ភ្នំពេញៈ ស្រ្តីអ្នក​សុំ​ទាន​មា្នក់ និង​កូន​តូច​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ក្រោយ​ពី​រថយន្ត​មួយ​គ្រឿង​បាន​បុក​ពួក​គេ​កំពុង​តែ​ដើរ​ឆ្លង​ផ្លូវ​ជាតិ​លេខ​៤ ​ស្ថិត​ក្នុង​ភូមិ​ផ្សារ​កំបូល​ សង្កាត់​កំបូល​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​៨ ​ខែ​តុលា​នេះ។ 


បុរស​ឈ្មោះ​ ​សែល​ ទូច​ ដែល​ត្រូវ​ជា​ប្តី​ស្រ្តី​រង​គ្រោះ​បាន​បំ​ភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា​ គ្រួសារ​លោក​បាន​ទៅ​សុំ​ ព្រះ​សង្ឃ​ស្នាក់​នៅ​ក្នុង​វត្ត​កំបូល​។ នៅ​វេលា​ម៉ោង​ប្រហែល​ជា​ ៤:៣០​នាទី ព្រឹក​ប្រពន្ធ ​និង​កូន​ចំនួន​២​នាក់​របស់​លោក​បាន​ចេញ​ពី​វត្ត ដើម្បី​ដើរ​សុំ​លុយ​គេ។ ស្រ្តី​ជា​ប្រពន្ធ​បាន​ពរ​កូន​ស្រី​អាយុ​៤​ឆ្នាំ ​និង​ដឹក​ដៃ​កូន​ប្រុស​អាយុ៦​ឆ្នាំ​ ដើរ​ឆ្លង​ផ្លូវ​ពី​ជើង​ទៅ​ត្បូង។ ​ពេល​ដើរ​ជិត​ដល់​ពាក់​កណ្តាល​ផ្លូវ​ ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​បរ​ក្នុង​ល្បឿន​យ៉ាង​លឿន ​បុក​ស្លាប់​ទាំង​៣​នាក់​តែ​ម្តង។

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​កំបូល ​លោក​ភិន​ ភាព​បាន​ឱ្យ​ដឹង​ថា​ ស្រ្តី​រង​គ្រោះ​មាន​ឈ្មោះ​មាជ​ មុំ​អាយុ​៤២​ឆ្នាំ។ ​រីឯ​កូន​ប្រុស​ឈ្មោះ​ទូច​ សំណាង ​និង​កូន​ស្រី​ឈ្មោះ​ទូច​ វិច្ឆិកា។ 


លោក​បន្ត​ថា​ រថ​យន្ត ​ដែល​បុក​ជន​រង​គ្រោះ​ស្លាប់​នោះ​បាន​បើក​រត់​គេច​ខ្លួន​បាត់ ហើយ​សមត្ថ​កិច្ច​កំពុង​តែស្រា​វ​ជ្រាវ​តាម​រយៈ​មើល​កា​មើ​រ៉ា​សុវត្ថិភាព​របស់​ប្រ​ជា​ពលរដ្ឋ​ដែល​នៅ​សង​ខាង​ផ្លូវ​ ម្តុំ​កន្លែង​កើត​ហេតុ។ 

លោក​បញ្ជាក់​ថា៖«ដោយ​សា​រ​តែពេល​ហ្នឹង​នៅ​ងងឹត​នៅ​ឡើយ​ តាម​មើល​ស្មាន ទៅ ​ឡាន​ដែលបុក​ហ្នឹង ​ដូច​ជា​ប្រ​ភេទ​ឡាន​តូច។ ឡាន​ហ្នឹង​បើក​ពី​កើត​ទៅ​លិច​។ ស្លាក​លេខ​ឡាន​នោះ​ មើល​មិន​ច្បាស់​ទេ។ តែ​ឥលូវ​ យើង​កំពុង​តែ​បន្ត​ឆែក​កាមើ​រ៉ា​មើល​ទៀត»។ 


លោក​បន្ថែម​ថា នៅពេ​លដែល​ជន​រ​ងគ្រោះ​កំពុង​តែ​ដើរ​ឆ្លង​ផ្លូវ​ជិត​ដល់​គំនូស​ពាក់​កណ្តាល​ផ្លូវ ក៏​មាន​រថ​យន្ត​កុង​តឺនឺ​មួយ​គ្រឿង​នៅ​ខាង​មុខ ​ហើយ​ទំនង​ជា​គាត់​ឈប់​ ហើយ​រាង​រថយ​ក្រោយ​បន្តិច​ ពេល​នោះ​កូន​ឡាន​នោះ​ក៏​បុក​តែ​ម្តង​ទៅ​។ ដោយ​សារ​តែ​នៅពេល​នោះ​ស្ងាត់​ផង​ ហេតុ​នោះ​កូន​រថយ​ន្ត​នោះ​ក៏​បើក​បរ​ក្នុង​ល្បឿន​លឿន​ផង​ដែរ។ 

ប្រភព​ដ​ដែល​បាន​ឱ្យ​ដឹង​ថា ​គ្រួសារ​រង​គ្រោះទើប​តែ​ធ្វើ​ដំណើរ​មក​ពី​ស្រុក​ស្រែអំ​បិល ​ក្នុង​ខេត្ត​កោះកុ​ង ដើម្បី​ដើរ​សុំ​ទាន​គេ​ចិញ្ចឹម​ជីវិត។ សព​ជន​រង​គ្រោះត្រូវ​បាន​យក​ទៅ​បូជា​នៅ​វត្ត​ជន្លង់​ម្លូ​ ស្ថិត​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​កំបូល។ 

គ្រោះ​ថ្នាក់​ចរាចរណ៍នៅ​ទូ​ទាំង​ប្រទេស​ ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៧ ​ខែ​តុលានេះ​បាន​កើត​ឡើង​ចំនួន​ ៦លើក​ ដែល​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់ ​និង​របួស​៧​នាក់។ ក្នុង​នោះ​ អ្នក​មិន​ពាក់​មួក​សុវត្ថិភាព​មាន​៤នាក់។ នេះ​បើ​យោង​តាម​ន​គរ​បាល​ជាតិ។ មូល​ហេតុ​ចំបង​ ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នោះ​គឺ​ជា​កត្តា​បើក​បរ​ល្មើស​ល្បឿន​កំណត់។

ក្នុង​រយៈ​ពេល៧​ ថ្ងៃ ​(ចាប់​ពី​ថ្ងៃ​ទី​១-៧​ ខែ​តុលា) មាន​យាន​យន្ត​ចូល​គោល​ដៅ ​នៃកា​ររឹត​បន្ដឹង​ច្បាប់​ស្ដី​ពីចរាចរណ៍​ផ្លូវ​គោក​ចំនួន ​៧១១​គ្រឿង។ ​ក្នុង​នោះ​រក​ឃើញ​យាន​យន្ត​ល្មើស​សរុប​ចំនួន​ ៤៥៩​គ្រឿង ដែល ត្រូវ​បាន​ផាក​ពិ​ន័យ​ផង​ដែរ​៕