណងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ខណៈពេលដែលលើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌ និងការពារវប្បធម៌កម្ពុជា។
លោក ភក្ដ្រា បានបន្ដថា ការប្រើប្រាស់គ្រឿងស្រវឹងនាំឱ្យកើតចេញនូវបញ្ហាជាច្រើនទៀត រួមមាន ការផ្លាស់ប្ដូរផ្នត់គំនិតទៅរកសេវាកម្មផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន ដែលបង្កជាបញ្ហាច្រើន។
លោករដ្ឋមន្ដ្រីបានឱ្យដឹងថា នៅប្រទេសកម្ពុជា យុវជនប្រឈមហានិភ័យនៃការប្រើប្រាស់គ្រឿងញៀនមានចន្លោះពី ៣ម៉ឺនទៅ ៥ម៉ឺននាក់ ដោយមិនគិតអំពីអ្នកញៀនរួចជាស្រេចនោះទេ។
ការទៅរកសេវាកម្មផ្លូវភេទ បង្កជាបញ្ហាជួញដូរផ្លូវភេទ ដែលនាំឱ្យមានការរីករាលដាលនៃជំងឺអេដស៍។ ទាំងនេះជាបច្ច័យកើតចេញពីការសេពគ្រឿងស្រវឹងដោយមិនមានការទទួលខុសត្រូវ។
លោកបានលើកឡើងថា ជំហររបស់រាជរដ្ឋាភិបាល មិនឈានដល់ការបិទការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងស្រុងនោះទេ គឺរៀបចំសណ្តាប់ធ្នាប់ នៃការផ្សាយពាណិជ្ជកម្មកុំឱ្យជ្រុលហួសហេតុ និង ថ្លឹងថ្លែងអំពីការធានានិរន្តរភាពនៃដំណើរការលូតលាស់ សេដ្ឋកិច្ច និរន្តរភាពទីផ្សារការងាររបស់ប្រជាពលរដ្ឋ និងធានាចំណូលសម្រាប់ដំណើរការប្រព័ន្ធផ្សព្វផ្សាយបុរាណ ដែលកំពុងប្រឈមទៅនឹងស្ថានភាពបិទទ្វារជាបណ្តើរៗ ដោយសារការវិវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយទំនើប និងវិបត្តិសេដ្ឋកិច្ចដែលពិភពលោកកំពុងជួបប្រទះ។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា (AIP) បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងអាណត្តិទីប្រាំពីរក្នុងការពង្រឹងបទប្បញ្ញត្តិគ្រឿងស្រវឹង។
លោកបានឱ្យដឹងថា៖ «យើងរំពឹងថានឹងមានការកែលម្អសក្តានុពលនៃច្បាប់ចរាចរណ៍នៅឆ្នាំ ២០២៤ ដោយផ្តោតលើការអនុវត្តច្បាប់ឱ្យកាន់តែរឹងមាំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់បន្ថែមទៀត»។
លោក ស សុខា បានថ្លែងក្នុងទិវាអន្តរជាតិរំឭកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ នៅក្រុងព្រះសីហនុ កាលពីខែធ្នូ ឆ្នាំ២០២៣ថា លោកមិនគាំទ្រអ្នកបើកបរដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ស្លាប់ និងការដោះស្រាយបញ្ហាក្រៅក្របខណ្ឌច្បាប់ឡើយ។
លោក សុខា កត់សម្គាល់ថា មានរោងចក្រផលិតស្រាបៀរក្នុងស្រុកចំនួន ៧ សម្រាប់ប្រជាជនប្រមាណ ១៦ លាននាក់ ដោយមិនរាប់បញ្ចូលផលិតផល និងម៉ាកដែលនាំចូលឡើយ។ អាស្រ័យហេតុនេះ លោកថា ការទទួលទានគ្រឿងស្រវឹង និងការបើកបរ បង្កើនហានិភ័យខ្លស់។
លោកបានជំរុញឱ្យយុវជន ជាពិសេសកងកម្លាំងប្រដាប់អាវុធ ធ្វើជាគំរូដល់មនុស្សជំនាន់ក្រោយ ដោយការឈប់ប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរ៕