ភ្នំពេញ៖ នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​វត្តមាន​លើ​ឆាក​អន្ដរជាតិ​ ប្រទេស​កម្ពុជា​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា FrancoTech ដែល​ធ្វើឡើង Station F ក្នុង​ទីក្រុង​ប៉ារីស។


ជាមួយ​ការ​បង្ហាញ​អាជីវកម្ម​ថ្មីៗ​ចំនួន ១២ ដែល​កំពុង​រីក​ចម្រើន ប្រទេស​កម្ពុជា​​បាន​ទាក់​ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ទស្សនា​ជាមួយ​នឹង​ការ​អភិវឌ្ឍន៍​ដ៏​ទំនើប​នៅ​​​វិស័យ​ផ្សេងៗ រួមមាន HealthTech, AI, EdTech, FinTech និង​ច្រើន​ទៀត​។

ការចូលរួម​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​នៅក្នុង​ពិភព​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានលើកតម្កើង​​តួនាទី​នា​រ​បស់​ប្រទេស​​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល ​​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី ២០ ក្នុង​ឆ្នាំ ២០២៦​ ផងដែរ​។​


មន្ដ្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្ដិការ​អន្ដរជាតិ បាន​ឱ្យ​ដឹង​ថា​៖ «នេះ​​ជា​លើក​ដំបូង​ដែល​កម្ពុជា​បាន​ចូលរួម​ជាមួយ FrancoTech ជា​ពិព័រណ៍​ពាណិជ្ជកម្ម​ដែល​លើក​កម្ពស់​ការ​ច្នៃ​ប្រឌិត​នៅក្នុង​​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង ឬ​ហ្វ្រង់កូហ្វូនី»។

គណៈប្រតិភូ​កម្ពុជា​បានបង្ហាញ​នូវ​​អាជីវកម្ម​ចម្រុះ​ ​ស្ដី​ពី​វឌ្ឍនភាព​បច្ចេកវិទ្យា​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស និង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ការចាប់ផ្តើម​អាជីវកម្ម​ដែល​កំពុង​រីកចម្រើន​។​


ក្នុងចំណោម​ក្រុមហ៊ុន​ដែល​ទើប​បង្កើត​ថ្មី​មាន​លក្ខណៈពិសេស​គឺ​ក្រុមហ៊ុន​ជំនាញ​ផ្នែក​ភ័ស្តុភារ បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ និង​ការអភិវឌ្ឍ​កម្មវិធី​។​

គួរ​កត់​សម្គាល់ថា Immersive Angkor បានបង្ហាញ​ស្នាដៃ​របស់ខ្លួន​ជា 3D និងបច្ចេកវិទ្យា​​និម្មិត។ Bikay បាន​បង្ហាញ​ដំណោះ​ស្រាយ​អភិវឌ្ឍន៍​កម្មវិធី​ប្រកបដោយ​ភាព​ច្នៃប្រឌិត ហើយ​ Source Amax បានធ្វើឱ្យ​អ្នក​ទស្សនា​ចាប់​អារម្មណ៍​ជាមួយនឹង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​របស់​ខ្លួន​​ផង​ដែរ​​។​

មន្ត្រី​​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (MoFAIC) បាន​និយាយ​ថា៖ «អ្នក​ទស្សនា​មានការ​ចាប់​អារម្មណ៍​ចំពោះ​ការអភិវឌ្ឍន៍​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ពេល​ចាប់ផ្តើម​អាជីវកម្ម​របស់​កម្ពុជា ជាពិសេស​ការ​ត្រៀម​ខ្លួន​ជា «ព្រះ​រាជាណាចក្រ​អាជីវកម្ម​ថ្មី» នៅក្នុង​តំបន់​អាស៊ាន។

ចំណុច​លេចធ្លោ​សម្រាប់​ប្រទេស​កម្ពុជា​គឺជា​ក្រុមហ៊ុន​​អាជីវកម្ម​មួយ​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​វ​គ្គ​បណ្តុះបណ្តាល​ស្តីពី​សន្តិសុខ​ស្បៀង ដែល​ឆ្លុះបញ្ចាំង​ពី​ការចូលរួម​ក្នុង​ប្រទេសជាតិ​នៅក្នុង​បញ្ហា​សកល​សំខាន់ៗ​។​

លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​​​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ស្តង់​កម្ពុជា «FrancoTech»​។​

លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជួប​ជាមួយលោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​ ​អំឡុងពេល​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ស្តង់​កម្ពុជា «FrancoTech»​។​ MoFAIC

​វា​គឺជា​ការតាំងពិព័រណ៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​សេដ្ឋកិច្ច​ដែល​បង្ហាញ​ពី​ផលិតផល​បច្ចេកវិទ្យា​ពី​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​អន្តរជាតិ​ឡា​ហ្វ្រ​ង់​កូ​ហ្វូ​នី (OIF)​។​

ក្រុមការងារ​កម្ពុជា​នៅ FrancoTech រួមមាន​មន្ត្រី​មកពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) និង​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដឹកនាំ​ដោយ​លោក ខូវ មករា រដ្ឋលេខាធិការ និង​លោក យឹម លាត ទេសាភិបាលរង NBC​។​

ការចូលរួម​របស់​ពួកគេ​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ដើម្បី​បង្ហាញ​ពី​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា​ក្នុងការ​ផ្លាស់ប្តូរ​ឌីជីថល និង​ការច្នៃប្រឌិត​ហិរញ្ញវត្ថុ​។​

FrancoTech ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ៣-៤ ខែតុលា ឆ្នាំ ២០២៤ បាន​ប្រមូលផ្តុំ​អ្នកជំនាញ ប្រមុខរដ្ឋ និង​សហគ្រិន​ជាង ១៥០០ នាក់​មកពី​ជាង ១០០ ប្រទេស​។​

ដោយ​ផ្តោតលើ​ការលើកកម្ពស់​ការច្នៃប្រឌិត​នៅក្នុង​ពិភព ​ហ្វ្រ​ង់​កូ​ហ្វូ​នី ព្រឹត្តិការណ៍​នេះ​បាន​ស្វែងយល់​ពី​ប្រធានបទ​សំខាន់ៗ​ចំនួន​ប្រាំ​៖ បញ្ញា​សិប្បនិម្មិត ការផ្លាស់ប្តូរ​ថាមពល ធនធានមនុស្ស ភស្តុភារ និង​សន្តិសុខ​ស្បៀង និង​ការផ្តល់​ហិរញ្ញប្បទាន​នៃ​ការច្នៃប្រឌិត​។​

ការពិភាក្សា​ទាំងនេះ​មាន​គោលបំណង​ជំរុញ​ភាពជា​ដៃគូ និង​ជំរុញ​ភាពជោគជ័យ​តាមរយៈ​ការច្នៃប្រឌិត​ក្នុង​បណ្តា​ប្រទេស​ដែល​និយាយ​ភាសា​បារាំង។​

FrancoTech ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ៣-៤ ខែតុលា ឆ្នាំ ២០២៤ បាន​ប្រមូលផ្តុំ​អ្នកជំនាញ ប្រមុខរដ្ឋ និង​សហគ្រិន​ជាង ១៥០០ នាក់​មកពី​ជាង ១០០ ប្រទេស​។​ Vive La Francophonie

កម្ពុជា​គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី ២០ នៅ​ឆ្នាំ ២០២៦​។ ​ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​ ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល ​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី ១៩ នៅ​ទីក្រុង​ប៉ារីស ដោយ​ទទួលបាន​ការអបអរ​សាទរ​យ៉ាង​​ខ្លាំង​​ពីសំណាក់​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​នានា​​។​

​​យោងតាម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ឱ្យដឹងថា​៖ «ឯកឧត្ដម​ អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង បានប្រកាសថា «​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ នៅ​ឆ្នាំ​២០២៦» ដើម្បី​អបអរសាទរ​យ៉ាង​គគ្រឹក​គគ្រេង​ពី​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅក្រោម​ដំបូល​កញ្ចក់​នៃ Grand Palais ក្នុង​ទីក្រុង​ប៉ារីស​»។​

ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មាន​ព្រះរាជបន្ទូល​បិទ​បញ្ចប់កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី ១៩ ​ ដោយ​សម្តែង​ការដឹងគុណ​ដល់​ប្រទេស​សមាជិក​នៃ​អង្គការ​អន្តរជាតិ​ដឺ​ឡា​ហ្វ្រ​ង់​កូ​ហ្វូ​នី (OIF) សម្រាប់​ការគាំទ្រ​របស់​ពួកគេ​។​

យោងតាម Vive La Francophonie បាន​បង្ហាញថា ដោយមានអ្នកនិយាយ​ភាសា​បារាំង​​ចំនួន ៣២០​ លាន​នាក់​នៅ​ទូទាំង​រដ្ឋ និង​រដ្ឋាភិបាល​ចំនួន ៨៨ ភាសា​បារាំង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​អាជីវកម្ម និង​ការច្នៃប្រឌិត​សកល ដោយ​រួមចំណែក ១៦ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង ២០​ភាគរយ​ នៃ​ពាណិជ្ជកម្ម​ពិភពលោក៕ ​